បក្ស​ភ្លើងទៀន​លើក​យក​បញ្ហា​ការងារ​ កសិកម្ម ​សេដ្ឋកិច្ច​និងការ​អប់រំ ​ជា​​គោល​នយោបាយ​សម្រាប់​ពលរដ្ឋ

0:00 / 0:00

គណបក្ស​ភ្លើងទៀន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​គោល​នយោបាយ និង​សារ​នយោបាយ​​​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។ គណ​បក្ស​នេះ​​សម្លឹង​ឃើញ​ថាបញ្ហា​ការងារ​ ការ​អប់រំ​ និង​បញ្ហា​កសិកម្ម​ជា​រឿង​សំខាន់​ដែល​គណបក្ស​នេះ ​ត្រូវ​រៀបចំ​ជា​គោល​នយោបាយ​ដើម្បី​ដោះស្រាយ នៅ​ពេល​ខ្លួន​ឈ្នះ​ឆ្នោត នា​ខែ​កក្កដា ខាងមុខ។ ទោះ​យ៉ាង​ណា​មន្ត្រី​បក្ស​កាន់​អំណាច​ថា គោល​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​ គ្មាន​អ្វី​ថ្មី​ ហើយ​ទំនង​មិន​អាច​ទាក់ទាញ​ចិត្ត​ពលរដ្ឋ​នោះ​ឡើយ។

គណបក្ស​ភ្លើងទៀន​ សម្រេច​សម្រិត​សម្រាំង​យក​តែ​បញ្ហា​ចំបងៗ​របស់​ពលរដ្ឋ​ ដាក់​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ។ ចំណុច​អាទិភាព​ដែល​គណបក្ស​នេះ​ដាក់​ជា​គោល​នយោបាយ​​គឺ​បញ្ហា​ការងារ​ កសិកម្ម​ សេដ្ឋកិច្ច​ និង​ការ​អប់រំ​ជា​ដើម។

អនុប្រធាន​គណ​បក្ស​ភ្លើងទៀន​លោកសុន ឆ័យលើកឡើង​ថា គណ​បក្ស​ភ្លើងទៀន​ ត្រូវ​គិត​ទុក​ជា​មុន​ ក្នុង​នាម​ជា​គណបក្ស​គូ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ទៀត​ថាការ​កំណត់​គោល​នយោបាយ​ គឺ​សម្រាប់​គណបក្ស​នេះ​យក​ទៅ​អនុវត្ត​នៅ​ពេល​ឈ្នះ​ឆ្នោត។ លោក​ថា បើ​ទោះ​ជា​គណបក្ស​ភ្លើងទៀន មិន​អាច​ទាន់​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​តែ​គណបក្ស នឹង​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ជូន​ពលរដ្ឋ។ លោក​រំពឹង​ថា គោល​នយោបាយ​របស់​គណបក្ស​នឹង​ទទួល​បាន​គាំទ្រ​ពី​ពលរដ្ឋ។

លោកសុន ឆ័យ៖«ក្នុង​ករណី​ដែល​គណបក្ស​ភ្លើងទៀន​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​យើង​ត្រូវ​គិត​ឱ្យ​ហើយ​ថា​យើង​ត្រូវ​ធ្វើ​អី?​អ្វីៗ​ដែល​រដ្ឋាភិបាល​គណ​បក្ស​ភ្លើងទៀន​ត្រូវ​ធ្វើ​ក្នុង​នោះ​​​មាន​គោល​ការណ៍​៥​ចំណុច​គឺ​ពាក់ព័ន្ធ​វិស័យ​សេដ្ឋកិច្ច​ យើង​ធ្វើ​ម៉េច​ឱ្យ​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​លូតលាស់​ឱ្យ​បាន​ឆាប់​ឱ្យ​បាន​ច្រើន»។

ការ​រៀបចំ​គោលនយោបាយ​ និង​សារ​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន ធ្វើ​ឡើង​​ក្នុង​សិក្ខាសាលា​របស់​គណបក្ស​នេះ ដែល​មាន​រយៈ​ពេល​ពីរថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១០ ខែ​កុម្ភៈ​នៅ​ខេត្ត​សៀមរាប ​ដោយ​មាន​មាន​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មការ​នាយក​គណ​បក្ស​ភ្លើងទៀន ​ជាង ១០០​នាក់​(១១៧)​ចូលរួម។

លោក សុន ឆ័យ ឱ្យ​ដឹង​ដែរ​ថា គណបក្ស​ភ្លើងទៀន ក៏​មាន​សារ​នយោបាយ​មួយចំនួន​ផង​ដែរ ទាក់ទង​​ការ​ផ្ដល់​​​ប្រាក់​ឧបត្ថម្ភ​ដល់​​ពលរដ្ឋ​ក្រីក្រ​ដែល​អាយុច្រើន ការ​គាំពារ​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ ​និងការ​ដំឡើង​​ប្រាក់​ខែ​គ្រូ​បង្រៀន​ជា​ដើម។

ទាក់ទង​ការ​កំណត់​គោល​នយោបាយ និង​សារ​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន​ពេល​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ លោកសុខ ឥសាន យល់​ថា ជា​រឿង​ធម្មតា​ទេ​ ​ដែល​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ រៀបចំ​គោល​នយោបាយ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​សំឡេង​ឆ្នោត។ ទោះ​បែប​នេះ​លោក​យល់​ថា អ្វី​ដែល​គណបក្ស​ភ្លើងទៀន​រៀបចំ​ជា​គោល​នយោបាយ​ គឺ​គណបក្ស​កាន់​អំណាច​បាន​ធ្វើ និង​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ជាង​៤០​ឆ្នាំ​មក​ហើយ ដូច្នេះ​លោក​យល់​ថា គោលនយោបាយ​ទាំង​នេះ​ទំនង​មិន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឡើយ។

លោក សុខ ឥសាន៖«កម្មវិធី​នយោបាយ​ដូច​ជា​ដោះស្រាយ​ទីផ្សារ​ពលកម្ម​នៅ​បរទេស ឬ​មួយ​ទីផ្សារ​ពលកម្ម​នៅ​ក្នុង​ស្រុក​តាមរយៈ​ការ​វិនិយោគ​ពី​បរទេស​វិនិយោគ​ក្នុង​ស្រុក​ខ្ញុំ​យល់ថា​ប្រជា​ពល​រដ្ឋ​មាន​ទំនោរ​នៅ​ក្នុង​ការ​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជាមិន​គាំទ្រ​មិ​​កម្មវិធី​នយោបាយ​គណបក្ស​ណា​ផ្សេង​ដែល​យក​តាម​គំរូ​តាម​គណបក្ស​ប្រជាជនកម្ពុជា​ទេ»។

កាល​ពី​ពេល​ថ្មីៗ​នេះ​ គណបក្ស​ប្រជាជនកម្ពុជា បាន​ធ្វើ​មហា​សមាជ​របស់​ខ្លួន​ ដោយ​គណបក្ស​នេះ​ចាប់​វិស័យ​កសិកម្ម​ជា​រឿង​ចំបង និង​ការ​ប្រកាស​ប្តេជ្ញា​តាម​កម្ទេច​ចោល​នយោបាយ​ និង​សកម្មភាព​ជ្រុល​និយម​គ្រប់​រូបភាព​ ឱ្យ​អស់​ពី​សង្គម​កម្ពុជា​ ដោយ​ថា ដើម្បី​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នយោបាយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ និង​កិច្ចការ​អន្តរជាតិ​លោកឯម សុវណ្ណារ៉ា យល់​ថា​ការ​កំណត់​គោល​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ​ជា​ការ​បង្ហាញ​ឆន្ទៈ របស់​គណបក្ស​នេះ​ក្នុង​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ។ លោក​បន្ត​ទៀត​ថាគោល​នយោបាយ​ទាំង​នេះ​អាច​ទាក់ទាញ​យុវជន​ មក​គាំទ្រ​គណបក្ស​ភ្លើងទៀន។ ទោះ​បែប​នេះ​ក្ដី លោក​សង្កេត​ឃើញ​ថាគណបក្ស​ភ្លើងទៀន​មិន​បាន​លើក​យក​​បញ្ហា​ព្រំដែន​ និង​បញ្ហា​អន្តោប្រវេសន៍ ដាក់​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​នោះ​ទេ។​ អ្នក​ជំនាញ​រូប​នេះ​យល់​ថា គណបក្ស​ភ្លើងទៀន​មិន​លើក​យក​បញ្ហា​ព្រំដែន​ និង​បញ្ហា​អន្តោប្រវេសន៍​ពី​ព្រោះ​ជា​រឿង​ទាំង​នេះជាបញ្ហា​រសើប​ដែល​គណបក្ស​ នេះ​មាន​ការ​ប្រុងប្រយ័ត្ន។

លោក ឯម សុវណ្ណារ៉ា៖«ទស្សនៈ​ខ្ញុំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​​គួរ​លើក​ចំណុច​ដែល​សំខាន់ៗ​សម្រាប់​ជាតិ​លើក​មក​ដោះស្រាយ លើក​មក​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ពី​គោល​នយោបាយ​របស់​បក្ស​ដើម្បី​ជា​អាទិភាព​ទាក់ទាញ​ភាព​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ផង ហើយ​ក៏​បង្ហាញ​ថា គណបក្ស​មាន​ឆន្ទៈ​មាន​គោលដៅ​ពិត​ប្រាកដ​នៅក្នុង​ការ​បម្រើ​ជាតិ​បាន​ពេញ​លេញ​ផង​ដែរ​បាទ»។

គណ​បក្ស​ភ្លើងទៀន​នឹង​យក​គោល​នយោបាយ​ និង​សារ​នយោបាយ​នេះ​ ដាក់​ឱ្យ​គណបក្ស​​​ពិនិត្យ​និង​អនុម័ត​​ដើម្បី​ប្រើប្រាស់​ជា​​ផ្លូវ​ការ​ នៅ​ក្នុង​អង្គ​សមាជ​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ខាង​មុខ​នៅ​ខេត្ត​សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។