តំណាងរាស្ត្រ​អាមេរិក​ថា កម្ពុជា​មិន​អាច​បោះឆ្នោត​ជាតិ​ខាង​មុខ​តែ​ឯង​បាន​ទេ

ដោយ អាស៊ីសេរី
2017.10.04
អាឡាន់ ឡូវ៉ិនថល ២០១៣ ៨៥៥ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov
Photo courtesy of lowenthal.house.gov

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ឆ្នាំ​២០១៨​ខាងមុខ តែឯង​បាន​ទេ ដរាប​ណា​ប្រទេស​ក្រីក្រ​មួយ​នេះ នៅតែ​ត្រូវការ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ប្រាប់​អាស៊ីសេរី​ក្នុង​អាគារ​រដ្ឋសភា​របស់​សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៤ តុលា នៅ​ក្រោយ​ជំនួប​ជាមួយ​លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី​សញ្ជាតិ​ខ្មែរ កាល​​ពី​ថ្ងៃ​ទី៤ តុលា ថា អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​សហរដ្ឋអាមេរិក នឹង​កៀរគរ​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ទាំងឡាយ អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មក​លើ​ក្រុម​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន។

លោក បន្ត​ថា​ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​មាន​ភាព​ស្របច្បាប់ នោះ​លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៖ «យើង​នឹង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ឡើង ប្រយុទ្ធ តតាំង​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ហើយ​បើ​មិន​ដូច្នេះ​ទេ នោះ​យើង​មិន​ទទួល​យក​ការ​បោះឆ្នោត​នេះ​ទេ។ ការ​តតាំង​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​សើរើ​យន្តការ កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​មាន​ស្រាប់។ កិច្ចព្រមព្រៀង​នេះ បាន​ចែង​ច្បាស់​អំពី​តួនាទី​របស់​យើង ដែល​ត្រូវ​ធ្វើ»

លោក អាឡាន់ ឡូវ៉ិនថល ក៏បាន​ថ្លែង​គាំទ្រ​សេចក្ដី​សម្រេច​របស់​សមាជិក​ព្រឹទ្ធសភា លោក ចន ម៉ាក់ឃែន (John McCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែល​អនុម័ត​កាលពី​ថ្ងៃ​ទី២ ក្នុង​ការ​ជំរុញ​ឲ្យ​សភា​សហរដ្ឋ អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់​ឃុំខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​សង្គម​ស៊ីវិល​កន្លងមក។

ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ព្រងើយ កន្តើយ​ចំពោះ​ការរិះគន់​ធ្ងន់ៗ​របស់​សហគមន៍​អន្តរជាតិ។ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែ​តុលា ព្រមាន​ថា សមត្ថកិច្ច​របស់​លោក នឹង​បន្ត​ចាប់ខ្លួន​មនុស្ស​ទាំងឡាយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហើយ​ថា​ការ​ចាប់​ខ្លួន លោក កឹម សុខា ម្នាក់​គឺ​មិន​ទាន​គ្រប់គ្រាន់​នោះ​ទេ គឺ​នៅ​មាន​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត នឹង​អាច​ត្រូវ​ចាប់ខ្លួន​ផង​ដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។