ក្រុមអង្គការសង្គមស៊ីវិលចាប់ផ្ដើមធ្វើយុទ្ធនាការប្រមូលហត្ថលេខាគាំទ្រញត្តិ តាមអ៊ិធឺណិត ឬអនឡាញ ដើម្បីស្នើសុំអន្តរាគមន៍ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) និងរដ្ឋបាលរបស់លោក ព្រឹទ្ធសភា និងសមាជិកសភា ព្រមទាំងគណៈកម្មការសិទ្ធិមនុស្សក្នុងរដ្ឋសភា នៅសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការដោះលែងកញ្ញា សេង ធារី និងអ្នកជាប់ទោសនយោបាយដទៃទៀតឱ្យមានសេរីភាព។
អ្នកស្រី អ៊ុង នីកូល (Nicole Ung) ដែលជាតំណាងរបស់ក្រុមអង្គការសង្គមស៊ីវិល និងជាគណៈគ្រប់គ្រងនៃអង្គការខ្មែរ-អាមេរិកកាំង ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា ខារ៉ាត (CAHRAD) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៥ ខែកក្កដាថា ក្រុមអ្នកការពារសិទ្ធិមនុស្ស និងឈឺឆ្អាលបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា យល់ថា ការដាក់ទោសទណ្ឌ និងចាប់ឃុំខ្លួន កញ្ញា សេង ធារី និងសកម្មជនសង្គម និងនយោបាយដទៃទៀតជារឿងអយុត្តិធម៌។ អ្នកស្រី អំពាវនាវដល់ពលរដ្ឋទូទៅ ដែលនិយមប្រ់ើអិនធឺណិត ឱ្យចូលរួមចុះហត្ថលេខាលើញត្តិ ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិលនេះ៖ « អ្នកនាងកញ្ញា សេង ធារី ជាវីរជនសម្រាប់ខ្មែរ ជាអ្នកការពារសិទ្ធិរបស់មនុស្សយើង ហើយគាត់អត់មានធ្វើខុសអីពីសិទ្ធិ ដែលមាននោះទេ ហើយរដ្ឋាភិបាលខ្មែរហ្នឹងរំលោភទៅលើសិទ្ធិមនុស្សរបស់គាត់។ សិទ្ធិជាអន្តរជាតិហ្នឹងធ្វើឱ្យយើងមានសិទ្ធិសម្ដែងមតិ និងចូលរួមក្នុងនយោបាយ និងសិទ្ធិរបស់ខ្លួនឯងបានដោយសេរី មិនអាចរដ្ឋាភិបាលខ្មែរហ្នឹងម៉ោចោទថាសិទ្ធិរបស់គាត់ហ្នឹងជាសិទ្ធិខុសច្បាប់។ គឺរដ្ឋាភិបាលទេដែលខុសច្បាប់ ដែលចាប់គាត់ និងអ្នកទោសនយោបាយទាំងប៉ុន្មានយកទៅដាក់គុក»។
អ្នកស្រី នីកូល បញ្ជាក់ថា អ្នកដែលចង់ចុះហត្ថលេខាលើញត្តិនេះ អាចជ្រើសរើសមធ្យោបាយ៣ក្នុងនោះរួមមាន ការប្រើប្រាស់ដំណភ្ជាប់ (link) ញត្តិ ដែលក្រុមអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សបានផ្ញើតៗគ្នានៅលើបណ្ដាញសង្គម និងតាមអ៊ីម៉ែល ( https://docs.google.com/forms/d/e/1FAIpQLSc1SL9DDbGbGvZOkAOtQol7Xacpk9tD2CpgrHvFUDGcItC63A/viewform?fbclid=IwAR0qrShqm7_l8TJCUcf7tws-ycwVSpe4G888HW35PS3ebwBWNj_KzxiGzU4) ឬចូលទៅកាន់ហ្វេសប៊ុករបស់អង្គការខ្មែរ-អាមេរិកកាំង ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឈ្មោះ Cambodian-Americans ( https://www.facebook.com/CambodianAmericans) ដែលមានបង្ហាញតំណភ្ជាប់ទៅញត្តិ ឬចូលទៅកាន់គេហទំព័ររបស់ខារ៉ាត (CAHRAD) ដោយផ្ទាល់ ដើម្បីចុះហត្ថលេខាលើញត្តិនោះក៏បាន ( http://www.cahrad.org/cahrad2016/index.php/home)។
អ្នកស្រី អ៊ុង នីកូល បញ្ជាក់ទៀតថា ក្នុងយុទ្ធនាការនេះមានញត្តិទាំងអស់ចំនួន៣ ដែលក្រុមរបស់អ្នកស្រី គ្រោងនឹងផ្ញើទៅប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងរដ្ឋបាលរបស់លោក ព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាមរិក ព្រមទាំងគណៈកម្មការសិទ្ធិមនុស្ស ថមលេនថូស (The Tom Lantos Human Rights Commission) ដើម្បីសុំអន្តរាគមន៍។
កញ្ញា សេង ធារី ជាខ្មែរ-អាមរិកកាំង ដែលជំនាញច្បាប់ និងកិច្ចការអន្តរជាតិកំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ បន្ទាប់ពីចៅក្រមនៅសាលាដំបូងក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា បានកាត់ឱ្យកញ្ញាជាប់ពន្ធនាគាររយៈ៦ឆ្នាំ ដោយចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ពាក់ព៏ន្ធនឹងដំណើរវិលត្រឡប់ទៅកម្ពុជាវិញរបស់ លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានោះក៏មានមេដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិចំនួនជាង៤០នាក់ផ្សេងទៀតក៏ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារក្នុងសំណុំរឿងដូចគ្នានេះដែរ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នកជំនាញអង្គការសហប្រជាតិអំពាវនាវឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យឡើងវិញជាបន្ទាន់ចំពោះដំណើរការនីតិវិធីកាត់ទោសក្នុងសវនាការទ្រង់ទ្រាយធំបែបនេះ។ ពួកគេលើកឡើងថាករណីនេះបង្កើតឱ្យមានគំរូនៃការជំនុំជម្រះបែបនយោបាយ និងបង្ហាញពីកំហុសឆ្គងរបស់តុលាការ។ ក្រុមអ្នកជំនាញដដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងកែតម្រូវឡើងវិញជាបន្ទាន់ចំពោះដំណើរការក្ដីនេះ ដើម្បីធានានូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។