គណបក្សភ្លើងទៀនថ្កោលទោសការផ្ដន្ទាទោសកញ្ញា សេង ធារី និងសកម្មជននយោបាយជាង ៦០នាក់
2022.06.15

គណបក្សភ្លើងទៀន នៅថ្ងៃទី១៥ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីភាពអយុត្តិធម៌ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស ៦១ នាក់ ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ខ្លះ ៦ឆ្នាំ និងខ្លះទៀត ៨ឆ្នាំ។
គណបក្សភ្លើងទៀន បានចាត់ទុកការចាប់ខ្លួន និងការឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស គឺការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងសិទ្ធិពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយបន្ថែម ពីអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បាននៅឡើយទេ នៅថ្ងៃទី១៥ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងទាំងនេះ ឋិតនៅក្នុងនីតិវិធីរបស់តុលាការ គួរតែស្វែងរកដំណោះស្រាយតាមដំណើរការយុត្តិធម៌ ផ្អែកតាមភស្តុតាងជាក់ស្តែង អង្គហេតុ និងអង្គច្បាប់។ លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គ្រាន់តែជាទិដ្ឋភាពនយោបាយតែប៉ុណ្ណោះ ហើយលោកលើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សទាំងនោះ គួរតែតតាំងក្តីនៅសាលាឧទ្ធរណ៍ ឬក៏តុលាការកំពូលប្រសើរជាង៖ «ខ្ញុំនៅតែលើកទឹកចិត្តឱ្យពួកគាត់តតាំងក្តីនៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ជាជាងការបំពុលបរិយាកាសថា ហ្នឹងជារឿងនយោបាយ។ កាលណាយើងថា ជារឿងនយោបាយ ជាឧបសគ្គបង្អាក់ធ្វើឱ្យមនុស្សឈប់តតាំង ទៅតាមអ្វីដែលអនុញ្ញាតដោយប្រព័ន្ធយុត្តិធម៌»។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បន្តអំពាវនាវឱ្យប្រមុខរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី និងអ្នកជាប់ឃុំនយោបាយទាំង ៦១នាក់ ឱ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។