លោក វ៉ា គឹមហុង ថា​មិន​បាន​គំរាម​យុវជន ១០០រាត្រី ដែល​ផ្សាយ​វីដេអូ​បញ្ហា​ព្រំដែន​ទេ

ដោយ សេក បណ្ឌិត
2019-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ដែល​រាជរដ្ឋាភិបាល​ប្រើប្រាស់​ពេល​បច្ចុប្បន្ន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ថ្លែង​ក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ដែល​រាជរដ្ឋាភិបាល​ប្រើប្រាស់​ពេល​បច្ចុប្បន្ន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បដិសេធ​ថា មិន​បាន​គំរាម​យុវជន​ដែល​ផ្សព្វផ្សាយ​វីដេអូ បញ្ហា​ព្រំដែន​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់ ព្រមាន​ថា មិន​អត់ឱន​ឲ្យ​បុគ្គល​ណា​និយាយ​ថា លោក​ប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ ក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ឡើយ។ ទោះ​យ៉ាង​ណា​ក្តី​ក្រុម​យុវជន ១០០រាត្រី ដែល​បន្ត​បេសកកម្ម​ពី​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​លោក វ៉ា គឹមហុង បើក​ចំហ​សេរីភាព​ពេញលេញ​ដល់​យុវជន​តាម​ដាន បញ្ហា​រឿង​ព្រំដែន ចៀសវាង​ការ​ចាត់​ទុក​ពួក​គេ​ជា​សត្រូវ។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែងប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ថា សូម​ឲ្យ​យុវជន​ដែល​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ត្រូវ​ប្រយ័ត្នប្រយែង កុំ​ចោទ​របប​ក្រុង​ភ្នំពេញ​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ដាច់ខាត ព្រោះ​កន្លង​មក​ធ្លាប់​មាន​អ្នក​ចោទ​ថា របប​លោក ហ៊ុន សែន ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ជាមួយ​វៀតណាម ដែល​លោក​ចាត់​ទុក​ថា បំពាន​អនុសាសន៍​លោក ហ៊ុន សែន និង​ជា​រឿង​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​មិន​ថា ឲ្យ​រត់​ចោល​ស្រុក​អី​ទេ តែ​សូម​ឲ្យ​ប្រយ័ត្ន​កុំ​ចេះ​តែ​ចោទ បើ​យើង​មាន​ភស្តុតាង​ត្រឹមត្រូវ។ រដ្ឋាភិបាល​គេ​ចុះ​ស្គាល់​ភូមិសាស្ត្រ​ច្បាស់​ណាស់ តែ​បើ​ស្រាវជ្រាវ​ឲ្យ​ប្រាកដប្រជា បើ​ស្រាវជ្រាវ​មិន​ដឹង​សាវតារ​អី​ផង។ អ្នក​ស្រាវជ្រាវ​ខ្មោច​យក​អ៊ីចឹង»

លោក វ៉ា គឹមហុង ពន្យល់​ថា កាល​ពី​ឆ្នាំ ១៨៧០ ដល់ ១៨៧៣ អគ្គទេសាភិបាល​កូសាំងស៊ីន និង​ព្រះមហាក្សត្រ​ខ្មែរ បាន​ចុះ​កិច្ច​ព្រមព្រៀង​រួម​មួយ បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម សម្រេច​បាន ១២៤បង្គោល។ លោក​បញ្ជាក់​ថា ទឹក​ដី​ខ្មែរ​នៅ​ចំណុច​ចំពុះ​ទា​នោះ ពុំ​បាន​បាត់បង់​នោះ​ទេ។ លើស​ពី​នេះ របប​ក្រុង​ភ្នំពេញ​បាន​បោះ​បង្គោល​ព្រំដែន ជា​របង​ការពារ​ទឹក​ដី ដែល​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា និយាយ​រឿង​ព្រំដែន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ។

លោក​ផ្ដាំ​ទៅ​យុវជន ១០០រាត្រី​វិញ​ថា បើ​មាន​ភស្តុតាង​ផ្សេង​ផ្ទុយ​ពី​លោក​ស្រាវជ្រាវ​កន្លង​មក សូម​ផ្ដល់​ព័ត៌មាន​ដល់​លោក ខណៈ​ដែល​ការ​ស្រាវជ្រាវ​របស់​លោក ពុំ​មាន​ចំណុច​ខ្វះខាត​ទេ។ លោក​បញ្ជាក់​ថា របាយការណ៍​របស់​ក្រុម​ការងារ ១០០រាត្រី គឺ​ជា​របាយការណ៍​ភូតភរ គ្មាន​មូលដ្ឋាន​ច្បាស់លាស់៖ «ខ្ញុំ​ប្រាប់​ថា របាយការណ៍​ភូតភរ ត្រង់​បង្គោល​បារាំង ១៣៥ ដល់ ១៤០ ដែល​បោះ​ចូល​ដី​ខ្មែរ​ជិត ២​គីឡូម៉ែត្រ។ ខ្ញុំ​ប្រាប់​ទៅ​វិញ បង្គោល​បារាំង​បោះ ឆ្នាំ ១៨៧០ ដល់ ៧៣ ហ្នឹង វា​អត់​មាន​ដល់ ១៣០បង្គោល​ទេ។ ដំបូង​គេ​បោះ​នៅ​ហាទៀង (Ha Tien) មាន​លេខ ១២៤។ ដូច្នេះ​ឲ្យ​បាន​ដល់​លេខ ១៣៥ នៅ​ខេត្ត​ស្វាយរៀង មាន​តែ​ថយ​ក្រោយ។ គេ​អត់​មាន​បោះ​ឆ្វេង​ស្កាំ ទៅ​មុខ​ក្រោយ​ទេ គឺ​បារាំង​បោះ​មាន​សណ្ដាប់​ធ្នាប់»

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុម​យុវជន​បាន​ផ្សព្វផ្សាយ​វីដេអូ ជាង ៧នាទី ដែល​ពួក​គេ ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​ព្រំដែន​ជាក់​ស្ដែង នៅ​ចំណុច​ចំពុះ​ទា ក្នុង​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដោយ​រក​ឃើញ​ថា កម្ពុជា របូត​ដី​ស្រែ​រាប់​រយ​ហិកតារ ទៅ​ប្រទេស​វៀតណាម រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។  ដំណើរ​បេសកកម្ម​ចុះ​នោះ​ពួក​គេ បាន​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពិនិត្យ បង្គោល​ព្រំដែន​លេខ ១៩៤ ដល់ ១៩៩ បោះ​កាល​ពី​ឆ្នាំ ២០០៩។ បង្គោល​ទាំង​នោះ ឆ្ងាយ​ពី​បង្គោល​ចាស់​សម័យ​បារាំង​លេខ ១៣៥ ដល់ ១៤០។ លើស​ពី​នេះ បង្គោល​ថ្មី​លេខ ១៩៩ ឆ្ងាយ​ពី​បង្គោល​ចាស់​សម័យ​បារាំង ២គីឡូម៉ែត្រ។ រីឯ​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​វៀតណាម​សាង​សង់​កាល​ពី​ឆ្នាំ ២០០៥ ចូល​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ រាប់​រយ​ហិកតារ រហូត​មក​ទល់​ពេល​នេះ​គ្មាន​ដំណោះ​ស្រាយ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី  សំណូមពរ​ឲ្យ លោក វ៉ា គឹមហុង បើក​ចិត្ត​ឲ្យ​ទូលាយ ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែ និង​យុវជន ចូលរួម​តាមដាន ពី​បញ្ហា​ព្រំដែន ជា​ពិសេស ​ត្រូវ​ទទួល​យក​ចំណុច​ខ្វះខាត​មក​កែ​លម្អ ចៀសវាង​ចោទ​ប្រកាន់​ពួក​គេ​ថា ជា​បក្ស​ប្រឆាំង និង​ជា​សត្រូវ។ លោក​អំពាវនាវ​ឲ្យ​លោក វ៉ា គឹមហុង ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ពួក​គេ ស្រាវជ្រាវ​បញ្ហា​ព្រំដែន ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ដែល​ច្បាប់​បាន​អនុញ្ញាត ព្រោះ​ការ​ចូលរួម​តាម​ដាន​បញ្ហា​ព្រំដែន​ក៏​រួម​ចំណែក​ជួយ​ដល់​របប​ក្រុង​ភ្នំពេញ និង​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​ដែរ«សំណូមពរ​ឲ្យ​ឯកឧត្ដម វ៉ា គឹមហុង បើក​ចិត្ត​ឲ្យ​ទូលាយ ក្នុង​នាម​ជា​មន្ត្រី​រាជការ និង​ផ្ដល់​ឱកាស​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ឲ្យ​គេ​និយាយ​រឿង​ព្រំដែន កុំ​ទុក​គេ​ជា​បក្ស​ប្រឆាំង​​គ្មាន​បំណង បង្អាប់​បន្ទោស គឺ​អត់​ទេ។ យើង​បញ្ជាក់​ក្នុង​របាយការណ៍​ផ្អែក​លើ​ពលរដ្ឋ​ជា​សាក្សី​រស់ ទាំង​ពលរដ្ឋ​វៀតណាម​ដែល​មក​យក​ដី​ហ្នឹង និង​អ្នក​ដែល​បាត់​បង់​ដី​ដែល​វៀតណាម​យក និង​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​តំបន់។ រដ្ឋាភិបាល​គួរ​តែ​ចុះ​មើល រឿង​បាត់​ដី​ហ្នឹង យើង​គួរ​តែ​សិក្សា​លម្អិត​រឿង​ហ្នឹង»

ក្រុម​យុវជន ១០០រាត្រី បាន​ធ្វើ​សម្ភាសន៍​ពលរដ្ឋ​ដែល​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម​ដោយ​អះអាង​ថា បង្គោល​ព្រំដែន​លេខ ១៩៩ ថ្មី ដែល​កម្ពុជា​បោះ អំឡុង​ឆ្នាំ ២០០៩ រំកិល​ចូល​ដី​ខ្មែរ ២គីឡូ​ម៉ែត្រ «បង្គោល​បារាំង​បោះ​ឲ្យ​នៅ​ប្រហែល​ជាង ២គីឡូដីនៅខាងក្នុង (ទៅ​ខាង​វៀតណាម)។ ខាង​ជើង​បង្គោល​សុទ្ធ​តែ​ដី​កម្ពុជា ដល់​ពេល​ហើយ​វៀតណាម​ឈ្លានពាន​យក»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញ​បញ្ចេញ រិះគន់​ដើម្បី​ស្ថាបនា ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​របប​ក្រុង​ភ្នំពេញ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទទួល​យក​ទុក្ខ​កង្វល់​របស់​ពួក​គេ​ទៅ​ដោះ​ស្រាយ«យើង​ឃើញ​ហើយ​ថា ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​សេរីភាព ចូលរួម​សម្ដែង​មតិ ដាក់​បណ្ដឹង​បរិហារ ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ត្រឹមត្រូវ ដើម្បី​ប្រយោជន៍​ជាតិ»

លោក មួង សូនី  ផ្តាំ​ទៅ​លោក វ៉ា គឹមហុង ថា​ ធ្លាប់​ចុះ​ទៅ​ជួប​ពលរដ្ឋ​ផ្ទាល់​នៅ​តំបន់​នោះ​ឬ​ទេ? តើ​មាន​ដឹង​ថា ពលរដ្ឋ​រស់​នៅ​ទី​នោះ ត្អូញ​របូត​ដី​ស្រែ​រាប់​រយ​ហិកតារ ទៅ​ប្រទេស​វៀតណាម​ឬ​ទេ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

4 letters HHHH=Hitler symbolic of horrible word

Ta Hong,Ta Hor,Ta Hun and Ta Heng as one barbarian"cruel or savage"deal with mental illness problem since the first day n.Vietnam commies invaded of Cambodia in 1979 and n.Hanoi leaders endorsed them as their puppet govm't,in easier to control freaked,manipulation,expense population,new neo-colonizing,secreted encroaching at along eastern border through to sea territory with n. Hanoi commies predator.Those radical group were created by n.Vietminh or n.Vietcong during the Vietnam war"n.Vietcong's brainwash".And everybody can seen how n.Vietcong ruthless behavior toward its neighbors in 21st century"Cambodia/Laos",they speedup to expanse large territory as they can after king Sihanouk death and u can see how n.Vietcong's new map look like right now,it look likes a big snake crawling down from a former Champa=Vichey/Hanoi city down straight to Kampuchea Krom and to centralize of Cambodia territory right now"mean territory serious consequences".Those with the letter HHHH carried a n.hanoi's puppet rabies disease virus with followed all n.Hanoi's order"do what it says....say what they mean...mean what they want...want what they won't".

Jan 03, 2019 12:30 PM

គេហទំព័រ​ទាំងមូល