កម្ពុជា និង​ចិន ធ្វើ​លំហាត់​យោធា​ខ្នាត​តូច ដើម្បី​ជួយ​សង្គ្រោះ​គ្រោះថ្នាក់​លើ​សមុទ្រ

ដោយ មាន ឫទ្ធិ
2019-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាវា​ចិន ៣គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។
នាវា​ចិន ៣គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។
រូបថត៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ

មន្ត្រី​ព័ត៌មាន​ខេត្ត​ព្រះសីហនុ អះអាង​ថា នាវា​ចិន​ចំនួន ៣​គ្រឿង​ ដែល​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ចំនួន ​៤ថ្ងៃ មិន​មាន​ធ្វើ​សម​យុទ្ធ​យោធា​​ខ្នាត​ធំ នៃ​កងទ័ព​ទាំង​២​ប្រទេស​ទេ គឺ​ត្រឹម​ធ្វើ​លំហាត់​សម​យុទ្ធ​ខ្នាត​តូច ចែក​រំលែក​គ្នា​ទៅវិញ​ទៅមក ដើម្បី​ជួយ​សង្គ្រោះ ករណី​គ្រោះ​ថ្នាក់ លើ​ដែន​សមុទ្រ។ អ្នកវិភាគ​ថា ​សហគមន៍​អន្តរជាតិ អាច​មាន​ការ​សង្ស័យ​ច្រើន ពី​ការ​ចូល​ចត​នាវា​យោធា​ចិន លើក​នេះ ​ដោយសារ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ បង្ហាញ​ជំហរ​ផ្អៀង​ទៅ​រក​ចិន។

ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឱ សារឿន ប្រាប់​អាស៊ី​សេរី​ថា លំហាត់​សម​យុទ្ធ​ខ្នាត​តូច ដើម្បី​ចែក​រំលែក​ពី​ការ​ជួយ​សង្គ្រោះ​លើ​ដែន​សមុទ្ទ រវាង​កម្ពុជា និង​ចិន បាន​​បញ្ចប់​ហើយ ខណៈ​ប្រតិភូ នាវា​ចិន ក៏​បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ​រួចរាល់​ហើយ​ដែរ។

អ្នក​នាំ​ពាក្យ​រូប​នេះ ប្រាប់​ថា ការ​ចូល​ចត​នាវា​ចិន រយៈពេល​៤ថ្ងៃ ​នៅ​ខេត្ត​ព្រះសីហនុ ជា​ការ​ធម្មតា​ដែល​តែង​ធ្វើឡើង ​ជា​រឿង​រាល់​ឆ្នាំ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា និង​ចិន លើ​គ្រប់​វិស័យ ក្នុង​នាម​​ប្រទេស​ជា​មិត្ត៖ «រឹត​ចំណង​សាមគ្គី​ភាព​នូវ​ដំណើរ​ទស្សនៈ​កិច្ច​ប្រ​ចាំ​ឆ្នាំ​ដែល​ទា​ហ៊ាន​កង​ទ័ព​ចិន​តែង​តែ​ធ្វើ​ដូច​ដែរ​ឆ្នាំ​កន្លង​ទៅ​ដែរ។គ្រាន់​តែ​ធ្វើ​លំហាត់​ទ្រង់​ទ្រាយ​តូច​ដូច​ជា​ការ​សង្គ្រោះ​​បឋម​ ឬ​ការ​វៃ​យក​ទី​វាទ​ទៅ​វិញ​ទៅ​មក​​ពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​នា​វា​តែ​ប៉ុណ្ណឹង​ទេ។មិន​មាន​អ្វី​ក្រៅ​ពី​នឹង​ទេ​មិន​មាន​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធភណ្ឌ​អី​ទេ។ ផ្ដល់​ជា​បទ​​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​អាស៊ាន​ចិន»

នាវា​​​កងទ័ព​ជើង​ទឹក​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ចំនួន ៣គ្រឿង​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ មករា នៅ​ក្នុង​ដំណើរ​​​​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ រហូតដល់​ថ្ងៃ​ទី១២ មករា។ ​គេហទំព័រ​ហ្វេសប៊ុក (facebook Page) ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ​សរសេរ​ថា ក្នុង​ចំណោម​ នាវា​ទាំង ៣គ្រឿង​នោះ មាន​ពីរ​គ្រឿង​ជា​នាវា​ចម្បាំង និង​មួយ​គ្រឿង​ទៀត​ជា​នាវា​ផ្គត់ផ្គង់ ដែល​មាន​កង​នាវិក​ សរុប​ចំនួន ៦៩៥នាក់ ដឹក​នាំ​ដោយ​ លោក ស៊ូ ហៃហួរ (Xu Haihua) ជា​មេបញ្ជាការ។

ចំណែក អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ​សរសេរ​លើ​​ហ្វេសប៊ុក​ ថា ​គណៈប្រតិភូ​នាវា​កង​ទ័ព​ជើង​ទឹក​ចិន​ ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កង​យោធពល​ខេមរភូមិន្ទ និង កង​ទ័ព​រំដោះ​ប្រជាជន​ចិន និង​ដើម្បី​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ ជាមួយ កង​ទ័ព​ជើង​ទឹក ​របស់​កម្ពុជា។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី យល់ថា​ ការ​ចូល​ចត​នាវា​របស់​ចិន នៅ​ខេត្ត​ព្រះសីហនុ នេះ ទោះបី​មន្ត្រី​របប​ក្រុង​ភ្នំពេញ ចាត់ទុកជា​រឿង​ធម្មតា​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ខ្សែ​ភ្នែក​សហគមន៍​អន្តរ​ជាតិ ពិសេស​សហរដ្ឋ​អាមេរិក មិន​គិត​ធម្មតា​ទេ ព្រោះ​រយៈ​ពេល​ចុង​ក្រោយ​នេះ របប​ក្រុង​ភ្នំពេញ ហាក់​ បង្ហាញ​ជំហរ​រិះគន់​អាមេរិក និង​លើក​តម្កើង​សរសើរ​ចិន ជា​ញឹក​ញាប់ ស្រប​ពេល​​សហរដ្ឋ​អាមេរិក សង្ស័យ​ ពី​វត្ត​មាន​ពិត​ប្រាកដ​របស់​កងទ័ព​ចិន នៅ​លើ​ទឹកដី​កម្ពុជា៖ «ការ​បង្ហាញ​ឲ្យ​រាជ​រដ្ឋាភិបាល​បង្កើន​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ស្គាល់​ពី​អន្តរ​ជាតិ​ហើយ​វា​ជា​​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា​ចិន​វា​ជា​បញ្ហា​រសើប​មួយ​ដែរ​ដែល​ធ្វើ​​​​ឲ្យ​មាន​ការ​ជម្លោះ​ការ​នៃ​ប្រជុំ​ដែន​កោះ»

កាលពីចុងឆ្នាំ២០១៨ អាមេរិក​ធ្លាប់​ប្រាប់​កម្ពុជា​ថា ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​យោធា​ទឹក​នៅ​កម្ពុជា ទំនាក់ទំនង​ខ្មែរ និង​អាមេរិក​នឹង​មាន​ផល​វិបាក​របប​លោក ហ៊ុន សែន បន្ត​បដិសេធ​ការ​លើក​ឡើង​របស់​អាមេរិក​នេះ។

កាល​ពី​ឆ្នាំ២០១៧ របប​ក្រុង​ភ្នំពេញ​ បាន​លុប​​ចោល​សម​យុទ្ធ​យោធា ឈ្មោះ ឆ្មាំ​អង្គរ ជាមួយ​សហរដ្ឋ​អាមេរិក និង​លុប​ចោល​សម​យុទ្ធ​យោធា​ ឈ្មោះ ដន គោព្រៃ (Dawn Kouprey) ជាមួយ​អូស្ត្រាលី ហើយ​​​មក​ដល់​ពេល​នេះ របប​​ក្រុង​ភ្នំពេញ ​មិន​បាន​បង្ហាញ​ចេតនា​ណា​មួយ​ ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​សម​យុទ្ធ​យោធា​ ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នេះ​ ជា​ថ្មី​ទៀត​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល