សកម្មជនបក្សប្រឆាំងកំពុងភៀសខ្លួននៅប្រទេសថៃ ស៊ូទ្រាំលំបាកវេទនា ទ្រាំរស់នៅជាជនភៀសខ្លួន គ្មានមុខរបរទៀងទាត់ ក៏ពួកគាត់មិនក្បត់ឆន្ទៈតាមការអូសទាញរបស់គណបក្សកាន់អំណាចដែរ។ ការរក្សាឆន្ទៈរបស់ជនភៀសខ្លួនបែបនេះ ក្រោយពេលគណបក្សកាន់អំណាចព្យាយាមអូសទាញ និងគំរាមកំហែងឱ្យពួកគេទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ជីវិតរកព្រឹកខ្វះល្ងាច និងប្រឈមត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនគ្រប់ពេលព្រោះជាជនបទេសរស់នៅប្រទេសថៃ ដោយខុសច្បាប់។ ទោះយ៉ាងណា សកម្មជននយោបាយបក្សប្រឆាំង និងសកម្មជនការងារសង្គម ដែលកំពុងភៀសខ្លូននៅប្រទេសថៃ នៅតែតស៊ូជំនះឧបសគ្គ ព្រោះពួកគាត់មានក្ដីរួមគ្នាមួយថា គង់មានថ្ងៃណាមួយ ពួកគាត់អាចវិលចូលស្រុកវិញ។
មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ លោក ហុង ថេង អាយុ៥៦ឆ្នាំ កំពុងភៀសខ្លួននៅប្រទេសថៃ ត្អូញត្អែរថា ការរស់នៅប្រទេសថៃ លំបាកស្ទើរគ្រប់បែបយ៉ាងដោយសារនៅទីនេះ លោកមិនអាចធ្វើការងាររកប្រាក់តែត្រូវចំណាយលើថ្លៃហូបចុកខ្ពស់ ហើយបញ្ហាសំខាន់បំផុតគឺបញ្ហាសុវត្ថិភាព។ លោកឱ្យដឹងទៀតថា ការរស់នៅប្រទេសថៃ ជាង៥ឆ្នាំមកនេះ លោកពឹងលើការឧបត្ថម្ភប្រាក់ពីគណបក្សសង្គ្រោះជាតិជាង ២.០០០ បាត ឬប្រមាណ ៧០ដុល្លារក្នុងមួយខែ ហើយពេលខ្លះលោកខ្ចីប្រាក់ពលករខ្លះ អ្នកជិតខាងខ្លះ ឬក៏ត្រូវកូនផ្ញើប្រាក់ពីប្រទេសកម្ពុជា ហើយពេលខ្លះទៅយកបាយម្ហូបពីព្រះសង្ឃ។ លោក ហុង ថេង ឱ្យដឹងទៀតថា នៅរយៈពេលចុងក្រោយនេះ មានមន្ត្រីគណបក្សកាន់អំណាច បានទាក់ទងលោកជាញឹកញាប់ អូសទាញឱ្យលោកវិលទៅប្រទេសកម្ពុជា និងចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា។ ទោះយ៉ាងណា លោកថា លោកមិនអាចចូលរួមជាមួយរបបផ្ដាច់ការបានទេ។
លោក ហុង ថេង៖«រាល់ថ្ងៃលំបាកហួសពីនិយាយពេកហើយ តែគ្រាន់ថា និយាយឱ្យឃើញទៅ ពេលខ្លះខ្វះខាតអ៊ីចឹង ទៅខ្ចីពលករអីបន្តិចបន្តូចហើយបានកូនត្បិតត្បៀតពីស្រុកខ្មែរមកសងគេខ្លះអ៊ីចឹងបង់ថ្លៃបន្ទប់ខ្លះអ៊ីចឹងទៅ យើងហូបចុកខ្លះអ៊ីចឹងទៅ»។
ជីវិតជាជនភៀសខ្លួននៅប្រទេសថៃ ពួកគាត់គ្មានមុខរបររឹងមាំដើម្បីចិញ្ចឹមគ្រួសារទេ ពួកគេត្រឹមធ្វើជាកម្មករសំណង់ កម្មករតាមទូកនេសាទ និងកម្មករកន្លែងជួសជុលឡាន។ ការងារទាំងនេះសុទ្ធតែជាការងារខុសច្បាប់ ព្រោះពួកគាត់គ្មានឯកសារការងារប័ណ្ណអនុញ្ញាតការងារដូចពលករទូទៅឡើយ។ ចំណែក អ្នកខ្លះរកការងារមិនបានធ្វើ ព្រោះអាយុច្រើន មិនសូវស្គាល់គេ ពួកគាត់ត្រឹមសុំជំនួយពីអង្គការដៃគូរបស់យូ.អ៊ិន.អេច.ស៊ី.អា(UNHCR) ជាប្រាក់បន្តិចបន្តួច អង្ករ ត្រីខ ទឹកត្រី ជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ប្រាប់ថា ការចូលរួមជាមួយគណបក្សប្រឆាំងជិត៣០ ឆ្នាំមកនេះ ព្រោះ ដើម្បីចង់ឃើញមានការផ្លាស់ប្ដូរជាវិជ្ជមាន។ លោកបន្តថា បើទោះជាជីវិតនយោបាយក្នុងគណបក្សប្រឆាំងជួបការលំបាកយ៉ាងណាក្ដី ក៏លោកនៅតែបន្តឧត្តមគតិទៅមុខទៀត។ លោកថា ប្រសិនបើនៅពេលលំបាក ហើយលោកប្ដូរទៅរួមរស់ជាមួយគណបក្សកាន់អំណាចលោកត្រូវក្មេងជំនាន់ក្រោយដៀលត្មះលោកមិនខាន។
លោក ដួង ចន្ត្រា៖«ងាកទៅរកកិច្ចការដែលស្រួលដែលគេឱ្យឋានៈតួនាទី ឱ្យលុយកាក់គ្រប់បែបយ៉ាង ធ្វើឱ្យយើងបាត់បង់នូវគំនិតការផ្លាស់ប្ដូរនេះ ធ្វើឱ្យក្មេងជំនាន់ក្រោយមិនមានគំនិតបណ្ដុះលទ្ធិប្រជាធិបតេយ្យតទៅទៀត ដូច្នេះខ្ញុំតាំងចិត្តរួចហើយថា មិនទៅបម្រើផលប្រយោជន៍ឱ្យជនផ្ដាច់ការទេ គឺខ្ញុំសុខចិត្តទ្រាំលំបាកដើម្បីរក្សាតម្លៃនេះសម្រាប់ក្មេងជំនាន់ក្រោយ»។
ចាប់តាំងពីរដ្ឋាភិបាលក្រុងភ្នំពេញ រំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ មក មានសកម្មជនគណបក្សនេះជាង ១០០នាក់ បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។ តែនៅមកដល់សព្វថ្ងៃនេះ សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្នុងប្រទេសថៃ មានតែជាង៣០នាក់ ខណៈជនភៀសខ្លួនមួយចំនួនធំត្រូវបាន អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅទីក្រុងបាងកក បញ្ជូនទៅជ្រកកោននៅកន្លែងមានសុវត្ថិភាពនៅប្រទេសទី៣ ហើយក៏សកម្មជនបក្សមួយចំនួនទៀត ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន សហការជាមួយសមត្ថកិច្ចថៃ ចាប់បញ្ជូនទៅយកឃុំនៅប្រទេសកម្ពុជា។ នៅរយៈពេលចុងក្រោយកៀកពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ក៏មានសកម្មជនធ្វើការងារ និងសកម្មជនគណបក្សភ្លើងទៀន ក៏បានភៀសខ្លួននៅប្រទេសថៃនេះដែរ។
ជនភៀសខ្លួនម្នាក់ទៀត គឺជាយុវជនធ្វើការងារសង្គមលោក កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និងប្អូនស្រីពីរនាក់ បានរត់គេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល លោក ហ៊ុន សែន នៅឆ្នាំ២០២៣នេះ។ អតីតសមាជិកក្រុមយុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា ក៏មិនខុសពីជនភៀសខ្លួនផ្សេងទៀតដែរ នាងគ្មានការងារចិញ្ចឹមជីវិត ប៉ុន្តែ កញ្ញាទទួលបានការប្រោសប្រណី ពីព្រះសង្ឃដែលគង់នៅប្រទេសថៃ បានជួយឧបត្ថម្ភបាយម្ហូប និង រៃអង្គាសប្រាក់ជួយចេញថ្លៃបន្ទប់ស្នាក់នៅរបស់កញ្ញា និងប្អូនស្រីពីរនាក់ទៀត។
កញ្ញា សូ មេត្តា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៥ ខែកក្កដា ថា នៅរយៈពេលចុងក្រោយនេះ យុវជនធ្វើការងារសង្គម និងយុវជនបរិស្ថានមួយចំនួន ដែលចូលរួមជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន បានទាក់ទងកញ្ញាតាមបណ្ដាញសង្គម ហៅឱ្យកញ្ញា ទៅធ្វើការងារជូនរដ្ឋាភិបាលដែរ។ សកម្មជនធ្វើការងារសង្គមប្ដេជ្ញាមិនចូលរួមជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញធនធានធម្មជាតិ រំលោភសិទ្ធិមនុស្សនោះឡើយ។
កញ្ញា សូ មេត្តា៖«ដោយសារខ្ញុំមិនចង់លក់ឧត្តមគតិហើយយើងចូលរួមជាមួយរដ្ឋាភិបាលអត់មានជួយការជួយកែលំអប្រទេសជាតិ ជួយការពារប្រជាពលរដ្ឋទេ មានតែការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ បំផ្លិចបំផ្លាញកេរឈ្មោះប្រទេសជាតិទៅវិញទេ»។
សកម្មជនសង្គម កញ្ញា សូ មេត្តា ដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំរូបនេះបានសម្រេចរត់ទៅរស់នៅប្រទេសថៃ ក្រោយពីនាងទទួលបានសារគំរាមកំហែងដល់អាយុជីវិតចំនួន ៣លើក។
ក្នុងឆ្នាំបោះឆ្នោត ២០២៣នេះ មន្ត្រីបក្សកាន់អំណាច និង សកម្មជនគណបក្សប្រឆាំង ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច ឱ្យដើរអូសទាញ និងគំរាមកំហែង សកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការចូលស្រុកដោយគ្មានទោស និងអាចទទួលបានតួនាទីក្នុងស្ថាប័នរដ្ឋជាដើម។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សកាន់អំណាចគ្មានគោលការណ៍ដើរទិញ ឬបង្ខំឱ្យអ្នកណាម្នាក់មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាទេ។ ចំណែករឿងសុវត្ថិភាពសកម្មជនបក្សប្រទេសថៃ លោកអះអាងថា គឺរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែឃ្លាំមើលសកម្មភាពរបស់សកម្មជនបក្សប្រឆាំងទាំងនោះនៅប្រទេសថៃដើម្បីត្រៀមចាត់វិធានការឆ្លើយតប។
លោក សុខ ឥសាន៖«មិនមែនថា ប្រទេសកម្ពុជាទេ ប្រទេសណាដូចប្រទេសណានៅលើពិភពលោក សុទ្ធតែមានចារកម្មរបស់ខ្លួនសុទ្ធតែមានសមត្ថកិច្ចដើម្បីទប់ស្កាត់រាល់អំពើវិច្ឆេទកម្មនានាដែលកើតឡើងនៅក្នុងសង្គមរបស់គេ ហើយអ្នកដែលបង្កវិច្ឆេទកម្មហ្នឹង ដើម្បីរួចខ្លួនរត់ទៅពឹងពាក់ប្រទេសដទៃ»។
ទាក់ទងសុវត្ថិភាពជនភៀសខ្លួននៅប្រទេសថៃនេះដែរ សមត្ថកិច្ចថៃចាប់ផ្ដើមចុះចាប់សកម្មជន និងអ្នកគាំទ្រ គណបក្សប្រឆាំងនៅថៃ ជាថ្មីទៀតហើយ។ យ៉ាងហោចណាស់សកម្មជនជន និងអ្នកគាំទ្រ គណបក្សប្រឆាំងពីររូបត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ក្នុងនោះពលករ និងជាអ្នកគាំទ្រគណបក្សភ្លើងទៀន លោក ថន ស្ដើង ហៅឈ្មោះក្រៅ ដារ៉ូ ក្រោយសមត្ថកិច្ចចាប់ខ្លួន លោកត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR ) បញ្ជូនចេញទៅប្រទេសទី៣ ចំណែកសកម្មជនគណបក្សភ្លើងទៀន លោក ថុល សំណាង ដែលសមត្ថកិច្ចទើបចាប់ខ្លួនកាលពីពេលថ្មីនេះ កំពុងជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសថៃ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា ការជ្រើសរើសគណបក្សនយោបាយណាមួយជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប ដោយគ្មានអ្នកណាអាចបង្ខំ ដែលសិទ្ធិនេះត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ លោកបន្តទៀតថា ជាការសម្រេចចិត្ត របស់សកម្មជនបក្សប្រឆាំងដែលបន្តស្មោះត្រង់នឹងគណបក្សរបស់ខ្លួន និងក៏ជាសិទ្ធិក្នុងការគាំទ្រគណបក្សដែលពួកគេចូលចិត្តដែរ។ មន្ត្រីសិទ្ធិរូបនេះកត់សម្គាល់ថា ករណីសមត្ថកិច្ចថៃ ចាប់ខ្លួនជនភៀសខ្លួនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះជាបង្ហាញថា ប្រទេសថៃមិនមែនជាកន្លែងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនទៀតទេ។
លោក អំ សំអាត៖«ដូច្នេះការស្រលាញ់ឬការចូលចិត្ត ឬការគាំទ្រគណបក្សនយោបាយមួយណាជាសិទ្ធិរបស់គាត់គ្មានរឿងអ្វីខុសច្បាប់ទេបាទ»។
កាលពីថ្មីៗនេះលោក ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកនយោបាយប្រឆាំងរូបណាដែលប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ប៉ុន្តែបើអ្នកណាបន្តដើរតាមនយោបាយរបស់លោក សម រង្ស៊ី តទៅទៀត គឺប្រឈមការចោទប្រកាន់តាមច្បាប់។ ទោះយ៉ាងណា សកម្មជនបក្សប្រឆាំងថា ពួកគាត់នៅតែស្មោះត្រង់ជាមួយគណបក្សប្រឆាំងឬជាមួយលោក សម រង្ស៊ី ដដែល បើទោះជាត្រូវរត់ចោលស្រុក ឬបែកបាក់គ្រួសារក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។