គណបក្សភ្លើងទៀនកំពុងរៀបចំយុទ្ធសាស្ត្រគោលនយោបាយ និងសារនយោបាយ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ។ គណបក្សនេះសម្លឹងឃើញថាបញ្ហាការងារ ការអប់រំ និងបញ្ហាកសិកម្មជារឿងសំខាន់ដែលគណបក្សនេះ ត្រូវរៀបចំជាគោលនយោបាយដើម្បីដោះស្រាយ នៅពេលខ្លួនឈ្នះឆ្នោត នាខែកក្កដា ខាងមុខ។ ទោះយ៉ាងណាមន្ត្រីបក្សកាន់អំណាចថា គោលនយោបាយរបស់គណបក្សភ្លើងទៀន គ្មានអ្វីថ្មី ហើយទំនងមិនអាចទាក់ទាញចិត្តពលរដ្ឋនោះឡើយ។
គណបក្សភ្លើងទៀន សម្រេចសម្រិតសម្រាំងយកតែបញ្ហាចំបងៗរបស់ពលរដ្ឋ ដាក់ក្នុងគោលនយោបាយរបស់ខ្លួនដើម្បីដោះស្រាយជូនពលរដ្ឋ។ ចំណុចអាទិភាពដែលគណបក្សនេះដាក់ជាគោលនយោបាយគឺបញ្ហាការងារ កសិកម្ម សេដ្ឋកិច្ច និងការអប់រំជាដើម។
អនុប្រធានគណបក្សភ្លើងទៀនលោកសុន ឆ័យលើកឡើងថា គណបក្សភ្លើងទៀន ត្រូវគិតទុកជាមុន ក្នុងនាមជាគណបក្សគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោកបន្តទៀតថាការកំណត់គោលនយោបាយ គឺសម្រាប់គណបក្សនេះយកទៅអនុវត្តនៅពេលឈ្នះឆ្នោត។ លោកថា បើទោះជាគណបក្សភ្លើងទៀន មិនអាចទាន់បង្កើតការងារឱ្យពលរដ្ឋតែគណបក្ស នឹងបង្កភាពងាយស្រួលក្នុងការស្វែងរកការងារជូនពលរដ្ឋ។ លោករំពឹងថា គោលនយោបាយរបស់គណបក្សនឹងទទួលបានគាំទ្រពីពលរដ្ឋ។
លោកសុន ឆ័យ៖«ក្នុងករណីដែលគណបក្សភ្លើងទៀនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលយើងត្រូវគិតឱ្យហើយថាយើងត្រូវធ្វើអី?អ្វីៗដែលរដ្ឋាភិបាលគណបក្សភ្លើងទៀនត្រូវធ្វើក្នុងនោះមានគោលការណ៍៥ចំណុចគឺពាក់ព័ន្ធវិស័យសេដ្ឋកិច្ច យើងធ្វើម៉េចឱ្យវិស័យសេដ្ឋកិច្ចនៅកម្ពុជាលូតលាស់ឱ្យបានឆាប់ឱ្យបានច្រើន»។
ការរៀបចំគោលនយោបាយ និងសារនយោបាយរបស់គណបក្សភ្លើងទៀន ធ្វើឡើងក្នុងសិក្ខាសាលារបស់គណបក្សនេះ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈនៅខេត្តសៀមរាប ដោយមានមានថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនាយកគណបក្សភ្លើងទៀន ជាង ១០០នាក់(១១៧)ចូលរួម។
លោក សុន ឆ័យ ឱ្យដឹងដែរថា គណបក្សភ្លើងទៀន ក៏មានសារនយោបាយមួយចំនួនផងដែរ ទាក់ទងការផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលអាយុច្រើន ការគាំពារប្រាក់ឈ្នួលកម្មកររោងចក្រ និងការដំឡើងប្រាក់ខែគ្រូបង្រៀនជាដើម។
ទាក់ទងការកំណត់គោលនយោបាយ និងសារនយោបាយរបស់គណបក្សភ្លើងទៀនពេលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន យល់ថា ជារឿងធម្មតាទេ ដែលគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត រៀបចំគោលនយោបាយរបស់ខ្លួនដើម្បីទាក់ទាញសំឡេងឆ្នោត។ ទោះបែបនេះលោកយល់ថា អ្វីដែលគណបក្សភ្លើងទៀនរៀបចំជាគោលនយោបាយ គឺគណបក្សកាន់អំណាចបានធ្វើ និងបានដោះស្រាយជូនពលរដ្ឋជាង៤០ឆ្នាំមកហើយ ដូច្នេះលោកយល់ថា គោលនយោបាយទាំងនេះទំនងមិនទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋម្ចាស់ឆ្នោតឡើយ។
លោក សុខ ឥសាន៖«កម្មវិធីនយោបាយដូចជាដោះស្រាយទីផ្សារពលកម្មនៅបរទេស ឬមួយទីផ្សារពលកម្មនៅក្នុងស្រុកតាមរយៈការវិនិយោគពីបរទេសវិនិយោគក្នុងស្រុកខ្ញុំយល់ថាប្រជាពលរដ្ឋមានទំនោរនៅក្នុងការគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមិនគាំទ្រមិកម្មវិធីនយោបាយគណបក្សណាផ្សេងដែលយកតាមគំរូតាមគណបក្សប្រជាជនកម្ពុជាទេ»។
កាលពីពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើមហាសមាជរបស់ខ្លួន ដោយគណបក្សនេះចាប់វិស័យកសិកម្មជារឿងចំបង និងការប្រកាសប្តេជ្ញាតាមកម្ទេចចោលនយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា ដោយថា ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោកឯម សុវណ្ណារ៉ា យល់ថាការកំណត់គោលនយោបាយរបស់គណបក្សភ្លើងទៀន ជាការបង្ហាញឆន្ទៈ របស់គណបក្សនេះក្នុងការចូលរួមក្នុងការបោះឆ្នោត នាពេលខាងមុខ។ លោកបន្តទៀតថាគោលនយោបាយទាំងនេះអាចទាក់ទាញយុវជន មកគាំទ្រគណបក្សភ្លើងទៀន។ ទោះបែបនេះក្ដី លោកសង្កេតឃើញថាគណបក្សភ្លើងទៀនមិនបានលើកយកបញ្ហាព្រំដែន និងបញ្ហាអន្តោប្រវេសន៍ ដាក់ក្នុងគោលនយោបាយរបស់ខ្លួននោះទេ។ អ្នកជំនាញរូបនេះយល់ថា គណបក្សភ្លើងទៀនមិនលើកយកបញ្ហាព្រំដែន និងបញ្ហាអន្តោប្រវេសន៍ពីព្រោះជារឿងទាំងនេះជាបញ្ហារសើបដែលគណបក្ស នេះមានការប្រុងប្រយ័ត្ន។
លោក ឯម សុវណ្ណារ៉ា៖«ទស្សនៈខ្ញុំគណបក្សក្រៅរដ្ឋាភិបាលគួរលើកចំណុចដែលសំខាន់ៗសម្រាប់ជាតិលើកមកដោះស្រាយ លើកមកបង្ហាញពីយុទ្ធសាស្ត្រពីគោលនយោបាយរបស់បក្សដើម្បីជាអាទិភាពទាក់ទាញភាពគាំទ្រពីប្រជាពលរដ្ឋផង ហើយក៏បង្ហាញថា គណបក្សមានឆន្ទៈមានគោលដៅពិតប្រាកដនៅក្នុងការបម្រើជាតិបានពេញលេញផងដែរបាទ»។
គណបក្សភ្លើងទៀននឹងយកគោលនយោបាយ និងសារនយោបាយនេះ ដាក់ឱ្យគណបក្សពិនិត្យនិងអនុម័តដើម្បីប្រើប្រាស់ជាផ្លូវការ នៅក្នុងអង្គសមាជរបស់ខ្លួនដែលគ្រោងធ្វើនាថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនៅខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
