កម្ពុជា-វៀតណាម​សហការ​រុក​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​ស្លាប់​ក្នុង​សង្គ្រាម​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2015.03.31

មន្ត្រី​យោធា និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម ដើម្បី​បើក​កិច្ច​សហប្រតិបត្តិការ​តាម​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម ជាច្រើន ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧០ រហូត​មក​ដល់​ឆ្នាំ​១៩៨៩។

ប្រតិបត្តិការ​រុក​រក​នេះ បាន​ចាប់​ផ្ដើម​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ នៅ​តាម​តំបន់​ខ្លះ​របស់​ខេត្ត​សៀមរាប។

មន្ត្រី​យោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​បើក​ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​លើក​ទី​១៤ ចាប់​ផ្ដើម​ធ្វើ​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ តែ​គេ​ទើប​តែ​រក​ឃើញ​អដ្ឋិធាតុ​ទាហាន​វៀតណាម ដែល​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​នេះ​ចំនួន ៤​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​អ្នក​ស្លាប់​រាប់​រយ​នាក់​ផ្សេង​ទៀត។

មេបញ្ជាការ​រង​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​សៀមរាប និង​ជា​សហប្រធាន​នៃ​កិច្ច​សហប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​នោះ គឺ​លោក​វរសេនីយ៍ឯក នៅ ជា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៣១ ខែ​មីនា ថា កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ខេត្ត​តៃនិញ របស់​វៀតណាម ដែល​តាម​រក​អដ្ឋិធាតុ​យុទ្ធជន​ស្លាប់​កាល​ពី​សម័យ​សង្គ្រាម​នោះ បាន​ចាប់​ផ្ដើម​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា នេះ មាន​រយៈពេល ២១​ថ្ងៃ​មក​ហើយ។

ក្រុម​ប្រតិបត្តិការ​ចម្រុះ​កម្ពុជា-វៀតណាម បាន​ទៅ​រុក​រក​អដ្ឋិធាតុ​យុទ្ធជន​វៀតណាម ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា នៅ​តាម​តំបន់​ជាច្រើន៖ «រក​នៅ​ស្រុក​ពួក ស្រុក​អង្គរជុំ វ៉ារិន យើង​ឲ្យ​កម្លាំង​ស្រាវជ្រាវ​ចុះ​តាម​មូលដ្ឋាន។ ពេល​ប្រជាជន​រាយការណ៍​បាន​យើង​ទៅ ហើយ​យើង​ទៅ​រក​ខ្លះ​ឃើញ ខ្លះ​ក៏​អត់ ចាប់​ពី​ខែ​៣ ខែ​៤ នេះ​ទៅ​ដល់​ខែ​៦ ភ្លៀង​ធ្លាក់ គឺ​ចប់​ភារកិច្ច​ទៅ​វិញ»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ អភិបាល​ខេត្ត​សៀមរាប បាន​ចុះ​ហត្ថលេខា​លើ​លិខិត​បញ្ជា​បេសកកម្ម​ឲ្យ​មាន​ក្រុម​ការងារ​ចម្រុះ ដោយ​ខាង​ភាគី​កម្ពុជា ចំនួន ៦​រូប និង​ភាគី​វៀតណាម ចំនួន ១៦​រូប ដើម្បី​ចុះ​បំពេញ​បេសកកម្ម​សហប្រតិបត្តិការ​តាម​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម ដែល​ស្លាប់​ក្នុង​សង្គ្រាម​រយៈពេល ២០​ឆ្នាំ​នៅ​កម្ពុជា នេះ។

នាយក​រង​រដ្ឋបាល​នៃ​សាលា​ខេត្ត​សៀមរាប លោក សុខ ថុល មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឲ្យ​មក​តាម​រក​អដ្ឋិធាតុ​យុទ្ធជន​វៀតណាម ដែល​ស្លាប់​ដោយ​សង្គ្រាម​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។

កាល​ពី​ឆ្នាំ​មុន អាជ្ញាធរ​វៀតណាម ធ្លាប់​បាន​រុក​រក​ឃើញ​អដ្ឋិធាតុ​ទាហាន​របស់​ខ្លួន​ជាច្រើន​នាក់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប ហើយ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​វិញ។

មន្ត្រី​យោធា​ខ្មែរ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៨៩ ដែល​វៀតណាម ចូល​មក​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ខ្មែរ គឺ​មាន​ទាហាន​វៀតណាម ប្រមាណ​ជាង ១.០០០​នាក់ បាន​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣-២០០៤ ដែល​រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​មន្ត្រី​ឲ្យ​តាម​រក​អដ្ឋិធាតុ​មក គឺ​គេ​បាន​រក​ឃើញ​តិចតួច ដោយសារ​តែ​បាត់​ស្លាកស្នាម និង​ទីកន្លែង​បញ្ចុះ​សាកសព​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។