ចិន​ថា លោក​ខាងលិច​យក​បញ្ហា​តូច​មក​បំប៉ោង ខណៈ​អ្នកវិភាគ​ថា ចិន​កំពុង​រុញ​កម្ពុជា​ឱ្យ​ប្រឈម​នឹង​អន្តរជាតិ

ដោយ មួង ណារ៉េត
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

ប្រមុខ​ការទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ប្រាប់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ថា ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​របប​នេះ​តទៅទៀត​ក្នុង​កិច្ចការ​អភិវឌ្ឍ ឯករាជ្យភាព និង​ស្ថានភាព​នយោបាយ ជាពិសេស​ក្រុង​ប៉េកាំង​នឹង​ជួយ​ជ្រោមជ្រែង​ក្រុងភ្នំពេញ​ឱ្យ​មាន​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ។ អ្នកវិភាគ និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម ថ្លែង​ថា របប​ក្រុងភ្នំពេញ​គួរ​ប្រឹងប្រែង​ស្ដារ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រទេស​លោក​ខាងលិច​វិញ​ប្រសើរ​ជាង ដោយសារ​ប្រទេស​ទាំងនោះ ជាទី​ផ្សារ​នាំចេញ​ផលិតផល​របស់​កម្ពុជា។

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) បាន​អះអាង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​បន្ត​ជួយ​ជ្រោមជ្រែង​របប​ក្រុងភ្នំពេញ​លើ​គ្រប់​វិស័យ និង​ជួយ​ឱ្យ​កម្ពុជា​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ជា​បន្តបន្ទាប់​រវាង​លោក វ៉ាង វិនធៀន ជាមួយ​នឹង​មន្ត្រី​គ្រាក់ៗ​នៃ​របប​ក្រុងភ្នំពេញ​ទាំង​ក្នុង​ស្ថាប័ន​នីតិបញ្ញតិ្ត និង​ប្រតិបត្តិ មាន​ជាអាទិ៍ ប្រធាន​រដ្ឋសភា លោក ហេង សំរិន ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន និង​អតីត​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង ជាដើម។ មន្ត្រី​ទូត​ថ្មី​រូប​នេះ បាន​ចោទប្រកាន់​ក្រុម​ប្រទេស​លោក​ខាង​លិច​ថា បាន​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​ចិន​មាន​ភាព​ល្អក់កករ។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កេត សុផាន់ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី២៥ ធ្នូ​ថា ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​បាន​ប្រាប់​ទៅ​លោក ប្រាក់ សុខុន ថា ប្រទេស​លោក​ខាងលិច​កំពុង​យក​បញ្ហា​ជនជាតិ​ចិន​នៅ​កម្ពុជា និង​ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​ចិន​លើ​ទឹកដី​ខ្មែរ ទៅ​បំប៉ោង​ជា​រឿង​ធំ ដើម្បី​បង្ក​បញ្ហា​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា លោក ប្រាក់ សុខុន និង​លោក វ៉ាង វិនធៀន បាន​ចាត់​ទុក​បញ្ហា​ទាំងនេះ​ថា ជា​រឿង​តូចតាច ហើយ​ភាគី​ទាំងពីរ​នឹង​សហការ​គ្នា​ដោះស្រាយ៖ «ឯកឧត្ដម​ទូត​បាន​បញ្ជាក់​ច្បាស់​ដែរ​ថា មាន​បរទេស​មួយ​ចំនួន ជាពិសេស លោក​ខាងលិច​តែងតែ​លាប​ពណ៌។ ករណី​តូចតាច ក៏ប៉ុន្តែ​យក​រឿង​នេះ​មក​លាប​ពណ៌​ក្នុង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន​។ ជាទី​បញ្ចប់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្ដម​ទូត​ថា យើង​នឹង​បន្ត​របៀបរបប​ការងារ​ដែល​យើង​មាន​កន្លងមក ហើយ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា។ ហើយ​ជា​ធម្មតា​ទេ ប្រទេស​ដែល​គេ​មិន​សប្បាយ​ចិត្តនឹង​យើង គេ​តែងតែ​យក​រឿង​តូចតាច​បំប៉ោង​ជា​រឿង​ធំ តែ​តាម​ការពិត​ជាក់ស្ដែង​ការ​វិនិយោគ​ធំ​បែបនេះ បាន​នាំមក​នូវ​ផលប្រយោជន៍​ទាំង​សម្រាប់​ប្រទេស​ចិន និង​កម្ពុជា»

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​សង្គម ច្រានចោល​ការ​លើកឡើង​ដែល​ថា ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​របស់​ចិន និង​បញ្ហា​ជនជាតិ​ចិន​នៅ​កម្ពុជា ជា​រឿង​តូចតាច។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ អះអាង​ថា រឿង​ទាំងពីរ​នេះ​សុទ្ធសឹងតែ​ជា​រឿង​ធំ និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា។ លោក​យល់ថា សារ​របស់​ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​ចិន​នេះ ជា​ការ​លើកទឹកចិត្ត​ឱ្យ​របប​ក្រុងភ្នំពេញ យក​កម្ពុជា​ទៅ​ប្រឈមមុខ​នឹង​ក្រុម​ប្រទេស​លោក​ខាងលិច ដែល​បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​អស់​រយៈពេល​ជិត ៣០​ឆ្នាំ ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច និង​រៀបចំ​ប្រទេស​ឡើងវិញ​តាម​គន្លង​ប្រជាធិបតេយ្យ។ លោក​ជឿជាក់​ថា ប្រទេស​ចិន​មិន​អាច​ជួយ​ឱ្យ​កម្ពុជា​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​នោះ​ទេ ព្រោះ​ប្រទេស​ចិន​ខ្លួនឯង​មិនទាន់​ទទួល​បាន​ទំនុក​ចិត្ត​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សហគមន៍​អន្តជាតិ​នៅឡើយ។ ម្យ៉ាងវិញទៀត ប្រទេស​ចិន​មិនមែន​ជា​ទីផ្សារ​នាំចេញ​ផលិតផល​របស់​កម្ពុជា ដូច​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នោះ​ឡើយ៖ «កុម្មុយនិស្ត​តែងតែ​ចាត់​ទុក​សេរីភាព សុវត្ថិភាព ជា​រឿង​តូចតាច ហើយ​រឿង​ធំ​ដែល​កុម្មុយនិស្ត​គេ​គិត គឺ​ការ​ពង្រឹង​អំណាច​ដ៏​រឹងមាំ។ សម្រាប់​ខ្ញុំ រឿង​ទាំងពីរ​នេះ​អាច​ដុត​កម្ទេច​ប្រទេស​ទាំង​ពីរ​បាន។ ឧទាហរណ៍​រឿង​ផែ​សមុទ្រ​ទឹក​ជ្រៅ​ហ្នឹង ប្រសិន​បើ​ជា​ការ​បង្កើត​នូវ​អសន្តិសុខ​តំបន់ តាមរយៈ​ការ​ឃុបឃិត​គ្នា​រវាង​ចិន និង​ក្រុម​លោក ហ៊ុន សែន វា​ជា​រឿង​ដែល​ត្រូវ​ធ្វើ​អន្តរាគមន៍​ដោយ​អាវុធ ដោយ​កម្លាំង​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​គេ​មិន​អាច​ឈរ​មើល​បានទេ។ ចំណុច​ទី​ពីរ រឿង​ជនជាតិ​ចិន​មក​ប្រទេស​កម្ពុជា បង្កើត​ភាព​អានាធិបតេយ្យ ដូចជា ការ​វិនិយោគ​មិន​ត្រឹមត្រូវ ជនជាតិ​ចិន​ខ្លះ​មក​ធ្វើជា​ចោរ ឆក់ ប្លន់ រៀបចំ​បណ្ដាញ​ចោរ​តាម​អ៊ីនធឺណិត រកស៊ី​របៀប​ពេស្យាចារ​អាក្រក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នេះ​ជា​ការ​បញ្ឆេះ​កំហឹង​ពលរដ្ឋ។ វា​អាច​ផ្ទុះឡើង​នូវ​ការ​តវ៉ា​ធំ»

កាលពីដើម​ខែ​វិច្ឆិកា កន្លង​ទៅ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លោក លោក ចាង ឈុនស៊ាន (Zhang Chunxian) បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ប្រទេស​ចិន​មាន​ទីផ្សារ​ធំ​ណាស់ ដូច្នេះ​លោក​នឹង​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ចិន​ដទៃ​ទៀត ឱ្យ​ខិតខំ​ជួយ​ពង្រីក​ទីផ្សារ​ចិន​សម្រាប់​ទំនិញ​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ មិនទាន់​ឃើញ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ឬ​ការ​បញ្ជាទិញ​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​ពី​ប្រទេស​ចិន​នៅឡើយ។ ផ្ទុយទៅវិញ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ បែរជា​បាន​ផ្តល់​ជំនួយ និង​កម្ចី​ជាង ២ រយ​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​របប​ក្រុងភ្នំពេញ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​ចិន​កាន់តែ​ច្រើន។

របប​ក្រុង​ប៉េកាំង​បាន​ក្លាយ​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​របប​ក្រុងភ្នំពេញ ដែល​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ដោយសារតែ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រុង​ប៉េកាំង​បាន​ប្រកាស​គាំទ្រ​ចំណាត់​ការ​លើ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ព្រមទាំង​បាន​ទទួល​ស្គាល់​ការបោះឆ្នោត​បែប​បង្គ្រប់​មុនគេ​ទៀត​ផង។ មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​ក៏បាន​ផ្តល់​ជំនួយ និង​កម្ចី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​របប​លោក ហ៊ុន សែន ព្រមទាំង​ហាមប្រាម​ប្រទេស​ដទៃ ពិសេស​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច កុំ​ឱ្យ​លូកដៃ​ជ្រៀតជ្រែក​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៀត​ផង។

ចំណែក​របប​ក្រុងភ្នំពេញ​វិញ បាន​ប្រកាស​គាំទ្រ​ឥត​ងាករេ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ និង​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​រ៉ែ​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន​យ៉ាង​ច្រើន​ផង​ដែរ។ សំខាន់​ជាង​នេះ របប​លោក ហ៊ុន សែន បាន​ជួយ​សម្រួល​ដល់​អ្នករក​ស៊ី និង​ជនជាតិ​ចិន​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​នៅ​កម្ពុជា។ លោក ហ៊ុន សែន ថែមទាំង​បាន​ចេញ​មុខ​ការពារ​ជនជាតិ​ចិន​ទាំងនោះ​ផង​ដែរ​ថា ពួកគេ​ជា​កម្មករ​ជំនាញ​ដែល​មក​ធ្វើការ​តាម​ការដ្ឋាន​ធំៗ ហើយ​លោក​បាន​ប្រាប់​ទៅ​ពលរដ្ឋ កុំ​ឱ្យ​បារម្ភ​រឿង​នេះ៖ «បងប្អូន​ខ្លះ​កង្វល់​ពី​ចិន​នៅ​កំពង់សោម។ បងប្អូន​អើយ​! សំណង់​ច្រើន​ណាស់ យើង​ផ្ដល់​កម្មករ​ឱ្យ​គេ​មិន​គ្រប់ ជំនាញ​មិន​គ្រប់ អ៊ីចឹង​ត្រូវ​ធ្វើ​ដូចម្ដេច​? ត្រូវ​បើកឱកាស​ដើម្បី​ឱ្យ​គេ​យក​កម្មករ​មក​សាងសង់​ទៅលើ​សំណង់ ដូចជា ស្ពាន ដូចជា​អ្វីមួយ​ចំនួន​នៃ​បច្ចេកទេស ដែល​យើង​មិនទាន់​ទៅដល់​។ ពេល​គេ​កសាង​ហើយ គេ​មិន​នៅ​ស្រុក​ខ្មែរ​នោះ​ទេ។ គេ​ទៅ​ស្រុក​គេ​វិញ​ហើយ កុំ​ឆ្ងល់​ពេក ហើយ​យើង​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​គេ​នៅ​ដែរ»

ទោះជា​យ៉ាងណា តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​សមាជិក គ​.​ជ​.​ប លោក រ៉ុង ឈុន ថ្លែង​ថា សព្វថ្ងៃ​នេះ តំបន់​ដែល​សម្បូរ​ជនជាតិ​ចិន​ស្នាក់នៅ ច្រើន​មាន​បញ្ហា​អសន្តិសុខ និង​គ្មាន​សណ្ដាប់ធ្នាប់ និង​ជា​កន្លែង​ប្រមូល​ផ្តុំ​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។ លោក​ជឿជាក់​ថា ក្រុម​ជនជាតិ​ចិន​ទាំងនោះ មិនមែន​ជា​កម្មករ​ជំនាញ​នោះ​ទេ ដូច្នេះ​លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង​ជាង​នេះ​ចំពោះ​រឿង​ជនអន្តោប្រវេសន៍​ចិន៖ «ដូចជា​នៅ​ខេត្ត​ព្រះសីហនុ​ក្តី ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ ធ្វើ​ឱ្យ​មាន​អសន្តិសុខ ប៉ះពាល់​ដល់​អ្នក​ទេសចរ​ក្នុងស្រុក ក្រៅ​ស្រុក​ក្តី ក៏​ដូច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខរបរ និង​ការងារ​របស់​ប្រជាពលរដ្ឋ។ នេះ​ហើយ​ដែល​យើង​មាន​ក្តី​ព្រួយបារម្ភ ហើយ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាងម៉េច​រឹត​បន្តឹង មាន​វិធានការ​ទប់ទល់​នឹង​ការ​ហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ចិន»

គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ នេះ កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​បំណុល​បរទេស​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ​។ របប​ក្រុងភ្នំពេញ​បាន​បន្ថែម​ថវិកាជាតិ​ដល់​រហូតដល់ ៦ ពាន់ ៧ រយ​លាន​ដុល្លារ កើន​ឡើង​ជាង ១១ភាគរយ ​លើស​ឆ្នាំ​ចាស់ ដើម្បី​បង្គ្រប់​ការ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៩ ខាងមុខ ខណៈ​ចំណូល​ជាតិ​មាន​ត្រឹមតែ​ជាង ៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ របប​នេះ​គ្រោង​នឹង​ខ្ចី​បំណុល​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០១៩ ហើយ​ប្រភព​កម្ចី​ធំជាង​គេ​ទំនងជា​ប្រទេស​ចិន ដោយសារ​ក្រុងភ្នំពេញ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​នឹង​ក្រុង​ប៉េកាំង។ និន្នាការ​បែបនេះ ត្រូវ​បាន​អ្នក​ជំនាញ​វាយតម្លៃ​ថា មិនមែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កម្ពុជា​ជាប់អន្ទាក់​បំណុល​ចិន​ដោះស្រាយ​មិន​រួច។

អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម​យល់ថា របប​ក្រុងភ្នំពេញ​នៅ​មាន​ឱកាស​កែប្រែ​ស្ថានការណ៍​នេះ ដោយ​គ្រាន់តែ​របប​នេះ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ព្រមទាំង​សម្រួល​ទំនាក់​ទំនងជា​មួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច ដើម្បី​ធានា​ថា កម្ពុជា​នឹង​មិន​រង​ទណ្ឌកម្ម​ណាមួយ​ពី​អន្តរជាតិ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល