សាច់ញាតិ​ត្រៀម​ប្ដឹង​ឧទ្ធរណ៍​ករណី​តុលាការ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ជម្រះ​ក្ដី​​លោក ចៅ វាសនា ដាក់​គុក ៥ឆ្នាំ

ដោយ ជី វិតា
2018.06.08
ចៅ វាសនា ៦២២ លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស​សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មុន​ត្រូវ​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

សាច់​ញាតិ​បាន​ប្រតិកម្ម​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ជម្រះ​ក្ដី​ដាក់​ទោស​ចៅសង្កាត់​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង គឺ​លោក ចៅ វាសនា ដាក់​ពន្ធនាគារ​រយៈ​ពេល ៥ឆ្នាំ​នោះ​ថា ជា​រឿង​អយុត្តិធម៌។ ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយ​ពី​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី៧ មិថុនា ដែល​បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​លោក ចៅ វាសនា និង​កម្មករ​អូស​រទេះ នៅ​ក្រុង​ប៉ោយប៉ែត ដែល​បាន​តវ៉ា​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជាមួយ​សមត្ថកិច្ច ដោយ​ផ្ដន្ទាទោស​ពន្ធនាគារ​ចំនួន ៥ឆ្នាំ។

កូន​ប្រសា​របស់​អតីត​ចៅសង្កាត់​ក្រុង​ប៉ោយប៉ែត ជន​ជាប់​ចោទ លោក ផុន សុប្រុស ឲ្យ​ដឹង​នៅ​ថ្ងៃទី៧ មិថុនា​ថា លោក ចៅ វាសនា គ្មាន​កំហុស​ដល់​ថ្នាក់​ជាប់​ពន្ធនាគារ ៥ឆ្នាំ​នោះ​ទេ ព្រោះ​កន្លង​មក​ឪពុក​ក្មេក​របស់​លោក​តែង​ចុះ​ជួយ​ការងារ​សង្គម ដូចជា​ការ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន ដែល​ជួប​ការ​លំបាក​ផ្សេងៗ និង​រង​ទុក្ខ​ធ្វើ​បាប​ពី​ក្រុមហ៊ុន អ្នក​មាន​លុយ​មាន​អំណាច ដែល​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់ ព្រមទាំង​បំពាន​លើ​សិទ្ធិ​ការងារ​ជា​ដើម។ លោក ផុន សុប្រុស បន្ថែម​ថា ឪពុក​ក្មេក​របស់​លោក គឺ​លោក ចៅ វាសនា តែង​ចេញ​សម្រួល​ឲ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ជា​ប្រចាំ ហើយ​ចាត់​ទុក​ការ​ផ្ដន្ទាទោស​មក​លើ​គាត់​ថា ជា​ការ​កាត់​ទោស​លំអៀង​ដោយសារ​រើសអើង​នយោបាយ៖ «ពីព្រោះ​បើ​សិន​ជា​តុលាការ​ឯករាជ្យ​គាត់​មិន​ជាប់​គុក ៥ឆ្នាំ​នោះ​ទេ។ ម្យ៉ាង​ទៀត អ្នក​ដែល​ជាប់​ទោស​ដូច​គ្នា រួមមាន លោក យឹម វិសុទ្ធ និង​លោក ឌិន ពុទ្ធី គាត់​រួច​ខ្លួន​មិន​មាន​ទោស​ទេ។ដូច្នេះ ក្រុម​គ្រួសារ​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ នឹង​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ព្រោះ​ដាក់​ទោស​មក​លើ​លោក ចៅ វាសនា នេះ​វា​អយុត្តិធម៌​ពេក»

 

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧ មិថុនា ។

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី៧ មិថុនា បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស​លោក ចៅ វាសនា និង​កម្មករ​អូស​រទេះ​ចំនួន៧នាក់ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ ៥ឆ្នាំ និង​បង្គាប់​សំណង​ខូចខាត​ប្រមាណ ១ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក។

 

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ការ​ផ្ដល់​យុត្តិធម៌​លើ​សំណុំរឿង​នេះ តុលាការ​ហាក់​មាន​ការ​បែងចែក​លើ​បក្ស​ពួក​និយម ព្រោះ​តុលាការ​មិន​បាន​ផ្ដន្ទាទោស​អភិបាល​ក្រុង​ប៉ោយប៉ែត​កាល​ពី​សម័យ​នោះ គឺ​លោក ង៉ោ ម៉េងជ្រួន និង​សមត្ថកិច្ច​មួយ​ចំនួន​ទៀត ដែល​បាន​ទៅ​ឃ្លាំមើល​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដូច​លោក ចៅ វាសនា ដែរ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក ស៊ុំ ច័ន្ទគារ មាន​ប្រសាសន៍​ទៀត​ថា ការ​ដាក់​ទោស​លោក ចៅ វាសនា ប្រៀប​ដូច​គំរាមកំហែង​ដល់​មន្ត្រី​ផ្សេងៗ ទៀត ដែល​មាន​ចិត្ត​អាណិតអាសូរ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ភ័យ​ខ្លាច ហើយ​មិន​ហ៊ាន​ចុះ​ទៅ​ឃ្លាំមើល ដើម្បី​ជួយ​ដល់​ពលរដ្ឋ ខណៈ​ដែល​ពួក​គាត់​ចេញ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ជូន​ពួក​គាត់​នោះ៖ «ហើយ​មិន​បាន​គិត​អំពី​ការ​ប៉ះពាល់​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុង​ទេ ព្រោះ​អភិបាល​ក្រុង​ប៉ោយប៉ែត​ជា​អ្នក​គ្រប់គ្រង​ធំជាង​គេ​នៅ​ក្នុង​ក្រុង​នេះ ដូច្នេះ​បញ្ហា​ប្រជាពលរដ្ឋ​នៅ​កន្លែង​នឹង​គឺ​លោក​អភិបាល​ក្រុង​នឹង​ហើយ​ជា​អ្នក​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង ហើយ​អភិបាល​ក្រុង​ក៏​ត្រូវ​ទទួលខុសត្រូវ​លើ​នេះ​ដែរ ប៉ុន្តែ​បែរ​ជា​រួច​ខ្លួន​ទៅ​វិញ»

 

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា ចំណែក​កម្មករ​អូស​រទេះ ដែល​តុលាការ​ផ្ដន្ទាទោស​ទាំង ៧នាក់​នោះ មួយ​ចំនួន​ជា​សាច់​ញាតិ​ជន​រងគ្រោះ ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ជាន់​សង្កត់​ក​ទៅ​លើ​កម្មករ​ម្នាក់​នៅ​ពេល​តវ៉ា ដែល​ពួក​គាត់​បាន​ប្ដឹង​ទៅ​តុលាការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នោះ ហើយ​តុលាការ​មិន​ទាន់​បាន​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង ប៉ុន្តែ​ពួក​គាត់​បែរ​ជា​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ទៅ​វិញ«អ្នក​ទាំង​៧នាក់​នឹង​មិន​ទាន់​បាន​ចាប់​ខ្លួន​ទេ ប៉ុន្តែ​យើង​បាន​សាកសួរ​កម្មករ​អូស​រទេះ​គាត់​ថា​៧នាក់​នឹង​មិន​ដឹង​ថា​ពួកគាត់​ទៅ​ណា​ទៅ​ណី​ទេ គាត់​ធ្លាប់​ឆ្លើយ​បំភ្លឺ​ម្ដង​ដែរ នៅ​ព្រះរាជអាជ្ញា​ដែល​គាត់​ប្ដឹង​សមត្ថកិច្ច​ វាយ​ធ្វើ​ទារុណកម្ម​កម្មករ​ម្នាក់​ក្នុង​ពេល​កើត​ហេតុ​នោះ ប៉ុន្តែ​ក្រោយ​មក​ដោយសារ​រឿងក្ដី​ស្ងប់ស្ងាត់​ពួកគាត់​ក៏ បាត់​ទៅ​ណា​អស់​តែ​ម្ដង»

 

លោក ចៅ វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដើម​កំណើត​ខ្មែរ​ក្រោម។ ចៅសង្កាត់​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ គឺ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៥។


កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០នាក់ បាន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួសហេតុ លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​រុញ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំង​កញ្ចក់ ​របង ទ្វារ និង​បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូច​ខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួកគាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។


លោក ផុន សុប្រុស លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​លោក ចៅ វាសនា ដាក់​ពន្ធនាគារ​នេះ ដោយសារ​តែ​លោក​ជា​មនុស្ស​មាន​ប្រជាប្រិយភាព ដែល​ជា​ឆ្អឹង​ទទឹង​ក​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

សង្គម​ស៊ីវិល៖ អនុសាសន៍​របស់​លោក​ ហ៊ុន សែន​ រឿង​ឱ្យ​មន្ត្រី​បម្រើ​ពលរដ្ឋ​ ត្រូវ​ចាប់​អនុវត្ត​ពី​ថ្នាក់​លើ​មុន ទើប​មាន​ប្រសិទ្ធភាព​

 

ប្រភព៖         លោក ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​វេទិកា​កាល​ពី​ថ្ងៃអង្គារ

លោក​ ប៉ែន បុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ (Whatsapp)

លោក​ សន ជ័យ​ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (Facebook)

មតិ​របស់​អ្នក​ប្រើហ្វេសប៊ុក​

 

លោក​អ្នក​នាង​ជាទីមេត្រី!

 

MC:

មុនពេលការ​បោះឆ្នោត​​មក​ដល់ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន បាន​ប្រឹង​ប្រែង​​កាន់​តែ​ខ្លាំង​ក្នុង​ការ​ចុះ​ឃោសនា​រក​សំឡេងឆ្នោត​តាម​រយៈ​ការ​ចុះ​ជួប​ជាមួយ​ក្រុម​កម្មករ សិស្ស-និស្សិត មន្ត្រី​រាជការ និង​ប្រជា​​ពលរដ្ឋ​ជា​ដើម​​។ ក្រៅពី​នេះ ​លោក​ក៏​ឧស្សាហ៍​ដាស់​តឿន​ក្រើន​រំលឹក​ដល់​មន្ត្រី​នៃ​របប​របស់​លោក​ដែរ ឲ្យ​ខិត​ខំ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់​ កុំ​ចាត់​ទុក​ខ្លួន​ឯង​ជា​ចៅហ្វាយ​នាយ​របស់​ពលរដ្ឋ។ មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​យល់ឃើញ​ថា នេះ​ជា​វោហាស័ព្ទ​នយោបាយ​ច្រើន​ជាង ព្រោះ​​លោក​ ហ៊ុន សែន តែ​ង​និយាយ​បែប​នេះ​ជា​ញឹក​ញាប់ ប៉ុន្តែ​មិន​មាន​ឥទ្ធិពល​អ្វី​លើ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ឡើយ​ ទោះបី​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​បែប​ណា​ក្តី​។

 

លោក​............រាយការណ៍​អំពី​រឿង​នេះ៖

««««««««««««««««««««««««««««««««««««««««««««««««««««««««««««««««««««

 

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​គណនេយ្យភាព​សង្គម​ យល់ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា​ អនុ​សាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រឿង​ឱ្យ​មន្ត្រី​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ និង​ចាត់​ទុក​ពលរដ្ឋ​​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន​នោះ នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ​​ ប្រសិន​បើ​គ្មាន​ការ​អនុវត្ត​ភាព​ជា​គំរូ​ពី​ថ្នាក់​លើ​មក​មុន​ទេ​នោះ​។

 

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ អាដហុក​ (ADHOC) លោក​ ប៉ែន បុណ្ណារ៍ ថ្លែង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ពលរដ្ឋ​គឺ​ជា​ម្ចាស់​អំណាច ហើយ​មន្ត្រី​ទាំង​អស់​ គឺ​ជា​អ្នក​បម្រើ​របស់​ពលរដ្ឋ​ ក៏​​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​កម្ពុជា គឺ​មិន​ដូច្នេះ​ឡើយ។ លោក​កត់​សម្គាល់​ថា មន្ត្រី​ធំៗ ​ភាគ​ច្រើន​ដែល​នៅ​ក្រោម​​ឱវាទ​របស់​នាយក​រដ្ឋ​មន្ត្រី ឬ​ជួនកាល​ជា​កូន​ចៅ​ ឬ​សាច់​ញាតិ​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់​តែ​ម្ដង មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​នានា ដូច​ជា អំពើ​ពុករលួយ ការ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​ ការ​កាប់​​ព្រៃឈើ និង​​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ បញ្ហា​គ្រឿងញៀន ឬ​​ល្បែង​ស៊ីសង​ជាដើម​ ហើយ​ពួក​គេ​ទាំង​នោះ​ច្រើន​តែ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់។ ​លោក​ថា បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​ជា​វប្បធម៌​និទណ្ឌភាព​ ហើយ​បន្តិច​ម្តងៗ វា​បាន​ក្លាយ​ជា​គំរូ​អាក្រក់​ និង​ឆ្លង​រាលដាល​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​លែង​យក​ច្បាប់​ជា​ធំ៖ «យើង​ឃើញ​ថា មន្ត្រី​ថ្នាក់​ធំៗ ហ្នឹង ទៅ​ធ្វើ​អ្វី​បាន​តាម​ចិត្ត។ ការ​ទៅ​យក​ដី​សាធារណៈ​របស់​រដ្ឋ​​ មាន​ដូច​ជា​ ដី​បឹង​ ជាដើម​នោះ ភាគ​ច្រើន​ជា​មន្ត្រី​ថ្នាក់​ធំ​ មាន​ឈ្មោះ​ល្បី​ហ្នឹង​តែ​ម្ដង​ ទៅ​យក​ដី តាំង​ពី​ដី​ព្រៃ​លិច​ទឹក ចាក់​ដី​បឹង​ ដូច​ជា​នៅ​កំពង់​សោម​ជាដើម​ សុទ្ធ​តែ​ជា​មន្ត្រី​ធំៗ ហើយ​ពេល​ខ្លះ គឺ​ជា​សាច់​ញាតិ​របស់​សម្ដេច​ទៀត​ផង​។ ទោះ​បី​មាន​ប្រតិ​កម្ម​បង្ហាញ​យ៉ាង​ម៉េច​ក៏​ដោយ​ ក៏ប៉ុន្តែ​យើង​ឃើញ​ថា ​អត់​មានការ​ផ្ដន្ទាទោស​សោះ​ ស្ងាត់​ឱ្យ​ឈឹង ដូច្នេះ​វា​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​ឋានៈ​តូច​ហ្នឹង យក​គំរូ​តាម​ថា​ បើ​មន្ត្រី​ថ្នាក់​ធំ​ប៉ុន​មេឃ​ធ្វើ​ខុស​ច្បាប់​ ហើយ​មិន​មាន​ទោស​ផង​ អញ្ចឹង​ខ្លួន​ក៏​ធ្វើ​តាម​ដែរ។ នៅ​ពេល​ធ្វើ​តាម​ហើយ ខ្លួន​ក៏​មិន​មាន​ទោស​ដែរ។ ដូច្នេះ វា​ត​គ្នា​រហូត​ ក្លាយ​ជា​ប្រព័ន្ធ​មួយ។ យើង​ឃើញ​ថា ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី ដែល​ព្រមាន​ពី​រឿង​ធនធាន​ធម្មជាតិ​ និង​បញ្ហា​អ្វី​ផ្សេង​ទៀត គឺ​លែង​មាន​តម្លៃ​ គ្មាន​ប្រសិទ្ធភាព​ ដោយ​សារ​វា​ក្លាយ​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់​លើ​ដល់​មូលដ្ឋាន​ទៅ​ហើយ»

 

កាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ​ហ៊ុន សែន​ បាន​ដាស់​តឿន​សា​ជា​ថ្មី​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​ ដោយ​ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ មិន​មែន​ជា​​ចៅហ្វាយ​នាយ​របស់​ប្រជា​​​ពលរដ្ឋ​នោះ​ទេ។ លោក​​​​បន្ត​​ថា​ តាម​រយៈ​ការ​បោះឆ្នោត​ ពលរដ្ឋ​ជា​ម្ចាស់​អំណាច ហើយ​លោក​បាន​ទូន្មាន​មន្ត្រី​របស់​លោក​ថា ពួក​គេ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​ បើ​គ្មាន​ការ​ស្រឡាញ់ និង​​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ៖ «អ្វី​ដែល​ជា​តួនាទី​របស់​យើង​ យើង​មាន​បុណ្យ​សក្ដិ​ ហើយ​មើល​ស្រាល​អ្នក​ដទៃ ដែល​នៅ​ធ្វើការ​ជាមួយ​យើង ឬ​រហូត​ទៅ​ដល់​មើល​ស្រាល​ចំពោះ​​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​របស់​ពួក​យើង ដែល​យើង​ជា​ខ្ញុំ​បម្រើ​របស់​​ពួក​គាត់។ នេះ​ជា​ចំណុច​ដែល​ត្រូវ​ផ្ដោត​ ប្រសិន​បើ​បោះបង់​ចោល​ចំណុច​នេះ​ហើយ អ្នក​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​នេះ​បាន​ទេ។ គ្មាន​មន្ត្រី​ធ្វើ​អំពើ​អាក្រក់​ណាមួយ​ ដែល​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ទេ ត្រូវ​ចង​ចាំ»

 

ទោះជា​បែប​នេះ​ក្តី អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ (Facebook) ជា​ច្រើន​នាក់​ បាន​បញ្ចេញ​ទស្សនៈ​ថា ពួក​គេ​មិន​ជឿ​សម្ដី​​លោក​ ហ៊ុន សែន​ ឡើយ ហើយ​រឹត​តែ​មិន​ជឿ​ថា​ មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​នោះ ចាត់​ទុក​ពលរដ្ឋ​ជា​ចៅហ្វាយ​នាយ​របស់​​ខ្លួន​នោះ​ដែរ​ ព្រោះ​ពួក​គេ​ឃើញ​មន្ត្រី​ទាំងនោះ​​គិត​ពី​ផល​ប្រយោជន៍​ខ្លួន​ឯង​ច្រើន​ជាង។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ​បាន​រិះគន់​សម្ដី​លោក​ ហ៊ុន សែន ថា គ្មាន​ប្រយោជន៍។ ការ​រិះគន់​ទាំង​នោះ​រួម​មាន៖ «ផ្ទះ​​ដូច​វិមាន​” “ប្រជាជន​ជា​ចៅហ្វាយ តែ​អ្នក​បម្រើ​ប្រជាជន​វិញ មាន​វីឡា មាន​ឡាន​ទំនើបៗ។ នេះ​ឬ​បម្រើ​ដោយ​ស្មោះ​នោះ? និយាយ​ឱ្យ​តែ​ពីរោះ​ទេ អ្នកណា​ក៏​ដឹង​ដែរ​ស្រុក​ខ្មែរ​នោះ បើ​គ្មាន​លុយ​ឱ្យ​ទេ គឺ​ចប់​ហើយ»

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ថា “ពេល​ប្រជាជន​មាន​បញ្ហា​ ហើយ​ទៅ​រក​ឱ្យ​ជួយ​ បែរ​ជា​គេចវេះ​បាត់! ពិត​ជា​មិន​សម​ជា​អ្នក​បម្រើ​រាស្ត្រ​សោះ​! ស្រឡាញ់​អ្នក​មាន​ជាង​អ្នក​ក្រ ទើប​ប្រជាជន​ឈប់​គាំទ្រ! បើ​ជួយ​ប្រជាជន​រងគ្រោះ នរណា​មិន​ស្រឡាញ់​ និង​បោះឆ្នោត​ជូន​ ដូច​ករណី​វិវាទ​ដីធ្លី​នៅ​តំបន់​ជ្រោយ​ចង្វារ​ជាដើម

 

លោក​ ប៉ែន បុណ្ណារ៍​ សង្កត់​ធ្ងន់​ថា ការ​ប្រកាស​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ ក៏​ដូច​ជា​លើក​មុនៗ ដែរ នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ដរាប​ណា​គ្មាន​ការ​កែ​ទម្រង់​ពិត​ប្រាកដ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទេ​នោះ​។ លោក​អះអាង​ថា ការ​ដោះស្រាយ​បញ្ហា​នេះ​​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​​ចេញពី​ជួរ​ថ្នាក់​ដឹក​នាំ​ជាតិ​មុន​គេ​ ព្រោះ​មន្ត្រី​ធំៗ ​ទាំង​នោះ​ហើយ ដែល​​ជា​អ្នក​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​លែង​គោរព​ និង​អនុវត្ត​ច្បាប់​ដូច​មុន៖ «មន្ត្រី​ធំៗ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ ជាពិសេស បទល្មើស​ធនធានធម្មជាតិ ល្បែង​ស៊ីសង និង​គ្រឿង​ញៀន​ ជា​ដើម​នោះ ត្រូវ​តែ​មាន​ការ​ស្រាវជ្រាវ​ ហើយ​យក​មន្ត្រី​ទាំងអស់​នោះ​ទៅ​ផ្ដន្ទាទោស។ ប្រសិន​បើ​ថ្នាក់​លើ ឬ​សម្ដេច​នាយក​ចង់​​​បង្ហាញ​ថា នីតិរដ្ឋ​ ដោយ​គ្រាន់​តែ​ផ្ដន្ទាទោស​​​ក្មួយ​គាត់​ប៉ុន្មាន​នាក់​នោះ ក៏​វា​ទៅ​មិន​រួច​ដែរ គឺ​ទាល់​តែ​ស្រាវជ្រាវ​ និង​ផ្ដន្ទាទោស​អ្នក​ពាក់​ព័ន្ធ​ទាំងអស់។ ការ​កែទម្រង់​ត្រូវ​ចាប់​ផ្ដើម​ចេញ​ពី​ថ្នាក់​លើ​ ដើម្បី​ជា​គំរូ​ដល់​ថ្នាក់​ក្រោម​ ហើយ​ប្រសិន​បើ​មិន​មាន​ការ​ចាត់​វិធាន​ការ​កែទម្រង់​ក្ដៅ​ចំពោះ​មន្ត្រី​ថ្នាក់​ខ្ពស់​ទាំងនោះ​ទេ ដូច្នេះ​វា​នឹង​ក្លាយ​ជា​រឿង​អនាធិបតេយ្យ​ លែង​ស្ដាប់​មេ​កើយ។ វា​ទៅ​ជា​ប្រទេស​មួ​យ​លែង​គោរព​​ច្បាប់​ និង​ពោរពេញ​ដោយ​អំពើ​និទណ្ឌភាព​ជាក់​ជា​មិន​ខាន»

 

ចំណែក ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ វិញ កត់​សម្គាល់​ថា មន្ត្រី​ក្រប​ខណ្ឌ​នយោបាយ​ច្រើន​តែ​សន្យា​បែបនេះ ឬ​បែប​នោះ​នៅមុន​ការ​បោះឆ្នោត​ម្តងៗ ប៉ុន្តែ​ក្រោយ​ពេល​បោះឆ្នោត​ ពួក​គេ​មិន​បាន​អនុវត្ត​តាម​សន្យា​របស់​ខ្លួន​ប៉ុន្មាន​នោះ​ទេ។ ចំណែក​មន្ត្រីរាជការ​សាធារណៈ​វិញ មួយ​ចំនួន​​​មិន​បាន​បំពេញ​ការងារ​ទៅតាម​តួនាទី​របស់​ខ្លួន​ឡើយ​ ដោយ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង ច្រើន​តែ​លម្អៀង​ទៅ​រក​ភាគី​អ្នក​មាន​​លុយ​មាន​អំណាច មិនបាន​គិត​ដល់​សុខទុក្ខ​របស់​​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​នោះ​ឡើយ។ លោក​ថា​បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​រឿង​ទំនាស់​​​ផល​ប្រយោជន៍​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​បំភ្លេច​តួនាទី​ជា​អ្នក​បម្រើ​ពលរដ្ឋ និង​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន លោក​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ជាក់​លាក់​នៅ​ក្នុង​ការ​ដាក់​ពិន័យ ឬ​ទោស​ទណ្ឌ​លើ​មន្ត្រី​ណា​ដែល​មិន​បម្រើ​ពលរដ្ឋ មិន​អាច​ត្រឹម​តែ​និយាយ​ចោល​នោះ​ទេ៖ «នៅ​ពេល​ដែល​មន្ត្រី​ទាំងនោះ​លម្អៀង​ទៅ​រក​អ្នក​មាន​លុយ ពេល​នោះ​ហើយ ពួក​គេ​អាច​នឹង​បំភ្លេច​ ឬ​ប្រើ​អំណាច​រដ្ឋបាល​របស់​ខ្លួន​បំពាន​ទៅលើ​ប្រជាពលរដ្ឋ​ ដូច្នេះ​មន្ត្រី​ប្រភេទ​នោះ​ យើង​អាច​សន្និដ្ឋាន​ថា ជា​មន្ត្រី​ដែល​បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ស្មោះ​ត្រង់ ដោយ​ពួក​គេ​យក​អំណាច​ យក​ឥទ្ធិពល​នោះ​ទៅ​ប្រើប្រាស់​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ជា​បទពិសោធន៍​ ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​មាន​ជម្លោះ​កើត​ឡើង​ មន្ត្រី​ដែល​មាន​សិទ្ធិ​មួយ​ចំនួន​បែរ​ជា​ឈរ​ខាង​ក្រុមហ៊ុន​ ហើយ​ទុក​ប្រជាពលរដ្ឋ​ចោល​ ហើយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​ប្ដឹង​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ទៀត។ នេះ​ជា​រឿង​មួយ ដែល​គួរ​ឱ្យ​អស់​សំណើច ហើយ​មន្ត្រី​ប្រភេទ​នេះ​គួរ​តែ​ទទួល​ទោស​ទៅតាម​ច្បាប់»

ការ​ក្រើន​រំលឹក​សាជាថ្មី​​ឱ្យ​មន្ត្រី​របស់​ខ្លួន​​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់​នេះ អាច​ជា​សារ​នយោបាយ​ទាក់ទាញ​ប្រជា​ប្រិយ​ភាព​របស់​លោក ហ៊ុន សែន ច្រើន​ជាង​ការ​អនុវត្ត​ពិត​ជាក់​ស្ដែង​ ដោយ​សារ​បុរស​ខ្លាំង​រូប​នេះ​ ធ្លាប់​បាន​ព្រមាន​មន្ត្រី​របស់​លោក​​ជា​ច្រើន​ដង អំពី​រឿង​ដក​ហូត​តួនាទី​ ប្រសិនបើ​ពួក​គេ​មិន​បម្រើ​ពលរដ្ឋ​នោះ។ ប៉ុន្តែ មក​ទល់​នឹង​ពេល​នេះ គ្មាន​មន្ត្រី​ណា​ម្នាក់​ត្រូវ​បាន​បញ្ចប់​ពី​មុខ​តំណែង​​ដោយ​សារ​មិន​បម្រើ​ពលរដ្ឋ​ឡើយ។

 

ម្យ៉ាង​វិញ​ទៀត នៅ​ចុង​អាណត្តិ​ទី ៥ នេះ លោក​លោក​ ហ៊ុន សែន​ និង​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន បែរ​ជា​ព្រមាន​​​ថា នឹង​វាយ​បង្ក្រាប​ពលរដ្ឋ​ខ្លួន​ឯង​ទៅ​វិញ ប្រសិន​បើ​ពួក​គេ​ហ៊ាន​ចេញ​មុខ​តវ៉ា​លទ្ធផល​បោះឆ្នោត​ដូច​លើក​មុន​ ហើយ​លោក ហ៊ុន សែន ផ្ទាល់​ថែម​ទាំង​បាន​ប្រកាស​ថា លោក​សោយ​ស្ដាយ​ដែល​មិន​បាន​​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ ដែល​បាន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាម​ទារ​លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នោះ​ទៀត​ផង​។ បន្ថែម​ពី​លើ​នេះ ស្រប​ពេល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​នេះ លោក ហ៊ុន​ សែន និង​មន្ត្រី​មួយ​​ចំនួន​នៃ​របប​ក្រុង​ភ្នំពេញ​​ បែរ​ជា​ប្រឹង​គំរាម​​ និង​​បំភ័យ​ពលរដ្ឋ​ទៅ​វិញ​ថា បើ​​មិន​ទៅ​បោះឆ្នោត​ ពួក​គាត់​អាច​នឹង​មាន​ទោស​ទណ្ឌ ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​ដែល​កំណត់​ថា ការ​បោះឆ្នោត​ គឺ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ប៉ុណ្ណោះ​ ដូច្នេះ​ពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​ គឺ ជា​ការ​សម្រេចចិត្ត​​របស់​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។