កម្ពុជាបារម្ភពីភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ខណៈបន្តគូសបញ្ជាក់ពីជំហរគាំទ្រឥតងាករេពីគោលនយោបាយចិនតែមួយ។ ក្ដីបារម្ភនេះកើតមានឡើង ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកោះតៃវ៉ាន់ នៅថ្ងៃទី២ ខែសីហា។
អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន លោក គង់ ភោក ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែសីហាថា កម្ពុជាព្រួយបារម្ភអំពីការកើនឡើងនូវភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ ដោយនិយាយមិនសំដៅឈ្មោះសហរដ្ឋអាមេរិក និងប្រទេសចិន អ្នកនាំពាក្យរូបនេះថា កម្ពុជាចង់ឃើញការកាត់បន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងសង្ឃឹមថា ភាគីទាំងអស់នឹងពិគ្រោះយោបល់គ្នាប្រកបដោយសន្តិវិធី ហើយបើកឱ្យមាននូវកិច្ចសន្ទនាប្រកបដោយការស្ថាបនា។ ទោះយ៉ាងណាក្ដី លោក គង់ ភោក គូសបញ្ជាក់ថា ជំហររបស់កម្ពុជានៅទៀងទាត់ដដែល គឺគោរពតាមគោលនយោបាយចិនតែមួយ។
គិតត្រឹមយប់ថ្ងៃទី២ ខែសីហា ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី បានជម្នះធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ហើយដូចតាមការគ្រោងទុក បើទោះបីជាមានការព្រមានធ្ងន់ៗ ពីប្រទេសចិនថា សហរដ្ឋអាមេរិកនឹងរង «ផលវិបាកធ្ងន់ធ្ងរ» ពីដំណើរទស្សនកិច្ចនេះយ៉ាងណាក៏ដោយ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំមកនេះ កំពុងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកុម្មុយនិស្ត។
នៅមុនដំណើរទស្សនកិច្ចនេះ ប្រទេសចិនបានព្រមានថា នឹងចាត់វិធានការតប «យ៉ាងមោះមុត និងខ្លាំងក្លា» និងថា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងមិនសម្ងំស្ងៀមឡើយ ប្រសិនបើអ្នកស្រី ណេនស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់មែន។ ក៏ប៉ុន្តែ គិតត្រឹមម៉ោងផ្សាយនេះ ចិននៅមិនទាន់ប្រើវិធានការក្ដៅតាមរយៈការប្រើកម្លាំងយោធារបស់ខ្លួនមកលើកោះតៃវ៉ាន់នៅឡើយទេ។ ប្រទេសចិនកុម្មុយនិស្តតែងចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃខេត្តដែលជាទឹកដីរបស់ខ្លួន។
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា ប្រសិនបើចិនប្រើមធ្យោបាយក្ដៅដោយលើកទ័ពទៅឈ្លានពានដណ្តើមយកអធិបតេយ្យលើកោះតៃវ៉ាន់ ដូចដែលរុស្ស៊ី (Russia) កំពុងឈ្លានពានប្រទេសអ៊ុយក្រែន (Ukraine) នោះ គោលនយោបាយចិនតែមួយរបស់កម្ពុជានឹងអូសទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ ហើយសន្តិសុខរបស់កម្ពុជានឹងត្រូវប្រឈមនឹង «គ្រោះថ្នាក់»។
ដោយឡែក ជុំវិញលទ្ធផលនៅថ្ងៃទី០៤ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៦ ខែសីហា វិញ លោក គង់ ភោក ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានយល់ស្របបន្តផែនការសកម្មភាពពង្រឹងការបន្តអនុវត្តន៍សន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែររយៈពេល ៥ឆ្នាំទៀត គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ លោកថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានឯកភាពគ្នាឱ្យប្រទេសសមាជិកអាស៊ានពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីឈានទៅចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាលើតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
ក្រៅពីនេះ ក៏មានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ លោក គង់ ភោក អះអាងថា នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងពីកង្វល់នានា ពាក់ព័ន្ធនឹងការប្រហារជីវិតលើអ្នកទោសនយោបាយភូមាចំនួន ៤នាក់ ដែលប្រព្រឹត្តដោយរបបសឹកភូមាកាលពីពេលថ្មីៗ នេះ ដែលលោកជឿថា នឹងមិនមែនជាការដោះស្រាយបញ្ហានៅភូមានោះឡើយ។ ជុំវិញបញ្ហាភូមានេះ លោក គង់ ភោក បញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានមិនបានអញ្ជើញរដ្ឋមន្ត្រីការបរទេសរបបសឹកភូមាឱ្យមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះឡើយ ដោយស្នើឱ្យភូមាចាត់បញ្ជូនតំណាង ដែលមិនមែនជាអ្នកនយោបាយឱ្យមកចូលរួម។ ក៏ប៉ុន្តែ របបសឹកភូមាបានបដិសេធ ដូច្នេះលោកថា កៅអីតំណាងប្រទេសភូមាត្រូវទុកឱ្យនៅទំនេរ។ ទោះយ៉ាងណាក្ដី លោកថា ប្រទេសមីយ៉ាន់ម៉ា ឬភូមា នៅតែជាផ្នែកមួយនៃសមាគមអាស៊ានដដែល ហើយមន្ត្រីរបបសឹកមីយ៉ាន់ម៉ា នៅតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស និងកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រីអាស៊ាន ដដែល ខណៈមីយ៉ាន់ម៉ា គឺជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា។ ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះ កិច្ចប្រជុំសំខាន់ៗ មួយចំនួនទៀត ដែលពិភពលោកកំពុងតាមដានគឺ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ ដែលនឹងមានវត្តមានរដ្ឋមន្ត្រីការបរទសរបស់ដៃគូអាស៊ានសំខាន់ៗ ចូលរួម ដូចជា សហរដ្ឋអាមេរិក (U.S.) ចិន (China) ជប៉ុន (Japan) និងរុស្ស៊ី (Russia) ជាដើម។ បញ្ហាភាពតានតឹងនៅកោះតៃវ៉ាន់ (Taiwan) កូរ៉េខាងជើង (South Korea) សង្គ្រាមនៅអ៊ុយក្រែន (Ukraine) ជម្លោះដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង វិបត្តិនយោបាយនៅភូមា និងបញ្ហាស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ ត្រូវគេរំពឹងថា នឹងក្លាយជាប្រធានបទចម្បងនៃកិច្ចប្រជុំពាក់ព័ន្ធទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។