ប៉ូលិស​ចាប់​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​លោក ឡុង រី និង​លោក នុត រំដួល

ដោយ យាង សុជាមេត្តា
2014.07.17
នុត រំដួល ៦១០ លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក នុត រំដួល តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ (ស្ដាំ) នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤។
RFA/Chun Chanboth

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប​ទៀត គឺ​លោក ឡុង រី និង​លោក នុត រំដួល ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​លោក​ទាំង​២ ក្នុង​បុរី​ពិភព​ថ្មី ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ។ ការ​ឃាត់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​តុលាការ ដើម្បី​សួរ​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ។

លោក ឡុង រី តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បន្ទាយមានជ័យ និង​លោក នុត រំដួល តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ចាប់​ខ្លួន​ដល់​គេហដ្ឋាន នៅ​វេលា​ម៉ោង​ប្រមាណ ៣ និង ៣០​នាទី ក្នុង​ពេល​ដែល​លោក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​គេហដ្ឋាន​តែ​មួយ​ជាមួយ​គ្នា តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា រង់ចាំ​ក្រែង​មាន​ការ​កោះ​ហៅ​ពី​តុលាការ។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ។

ប្រភព​ពី​សហការី​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​ខ្លួន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ទូរស័ព្ទ​ទៅ​កាន់ លោក ឡុង រី ដើម្បី​ប្រាប់​អំពី​ការ​ចាប់​ខ្លួន ហើយ​ឲ្យ​លោក​ទាំង​ពីរ​ចុះ​ជួប​សមត្ថកិច្ច​ដែល​ទៅ​នាំ​ខ្លួន​នោះ។ ប្រភព​ដដែល​នេះ​បញ្ជាក់​ថា ក្នុង​ពេល​ចាប់​ខ្លួន​នោះ ពុំ​មាន​ការ​ប្រទូសរ៉ាយ​អ្វី​នោះ​ឡើយ ដោយសារ លោក ឡុង រី និង​លោក នុត រំដួល បាន​សម្រេច​ចិត្ត​ជា​មុន ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​គណបក្ស​ប្រឆាំង ប៉ុន្តែ​លោក​ថា ទោះ​ជា​យ៉ាង​ណា ព្រឹត្តិការណ៍​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ភ័យ​ខ្លាច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​រឹត​តែ​រួម​ចិត្ត​រួម​ថ្លើម ប្ដេជ្ញា​ការពារ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ខ្លាំងក្លា​ជា​ទី​បំផុត។ លោក​ចាត់​ទុក​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ ថា​ជា​ការ​បំពាន​ច្បាប់។

លោក យ៉ែម បុញ្ញឫទ្ធិ៖ «យើង​សង្កេត​ឃើញ​ថា ដំណើរ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ហ្នឹង​ដើរ​ថយ​ក្រោយ​កាន់​តែ​ឆ្ងាយ​ទៅៗ ហើយ​ការ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​របស់​បក្ស​សង្គ្រោះ​ជាតិ ហ្នឹង យ៉ាង​អយុត្តិធម៌​ជា​ទី​បំផុត។ អ្នក​មាន​ទោស អ្នក​ប្រើ​អំពើ​ហិង្សា បែរ​ជា​រួច​ខ្លួន ហើយ​អ្នក​ដែល​ការពារ​ប្រជាធិបតេយ្យ អ្នក​ដែល​ការពារ​ប្រជាពលរដ្ឋ​នោះ បែរ​ជា​រងគ្រោះ​ទៅ​វិញ។ យើង​នៅ​មាន​ក្តី​សង្ឃឹម​ថា ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​ជាប់​គាំង​នយោបាយ​ហ្នឹង​ដោយ​សន្តិវិធី និង​អហិង្សា ពីព្រោះ​យើង​ចង់​បាន​ប្រជាធិបតេយ្យ​សេរី ពហុ​បក្ស​ទាំងអស់​គ្នា សម្រាប់​ប្រជាជាតិ​យើង​ទាំង​មូល»

លោក ឡុង រី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។
លោក ឡុង រី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​ចំពោះ​ការ​ចាប់​ខ្លួន​នេះ មាន​ប្រសាសន៍​ថា លោក ឡុង រី និង​លោក នុត រំដួល អាច​នឹង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​១៧ កក្កដា មុន​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​បន្ទាប់។ ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​វិញ លោក អំ សំអាត កត់​សម្គាល់​ថា វា​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ថា ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក និង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ក្រៃលែង។ ស្រប​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​បន្ថែម​ទៀត ដែល​ប្រការ​នេះ លោក អំ សំអាត ថា​កំពុង​រុញ​ច្រាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ភាព​តានតឹង​បន្ថែម​ទៀត។

លោក អំ សំអាត៖ «ខ្ញុំ​គិត​ថា អា​នេះ​វា​ជា​រឿង​មួយ​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​យើង​ហ្នឹង ហៅ​ថា​ខឹង​សម្បា មាន​ការ​ខឹង ជាពិសេស​ចំពោះ​អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង ហើយ​ចឹង យើង​ចេះ​តែ​បារម្ភ​ពី​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​យើង​បារម្ភ​ថា ប្រហែល​ជា​ថ្ងៃ​២៥ ហ្នឹង នឹង​អាច​មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន នឹង​មក​គាំទ្រ​ឯកឧត្តម កឹម សុខា»

ជុំវិញ​ព្រឹត្តិការណ៍​ចាប់​ខ្លួន​គណបក្ស​ប្រឆាំង​នេះ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី បាន​ចេញ​ដីកា​កោះ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា អញ្ជើញ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ ដើម្បី​សួរ​បញ្ជាក់​រូប​លោក​ក្នុង​នាម​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ព្រម​ជាមួយ​គ្នា លោក កឹម សុខា ក៏​បាន​អំពាវនាវ​ឲ្យ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ ដែល​កំពុង​នៅ​បរទេស ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ​ជា​ប្រញាប់ ដើម្បី​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។