ជនជាតិ​ចាម​នៅ​កំពង់ឆ្នាំង​មាន​ការ​រើស​អើង​គ្នា​កាន់​តែ​ខ្លាំង​ដោយសារ​និន្នាការ​នយោបាយ

ដោយ ជិន ជេដ្ឋា
2017.06.28
ផែនទី​ខេត្ត​កំពង់ឆ្នាំង ៨៥៥ ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

ជនជាតិ​ចាម ៨​គ្រួសារ នៅ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ត្រូវ​ថ្នាក់​ដឹកនាំ​សាសនា​របស់​ខ្លួន​កៀបសង្កត់​កាន់​តែ​ខ្លាំង​ក្នុង​ការ​គោរព​ប្រណិប័តន៍​សាសនា ដោយសារ​និន្នាការ​នយោបាយ​ខុស​គ្នា។ តំណាង​ជនជាតិ​ចាម​ទាំង ៨​គ្រួសារ គ្រោង​ជួប​ជាមួយ​មន្ត្រី​ធម្មការ​ស្រុក នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ស្រុក​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ខាង​មុខ។

អ្នក​ភូមិ​ដំណាក់ព្រីង នៃ​ឃុំ​ស្វាយជុក ដែល​មាន​ជនជាតិ​ចាម​ប្រមាណ ២០០​គ្រួសារ ក្នុង​នោះ​មាន ៨​គ្រួសារ កំពុង​ស្វែង​រក​ការ​សម្របសម្រួល​កុំ​ឲ្យ​មាន​ការ​រើសអើង​ពួកគេ​ក្នុង​ការ​ប្រតិបត្តិ​សាសនា​រួម​គ្នា។

តំណាង​ជនជាតិ​ចាម ម្នាក់​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង​អះអាង​ថា អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​កាន់​អំណាច ត្រូវ​ថ្នាក់​ដឹកនាំ​សាសនា​ក្នុង​ភូមិ​នេះ​ចាត់​ទុក​ដូច​ជា​មនុស្ស​ក្រៅ​សង្គម ឬ​ជា​មនុស្ស​ក្រៅ​សាសនា​ឥស្លាម។

អនុ​ប្រធាន​ចលនា​ខ្មែរ​ឥស្លាម​ខេត្ត​កំពង់ឆ្នាំង របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីន សុវណ្ណ ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា រូប​លោក និង​ជនជាតិ​ចាម ៥​នាក់​ផ្សេង​ទៀត មិន​អាច​ជួប​ជជែក​លេង​ជាមួយ​អ្នក​ជិត​ខាង​ក្នុង​ភូមិ​ដូច​មុន​ឡើយ ដោយ​ពួកគេ​ដើរ​ចេញ និង​មិន​ហ៊ាន​និយាយ​រក ព្រោះ​ខ្លាច​ថ្នាក់​ដឹក​នាំ​សាសនា​រក​រឿង ដើម្បី​កៀបសង្កត់​ទាំង​ការ​គោរព​សាសនា និង​សេរី​ភាព​នយោបាយ៖ «គេ​ធ្វើ​ប៉ុណ្ណឹង! មនុស្ស​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ច្រើន​ទៅៗ ហើយ​អ្នក​ដែល​បំពាន ធ្វើ​បាប​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ខាង​សាសនា​នេះ ប្រជាពលរដ្ឋ​មិន​មែន​មាន​តែ ៧ ឬ ៨​គ្រួសារ​ហ្នឹង​ទេ មាន​ច្រើន​ណាស់​គ្រាន់​តែ​គេ​អត់​ចេញ​មុខ។ គឹម ទួន វា​ជា​សេនា​ដៃ​ស្ដាំ ហើយ​ជា​ម៉ែ​ជា​ឪ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មិន​ត្រូវ​បណ្ដេញ​កូន​ចៅ​ចេញ​គ្រួសារ​ខ្លួន​ឯង កូន​ចៅ​ទៅ​ណា​ទៅៗ មិន​ចង់​ឲ្យ​មាន​លំដាប់​ហ្នឹង ចង់​ឲ្យ​រស់​នៅ​ដោយ​សាមញ្ញ​ធម្មតា​ដូច​មុន​មក​កុំ​ឲ្យ​មាន​ការ​រើសអើង»

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ថា នឹង​ចាត់​ឲ្យ​មន្ត្រី​ចុះ​ស៊ើបអង្កេត និង​ដោះស្រាយ​បញ្ហា​នេះ។

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​ដឹកនាំ​សាសនិក​ឥស្លាម​ម្នាក់​នៅ​ភូមិ​ដំណាក់ព្រីង លោក ម៉ាត់ ម៉ៅ ដែល​រង​ការ​ចោទ​ថា រើសអើង​ជនជាតិ​ចាម ដូច​គ្នា​ក្នុង​ការ​ប្រតិបត្តិ​សាសនា ដោយសារ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ខុស​គ្នា​នោះ​បញ្ជាក់​ថា លោក​គ្រាន់​តែ​ចង់​ឲ្យ​ជនជាតិ​ចាម ទាំង​អស់​ចេះ​រួបរួម​គ្នា មិន​ត្រូវ​បែក​ឆ្វេង ឬ​បែក​បាក់​គ្នា​នោះ​ទេ៖ «ឲ្យ​តែ​គាត់​ចូល​មក... ស្ដាប់​បាន​អត់! ខ្ញុំ​ថា ចូល​តែ​ខ្លួន​មក​ចិត្ត​ទៅ​ខាង​ណា​ក៏​បាន​ដែរ។ បង​ឯង​ចុះ​មក​មួយ​ភ្លែតៗ បើ​ចង់​និយាយ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា លោក​ឧកញ៉ា សុះ កំរី បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់ និង​មិន​ទាន់​ដឹង​រឿង​រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ។

តំណាង​ជនជាតិ​ចាម លោក ស៊ីន សុវណ្ណ បញ្ជាក់​ថា ការ​រើសអើង​គ្នា​ដោយ​មិន​បើក​ទូលាយ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប្រតិបត្តិ​សាសនា​នៅ​ក្នុង​វិហារ ឬ​រើសអើង​ក្នុង​ការ​ទាក់ទង​គ្នា​រវាង​អ្នក​ភូមិ ដែល​កើត​ចេញ​ពី​ការ​គាំទ្រ​គណបក្ស​ខុស​គ្នា​នេះ បាន​កើត​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ជនជាតិ​ចាម នៅ​ភូមិ​ដំណាក់ព្រីង ចាប់​តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​៤ ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។