ពលរដ្ឋខ្មែរនៅអាមេរិកធ្វើសមាជទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ
2024.12.09
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី៨ ខែធ្នូ បានជួបជុំគ្នាធ្វើសមាជទាមទារឲ្យរដ្ឋាភិបាលត្រកូល «ហ៊ុន» ប្ដឹងករណីកោះគជ់ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈរដ្ឋាភិបាលកម្ពុជា កំពុងរក្សាភាពស្ងប់ស្ងាត់ពីករណីនេះ។ អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាល គួរតែស្ដាប់នូវសំឡេងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងជាម្ចាស់អំណាច ក្នុងសង្គមប្រជាធិបតេយ្យ ដោយលើកយកករណីកោះគជ់ ប្ដឹងទៅតុលាការអន្តរជាតិ។
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក លើកឡើងថា ករណីកោះគជ់នេះ មានតែកម្ពុជាប្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ទើបអាចការពារបូរណភាពទឹកដីកម្ពុជាបាន។
ការទាមទារនេះ ធ្វើឡើងនៅក្នុងពិធីសមាជស្ដីពីកោះគជ់ នៅ ទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វនីញ៉ា (California ) សហរដ្ឋអាមេរិក(United States) ដោយមានពលរដ្ឋខ្មែររស់នៅអាមេរិកប្រមាណ២រយនាក់ ចូលរួម កាលពីរសៀលថ្ងៃទី៨ ខែធ្ន ក្នុងនោះរួមមានប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ ជាដើម។
ប្រធានបណ្ដាញយុវជនកម្ពុជាសកល (GCYN) លោក សុភ័ណ្ឌ ឡារី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៩ ខែវិច្ឆិកាថា ពលរដ្ឋខ្មែរដែលបានចូលរួមសមាជនេះ បានបង្ហាញពីទឹកចិត្ត ពុះកញ្ជ្រោលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសតំបន់ ដែលរដ្ឋាភិបាលអះអាងថា ជាតំបន់ត្រួតស៊ីគ្នាជាមួយថៃ គឺនៅតំបន់កោះគជ់ ។ លោកអះអាងថា ពលរដ្ឋមិនចង់ឃើញតំបន់កោះគជ់ មានវាសនាដូចទៅនឹងកោះត្រល់ ដែលស្ថិតក្រោមការកាន់កាប់របស់ប្រទេសវៀតណាមឡើយ។
លោក សុភ័ណ្ឌ ឡារី៖ «យើងប្រមូលនូវសេចក្ដីសមាជទាំងអស់គ្រប់រដ្ឋទាំងអស់នៃសហរដ្ឋអាមេរិក រដ្ឋនីមួយៗ ក៏ដូចជា ប្រទេសដទៃទៀត កាលពីព្រឹកយើងនៅអូស្ត្រាលី (Australia) ជប៉ុន (Japan) និងកូរ៉េ (Korea) ជាដើម គឺយកចំនុចខ្លឹមមួយរួមដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ចេញមកបកស្រាយនូវបញ្ហាទាក់ទងនឹងកោះគជ់ នេះ និងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យកាត់ក្ដីរឿងនេះ បើថា កោះនេះ ជារបស់យើងពិតប្រាកដមែនដូចទោក្នុងឯកសារដែលបានចែងសូមឲ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយត្រកូល«ហ៊ុម»ហ៊ានបកស្រាយទៅប្រជាពលរដ្ឋ ហើយកុំឲ្យគាត់គេចវេសហើយបង្កើតព្រឹត្តិការណ៍លុបលើព្រឹត្តិការណ៍ដូចសព្វថ្ងៃ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធពុំអត្ថាធិប្បាយជុំវិញបញ្ហាកោះគជ់នេះ និងបង្វែរសំណួរទៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៩ ខែធ្នូ។
ទាក់ទងនឹងបញ្ហាកោះគជ់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានបន្តចោទអ្នក ដែលលើកឡើងពីបញ្ហាកោះគជ់ថា ជាក្រុមប្រឆាំងជ្រុលនិយម និងយករឿងនេះមកដុតកំហឹងពលរដ្ឋ ឱ្យប្រឆាំងនឹងរដ្ឋាភិបាល។ ក៏ប៉ុន្តែ គិតមកទល់ពេលនេះ រដ្ឋាភិបាលរបស់លោក នៅមិនទាន់បានបកស្រាយពន្យល់ពលរដ្ឋឱ្យបានច្បាស់លាស់ និងមានហេតុផលសមរម្យនៅឡើយទេ ជុំវិញបញ្ហាកោះគជ់នេះ។
ចំណែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានប្រកាសកាលពីថ្ងៃទី៦ ខែធ្នូ ថា ការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ឬ JTC ដើម្បីចរចាលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU44) ស្ដីពីការអភិវឌ្ឍរួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) ជាមួយកម្ពុជានោះ នៅមិនទាន់មានការរីកចម្រើននៅឡើយ ដោយការបង្កើតគណៈកម្មការនេះ កំពុងរៀបចំពិភាក្សានៅក្នុងក្រសួងការបរទេស មុននឹងលើកយកមកពិភាក្សាបន្តនៅក្នុងគណៈរដ្ឋមន្ត្រី។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី (Australia) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ដោះស្រាយវិវាទលក្ខណៈអន្តរជាតិ និងបញ្ចៀសការប្រើប្រាស់កម្លាំងរវាងប្រទេសនឹងប្រទេស។ លោកថា រដ្ឋាភិបាល គួរតែស្ដាប់នូវការលើកឡើងរបស់ពលរដ្ឋ ដោយលើកយកករណីកោះគជ់ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចករណីប្រាសាទព្រះវិហារ ដែលកម្ពុជា ធ្លាប់ទទួលបានជោគជ័យកាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដើម្បីឲ្យពលរដ្ឋកម្ពុជា និងថៃ បានស្ងប់ចិត្ត ព្រមទាំងបញ្ជាក់អំពីសិទ្ធិគ្រប់គ្រងលើតំបន់នេះ ឲ្យបានច្បាស់លាស់។
លោក ស៊ឹង សែនករុណា៖ «ដើម្បីការពារជាតិ មិនចាំបាច់ទៅច្បាំងប្រើប្រាស់នូវអាវុធយុទ្ធភណ្ឌ ធ្វើឲ្យបាត់បង់អាយុជីវិតរបស់កងទ័ព របស់ប្រជាពលរដ្ឋអី្វនោះទេ គឺយើងអាចប្រើប្រាស់ត្រឹមតែយន្តការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាយន្តការមួយ ដែលល្អបំផុត ។ ខ្ញុំក៏មានការគាំទ្រដែរបើសិនជា រដ្ឋាភិបាលប្ដឹងទៅតុលាការអន្តរជាតិ វាជារឿងមួយដ៏ល្អបំផុតសម្រាប់បញ្ជាក់ និងកាត់សេចក្ដី ផ្ដល់នូវភាពយុត្តិធម៌ទៅដល់គ្រប់ភាគីមិនមែនតែកម្ពុជា ឬក៏ថៃទេ»។
ទន្ទឹមនឹងភាពស្ងប់ស្ងាត់របស់រដ្ឋាភិបាលត្រកូល «ហ៊ុន» កោះគជ់ទាំងស្រុង កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ។
ជាក់ស្ដែងអគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ កំពុងដំណើរការរៀបចំធ្វើសមយុទ្ធកងនាវាចរណ៍ប្រចាំឆ្នាំ នៅឈូងសមុទ្រថៃ ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ដោយកងនាវិកថៃ ត្រៀមចល័តសព្វាវុធ នាវាមុជទឹក នាវាចម្បាំង និងបោះយុថ្កានៅក្បែរទីតាំងកោះគជ់នេះតែម្ដង។
ពលរដ្ឋ និងអ្នកឃ្លាំមើលទទូចដល់រដ្ឋាភិបាលកម្ពុជា ឲ្យ លើកយកសំណុំរឿងតំបន់ ដែលអះអាងថា«ត្រួតស៊ីគ្នា»នេះ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់មន្ទិលសង្ស័យរវាងប្រទេសនៅជាប់របងនឹងគ្នា ព្រមទាំងបង្ការកុំឱ្យមានជម្លោះប្រដាប់អាវុធ និងកុំឱ្យពលរដ្ឋនៃប្រទេសទាំងពីរ មានអរិភាពជាមួយគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។