ក្រុមពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញថា នឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះបន្ថែមពីសហភាពអឺរ៉ុប និងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ហើយពលរដ្ឋមួយចំនួនរងទុក្ខលំបាក ដោយសារបាត់បង់ការងារធ្វើ។ ប្រតិកម្មនេះគឺបន្ទាប់ពី លោក ហ៊ុន សែន រារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត ហើយបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សនយោបាយ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ។
ក្រុមពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នាំគ្នាថ្កោលទោស លោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស និងគាបសង្កត់គណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោត។
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន លោកស្រី ខាត សំនៀង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កក្កដា ថា ប្រសិនបើ លោក ហ៊ុន សែន នៅតែមិនគោរពសិទ្ធមនុស្ស និងបើកលំហសិទ្ធិនយោបាយដើម្បីឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយស្មើមុខទេនោះ ប្រទេសប្រជាធិបតេយ្យនឹងដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា។ លោកស្រីបន្តថា អ្នកដែលរងគ្រោះធ្ងន់ជាងគេគឺពលរដ្ឋ ពីព្រោះពួកគាត់មួយចំនួនធ្វើការនៅតាមរោងចក្រ ហើយបើរដ្ឋាភិបាលកម្ពុជាមិនគិតគូរពីទុក្ខលំបាករបស់ពួកគាត់ទេ នោះរដ្ឋាភិបាលនេះអាចប្រឈមនឹងការបាត់បង់ចំណូល។
លោកស្រី ខាត សំនៀង៖ «ខ្ញុំសូមផ្ដាំភាគីខាងកាន់អំណាចឱ្យគាត់បើកចិត្តឱ្យទូលាយក្នុងនាមគាត់ជារដ្ឋាភិបាលត្រូវគិតពីប្រជាពលរដ្ឋ ជាធំ កុំគិតតែពីផលប្រយោជន៍ខ្លួនឯងព្រោះអីប្រជាពលរដ្ឋចង់បាននាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោត មិនមែនចង់បានជានាយករដ្ឋមន្ត្រីដែលកើតចេញពីបក្ខពួក និងឡើងតាមជើងខោទេគឺប្រជាពលរដ្ឋចង់បាននាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោតដោយជាក់លាក់ និងពិតប្រាកដ»។
ស្រដៀងគ្នានេះដែរពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ និយាយថា គឺជារឿងដ៏អាម៉ាស់សម្រាប់រូបលោកដែលមាន លោក ហ៊ុន សែន ជាថ្នាក់ដឹកនាំមិនគិតគូរពីផលប្រយោជន៍ពលរដ្ឋខ្លួនឯង និងពូកែប្រើប្រាស់អំណាចផ្ដាច់ការដើម្បីធ្វើបាបពលរដ្ឋស្លូតត្រង់។ លោកបន្តថា លោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវប្រសិនបើកម្ពុជារងទណ្ឌកម្មបន្ថែមពីអន្តរជាតិ។
«អ៊ីចឹងក្នុងនាមខ្ញុំជនជាតិខ្មែរដែលមានមេដឹកនាំដូចលោក ហ៊ុន សែន រាល់ថ្ងៃខ្ញុំមានអារម្មណ៍ខ្មាសអៀន ដោយសារតែមេដឹកនាំប្រទេសផ្សេងៗគេអត់បែបឌឺដង ឈ្លើយអីអ៊ីចឹងទេ កម្រឃើញមេដឹកនាំណានិយាយឈ្លើយណាស់ អ៊ីចឹងមិនគោរពលទ្ធិប្រជាធិបតេយ្យហើយ មិនថាគាត់មិនឱ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតទេ សូម្បីតែសំដីសំដៅរបស់គាត់នៅលើបណ្ដាញសង្គមដែលមានមនុស្សរាប់លាន រាប់សែននាក់គេមើលឃើញហ្នឹងក៏គាត់និយាយមិនគួរឱ្យគោរពដែលរហូតដល់ក្រុមហ៊ុនហ្វេសប៊ុកបិទគណនីគាត់៦ខែ»។
បើទោះជារស់នៅប្រទេសជប៉ុនមានសិទ្ធិសេរីភាពពេញលេញទទួលបានការគាំពារពីរដ្ឋាភិបាលជប៉ុន និងមានឱកាសការងារច្រើនអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារក្ដី ក៏លោកនៅតែនឹករឭកស្រុកកំណើត និងមានបំណងត្រឡប់មករស់នៅភូមិកំណើតវិញ ប្រសិនបើកម្ពុជាមានមេដឹកនាំដែលគិតគូរពីជីវភាពពលរដ្ឋ។
«ប្រទេសកំណើតគឺជាកន្លែងដែលខ្ញុំប៉ងប្រាថ្នារស់នៅជាងប្រទេសដទៃ ប្រសិនបើប្រទេសយើងរស់នៅសុខស្រួលមានប្រជាធិបតេយ្យត្រឹមត្រូវ ប្រទេសយើងអភិវឌ្ឍន៍ជាងហ្នឹង មានប្រាក់ខែសមរម្យ ខ្ញុំគិតថាអាចត្រឡប់ទៅរស់នៅប្រទេសកម្ពុជាច្រើនជាងប្រទេសផ្សេង ប្រទេសកំណើតគឺជាប្រទេសទី១ដែលខ្ញុំចង់ទៅរស់នៅច្រើនជាងគេ»។
ប្រតិកម្មពីក្រុមប្រជាពលរដ្ឋរស់នៅប្រទេសជប៉ុនទាំងនេះគឺបន្ទាប់ពី លោក ហ៊ុន សែន បានរារាំងមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត នៅថ្ងៃទៅ២៣ កក្កដា ខាងមុខនេះ និងកែប្រែច្បាប់បោះឆ្នោតដើម្បីរារាំងសកម្មជនបក្សប្រឆាំង មិនឱ្យមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ប្រសិនបើពួកគាត់មិនបានបោះឆ្នោតនៅក្នុងអាណត្តិទី៧នេះ។ ទង្វើរំលោភបំពានច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យរបស់លោក ហ៊ុន សែន បែបនេះធ្វើឱ្យមានមតិរិះគន់ពីបណ្ដាប្រទេសលោកសេរីជាច្រើនដូចជារដ្ឋាភិបាលអូស្ត្រាលី រដ្ឋាភិបាលអង់គ្លេស និងសហរដ្ឋអាមេរិក ជាដើម ដែលក្នុងនោះក៏មានការព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលកម្ពុជាបន្តរំលោភសិទ្ធិមនុស្ស។
ឆ្លើយតបនឹងប្រតិកម្មនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា រដ្ឋាភិបាលមិនដែលធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA នោះទេ ប៉ុន្តែលោកចោទថា សហភាពអឺរ៉ុបទេជាអ្នកកាត់ផ្ដាច់ដោយខ្លួនឯង។ លោកបន្តថា កម្ពុជាមិនធ្វើតាមការស្នើសុំរបស់សហភាពអឺរ៉ុបនោះទេ ពីព្រោះលោកថា នេះគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក សុខ ឥសាន៖«យកលេសកាត់ប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាគាត់ថាអ៊ីចឹង ក៏ប៉ុន្តែជាក់ស្ដែងគឺអត់អ៊ីចឹងទេ ប្រទេសកម្ពុជាកំពុងគ្របដណ្ដប់ដោយសន្តិភាពពេញលេញ ស្ថិរភាពនយោបាយល្អ សុវត្ថិភាពសន្តិសុខសង្គមល្អ ដូច្នេះហើយប្រសិនណាកម្ពុជាអត់មានលទ្ធិប្រជាធិបតេយ្យ ឬធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ មិនស្ថិរភាពនយោបាយអត់ពិតជាក់ស្ដែង ជាងនៅកម្ពុជាទេ នេះគ្រាន់តែជាលេសនយោបាយតែប៉ុណ្ណោះ»។
ផ្ទុយពីការលើកឡើងនេះពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនម្នាក់ទៀត គឺលោក សោម សុជាតិ ថ្លែងថា ការលើកឡើងរបស់ លោក សុខ ឥសាន មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន។ លោកបន្តថា ការបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA គឺដោយសាររដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ រារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោតនៅសប្ដាហ៍ខាងមុខនេះ ការចាប់សកម្មជននយោបាយ និងសកម្មជនសង្គមដាក់ពន្ធនាគារជាបន្តបន្ទាប់ ជាដើម។ លោកថា បញ្ហាទាំងនេះហើយដែលសហភាពអឺរ៉ុបព្រមានដកប្រពន្ធអនុគ្រោះពន្ធទាំងស្រុង និងសហរដ្ឋអាមេរិកមិនបន្ត ប្រព័ន្ធអនុគ្រោះ GSP។
លោក សោម សុជាតិ៖ «ក្នុងនាមគាត់ជាអ្នកនាំពាក្យរដ្ឋាភិបាលគាត់បិទភ្នែកបិទត្រចៀកដើម្បីផ្គាប់ចិត្តរដ្ឋាភិបាល ហើយគាត់និយាយឱ្យប្រជាពលរដ្ឋ ឬនិយាយឱ្យរីកចម្រើនដល់ប្រទេសជាតិទេ គាត់ប្រឹងប្រែងបកស្រាយហ្នឹង គឺមិនមានផ្ដល់ប្រយោជន៍ណាមួយ ដល់ប្រជាពលរដ្ឋផ្ដល់ផលប្រយោជន៍ណាមួយឱ្យរីកចម្រើនប្រទេសជាតិទេ ផ្ទុយទៅវិញការបកស្រាយរបស់ធ្វើឱ្យមានការភាន់ច្រឡំធ្វើឱ្យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ កាន់តែរួមតូចកាន់តែរឹតត្បិតខ្លាំងឡើងៗ»។
ក្រុមពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅទីថ្ងៃទី២៣ កក្កដា ខាងមុខនេះ ដោយមានប្រារព្ធពិធីតាមព្រហ្មញ្ញសាសនាដែលពួកគេថាដើម្បីដាក់បណ្ដាសាដល់លោក ហ៊ុន សែន ឱ្យ«វិនាសទៅតាមអំពើឃោរឃៅ»របស់លោក ដែលបានធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ មានអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាដើម។
ជុំវិញបញ្ហានេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការស្នើសុំរបស់សហភាពអឺរ៉ុបឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA មិនមែនជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ ផ្ទុយទៅកម្ពុជានឹងធ្វើឱ្យកម្ពុជាមានសេដ្ឋកិច្ចល្អប្រសើរពលរដ្ឋមិនចាំបាច់ចំណាកស្រុកដើម្បីរកការងារធ្វើនៅក្រៅប្រទេសនោះទេ។ លោកបន្តថា ការផាត់ចោលគណបក្សភ្លើងទៀនដែលមានសំឡេងគាំទ្រជិត ២លាននាក់ មិនឱ្យចូលរួមបោះឆ្នោតជារឿងមិនត្រឹមត្រូវឡើយ។
លោក ស៊ឹង សែនករុណា៖«ក្នុងន័យជាជាតិសាសន៍មួយថ្លៃថ្នូរយើងទទួលអ្វីៗទាំងអស់ហ្នឹងមកហើយត្រូវតែគោរព និងត្រូវបំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាប្រទេសជាតិមួយ ក្នុងនាមជាប្រជាជាតិមួយ ដែលគេហៅថាមានអរិយធម៌ខ្ពង់ខ្ពស់ចំណុចទាំងអស់នេះជាចំណុចសំខាន់អ៊ីចឹងខ្ញុំយល់ថា គួរតែពនិត្យហើយកែលំអឱ្យមានភាពល្អប្រសើរជាងនេះ ជាជាងយើងចេះតែរកវិធីគេហៅថាដោះសាមិនមែនដោះស្រាយមិនមែនដំណោះស្រាយ ចេះតែរកវិធីដោះសាអាហ្នឹងមិនមែនជាដំណោះស្រាយពិតប្រាកដ»។
ក្រុមពលរដ្ឋចាត់ទុកការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតបង្គ្រប់កិច្ច ដោយគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ពីព្រោះរបបដឹកនាំរបស់លោក ហ៊ុន សែន បានផាត់ចោលគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន។
កាលពីថ្ងៃទី១៦ ខែមីនា សភាអឺរ៉ុបបានអនុម័តជាផ្លូវការនូវសេចក្ដីសម្រេចថ្មីមួយដោយព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជាបន្ថែមទៀត ប្រសិនបើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ធ្វើឡើងមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែកើតមានការរំលោភសិទ្ធិមនុស្សបន្តទៀត។
ការព្រមានរបស់សភាអឺរ៉ុបជាលើកទីពីរ ក្រោយអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA២០ភាគរយពីកម្ពុជា ដោយសារមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបគូសបញ្ជាក់ថា បើស្ថានការណ៍ដុនដាបផ្នែកសិទ្ធិមនុស្សនេះ មានការស្ដារលទ្ធិប្រជាធិបតេយ្យឱ្យប្រសើរឡើង នោះសហភាពអឺរ៉ុប នឹងពិចារណាផ្ដល់ឋានៈអនុគ្រោះពន្ធ EBA ទាំងស្រុងដល់កម្ពុជាវិញ។
នៅដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០ បានបិទទ្វារ ខណៈរោងចក្រចំនួន៧១ ព្យួរកិច្ចសន្យាការងារ និងរោងចក្រ ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ដែលនាំឱ្យប៉ះពាល់ដល់កម្មករជាង ៣ម៉ឺន ២ពាន់នាក់ (៣២.០០០) និងច្រើននាក់ទៀតបានបាត់បង់ការងារធ្វើទាំងស្រុងតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។