គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​គណបក្ស​កាន់​អំណាច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន

ដោយ យន់ សាមៀន
2023.01.16
គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​គណបក្ស​កាន់​អំណាច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងនៅក្នុងខួប ២៧ ឆ្នាំនៃការបង្កើតគណបក្សភ្លើងទៀន ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

គណបក្ស​ភ្លើង​ទៀន​​ស្នើ​ឱ្យ​គណបក្ស​កាន់​អំណាច​​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ជា​បន្ត​ទៅ​ទៀត។ សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែលលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនា​ការប្រឆាំង​នឹង​មេ​ដឹកនាំ​គណបក្ស​នេះ តាម​រយៈ​ការ​ប្រើ​ប្រាស់​តុលាការ​ជា​អាវុធ ប្ដឹង​ទារ​លុយ​និង​រឹបអូស​ដី​និង​ផ្ទះ​សម្បែង។

គណ​បក្ស​ភ្លើង​ទៀន​ចាត់​ទុក​ការ​បំភិតបំភ័យ ការ​គំរាមកំហែង និង​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ខំ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ការ​ទាមទារ​សំណង់​ខុសប្រក្រតី គឺជា​ការ​វាយ​បំបាក់​ស្មារតី និង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​គណបក្ស​ភ្លើង​ទៀន​ចេញ​នៅ​ថ្ងៃទី១៦ ខែមករា។ សេចក្ដី​ថ្លែងការណ៍​គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​ក្រោយ​ពេល មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច បាន​ប្រើប្រាស់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ដើម្បី​គំរាមកំហែង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

កាល​ពី​សប្ដាហ៍​មុន​ ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ត្បូង​ឃ្មុំ​ បាន​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ញុះញង់  និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រាក់ ៥០ម៉ឺន​ដុល្លារ។ចំណែក​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​វិញ បាន​រឹប​អូស​ដី​និង​ផ្ទះ​ដែល​លោក​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៅ​ធ្វើ​ទីស្នាក់ការ គ..ប។ ដោយ​ឡែក​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ វិញ​ក៏​រង​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ផង​ដែរ ក្រោយ​ពី​លោក​រិះគន់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិទី៥ កន្លង​ទៅ​ថា​ មាន​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ក្តី​ឲ្យ​លោក​បង់​សំណង​ជិត​មួយ​លាន​ដុល្លារ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ទោះបី​ការ​ទាមទារ​សំណង​នេះ​គឺ​លើស​ពី​ច្បាប់​អនុញ្ញាត។

សេចក្ដីថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ស្នើ​សុំ​ឱ្យ​មាន​ការ​ជជែក​គ្នា​នឹង​គណបក្ស​កាន់អំណាច​ដើម្បី​រក​ដំណោះ​ស្រាយ​ដោយ​ស​ន្តិវិធី និង​មាន​ការ​ប្រកួតប្រជែង​លើ​គោលនយោបាយ​តាម​បែប​ប្រជាធិបតេយ្យសេរី។

វិទ្យុអាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​លោក សុន ឆ័យ​ ដើម្បី​បក​ស្រាយ​បន្ថែម​ជុំវិញ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​បាន​ទេ​នៅ​ថ្ងៃទី១៦ ខែមករា។ ប៉ុន្តែ​ឆ្លើយ​តប​នឹង​គណបក្ស​ភ្លើង​ទៀន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថា ការ​ចាត់​វិធានការ​លើ​ជនល្មើស​មិន​មែន​ជា​ការ​គំរាមកំហែង​ទេ​តែ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ​បណ្ដឹង​របស់​គណបក្ស​កាន់​អំណាច​ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ជា​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក សុខ ឥសាន៖ «បើ​សិន​ណា​យើង​ល្អ​ជា​គេ​មើល​គេ​បោះឆ្នោត​ជូន​ហើយ​មិន​មែន​បោះ​ឆ្នោត​ចាញ់​គ្រប់​តែ​អាណត្តិ​ទេ​ន៎​អ៊ីចឹង​ការ​លើក​ឡើង​ថា​មាន​ការ​គំរាមកំហែង​ស្អីៗ​ហ្នឹង​ថា​បរិយាកាស​នយោបាយ​មិន​ល្អ​អា​ហ្នឹង​តែ​គាត់​ថា​តើ​ប្រជាជន​ទូទាំង​ប្រទេស​គេ​មិន​ថា​ដូច​គាត់​ឯណា​ហើយ​ថា​ប៉ុន្មាន​តែ​គណបក្ស​ប្រឆាំង​ទេ​ជា​អ្នក​ថា​ឥឡូវ​យើង​និយាយ​ដោយ​ខ្លី​បើ​គាត់​យល់​ថា​បរិយាកាស​នយោបាយ​មិន​ល្អ ហើយ​និង​ការ​គំរាមកំហែង​គាត់​មិន​អាច​ប្រកួតប្រជែង​ការ​បោះឆ្នោត​បាន​គាត់​មិន​បាច់​ដាក់​ពាក្យ​ទៅ គ..ប​ដើម្បី​សុំ​ប្រកួតប្រជែង​ទេ​សម្រាក​ទៅ​ទុក​ឱ្យ​គេ​បក្ស​ច្រើន​ទៀត​គេ​ប្រកួត​ប្រជែង»

ជុំវិញ​ការ​ប្រើ​ប្រាស់​តុលាការ​ជា​អាវុធ​គាប​សង្កត់​គណបក្ស​ប្រឆាំង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្រេស(Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ជម្លោះ នយោបាយ មិន​អាច​ដោះស្រាយ​តាម​រយៈ​ការ​ប្ដឹង​ទារ​សំណង​នោះ​ទេ។ លោក​សំណូមពរ ភាគី​ទាំង​អស់​ត្រូវ​ជជែក​គ្នា​ដោយ​អត់​ឱន និង​យោគយល់ ដើម្បី​ឲ្យ​ការ​ប្រកួតប្រជែង​នយោបាយ​មុន​ពេល​បោះឆ្នោត​មាន​បរិយាកាស​ល្អ​ប្រសើរ។

លោក កន សាវាង្ស៖ «អ្វី​ដែល​ជា​ការ​ចង់​ឃើញ​នោះ​គឺ​ថា​យើង​ចង់​ឃើញ​ឱ្យ​ដំណើរ​ការ​នោះ​គឺ​ថា​អឺ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ជា​ពិសេស​គឺ​សង្គម​ស៊ីវិល​ធ្លាប់​លើក​ជា​អនុសាសន៍​ហើយ​នៅ​លក្ខខណ្ឌ​អប្បបរមា​៦ចំណុច​ដែល​នៅ​ក្នុង​មិន​ត្រឹម​តែ​គណបក្ស​នយោបាយ​ទេ​ភាគី​គ្រប់​ពាក់ព័ន្ធ​នោះ​គឺ​ថា​ចូល​រួម​ធ្វើ​ម៉េច​ឱ្យ​ដំណើរការ​ល្អ​ប្រសើរ​ព្រោះ​ស្ថាប័ន​សង្គម​ស៊ីវិល​អឺ​មិន​ទៅ​អឺ​ដណ្ដើម​អំណាច​ទេ»

របាយការណ៍​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​របស់​អង្គការ​សិទ្ធ​មនុស្ស​អន្តរជាតិ (Human Rights Watch)​សម្រាប់បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើ​វិធាន​ការ​តឹងរ៉ឹង​ដើម្បី​បំបិទ​សេរីភាព​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ ដោយ​បាន​កំណត់​គោលដៅ​លើ​មនុស្ស​រាប់​សិប​នាក់ ដែល​ជា​ថ្នាក់ដឹកនាំ​សហជីព សកម្មជន​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ រដ្ឋាភិបាល​ដែល​ដឹកនាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រឹតត្បិត​សិទ្ធិ​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​បាន​កាត់​ក្ដី​លើ​សំណុំ​រឿង​សកម្មជន​នយោបាយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ជាង ១០០នាកពីបទរួមគំនិតក្បត់។ សព្វ​ថ្ងៃ​មាន​សកម្មជន​នយោបាយ​ជា​ច្រើន​នាក់ កំពុង​បន្ត​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​នៅ​ក្នុង​ពន្ធ​ធនាគារ ខណៈ​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​តែ​បន្ត​រង​បទ​ចោទ​ពី​ប្រព័ន្ធ​តុលាការ រួម​ទាំង​អនុ​ប្រធាន​គណបក្ស​នេះ​គឺ លោក ស៊ុន ឆ័យ ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។