ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ចង់​ឃើញ​លោក ហ៊ុន ម៉ាណែត បង្រួបបង្រួម​ជាតិ​ឡើងវិញ​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ

ដោយ មាន ឫទ្ធិ
2024.04.10
ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ចង់​ឃើញ​លោក ហ៊ុន ម៉ាណែត បង្រួបបង្រួម​ជាតិ​ឡើងវិញ​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ និង​អ្នក​ជាប់ឃុំ​នយោបាយ​នៅ​ក្រៅ​ប្រទេស​ចង់​ឃើញ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត ចេះ​បង្រួបបង្រួម​ជាតិ​ឡើងវិញ​ដើម្បី​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការគោរព​សិទ្ធិមនុស្ស និង​មាន​សន្តិភាព​ពិតប្រាកដ​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​។ ទោះ​យ៉ាងណា​ក្ដី អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​បង្រួបបង្រួម​ជាតិ​ជាមួយ​អ្នកមាន​និន្នាការ​នយោបាយ​ផ្ទុយ​ដែល​លោក​ចោទ​ថា ជា​អ្នកបម្រើ​នយោបាយ​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់។

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ពលរដ្ឋ និង​សកម្មជន​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ចាត់​ទុក​ពលរដ្ឋ និង​សកម្មជន​ដែល​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ចាប់ចង ព្រមទាំង​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ ហើយ​ងាក​មក​ផ្សះផ្សា​ជាតិ​ឡើងវិញ។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) លោក លួន វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ ខែមេសា ថា លោក​ចង់ឱ្យ​លោក ហ៊ុន ម៉ាណែត បើក​លំហ​សិទ្ធិ​សេរីភាព និង​ឈប់​ចាត់ទុក​អ្នកនយោបាយ ហើយ​និង​សកម្មជន​សង្គម​ជាស​ត្រូវ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។ លោក​បន្ត​ថា ការ​លាប​ពណ៌​ពលរដ្ឋ​ខ្មែរ​គ្នាឯង ការ​បិទ​អ្នកនយោបាយ​ក្រៅ​ស្រុក​មិន​ឱ្យ​ចូលរួម​ធ្វើ​នយោបាយ និង​ការរារាំង​យុវជន​មិន​ឱ្យ​ចូលរួម​ឈឺឆ្អាល​បញ្ហា​សង្គម​មិនបាន​ជួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​នោះ​ឡើយ។

លោក លួន វិបុល៖ «ខ្ញុំ​សង្ឃឹមថា​ប្រសិនបើ លោក ហ៊ុន ម៉ាណែត បាន​ស្ដាប់​សារ​សង្ឃឹម​ថា គាត់​នឹង​យកចិត្តទុកដាក់​ស្នើ​ទៅដល់​ព្រះមហាក្សត្រ​ឱ្យ​មាន​ការលើកលែង​ពួកគាត់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដែល​អ្នកខ្លះ​មាន​ទាំង​បញ្ហា​សុខភាព​។ អ៊ីចឹង​នៅ​ថ្ងៃបុណ្យ​ជាតិ​ជា​បុណ្យប្រពៃណី​របស់​យើង​គ្រប់គ្នា​អ៊ីចឹង​កំឡុង​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជាច្រើន​កំពុងតែ​សប្បាយ​នៅ​ខាងក្រៅ​ប៉ុន្តែ​មាន​ជនជាតិ​ខ្មែរ​យើង​ដូចគ្នា​ហ្នឹង​គាត់​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដោយ​រង​ភាព​អយុត្តិធម៌»

ដោយឡែក សកម្មជន​បក្ស​ភ្លើងទៀន​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ លោក ឆន សុឃឿន ឆ្លៀត​ថ្លែង​ប្រាប់​អាស៊ីសេរី​ពី​ក្នុង​ពន្ធនាគារ​តាម​ទូរស័ព្ទ​ថា លោក ហ៊ុន ម៉ាណែត គួរតែ​បើក​លំហ​សិទ្ធិ​នយោបាយ​ដើម្បី​អាច​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​មាន​សិទ្ធិ​សេរីភាព​ពេញ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ដោយ​ស្មើមុខ​ស្មើ​មាត់។

លោក ឆន សុឃឿន៖ «ប្រសិនបើ​កាន់​លទ្ធិប្រជាធិបតេយ្យ​សូម​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​មាន​សិទ្ធិ​សេរីភាព​ស្មើគ្នា​ក្នុង​ការ​ទៅ​គោរព និង​ចូលរួម​បុណ្យប្រពៃណី​ជាតិខ្មែរ​យើង​របស់​ខ្លួន​ដែល​រក្សា​តាំងពី​ប្រពៃណី​ដូន​មក​។ ជាពិសេស​ទៀត​នោះ​គឺ​លំហ​ប្រជាធិបតេយ្យ​ហ្នឹង​ឱ្យ​គណបក្សប្រឆាំង​ដែល​ធំជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​យើង យើង​ដឹង​ហើយ​ថា ផុត​ពី​គណបក្ស​សង្គ្រោះ​ជាតិ មក​គឺ​មាន​គណបក្ស​ភ្លើងទៀន​អ៊ីចឹង​មិន​គួរ​ណា​បិទ​សិទ្ធិ​សេរីភាព​គណបក្ស​ភ្លើងទៀន​ហ្នឹង​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ទេ»

លោក ឆន សុឃឿន គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​១៧​នាក់​ទៀត​រួម​ទាំង​កុមារ​ផង​ដែរ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់ខ្លួន តាម​សំណើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​អំឡុងពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ។

ថ្វី​ដ្បិតតែ​ឆ្នាំ​ចាស់ ជិត​ផ្លាស់​ចូល​ឆ្នាំថ្មី ហើយ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ពី​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ក៏ដោយ ក៏​ស្ថានភាព​នយោបាយ​ខ្មែរ​ជាពិសេស​ការរំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅតែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​។ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បាន​បំបែក​កំណត់ត្រា​ក្នុង​ការ​ធ្វើ​បាប​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​រិះគន់​មិន​ចាញ់​រដ្ឋាភិបាល​របស់​ឪពុក​លោក​នោះ​ទេ។ សកម្មជន​នយោបាយ សកម្មជន​សង្គម និង​អ្នក​រិះគន់​មួយចំនួន នៅតែ​រង​ការ​វាយ​ដុំ​ពី​ជន​មិន​ស្គាល់​មុខ និង​ការ​ចាប់​ឃុំខ្លួន​ជា​បន្តបន្ទាប់​ដោយ​គ្រាន់តែ​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​។ អ្នក​ខ្លះទៀត​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​បែកបាក់​ក្រុម​គ្រួសារ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់ខ្លួន​។ ថ្មីៗ​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សា​រ៉ា​យ ទៅ​ដាក់​ឃុំ​នៅក្នុង​ពន្ធនាគារ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ជាប់ឃុំ​នយោបាយ​កើតឡើង​ជិត​៨០​នាក់ ។ ទោស​កំហុស​របស់​លោក កើត សារ៉ាយ ដោយសារតែ​លោក បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជួប​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ ដើម្បី​ស្វែងយល់ និង​បង្ហាញ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ទាំងនោះ រួម​ទាំង​កុមារ​តូចៗ ដែល​សម្ងំ​រស់នៅ​ក្នុង​ព្រៃ ក្រោយពេល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ដុត​កម្ទេច​ផ្ទះសម្បែង និង​ចាប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ចំនួន​២៧​នាក់ ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​សិលា ដាម៉ិច (Seila Damex)

ឆ្លើយតប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បង្រួបបង្រួម​ជាតិ​ជាមួយ​គណបក្ស​ប្រឆាំង និង​អ្នកមាន​និន្នាការ​ផ្ទុយ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។​

លោក សុខ ឥសាន៖ «ឱ្យ​យើង​បង្រួបបង្រួម​ជាតិ​យ៉ាងម៉េច​ចំពោះ​អ្នក​ល្មើសច្បាប់ ទី​១​ល្មើសច្បាប់ យើង​មិនអាច​បង្រួបបង្រួម​ជាតិ​ជាមួយ​អ្នក​ល្មើសច្បាប់​បាន​ទេ មិនដែល​មាន​ប្រទេស​ណា​គេ​ទៅ​បង្រួបបង្រួម​ជាមួយ​ឧក្រិដ្ឋជន​ទេ ឬក៏​ពិរុទ្ធជន​ទេ​អាហ្នឹង​ទី​១​។ ទី​២​ឱ្យ​យើង​បង្រួបបង្រួម​ជាតិ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ជ្រុលនិយម​ក៏​យើង​មិន​អាច​បង្រួបបង្រួម​បាន​ដែរ»

ទោះជា​យ៉ាងណា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ រិះគន់​ការ​លើកឡើង​របស់​លោក សុខ ឥសាន ថា យក​បញ្ហា​ផ្ទាល់ខ្លួន​មក​ធ្វើជា​លេស​ដើម្បី​មិន​ឱ្យ​លោក សម រង្ស៊ី អាច​ធ្វើ​នយោបាយ​បាន​។ លោក​យល់ថា លោក ហ៊ុន ម៉ាណែត គួរតែ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ប៉ុន្តែ​យើង​ចង់ឱ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​ជជែក​គ្នា​សន្ទនា​គ្នា​ឡើង​ហើយ​ដំណាក់កាល​នេះ​ហើយ យើង​ឃើញ​សេដ្ឋកិច្ច​ខ្មែរ​ដុនដាប​ខ្លាំង​មែនទែន​ហើយ​អ៊ីចឹង​ត្រូវតែ​ឱ្យ​លោក សម រង្ស៊ី និង​តំណាង​របស់​ពួកគាត់​ត្រឡប់​ទៅវិញ​ទៅ​ដោះលែង​អ្នក​ជាប់គុក​នយោបាយ អ្នកទោស​មនសិការ ទាំង​អ្នកសារព័ត៌មាន​ឯករាជ្យ​អី​ត្រឡប់​ទៅវិញ​ទៅ​ហើយ​ហ្នឹង សង្គម​ស៊ីវិល​អីយើ​ង​រួបរួម​គ្នា​វិញ​។ សារ​របស់ខ្ញុំ​មានតែ​ប៉ុណ្ណឹង​សុំ​ឱ្យ​មានការ​បង្រួបបង្រួម​គ្នា​សន្ទនា​ក្លាយជា​ធ្លុង​មួយ​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កុំឱ្យ​គិត​រឿង​បុគ្គល​យើង​ត្រូវ​គិត​រឿង​ជាតិ​ជាធំ»

ទាក់ទិន​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ សង្កេត​ឃើញ​ថា ប្រសិនបើ​អ្នកនយោបាយ​នៅតែ​បន្ត​វាយប្រហារ​គ្នា​ដោយ​គ្មាន​វិជ្ជាជីវៈ ការ​យក​កំហឹង​ទល់​កំហល់​ដូច​បច្ចុប្បន្ន​នេះ​កម្ពុជា​នឹង​មិន​អាច​ស្វែងរក​ការផ្សះផ្សា​ជាតិ​បាន​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ដោយ​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក សេក សុជាតិ៖ «​លើកលែង​តែ​មាន​អ្នក​នយោបាយ​ថ្មី​ដែល​គាត់​មាន​សមត្ថភាព និង​មាន​ឧត្ដមគតិ និង​មានគំនិត​ច្នៃប្រឌិត​ជាង​នេះ ទើប​អាច​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នៅក្នុង​នយោបាយ​កម្ពុជា​នេះ​បាន។ សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ជា​ទាំង​អ្នកដឹកនាំ​នយោបាយ​ក្រៅ​រដ្ឋាភិបាល និង​ក្នុង​រដ្ឋាភិបាល​ហើយ​ហាក់ដូចជា​យក​នយោបាយ​ធ្វើជា​ល្បែង​គ្មាន​គុណ​តម្លៃ​ណាមួយ​សមជា​អ្នកដឹកនាំ​នយោបាយ​កម្ពុជា​ទេ»

ពលរដ្ឋ​រស់នៅ​ក្រៅប្រទេស និង​សកម្មជន​នយោបាយ​ទទូច​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេះ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ឡើង​វិញ​ដើម្បី​រួមគ្នា​ដោះស្រាយ​វិបត្តិ​សង្គម វិបត្តិ​នយោបាយ ការ​រំលោភ​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។