អ្នក​វិភាគ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​មុន​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន

ដោយ ខែ សុណង
2017-03-16
Share
បង្គោល​រណប​ព្រំដែន​មេមត់​លេខ​២ ៦២០ បង្គោល​រណប​លេខ​២ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម បោះ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

កិច្ច​ប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម បាន​វាយ​តម្លៃ​ថា ការ​កំណត់​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤%។ ប៉ុន្តែ​អ្នក​វិភាគ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះ​បង្គោល និង​បោះ​តម្រុយ​បង្គោល​ព្រំដែន។

កម្ពុជា-វៀតណាម បាន​ជំរុញ​ឲ្យ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​សហការ​គ្នា​ថែរក្សា និង​ការពារ​បង្គោល​ព្រំដែន និង​បង្គោល​តម្រុយ​ព្រំដែន​ដែល​បាន​បោះ​រួច មិន​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​ជា​ផ្លូវការ​ស្ដីពី «កិច្ច​ប្រជុំ​លើក​ទី​៩ កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម» កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា កម្ពុជា-វៀតណាម បាន​សម្រេច​ថា ភាគី​ទាំង​ពីរ​នឹង​ត្រូវ​ខិតខំ​បន្ត​រក្សា​ការ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការ​ព្រមព្រៀង​ស្ដីពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វី​មួយ​កើត​ឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​គ្នា​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ការ​រាំង​ស្ទះ​ដល់​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី។ បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ផ្ដល់​សហប្រតិបត្តិការ​ឲ្យ​ល្អ​ប្រសើរ​ដល់​ក្រុម​ការងារ​បច្ចេកទេស​នៅ​ក្នុង​ការ​ចុះ​ស្រាវជ្រាវ និង​វាស់​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ។ បណ្ដា​ខេត្ត​ជាប់​ព្រំដែន​បន្ត​សហការ និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​បាក់​ដី​ច្រាំង​ទន្លេ ឬ​ព្រែក​នៅ​តាម​បណ្ដោយ​ព្រំដែន ដោយ​ឈរ​លើ​ក្របខ័ណ្ឌ​ច្បាប់​ដែល​បាន​ព្រមព្រៀង​គ្នា ការ​យោគយល់​គ្នា និង​ឆន្ទៈ​មិន​បំពាន​គ្នា ដើម្បី​ផល​ប្រយោជន៍ និង​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃ​ក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួល​រង​នូវ​ការ​ទិតៀន​រិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​ការ​បាត់បង់​ដី បង្គោល​ខិត​ចូល ជាដើម ប៉ុន្តែ​មិន​ដែល​ឃើញ​ពលរដ្ឋ​វៀតណាម តវ៉ា​នោះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​មាន​អ្វី​ចំណេញ អ្វី​ខាត ដែល​ជំរុញ​ឲ្យ​មាន​ការ​បោះ​បង្គោល​ឲ្យ​ឆាប់​ចប់​នេះ? បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​បញ្ហា និង​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់។

លោក​ថា បញ្ហា​ព្រំដែន​គឺ​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ដី​ជាង ១​ពាន់​គីឡូម៉ែត្រ គឺ​ខេត្ត​ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ រតនគិរី តាកែវ ជាដើម នៅ​តែ​មាន​បញ្ហា និង​ការ​តវ៉ា​ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​រំកិល​ព្រំដែន​ចេញ​ចូល៖ «រដ្ឋាភិបាល​គាត់​អះអាង​ថា កន្លែង​ព្រំដែន​ត្រូវ​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​កន្លែង​ដែល​រស់នៅ​នោះ គាត់​ថា​ត្រូវ​អី? បើ​ជីដូន​ជីតា​គាត់​ធ្លាប់​ធ្វើ​ស្រែ​នៅ​ខាង​មុខ​នោះ បង្គោល​នេះ​ម៉េច​បាន​ចូល​ដី ៥០០​ម៉ែត្រ ៣០០​ម៉ែត្រ​អ៊ីចឹង ការ​ប្រកែក​គ្នា​ឈ្លោះ​គ្នា​កន្លង​មក​អ្នក​នយោបាយ​ឈ្លោះ​គ្នា​តែ​នៅ​លើ​ផែនទី​ទេ ប៉ុន្តែ​អត់​ដែល​បាន​នាំ​គ្នា​ចុះ​ទៅ មើល​នៅ​លើ​ផែនដី​ហ្នឹង​ឲ្យ​ច្បាស់លាស់ ហើយ​ឲ្យ​មាន​ការ​យល់ស្រប ឬ​ឯកភាព​គ្នា»

សេចក្ដី​ប្រកាស​រួម​ជា​ផ្លូវការ​ដែល​មាន ៩​ទំព័រ ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ មាន​ខ្លឹមសារ​សរុប​ទាំងអស់​មាន​ចំនួន ១៦​ចំណុច ដែល​ភាគច្រើន​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន​នោះ កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ជំរុញ​ការ​ផ្លាស់ប្ដូរ​អាជីវកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​រវាង​បណ្ដា​ខេត្ត​ជាប់​គ្នា ជំរុញ​កសាង​ផ្សារ​ព្រំដែន រោងចក្រ សហគ្រាស សណ្ឋាគារ តំបន់​សេដ្ឋកិច្ច​ពិសេស។ល។ ភាគី​ទាំង​ពីរ​នឹង​ជំរុញ​ល្បឿន​កសាង​ស្ពាន​ជ្រៃ​ធំ-ឡុងប៊ិញ ជា​ស្ពាន​ឆ្លង​កាត់​ព្រំដែន​រវាង​ខេត្ត​កណ្ដាល និង​ខេត្ត​អានយ៉ាង ដើម្បី​ដំណើរការ​ឆ្នាំ​២០១៧ នេះ ព្រម​ទាំង​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​រូបភាព​នៅ​តាម​បណ្ដា​ព្រំដែន បង្កើន​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​តាម​បណ្ដា​ព្រំដែន។ ក្រៅ​ពី​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​សម្រេច​ឲ្យ​បាន​ឆាប់​នូវ​បទបញ្ជា​ផ្ទៃក្នុង ដើម្បី​ឲ្យ​សន្ធិសញ្ញា​ស្ដីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​យុត្តិធម៌​ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​សន្ធិសញ្ញា​ស្ដីពី​ការ​ផ្ទេរ​ទណ្ឌិត​ដែល​បាន​ចុះ​ហត្ថលេខា និង​បាន​ចូល​ជា​ធរមាន​កាល​ពី​ចុង​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល