សង្គម​ស៊ីវិល​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ដើរ​ធាក់​ថយ​ក្រោយ

ដោយ សុ ជីវី
2019-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អំ សំអាត (ឆ្វេង) ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លីកាដូ និង​លោក កន សាវាង្ស មន្ត្រី​ផ្នែក​អង្កេត​អង្គការ ខុមហ្វ្រែល។
លោក អំ សំអាត (ឆ្វេង) ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លីកាដូ និង​លោក កន សាវាង្ស មន្ត្រី​ផ្នែក​អង្កេត​អង្គការ ខុមហ្វ្រែល។
រូប៖ RFA និង​ហ្វេសប៊ុក​លោក កន សាវាង្ស

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត និង​សិទ្ធិមនុស្ស មើល​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​វិបត្តិ ដែល​ទាម​ទារ​ឱ្យ​មានការ​ស្ដារ និង​ពង្រឹង​ឡើង​វិញ​ជា​ចាំបាច់។ ពួក​គេ​បន្ត​ថា ទោះបី​ជា​លិទ្ធិ​ប្រជាធិបតេយ្យ​មិន​មាន​ស្តង់​ដារ​ដូច​គ្នា​តាម​ប្រទេស​នីមួយៗ​ក៏​ដោយ ក៏​លិទ្ធ​នេះ​មាន​គោលការណ៍​រួម​តែ​មួយ​ដូចគ្នា​ដែរ នោះ គឺ​ការ​គោរព​សិទ្ធិមនុស្ស និង​ឱ្យ​តម្លៃ​លើ​សិទ្ធិ​សេរីភាព​ជា​ធំ។

អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​មាន​ដំណើរ​ការ​ធាក់​ថយ​ក្រោយ ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ដែល​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដំណើរ​ការ​ទៅ​មុខ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់​សម្គាល់​ថា មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ មិន​ត្រូវ​បាន​គោរព​ឱ្យ​បាន​ពេញ​លេញ​នោះ​ឡើយ។ លោក​ថា ឧទាហរណ៍​ដែល​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នោះ មាន​ជាអាទិ៍ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ដៃ​គូ​ប្រកួត​ប្រជែង​ធំ​ជាង​គេ​របស់​បក្ស​កាន់​អំណាច​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​អវត្តមាន​បក្ស​ប្រឆាំង​ធំ​ជាង​គេ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ការ​បិទ​សារព័ត៌មាន​ឯករាជ្យ និង​ការ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ ឬ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ជាដើម៖ «នៅ​ស្រុក​យើង​ បើ​និយាយ​ពី​ប្រជាធិបតេយ្យ យើង​សួរ​ថា​មាន​ទេ? អា​ហ្នឹង​យើង​ទទួល​ស្គាល់​ថា វា​មាន។ ប៉ុន្តែ​សួរ​ថា វា​មាន​កម្រិត​ប៉ុន​ណា? អា​ហ្នឹង​ជា​ចំណុច​ដែល​យើង​ត្រូវ​ពិភាក្សា​គ្នា។ ខ្ញុំ​យល់​ឃើញ​ថា ចំណុច​ខ្លះ​វា​ដើរ​ថយ​ក្រោយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​មែន»

ប្រតិកម្ម​របស់​អ្នក​ជំនាញ​ខាង​ការបោះឆ្នោត​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ពង្រឹង មិន​មែន​ធាក់​ថយ​ក្រោយ​នោះ​ឡើយ។

លោក ស ខេង បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី២១ មេសា​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ ព្រោះ​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​តែ​មាន​ មិន​បាត់​បង់​ទៅ​ណា​ឡើយ។ លោក​បកស្រាយ​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង៤០ ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់ មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ៥ពាន់​អង្គភាព មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើស​លប់ និង​ជា​ពិសេស​មាន​ការ​បោះ​ឆ្នោត​ជាច្រើន​លើក​ច្រើន​សារ៖ «កម្ពុជា​អាច​និយាយ​ជា​ចុង​ក្រោយ​ថា គ្មាន​ផ្លូវ​ណា​ក្រៅ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​​ទេ ដែល​អាច​ឱ្យ​កម្ពុជា​រស់​បាន ទៅមុខ​បាន។ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ប្ដេជ្ញា ដើម្បី​ការពារ និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​បន្ត​ទៅ​ទៀត»

ទោះ​ជា​យ៉ាង​ណា ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត អះអាង​ថា ចំនួន​ច្រើន​នៃ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​មែន​ឆ្លុះ​បញ្ចាំង​ថា​ ប្រជាធិបតេយ្យ​កម្ពុជា​មាន​ដំណើរ​ការ​ទៅមុខ​នោះ​ឡើយ។ លោក​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ​ទៅ​មុខ​បាន​ ទាល់​តែ​គោលការណ៍​គ្រឹះ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ ត្រូវ​បាន​គោរព​ឱ្យ​បាន​ពេញ​លេញ មិន​មែន​ជា​ប្រជាធិបតេយ្យ ដែល​គូសវាស​ដោយ​ក្រុម​អ្នក​កាន់​អំណាច​នោះ​ឡើយ។ លោក​បន្ថែម​ថា ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​កំពុង​វិវឌ្ឍ​ថយ​ក្រោយ បើ​យោង​តាម​របាយការណ៍​ទាំងឡាយ និង​ជាពិសេស​ការ​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប ក្នុង​បរិបទ​នៃ​បញ្ហា EBA«កម្ពុជា​គួរ​តែ​បើក​ទូលាយ​ឱ្យ​មាន​លំហ​នៃ​ការ​គោរព​សិទ្ធិមនុស្ស ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ របស់​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​សារព័ត៌មាន​ទាំង​ឡាយ ព្រោះ​បើ​យើង​មើល​ទៅ​សង្គម​ស៊ីវិល​ក្ដី គណបក្ស​នយោបាយ​ក្តី និង​សារព័ត៌មាន​ក្ដី វា​សុទ្ធតែ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឱ្យ​គណបក្ស​ ឬក៏​អ្នក​កាន់​អំណាច ឬ​កាន់​រដ្ឋាភិបាល​ហ្នឹង មើល​ឃើញ​ថា តើ​ខ្លួន​នៅ​មាន​ការ​ខ្វះខាត​អី ដើម្បី​ធ្វើ​ការ​កែ​លម្អ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ហ្នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បាន»

អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ពី​ភាព​ចាំបាច់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ រដ្ឋាភិបាល​គួរ​តែ​ប្រឹង​ប្រែង​រក​ដំណោះស្រាយ​បញ្ហា​ទាំងនេះ តាម​រយៈ​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ ដែល​ចង់​ឱ្យ​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល