ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2024.12.08
ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ទិដ្ឋភាពពលករខ្មែរ​ចេញ​ធ្វើបាតុកម្ម​នៅ​សួន​អាហ្សាកគូសា ហាណាកាវ៉ាឌូ (Asakusa Hanakawado) ក្នុង​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅថ្ងៃទី៨ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុក Kung Ji

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ប្រមាណ​១ពាន់នាក់ នៅ​ថ្ងៃទី០៨ ខែធ្នូ ប្រមូល​ផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ដើម្បី​អបអរសាទរ​ខួប​លើកទី៧៦ឆ្នាំ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​យល់ឃើញ​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ​គឺ​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

យុវជន និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​បាន​ជួប​ជុំ​គ្នា​ដង្ហែក្បួន​បាតុកម្ម​នៅ​សួន​អាហ្សាកគូសា ហាណាកាវ៉ាឌូ (Asakusa Hanakawado) ក្នុង​ទីក្រុង​តូក្យូ (Tokyo) ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​តាម​ទំនើងចិត្ត ការ​ធ្វើ​ទុក្ខបុកម្នេញ​ឆ្លងដែន​លើ​អ្នក​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល ហើយ​ងាក​មក​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។

ក្រុម​បាតុករ​ទាំងនោះ នាំគ្នា​កាន់​រូបថត​អ្នក​ជាប់ទោស​នយោបាយ សកម្មជន​បរិស្ថាន និង​អ្នកខ្លះ​កាន់​បដា​ដែល​មាន​ខ្លឹមសារ​ថា ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ជន​ភៀស​ខ្លួន​នយោបាយ​នៅ​ប្រទេស​ជប៉ុន​លោក គង់ ជិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៨ ខែធ្នូ ថា ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ដោយសារតែ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ ជាពិសេស​ការ​ចាប់​ខ្លួន​ក្រុម​គ្រួសារ​សកម្មជន​នយោបាយ​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​បង្ខំ​ឱ្យ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ជាដើម។

លោក គង់ ជិ៖ «គោល​ជំហរ​របស់​យើង​នៅ​ដដែល​អត់​ប្រែប្រួល​ទេ​ដ្បិតតែ​គាត់​គំរាមកំហែង​ឆ្លង​ដែន​ចាប់​ប្អូន​លោក ហៃ វណ្ណា បង្ខំ​ឱ្យ​លោក ហៃ វណ្ណា ចុះ​ចូល​ចាប់​ឪពុក លោក សន តារា។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ពួកគាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន​យើង​មិន​ភ័យ​ខ្លាច​ទេ​យើង​នៅ​បន្ត​សកម្មភាព​ដដែល»

ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ គណៈកម្មការ​រៀបចំ​បាតុកម្ម​ទាមទារ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ដើម្បី​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន លោក ម៉ាច ខេមរា ថ្លែង​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គឺ គ្មាន​ចេតនា​អ្វី​ក្រៅ​ពី​ចង់​ឃើញ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព និង​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​លាប​ពណ៌​មក​លើ​ពលរដ្ឋ​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​ថា ជា​ក្រុម​ជ្រុល​និយម ពីព្រោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ការ​ធ្វើ​ឱ្យ​ជាតិ​បែកបាក់។

លោក ម៉ាច ខេមរា៖ «សុំ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ការ​បញ្ចេញ​មតិ​ដូច្នេះ​សូម​ឱ្យ​លោក ហ៊ុន សែន ហើយ​និង​លោក ហ៊ុន ម៉ាណែត ស្ដាប់​សំឡេង​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​គាត់​ទាមទារ​តែ​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​នយោបាយ​សិទ្ធិ​រស់រាន​មាន​ជីវិត​ស្រប​ទៅ​ច្បាប់​តែ​ប៉ុណ្ណោះ។ ហើយ​បើ​លោក​មិន​ធ្វើ​តាម ឬក៏​មិន​មាន​ការ​កែប្រែ កែលំអ​បើក​លំហ​សិទ្ធិ​សេរីភាព​វិញ​ទេ​អ៊ីចឹង​សហភាព​អឺរ៉ុប​ហ្នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ៨០%បន្ទាប់​ទៀត»

ក្រៅពី​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ហើយ​នោះ​នៅ​ក្នុង​ការ​ដង្ហែក្បួន​បាតុកម្ម​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ដែល​ពួកគាត់​គឺជា​ជន​ភៀស​ខ្លួន និង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ ពួកគាត់​មក​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែរ ក្នុង​នោះ​រួមមាន​ពលរដ្ឋ​ប្រទេស​ចិន (China) រុស្សី (Russia) ហុងកុង (Hong Kong) ម៉ុងហ្គោលី (Mongolia) ជាដើម ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​ពួកគេ​កែ​លម្អ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

ឆ្លើយតប​រឿង​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​នេះ​គឺជា​រឿង​ឥត​ប្រយោជន៍ និង​ជា​ការ​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ។ លោក សុខ ឥសាន អះអាង​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ពួកគេ​នឹង​អាច​មក​លេង​ស្រុក​កំណើត​វិញ​បាន​ទេ។

លោក សុខ ឥសាន៖ «គាត់​មាន​អ្នក​ណា​លាប​ពណ៌​គាត់​ទេ​ឱ្យ​គាត់​ឈប់​ធ្វើ​សកម្មភាព​បម្រើ​ឧបាយកល​ទុច្ចរិត​របស់​លោក សម រង្ស៊ី ក្បត់​ជាតិ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​អាង​ខ្លួន​នៅ​ក្រៅ​ប្រទេស​ខ្លួន​ចេះ​តែ​ធ្វើ​​សកម្មភាព​ដើម្បី​ញុះញង់​ឱ្យ​បងប្អូន​ប្រឆាំង​នឹង​ជាតិ​សាសន៍​ឯង​ជាតិ​ឯង»

បើ​ទោះ​ជា​លោក សុខ ឥសាន អះអាង​បែប​នេះ​ក្ដី ក៏​ប៉ុន្តែ​អង្គការ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ខ្លួន​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ធ្វើ​ជា​ចំណាប់ខ្មាំង​បង្ខំ​ឱ្យ​ពួកគេ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​គ្រួសារ​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ទង្វើ​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សកម្មភាព​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​ការ​លើកឡើង​របស់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ពីព្រោះ​ប្រទេស​ដែល​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ពុំ​គួរ​ផាត់​ចោល​មតិ​របស់​ពលរដ្ឋ​នោះ​ឡើយ។ លោក​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​សិទ្ធិ​ជួប​ជុំ​សម្ដែង​មិត និង​ការ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​កាន់​តែ​រួម​តូច។

លោក នី សុខា៖ «ស្នើ​ឱ្យ​រដ្ឋាភិបាល​គាត់​ធ្វើ​ការ​ពិចារណា​ចំពោះ​ការ​សម្របសម្រួល​ឱ្យ​នយោបាយ​មាន​ន័យ​ថា ធ្វើ​យ៉ាង​ណា​បង្ក​លក្ខណៈ​ឱ្យ​មាន​បរិយាកាស​ល្អ​ជា​រួម​ត្រូវ​តែ​មាន​ការ​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ដោយ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព។ ហើយ​ដើម្បី​ងាយ​ទៅ​ផ្សះផ្សា​ខាង​នយោបាយ ហើយ​និង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​មាន​ការ​ចូល​ដោយ​សេរី និង​តម្លាភាព»

ជាមួយគ្នា​នេះ​នៅ​ឯ​ប្រទេស​កម្ពុជា​ឯណេះ​វិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​បន្ត​ធ្វើ​ដំណើរ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​បិទ​បញ្ចប់​ដំណើរ​ធម្មយាត្រា​ដោយ​ជួប​ជុំ​គ្នា​នៅ​ខាងមុខ​អតីត​ព្រះ​សក្យមុនីចេតិយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បុណ្យឧទ្ទិសកុសល​ដល់​អ្នក​ដែល​លះបង់​អាយុ​ជីវិត​ដើម្បី​ប្រទេសជាតិ។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រមាណ​៥០នាក់​បាន​រារាំង​មិន​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ជួបជុំ​គ្នា​នៅ​ខាងមុខ​ព្រះ​សក្យមុនីចេតិយ​នោះ​ទេ ដោយ​ឱ្យ​រំលាយ​ក្បួន​ធម្មយាត្រា​នៅ​តំបន់​បឹងកក់ ខណ្ឌ​ដូនពេញ។ ក្រោយ​ចរចា​គ្នា​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​តំណាង៧នាក់​ទៅ​អុជ​ធូប​នៅ​ព្រះ​សក្យមុនីចេតិយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ឱ្យ​ដឹង​ថា ការ​ជួប​គ្នា​ខាងមុខ​អតីត​ព្រះ​សក្យមុនីចេតិយ​នេះ​គឺ​ដើម្បី​រំលឹក​គុណ​តម្លៃ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​វីរជន​ដែល​លះបង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។

លោក រស់ សុដ្ឋា៖ «ការ​អំពាវនាវ​របស់​យើង​មាន​ការ​ឱ្យ​ថ្នាក់​ដឹកនាំ គ្រប់​ប្រជារាស្ត្រ​ទាំងអស់​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ជ្រោង​ក្នុង​គុណ​តម្លៃ​ជា​មនុស្ស​ជាតិ និង​សិទ្ធិ​មនុស្ស​នេះ។ ពីព្រោះ​ថា ភាព​ជា​មនុស្ស​នេះ​គឺជា​ការ​កម្រ ជាពិសេស​ណាស់​ដែល​មនុស្ស​យើង​មាន​ឈ្មោះ​ថា ជា​សភាវៈ​ធម៌​មួយ​ដែល​ល្អ​ជាង​គេ​ដោយសារតែ​យើង​មាន​សីល​មាន​ច្បាប់»

នៅ​ថ្ងៃ​ដដែល​នេះ សហជីព​ប្រមាណ១០​ស្ថាប័ន​ក៏​បាន​ដាក់​ញត្តិ​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួន១៨​ចំណុច ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ និង​ផល​ប្រយោជន៍​ជូន​កម្មករ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិ​សង្គម បញ្ឈប់​ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​អ្នកមាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​ដោយ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់ ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។