ប្រមុខ​ការទូត​របប​ក្រុង​ភ្នំពេញ​បដិសេធ​ជាថ្មី​​​ទៀត រឿង​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា

ដោយ សេក បណ្ឌិត
2019-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាវា​ចិន ៣គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។
នាវា​ចិន ៣គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ហ្វឹកហ្វឺន​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា។
រូបថត៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ

របប​ក្រុង​ភ្នំពេញ​បន្ត​បដិសេធ​ជា​ថ្មី​ទៀត​ពាក់ព័ន្ធ​នឹង​រឿង​លទ្ធភាព​នៃ​ការ​កកើត​​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា។ របប​នេះ​អះអាង​ថា កម្ពុជា​មិន​ត្រូវ​ការ​វត្តមាន​កង​ទ័ព​បរទេស ដើម្បី​វាយ​ប្រហារ​ទៅលើ​អ្នក​ណា​នោះ​ទេ។ អ្នកវិភាគ​ជឿជាក់​ថា ក្រុម​ប្រទេស​លោក​ខាងលិច​មិន​ទាន់​អស់​ចិត្ត​នឹង​រឿង​មូលដ្ឋាន​ទ័ព​កង​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ ទើប​ក្រុម​ប្រទេស​ទាំងនោះ​នៅ​តែ​បន្ត​​សួរ​ដេញ​ដោល​របប​ក្រុង​ភ្នំពេញ​បែប​នេះ។

ប្រមុខ​ការទូត​របប​ក្រុង​ភ្នំពេញ​បាន​អះអាង​ជាថ្មី​ម្ដង​ទៀត​ថា របប​នេះ​​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​​កងទ័ព​ចិន​​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក​ ប្រាក់ សុខុន ជាមួយ​នឹង​ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី លោក ស្កុត រ៉ាយអិន (Scott Ryan) កាល​ពី​ថ្ងៃ​ទី១៩ មករា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កេត សោផាន់ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​ ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី​ថា របប​ដឹក​នាំ​បច្ចុប្បន្ន​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្ត​មាន​កង​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ។

ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ បាន​ក្លាយ​ជា​រឿង​ដ៏​រសើប​នៃ​សន្តិសុខ​តំបន់ រហូតដល់​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ប្រាប់​ទៅ​លោក​ ហ៊ុន ​សែន ​អំពី​កង្វល់​ចម្បង​បំផុត​របស់​សហរដ្ឋ​​​​អាមេរិក​​ ​និង​បាន​​ព្រមាន​របប​ក្រុង​ភ្នំពេញ​​ថា ​បើ​មាន​រឿង​បែបនេះ​កើតឡើង​មែន​នោះ វា​​នឹង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​​ទាំង​ពីរ។

ក៏​ប៉ុន្តែ​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ​ជា​បន្ត​បន្ទាប់ ហើយ​ប្រកាស​ថា របប​របស់​លោក​នឹង​មិន​រំលោភច្បាប់​ឱ្យ​បរទេស​ដាក់​កងទ័ព​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​កម្ពុជា​ជា​ដាច់​ខាត។ លោក​បាន​ចោទ​ប្រកាន់​ទៅ​វិញ​​​ថា ​ការ​លើក​ឡើង​ពី​កង្វល់​នេះ​ ​គឺជា​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច​ ដើម្បី​រក​លេស​​មួលបង្កាច់ ​និង​ទម្លាក់​កំហុស​ដាក់​របប​របស់​លោក​ប៉ុណ្ណោះ៖ «ទោះបី​ជា​យើង​មាន​សមត្ថភាព​កែ​រដ្ឋ​ធម្មនុញ្ញ​ ក៏​យើង​ខ្ញុំ​មិន​កែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​បរទេស​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​មាន​លទ្ធ​ភាព​​បញ្ជូន​កង​ទ័ព​ទៅ​បរទេស ​មិនមែន​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ថ្លែង​ថា ក្នុង​ក្របខ័ណ្ឌ​ច្បាប់ លោក ហ៊ុន សែន ទំនងជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ ក៏ប៉ុន្តែ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​ លោក​ជឿ​ជាក់​ថា លោក​ ហ៊ុន សែន អាច​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ រួម​ទាំង​ការ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​ឈរជើង​ដោយ​សម្ងាត់​នៅ​លើ​ទឹក​ដី​កម្ពុជា​ផង​ដែរ។ លោក​បន្ត​ថា ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​ បណ្ដាក់​គ្នា​សួរ​នាំ​លោក​ ហ៊ុន សែន លើ​បញ្ហា​នេះ ទោះបី​ជា​របប​នេះ​បាន​បដិសេធ​ជា​ច្រើន​ដង​រួច​ទៅ​ហើយ​ក្តី៖ «ការ​បណ្ដាក់​គ្នា​របស់​គេ​នេះ គឺ​ចង់​បញ្ជាក់​ថា​ ពិភព​លោក​មិន​គាំទ្រ​នោះ​ទេ ​​ជាពិសេស​ពិភព​លោក​​នៃ​អ្នក​ប្រជាធិបតេយ្យ​ ហើយ​កម្លាំង​នៃ​ពិភព​លោក​អ្នក​ប្រជាធិបតេយ្យ​ហ្នឹង ​គឺ​ខ្លាំង​ណាស់ ធំ​ណាស់។ ហើយ(គេ)​ចង់​បញ្ជាក់​ប្រាប់​លោក​ ហ៊ុន សែន ​ថា ​កុំ​ឱ្យ​ផ្អៀង​ គឺ​(របប​ក្រុង​ភ្នំពេញ)ទប់​ស្ថានការណ៍​ហ្នឹង​មិនបាន​ទេ​ ទោះបី​ជា​គាត់​ជិត​ស្និទ្ធ​​ជាមួយ​ចិន​ប៉ុនណា​ក៏ដោយ​។ នេះ​ជា​ការ​រំឭក​ផង ព្រមាន​ផង។ លោក ហ៊ុន សែន​ច្បាស់​ជា​យល់​ហើយ ​ប៉ុន្តែ​តើ​​​​គាត់​ជ្រើស​រើស​យក​ផ្លូវ​ដើម្បី​ប្រទេស​ជាតិ​បាន​សុខ ​ឬ​គ្រាន់​តែ​​ធ្វើ​ក្នុង​លក្ខខ័ណ្ឌ​ ទប់​អំណាច​របស់​គាត់? អា​ហ្នឹង​ជា​ជម្រើស​របស់​គាត់»

តំបន់​ដែល​ត្រូវ​បាន​សង្ស័យ​ថា អាច​មាន​ការ​កសាង​មូលដ្ឋាន​កង​ទ័ព​ចិន​នោះ គឺ​នៅ​ក្នុង​ខេត្ត​កោះកុង ដោយ​សារ​ផ្ទៃដី​ជាប់​មាត់​សមុទ្រ​ ​ទំហំ​ជាង ៤ម៉ឺន ៥ពាន់​ហិកតារ​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ផ្ដល់​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​មាន​ឈ្មោះ Union Development Group UDG រយៈពេល​ ៩៩ ឆ្នាំ។ លទ្ធភាព​​នៃ​ការ​កកើត​មូលដ្ឋាន​កងទ័ព​ចិន​នោះ គឺ​តាម​រយៈ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​ក្រុមហ៊ុន​មួយ​នេះ ដែល​អាច​ឱ្យ​នាវា​ចម្បាំង​ចិន​ចូល​ចត​បាន​ ហើយ​បើ​តាម​កាសែត កាសែត ឌឹ អេស៊ា ថាមស៍ (The Asia Times) កម្ពុជា​អាច​នឹង​​ក្លាយ​ជា​ចំណុច​ស្នូល​​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​ទៀត​ ដោយ​សារ​តែ​របប​លោក ហ៊ុន សែន ​ងាក​រេ​ខ្លាំង​ពេក​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត។

កាល​ពី​ពេល​ថ្មីៗនេះ របប​ក្រុង​ភ្នំពេញ​ទើប​តែ​បាន​ទទួល​នាវា​ចម្បាំង​ចិន​ចំនួន​ ៣ គ្រឿង ឱ្យ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ជា​ដំណើរ​ទស្សន​កិច្ច​ដែល​របប​ក្រុង​ភ្នំពេញ​អះអាង​ថា ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព និង​បង្កើន​​កិច្ច​សហប្រតិបត្តិ​ការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ លើស​ពី​នេះ ក្រុង​ភ្នំពេញ​ និង​ប៉េកាំង​ក៏​កំពុង​ត្រៀម​រៀប​ចំ​សម​យុទ្ធ​យោធា​នាគ​មាស​​​ទ្រង់​ទ្រាយ​ធំ​​​ផង​ដែរ ក្នុង​ឆ្នាំ ២០១៩ នេះ ខណៈ​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក និង​អូស្ត្រាលី មិន​ត្រូវ​បាន​របប​​លោក ហ៊ុន សែន លើក​យក​មក​និយាយ​ទៀត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល