មន្ត្រីជាន់ខ្ពស់ចិននឹងមកប្រជុំនៅកម្ពុជាពីថ្ងៃទី២៩-៣១ ធ្នូ
2014.12.24
ក្រសួងការបរទេសកម្ពុជា ប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ធ្នូ ថា ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក យ៉ាង ជាឈី (Yang Jiechi) នឹងដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៩ ដល់៣១ ខែធ្នូ ឆ្នាំ២០១៤។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងលោក យ៉ាង ជាឈី នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការនេះ។
សេចក្ដីជូនព័ត៌មានបញ្ជាក់ដែរថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ នឹងមានការចុះហត្ថលេខាលើឯកសារចំនួន ៨ មានដូចជា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ជំនួយឥតសំណងចំនួន ៧០០លានយ័ន និងសម្រាប់កម្ចីឥតការប្រាក់ចំនួន ២០០លានយ័ន លិខិតប្ដូរសារស្ដីពីការផ្ដល់ម៉ាស៊ីនអេកូចំនួន ២០០គ្រឿង លិខិតប្ដូរសារស្ដីពីគម្រោងរៀបចំផែនការបណ្ដាញផ្លូវថ្នល់នៅកម្ពុជា លិខិតប្ដូរសារស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការសេកកិច្ច និងបច្ចេកទេសសម្រាប់អគារមិត្តភាព លិខិតប្ដូរសារស្ដីពីគម្រោងសាងសង់អគារសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជា ពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួង ការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន ព្រមទាំងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងក្រសួងអប់រំនៃប្រទេសទាំង២។
ក្រៅពីនេះ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ លោក យ៉ាង ជាឈី ក៏នឹងចូលបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕