ក្រុម​សង្គម​ស៊ីវិល ស្នើសុំ​រដ្ឋាភិបាល ឲ្យ​បើក​ទូលាយ​សេរីភាព និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា

ដោយ សុ ជីវី
2019-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិវាសង្គមស៊ីវិល លើកដំបូង ធ្វើ​នៅ​សណ្ថាគារ​កាំបូឌីយ៉ាណា ភ្នំពេញ ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០១៩។
ទិវាសង្គមស៊ីវិល លើកដំបូង ធ្វើ​នៅ​សណ្ថាគារ​កាំបូឌីយ៉ាណា ភ្នំពេញ ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Cooperation Committee for Cambodia-CCC

ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សង្គម​ស៊ីវិល​លើក​ដំបូង នៅ​ថ្ងៃ​ទី១៩ មីនា បាន​ស្នើសុំ​រដ្ឋាភិបាល ឲ្យ​បើក​ទូលាយ​សិទ្ធិ​សេរី​ភាព​របស់​សង្គម​ស៊ីវិល និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​បញ្ហា​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ ដូច​ជា លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​ការពារ​សិទ្ធិ​មនុស្ស ការ​ជំរុញ​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ជា​ដើម។

ទិវា​សង្គម​ស៊ីវិល​លើក​ដំបូង​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ភាព​ជា​ដៃគូ​ប្រកប​ដោយ​ការ​ចូលរួម​ពី​គ្រប់​ភាគី សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ និង​ប្រកប​ដោយ​ចិរភាព ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ប្រមាណ ៣០០នាក់​ចូលរួម។ ភាគី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សុទ្ធតែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​លំហ​សេរីភាព​ដែល​នៅ​តែ​មាន​សភាព​រឹតត្បិត។

នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) លោក សឿង សារឿន មានប្រសាសន៍ថា ការ​បង្កើត​ច្បាប់​មួយ​ចំនួន និង​ស្ថានភាព​នយោបាយ​អាប់អួ​នា​ពេល​កន្លង​មក​នេះ​ គឺ​ផ្ដល់​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ខ្លាំង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ប្រតិបត្តិការ​របស់ អង្គការ​សង្គម​ស៊ីវិល៖ «ការ​ស្នើសុំ​របស់​យើង គឺ​ជំរុញ​ឲ្យ​មាន​ភាព​ជា​ដៃគូ​រវាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល និង​វិស័យ​ឯកជន។ ទី២ ស្នើសុំ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​អំណោយ​ផល​ទាំង​ក្របខ័ណ្ឌ​គតិយុត្តិ​ទាំង​ភាព​ជា​ដៃគូ ពាក់ព័ន្ធ និង​ការ​សហការ​ទូទៅ ដល់​អង្គការ​សង្គម​ស៊ីវិល​គ្រប់​វិស័យ ដើម្បី​ឲ្យ​លោក​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​បាន​ប្រសើរ។ មួយ​ទៀត​សូម​សំណូមពរ​ជាក់លាក់​ឲ្យ​ពិនិត្យ ឡើង​វិញ​នូវ​ក្របខ័ណ្ឌ​គតិយុត្តិ​មួយ​ចំនួន ដូច​ជា​ច្បាប់​ស្ដីពី​អង្គការសមាគម​មិនមែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ច្បាប់​ទាំង​អស់​នោះ សម្របសម្រួល​ដល់​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ រៀបរាប់​ថា បរិយាកាស ឬ​លំហ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​មាន​ការ​រឹតត្បិត​ខ្លាំង​ដដែល ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​បើក​ទូលាយ​សេរីភាព​ក្តី។ លោក​បន្ត​ថា អាជ្ញាធរ​តែងតែ​ហាម​ឃាត់​មិន​ឲ្យ​ជួបជុំ និង​តាម​ដាន​ស៊ើបអង្កេត​គ្រប់​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល និង​តែង​តែ​លាប​ពណ៌​ផ្សេងៗ ទៀត​ផង៖ «យើង​ឃើញ​ថា សូម្បី​តែ​យើង​ទៅ​បង្រៀន​ប្រជាពលរដ្ឋ កសិករ ឲ្យ​ចេះ​របៀប​ចិញ្ចឹម​មាន់​នៅ​ខេត្ត​ស្វាយរៀង ក៏​គេ​មិន​ឲ្យ​ធ្វើ ហើយ​យើង​ប្រជុំ​នៅ​តាម​ខេត្ត​ផ្សេងៗ ដូច​សមាគម​របស់​ខ្ញុំ​មាន​សាខា​នៅ​ខេត្ត​បន្ទាយមានជ័យ សៀមរាប បាត់ដំបង ព្រះសីហនុ ក៏​គេ​មិន​អនុញ្ញាត រារាំង និង​តែងតែ​រក​លិខិត​អនុញ្ញាត»

ក្នុង​ទិវា​សង្គម​ស៊ីវិល​នេះ មាន​ការ​ជជែក​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន ដូចជា ភាព​ដៃគូ​ប្រកប​ដោយ​ការ​ចូលរួម​ពី​គ្រប់​ភាគី ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព និង​ប្រជាធិបតេយ្យ បរិយាកាស​អំណោយ​ផល​របស់​អង្គការ​សង្គម ស៊ីវិល និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ការ​អភិវឌ្ឍ​ធនធាន មនុស្ស អភិបាលកិច្ច​ល្អ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ បន្ថែម​ពី​នេះ ក៏​មាន​ការ​ជជែក​អំពី​គោលដៅ​ទី១៦ នៃ SDG ស្ដីពី​សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​គោល​នយោបាយ​ជា​ដើម។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ដៃគូ​ដែល​មាន​សារៈសំខាន់​ក្នុង​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ។ លោក​អះអាង​ថា រដ្ឋាភិបាល​តែងតែ​លើក​ទឹក​ចិត្ត​តាម​គ្រប់​រូបភាព​ដល់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដែល​កំពុង​ធ្វើ​សកម្មភាព​បម្រើ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​ធ្វើ​សកម្មភាព​គាំពារ​លើកស្ទួយ​គោល ការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា ។ លោក ប៊ុន ហុន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​សង្គម​ស៊ីវិល ធ្វើការ​សហការ​គ្នា​ឲ្យ​បាន​ល្អ៖ «ចំណុច​នេះ​សូម​ឲ្យ​ទាំង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ទាំង​អស់​គ្នា។ យើង​ជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដូច​គ្នា​ទេ។ ធ្វើ​ការ​ជាមួយ​គ្នា គឺ​ត្រូវ​ស្និទ្ធស្នាល​គ្នា សហការ​គ្នា។ មាន​ការ​អី​និយាយ​គ្នា​ត្រង់ៗ។ អ៊ីចឹង​ចំណុច​នេះ សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជួយ​ធ្វើ​កិច្ចការ​នេះ​ផ្ទាល់​ជាមួយ​នឹង​មូលដ្ឋាន​សិន ជា​មួយ​ថ្នាក់​ស្រុក ជាមួយ​ថ្នាក់​ខេត្ត។ បើ​ដោះ​មិន​ចេញ មក​ខាង​ខ្ញុំ​ថ្នាក់​ជាតិ ដើម្បី​យើង​ចូលរួម​ដោះស្រាយ​ជាមួយ​គ្នា»

ថ្វី​ដ្បិត​របប​ក្រុង​ភ្នំពេញ ទទួល​ស្គាល់​ថា អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ និង​ធានា​ឲ្យ​មាន​តម្លាភាព គណនេយ្យ​ភាព​សង្គម និង​អភិបាល​កិច្ច​ល្អ បំបាត់​អំពើ​ពុក​រលួយ​ក្ដី ប៉ុន្តែ​របប​នេះ​ក៏បាន​បើក​ការ​បង្ក្រាប និង​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ​លើ​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​រិះគន់​ដទៃ​កាល​ពី​ឆ្នាំ២០១៧។ បន្ថែម​ពី​នេះ របប​ក្រុង​ភ្នំពេញ ក៏​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស តាម​រយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ឆ្នោត​ក្លែង​ក្លាយ ក្រោយ​រម្លាយ​បក្ស​ប្រឆាំង និង​ប្លន់​អាសនៈ​បក្ខ​នេះ តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​ពាក់​កណ្ដាល​​នគរ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល