របបក្រុងភ្នំពេញចំអកឱ្យក្រុមអ្នកជំនាញអ.ស.បថាលម្អៀងរឿងរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ
2018.06.16
តំណាងរបបក្រុងភ្នំពេញនៅអង្គការសហប្រជាជាតិចំអកឱ្យក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិថា មានភាពលម្អៀង និងបកស្រាយច្បាប់ដោយមិនត្រឹមត្រូវ ទាក់ទងនឹងកង្វល់អំពីសេរីភាពសារព័ត៌មាននៅមុនការបោះឆ្នោត។ ប្រតិកម្មនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៥ មិថុនា ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ពោលគឺមួយថ្ងៃក្រោយពេលក្រុមអ្នកជំនាញទាំងនោះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតមកដល់ និងអំពាវនាវឱ្យរបបលោក ហ៊ុន សែន គោរព និងធានាឱ្យបាននូវសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ប្រតិកម្មថា ក្តីបារម្ភរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានោះ គឺជាទស្សនៈលម្អៀង ហើយបានចោទក្រុមអ្នកជំនាញទាំងនោះថា បានបកស្រាយច្បាប់បោះឆ្នោតខុសទៀតផង។ តំណាងរបបក្រុងភ្នំពេញនេះ បានថ្លែងការពារថា ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ មានគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការបោះឆ្នោតឱ្យដំណើរការទៅដោយរលួន និងមានសណ្តាប់ធ្នាប់។ ស្ថាប័នដដែលនេះបន្តទៀតថា បម្រាមរបស់ គ.ជ.ប មិនមានផលប៉ះពាល់អវិជ្ជមានដល់សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធីសម្រាប់ការបោះឆ្នោតដូចការលើកឡើងរបស់ក្រុមអ្នកជំនាញនោះឡើយ ប៉ុន្តែអ្វីដែល គ.ជ.ប ហាមឃាត់នោះ គឺការផ្សព្វផ្សាយព័ត៌មានដែលញុះញង់ឱ្យមានកំហឹង និងការរើសអើងជាតិសាសន៍តាមគ្រប់រូបភាព។ ស្ថាប័ននេះក៏បានចាត់ទុកការអំពាវនាវរបស់ក្រុមអ្នជំនាញអង្គការសហប្រជាជាតិឱ្យមានការដោះលែងលោក កឹម សុខា គឺជាការជ្រៀតជ្រែកដំណើការនីតិវិធីតុលាការដែលកំពុងប្រព្រឹត្តទៅក្នុងដែនអធិបតេយ្យនៃរដ្ឋមួយ។
កាលពីថ្ងៃទី ១៤ មិថុនា កន្លងទៅ ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ដែលរួមមាន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការសម្តែងមតិ លោក ដេវីឌ កាយេ (David Kaye) និងអ្នករាយការណ៍ពិសេសស្តីពីការបង្កើតសមាគម និងជួបប្រជុំដោយសន្តិវិធីលោក ក្លេម៉ង់ នីយ៉ាលេតសូស៊ី វ៉ូឡេ (Clément Nyaletsossi Voulé) បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញក្តីបារម្ភចំពោះការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា មុនការបោះឆ្នោតមកដល់ ដែលជាការឆ្លើយតបទៅនឹងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានរបស់ គ.ជ.ប។ ចំណុចសំខាន់ៗនៅក្នុងក្រមសីលធម៌របស់ គ.ជ.ប សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិយល់ថា ជាការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនោះ រួមមានការហាមប្រាមមិនឱ្យចុះផ្សាយពត៌មានដែលអាចនាំឱ្យមានការភ័ន្តច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត ការផ្សាយព័ត៌មានដែលរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងការបញ្ចេញមតិផ្ទាល់ខ្លួន ឬការការធ្វើបុរេវិនិច្ឆ័យអំពីការបោះឆ្នោត។
ក្រុមអ្នកជំនាញអះអាងថា បម្រាមទាំងនេះប្រើពាក្យពេចន៍ក្នុងន័យទូលាយ និងមិនច្បាស់លាស់ ដែលអាចនាំទៅរកការរឹតត្បិតយ៉ាងខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងមិនស្របទៅតាមបទដ្ឋានអន្តរជាតិឡើយ។ ក្រុមអ្នកជំនាញអះអាងទៀតថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍អំពីបញ្ហាទាំងឡាយដែលកើតមាននៅមុនការបោះឆ្នោត ជាពិសេស គឺបញ្ហាចម្រូងចម្រាស់តែម្តង។ ពួកគេបន្តថា សេចក្តីរាយការណ៍អំពីបញ្ហាទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មានប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ នៅក្នុងអំឡុងពេលបោះឆ្នោត ដើម្បីជួយដល់អ្នកបោះឆ្នោតឱ្យសម្រេចចិត្តបានត្រឹមត្រូវ។
ក្រុមអ្នកជំនាញក៏បានអះអាងដែរថា បម្រាមទាំងនេះនឹងជះឥទ្ធិពលអវិជ្ជមានទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការចូលរួមជាសាធារណៈក្នុងបរិបទនៃការបោះឆ្នោត។ ក្រុមអ្នកជំនាញ ស្នើឱ្យអាជ្ញាធរនៃរបបលោក ហ៊ុន សែន គោរព និងធានាឱ្យបាននូវសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ហើយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏បានស្នើយ៉ាងទទូចដល់របបក្រុងភ្នំពេញឱ្យដោះលែង លោក កឹម សុខា និងដកចេញបម្រាមមិនឱ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះចេញជាបន្ទាន់ ដើម្បីធានាបាននូវលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដ៏ពិតប្រាកដមួយនៅកម្ពុជា។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក សឺង សែនករុណា យល់ឃើញថា សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិនេះ មិនមែនជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ព្រោះកម្ពុជាជាភាគីហត្ថលេខីនៃកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ដូច្នេះមន្ត្រីជំនាញទាំងនោះមានសិទ្ធិក្នុងការលើកឡើងពីកង្វល់របស់ខ្លួនទាក់ទងនឹងបញ្ហាកម្ពុជា។ លោកជឿជាក់ថា ការលើកឡើងរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍ ឬអនុសាសន៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ ធ្វើឡើងដោយឆ្លងកាត់ការវិភាគ និងសិក្សាយ៉ាងស៊ីជម្រៅទៅលើស្ថានភាពពិតជាក់ស្តែង និងទិដ្ឋភាពច្បាប់ត្រឹមត្រូវ មិនមែនជាទស្សនៈបែបលម្អៀងឡើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះកត់សម្គាល់ថា បញ្ហាសំខាន់ គឺរបបដឹកនាំបច្ចុប្បន្នទៅវិញទេ ដែលមិនមានវប្បធម៌ទទួលយកអនុសាសន៍ពីខាងក្រៅ ពោលគឺតែងតែទាត់ចោលនូវមតិយោបល់របស់អ្នកជំនាញ ដែលចំណុចនេះគួរតែមានការកែតម្រូវឡើងវិញ៖ «»
ទោះបីជាមានការចេញមុខបកស្រាយពីមន្ត្រីនៃរបបក្រុងភ្នំពេញ និងពីស្ថាប័នតំណាងនៃរបបនេះក៏ដោយ ក៏ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ខាងមុខ ត្រូវបានអ្នកជំនាញជាទូទៅវាយតម្លៃថា គ្រាន់តែជាដំណើការរៀបចំបង្គ្រប់កិច្ចឱ្យគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលទៀតតែប៉ុណ្ណោះ ដោយសាររបបក្រុងភ្នំពេញ បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់របស់ខ្លួនរួចទៅហើយ ហើយបក្សប្រឆាំងដ៏មានឥទ្ធិពលជាងគេមួយនេះ ក៏ត្រូវបានផាត់ចេញពីការបោះឆ្នោតលើកនេះដែរ។ ទន្ទឹមនឹងការវាយកម្ទេចបក្សប្រឆាំងនេះ របបក្រុងភ្នំពេញក៏បានបើកយុទ្ធនាការហាមឃាត់ គំរាមកំហែង និងធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងលើអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងអស់ ដែលមិនព្រមដើរតាមខ្សែញាក់របស់គេ ចំណែកអ្នកសារព័ត៌មាន ឬប្រព័ន្ធឃោសនាស្តាប់បង្គាប់វិញ ពួកគេត្រូវបានរបបសព្វថ្ងៃប្រើប្រាស់ ដើម្បីឱ្យជួយឃោសនារកជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ តាមរយៈព័ត៌មានបែបពិធីការ សារនយោបាយប្រជាភិថុតិ និងចំណុចល្អៗ របស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញជាដើម៕