អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ម្នាក់​ទៀត​ ដោយ​មិន​បង្ហាញ​ដីកា

0:00 / 0:00

គណបក្ស​ភ្លើង​ទៀន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត ដោយ​មិន​មាន​ដីកា ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​កោះហៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន រឿង​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​សារ​ព័ត៌មាន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បក្ស​ប្រឆាំង។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន និង​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​កន្លង​មក​នេះ គឺ​មាន​រូបភាព​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

គណបក្ស​ភ្លើង​ទៀន​ថ្កោលទោស​អាជ្ញាធរ ដែល​បាន​ចាប់​ខ្លួន​អតីត​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន រាជធានី​ភ្នំពេញ លោក ដាង ប៊ុនហាក់ នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែមេសា។

សមត្ថកិច្ច​ប្រមាណ ៨នាក់ ចាប់​ខ្លួនលោក ដាង ប៊ុនហាក់ ដោយ​មិន​មាន​បង្ហាញ​ដីកា នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ។ គណបក្ស​ភ្លើង​ទៀន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ដាង ប៊ុនហាក់ គឺ​ជា​រូបភាព​គំរាមកំហែង ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង និង​ជា​ការ​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង រឹត​តែ​មាន​ភាព​អាប់អួ​ថែម​ទៀត។

នៅ​ថ្ងៃ​ទី៥ ខែ​មេសា​ដដែល បាន​ឱ្យ​ដឹង​ថា មេធាវី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដឹង​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក ទាវ វណ្ណុល ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ នៅ​ថ្ងៃ​ទី១០ ខែមេសា។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ការ​ចោទ​របស់​ភាគី​រដ្ឋាភិបាល​នេះ ក្រោយ​ពី​លោក ទាវ វណ្ណុល បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ជប៉ុន នីកេ អេស៊ា (Nikkei Asia) និង​វិទ្យុ​បារាំង (RFI khmer) អំឡុង​ពេល​ដែល​លោក ទាវ វណ្ណុល បាន​បំពេញ​បេសកកម្ម​ការងារ​នៅ​ប្រទេស​ជប៉ុន កាល​ពី​ដើម​ខែកុម្ភៈ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នក​ពាក្យ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែ​មីនា។ វិទ្យុ​អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល និង​អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ បាន​ទេ​នៅ​ថ្ងៃ​ដដែល។

អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន និង​បច្ចុប្បន្ន​ជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គីមសួរ ភីរិទ្ធ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​ធ្វើ​ទុក​បុក​ម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជាក់​ស្ដែង​អាជ្ញាធរ​នៅ​តែ​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​លោក​ដដែល។ លោក គីមសួរ ភីរិទ្ធ បន្ត​ថា ទាំង​ពលរដ្ឋ​ខ្មែរ​ និង​អ្នក​នយោបាយ​ត្រូវ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​និយាយ​ស្ដី ហើយ​រដ្ឋាភិបាល​មិន​គួរ​ឃ្លាំ​មើល និង​ចាប់​ខ្លួន​នោះ​ឡើយ។

លោក គីមសួរ ភីរិទ្ធ៖«ខ្ញុំ​គិត​ថា កន្លែង​ហ្នឹង រដ្ឋាភិបាល​មេត្តា​ពិចារណា​ឡើង​វិញ ប្រសិន​បើ​ការ​បញ្ចេញ​មតិ​ហ្នឹង វា​​ពាក់ព័ន្ធ​ដល់​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ យើង​គួរ​តែ​ពិនិត្យ​ពិចារណា ហើយ​បើ​វា​ប៉ះពាល់ គឺ​យើង​បំភ្លឺ​ហើយ ឆ្លើយ​តប​ទៅ ហ្នឹង​អ្នក​នយោបាយ ដែល​បាន​លើក​ឡើង​ថា ការ​ពិត​វា​អញ្ចេះៗ។ អ៊ីចឹង​ទៅ ការ​ប្រើប្រាស់​បទ​ចោទ​ប្រកាន់ គ្រាន់​តែ​​និយាយ​ស្ដី​ដូច​ចាក​ឆ្ងាយ​ទៅៗ ពី​ប្រទេស ដែល​គេ​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា លើក​ឡើង​ថា ក្នុង​ករណី​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​ដោយ​គ្មាន​ដីកា និង​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្ដែង​នោះ គឺ​ជា​ការ​អនុវត្ត​ខុស​ពី​នីតិវិធី​ច្បាប់។ ទោះ​ជា​យ៉ាងណា​ក្ដី លោក នី សុខា កត់​សម្គាល់​ថា ការ​​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​កន្លង​មក ច្រើន​តែ​ធ្វើ​ឡើង​ក្រោម​រូប​ភាព​នយោបាយ ជា​ជាង​ការ​អនុវត្ត​ច្បាប់។

លោក នី សុខា បន្ត​ថា​ប្រសិន​បើ​មាន​ការ​ចោទ​ប្រកាន់​ ឬ​ផ្ដន្ទាទោស​​មន្ត្រី​នយោបាយ​​ដោយ​សារ​តែ​​ការ​លើក​ឡើង​ពី​បញ្ហា​សង្គម​ ឬ​បញ្ចេញ​មតិ​​ផ្ទុយ​នោះ​​បង្ហាញ​ថា​សេរីភាព​ភាព​មូលដ្ឋាន​កាន់​តែ​ធ្លាក់​ចុះ។

លោក នី សុខា៖«ខ្ញុំ​ឃើញ​ថា នេះ​គឺ​ជា​រូប​ភាព​មួយ ដែល​មិន​ល្អ​ទេ​ ពី​ព្រោះ​ថា​យើង​ដឹង​ហើយ​ថា​ជីវិត​ជា​អ្នក​នយោបាយ​ទាក់​ទង​នឹង​ការ​បញ្ចេញ​មតិ​របស់​អ្នក​នយោបាយ​គួរ​តែ​ត្រូវ​​បាន​ ពី​ព្រោះ​យើង​ជា​សង្គម​មួយ​​ ប្រទេស​មួយ​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ ដូច​ច្នេះ​សេរីភាព​ផ្សេងៗ ​របស់​អ្នក​​​នយោបាយ​ក្នុង​ការ​បញ្ចេញ​មតិ​គួរ​ណាស់​ត្រូវ​បាន​បើក​ទូលាយ»។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា។ ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​កើន​ឡើង​ដល់ ២៧នាក់ ក្នុង​ចំណោម​អ្នក​ទោស​មនសិការ ៤២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។