ប្រទេស​ចិន​សន្យា​ជួយ​របប​ក្រុងភ្នំពេញ​គ្រប់​បញ្ហា រួម​ទាំង​រឿង EBA ផង​ដែរ

ដោយ ហេង រស្មី
2019.04.28
Hun_Sen_Li_Keqiang 012219 លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក លី ឃឺឈាង (Li Keqiang) នាយក​រដ្ឋ​មន្ត្រី​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ កាល​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ប្រទេស​ចិន​សន្យា​ជួយ​របប​លោក ហ៊ុន សែន ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់ ដែល​ក្នុង​នោះ​ក៏​រួមមាន​ទាំង​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផង​ដែរ។ ជំហរ​របស់​មហា​យក្ស​ចិន​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន កាលពី​ថ្ងៃ​ទី​២៧ មេសា កន្លងទៅ​។ សហជីព​ឯករាជ្យ ជឿជាក់​ថា ចិន​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​កាត់ផ្ដាច់​នោះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ភាគី​ចិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួចហើយ ហើយ​បាន​រក​ឃើញ​ថា រឿង​នេះ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ លោក​ថា ភាគី​ចិន​សន្យា​ថា នឹង​រិះរក​វិធី​ជួយ​ដល់​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​បែបនេះ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២៨ មេសា គឺ​មួយថ្ងៃ​បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនិស្ត​ចិន លោក វ៉ាន់ ហូនីង។

លោក ហ៊ុន សែន អះអាង​ទៀត​ថា ភាគី​ចិន​បាន​ចាត់ទុក​កម្ពុជា​ថា ជា​មិត្ត​ដែកថែប ដូច្នេះ​ចិន​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​កម្ពុជា​គ្រប់​បញ្ហា​ទាំងអស់​។ លោក​ក៏បាន​ស្នើ​ឱ្យ​ភាគី​ចិន​បើក​ទីផ្សារ​ថែមទៀត សម្រាប់​ផលិតផល និង​កសិផល​របស់​កម្ពុជា​ផង​ដែរ។

ទោះជា​យ៉ាងណា សហជីព​ឯករាជ្យ​ជឿជាក់​ថា ប្រទេស​ចិន​នឹង​មិន​អាច​ជួយ​ស្រោចស្រង់​កម្ពុជា​បាន​ឡើយ ប្រសិនបើ​សហភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ​” ហៅ​កាត់​ថា EBA នោះ​។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក​គ..ប លោក រ៉ុង ឈុន ថ្លែង​ថា នេះ​គ្រាន់តែ​សារ​នយោបាយ​លួង​ចិត្ត​របស់​មេដឹកនាំ​របប​ក្រុង​ប៉េកាំង​ប៉ុណ្ណោះ។ លោក​ថា ប្រទេស​ចិន​ក៏​ជា​ប្រទេស​នាំចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង ទៅ​លក់​នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែរ ដូច្នេះ​ការ​រំពឹង​ថា ចិន​នឹង​ជួយ​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា​នោះ គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ឡើយ​។ ចំណែក​ការ​រំពឹង​ថា ចិន​នឹង​បើកចំហ​ទីផ្សារ​ទិញ​ទំនិញ​ផ្សេងទៀត​ពី​កម្ពុជា​នោះ ក៏​ទំនងជា​មិន​អាច​ទៅ​រួច​ដូចគ្នា ព្រោះ​ចិន​គឺជា​ប្រទេស​អ្នក​ផលិត​នាំចេញ មិនមែន​ជា​ប្រទេស​នាំចូល​ឡើយ៖ «យើង​មើលឃើញ​ថា បើ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​នឹង​ការងារ​របស់​បងប្អូន​កម្មករ​-​កម្មការិនី និង​អ្នកទទួល​ផលប្រយោជន៍​ពី​កម្មករ​ហ្នឹង​ផង​ដែរ។ អ៊ីចឹង​ចិន​អត់​មានលទ្ធភាព​ជួយ​ស្រោចស្រង់ នៅពេល​​​កម្ពុជា​យើង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ហ្នឹង​ទេ ព្រោះ​ប្រទេស​ចិន​ជា​ប្រទេស​នាំចេញ មិនមែន​ប្រទេស​នាំចូល​ទេ​។​"

សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ថ្លែង​ទៀត​ថា ថ្នាក់ដឹកនាំ​កម្ពុជា​គួរតែ​ស្វែងយល់ និង​ពិចារណា​ឱ្យ​បាន​ច្បាស់​ចំពោះ​ការសន្យា​ទាំងឡាយ​របស់​ចិន ព្រោះ​វិបត្តិ និង​សោកនាដកម្ម ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​ពី​អតីត​កាលនោះ សុទ្ធសឹង​តែ​មាន​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​។ លោក​បន្ថែម​ថា មានតែ​ថ្នាក់ដឹកនាំ​របប​បច្ចុប្បន្ន​ទេ ទើប​អាច​ដោះស្រាយ​វិបត្តិ EBA នេះ​បាន តាមរយៈ​ការអនុវត្ត​លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ​ឡើង នោះ​គឺ​ការ​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ៖ «គេ​គ្រាន់តែ​អ្នកមាន​ឥទ្ធិពល គេ​គ្រាន់តែ​និយាយ​មួយ​ឃ្លា​ទេ​ថា “​អូ​! មិន​អី​ទេ អ្នកឯង​ត្រូវតែ​មាន​ជំនឿ​លើ​យើង​ទៅ យើង​នឹង​ជួយ​កម្ពុជា​”​។ យើង​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ជូរចត់​ជាមួយ​ចិន​ជាច្រើន​កន្លង​មក​ហើយ ហើយ​យើង​មិន​ចង់​ឃើញ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ហ្នឹង​ឡើងវិញ​ទេ។ ធម្មតា គេ​ចេះតែ​ថា ជួយ​ហើយ ប៉ុន្តែ​សំខាន់​គឺ​នៅ​លើ​ជំហរ​យើង​ដែល​ជា​ម្ចាស់​ប្រទេស ម្ចាស់​ស្រុក​។ រឿង​អ្នក​ខាងក្រៅ វា​ជា​រឿង​ដោយឡែក​មួយទៀត​។ គេ​មិន​អាច​យក​ផលប្រយោជន៍​ស្រុក​គេ មក​ជួយ​ស្រោចស្រង់​ស្រុក​យើង​១០០% នោះ​ទេ»

សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួចហើយ កាលពី​ខែ​កុម្ភៈ​កន្លងទៅ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា គ្មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ណាមួយ ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចាប់​ខែ​ពី​ខែ​សីហា​ខាងមុខនេះ រហូតដល់​ដល់​ខែ មករា ឆ្នាំ ២០២០ សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ធ្វើការ​សម្រេចចិត្ត ថា​តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ បើ​នៅ​ខែ មករា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នោះ​សហភាព​អឺរ៉ុប នឹង​ទុក​ពេល​ឱ្យ​របប​ក្រុង​ភ្នំពេញ ៦​ខែ​ទៀត ដើម្បី​ត្រៀមខ្លួន មុននឹង​សេចក្ដី​សម្រេច​នេះ ចូល​ជា​ធរមាន នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ខាងមុខ។

មក​ទល់​នឹង​ពេលនេះ របប​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​មួយ​ចំនួន ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​បន្ត​រកស៊ី​នៅ​កម្ពុជា​តទៅទៀត ទោះជា​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏ដោយ​។ ដំណោះស្រាយ​ទាំងនោះ មាន​ជាអាទិ៍ នយោបាយ​អនុគ្រោះ​ពន្ធ ការ​បន្ថយ​ថ្លៃដើម​សេវា ការសម្រួល​មិន​ឱ្យ​មាន​ភាព​សាំញ៉ាំ​លើ​ការ​ផ្តល់​សេវា សម្រួលការ​ដឹកជញ្ជូន បញ្ចុះតម្លៃ​ផ្ទុក និង​លើកដាក់​កុងតឺន័រ ព្រមទាំង​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី ជាដើម។

ទោះជា​យ៉ាងណា សហជីព​ឯករាជ្យ និង​អ្នកឃ្លាំមើល​សង្គម ថ្លែង​ថា របប​ក្រុងភ្នំពេញ​មិន​គួរ​ជ្រើស​រើស​យក​មធ្យោបាយ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ព្រោះ​កម្ពុជា​នៅ​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប​នៅឡើយ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​។ ពួកគេ​ទទូច​ឱ្យ​របប​នេះ ព្យាយាម​រក​ដំណោះស្រាយ​យ៉ាងណា ឱ្យ​កម្ពុជា​នៅតែ​ទទួល​បាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ បន្ត​ទៅ​ទៀត។

តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក គិត​ជា​ទឹកប្រាក់​ជាង ៨,៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ​។ ទំហំ​ពាណិជ្ជកម្ម​នេះ គឺ​ស្មើនឹង ១​ភាគ​៣ ឬ ៣៨% នៃ​ផល​ទុន​ជាតិ​សរុប (GDP) របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។