រដ្ឋាភិបាល​សម្រេច​​ផ្អាក​បេសកកម្ម​រក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2017.09.27
ឆ្អឹង​ទាហាន​អាមេរិក ៦២២ ពិធី​បញ្ជូន​អដ្ឋិធាតុ​​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេល​សង្គ្រាម​វៀតណាម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មេសា ឆ្នាំ​២០១៤។ RFA
Photo: RFA

រដ្ឋាភិបាល​បាន​សម្រេច​ជា​ផ្លូវ​ការ​ផ្អាក​បេសកកម្ម​ស្រាវជ្រាវ និង​ជីក​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​នៅ​កម្ពុជាក្នុង​លិខិត​ជូន​ដំណឹង​មួយ​ច្បាប់​ចុះថ្ងៃទី២៦ ខែ​កញ្ញា​នេះ និង ចុះ​ហត្ថលេខា​ដោយ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង​ជីក​រុក​រក​អដ្ឋិធាតុ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន ផ្ញើ​ជូន​អភិបាល​រាជធានី ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស។

លោក ប៉ុល សារឿន បញ្ជាក់​ថា បេសកកម្ម​ស្រាវជ្រាវ និង​រុក​រក​អដ្ឋិធាតុ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន​នៅ​កម្ពុជា​នេះ ត្រូវ​បាន​ផ្អាក​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ជា​ផ្លូវការ ពី​ថ្ងៃទី២៦ ខែ​កញ្ញា​នេះ តទៅ។

លិខិត​ដដែល​នេះ ពុំ​បាន​ពន្យល់​បញ្ជាក់​ពី​មូលហេតុ​លម្អិត​ណាមួយ​អំពី​ការ​ផ្អាក​នេះ​ឡើយ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា ការ​ផ្អាក​នេះ ធ្វើ​ឡើង​តាម​បញ្ជា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ថា នឹង​បន្ត​មាន​សុពលភាព​រហូត​ទាល់​តែ​មាន​បទ​បញ្ជា​ថ្មី

យ៉ាងណាក៏ដោយ បើ​ទោះ​ជា​មាន​បញ្ជា​របស់​លោក ហ៊ុន សែន តាំង​ពី​ថ្ងៃទី១៥ ខែ​កញ្ញា មក​ម្ល៉េះ គិត​មក​ត្រឹម​ពេល​នេះ ក្រសួង​ការបរទេស​កម្ពុជា​នៅ​មិន​ទាន់​ធ្វើ​កំណត់​ទូត​ណាមួយ ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​អាមេរិក​អំពី​ការ​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ស្រាវជ្រាវ និង​ជីក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន​កាល​ពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី៧០​នេះ ​នៅ​ឡើយ​ទេ

បញ្ជី​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក ឲ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​មាន​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​ចំនួន ៤៨​នាក់​ទៀត ដែល​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ

ការ​សម្រេច​របស់​លោក ហ៊ុន សែន ឲ្យ​ផ្អាក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចុង​ក្រោយ ជា​ថ្នូរ​នឹង​រដ្ឋាភិបាល​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​មន្ត្រី​ការ​ទូត​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេក្រសួង​ការបរទេស​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​នេះ ដោយសារ​តែ​កម្ពុជា រឹង​ទទឹង​មិន​ព្រម​ទទួល​យក​ការ​បញ្ជូន​ជនជាតិ​ខ្មែរ​មាន​ពិរុទ្ធ ហើយ​ដែល​ត្រូវ​បាន​ស្តារ​នីតិសម្បទា​ឡើង​វិញ ពី​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា។ កន្លងមក លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ថា ការ​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិកាំង​បាត់​ខ្លួន​នេះ នឹង​មិន​ត្រូវ​លុប​ចោល​ឡើយ ដរាប​ណា​រដ្ឋាភិបាល​អាមេរិក មិន​ដក​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​មន្ត្រី​ការ​ទូត​កម្ពុជា ចេញ​វិញ​នោះ​ទេ«យើង​ក៏​សូម​ប្រកាស​ថា យើង​មិន​លុប​ចោល​ទេ តែ​សុំ​ផ្អាក​ជា​បណ្ដោះអាសន្ន។ បើ​អាមេរិក​មិន​ផ្ដល់​ឲ្យ​យើង​ត្រឡប់​មក​វិញ យើង​ក៏​មិន​បន្ត​សហការ​ជាមួយ អាមេរិក​លើ​បញ្ហា​នេះ ហើយ​សុំ​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​នៃ​ទាហាន​អាមេរិក​បាត់​ខ្លួន កុំ​បន្ទោស​រដ្ឋាភិបាល​កម្ពុជា។​ បើ​ចង់​បន្ទោស បន្ទោស​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា និង​បន្ទោស រដ្ឋបាល​អាមេរិក​ទៅ! អ្នក​ឯង​ចេះ​ធ្វើ​មក​លើ​ខ្ញុំ ខ្ញុំ​ក៏​ចេះ​ធ្វើ​មក​លើ​អ្នក​ឯង​វិញ​ដែរ។ នេះ​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​មួយ​មក​តែ​ប៉ុណ្ណឹង​ទេ»

ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក ពោល​គឺ​ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បណ្ដេញ​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ NDI និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​គាំទ្រ​ដោយ​អាមេរិក មិន​ឲ្យ​ប្រតិបត្តិការ​នៅ​កម្ពុជា ព្រមទាំង​មាន​ករណី​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។ លោក ហ៊ុន សែន បាន​បង្កើន​វោហារសាស្ត្រ​សង្គ្រាម​ពាក្យ​សម្ដី​ប្រឆាំង​នឹង​អាមេរិក ដោយ​ចោទ​ថា ភាគី​អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក ក្រោម​រូបភាព​ការ​ធ្វើ​បដិវត្ត​ពណ៌ និង​ជ្រក​ក្រោម​ស្លាក​លើក​កម្ពស់​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ្ត (William Heidt) ធ្លាប់​បាន​ច្រាន​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​នានា របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ដោយ​ចាត់​ទុក​ថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​ច្បាស់​លាស់។ លើស​ពី​នេះ លោក​ឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ្ត ក៏​បានឆ្លៀត​ក្រើន​រំឭក​រដ្ឋាភិបាល​កម្ពុជា​ដែរ អំពី​សារសំខាន់​នៃ​ទីផ្សារ​​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប សម្រាប់​ទំនិញ​នាំ​ចេញ​​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។