សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​រិះគន់​ការ​ដឹក​នាំ​អាស៊ាន​របស់​លោក ហ៊ុន សែន ដែលមិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ភូមាបាន

ដោយ មាន ឫទ្ធិ
សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​រិះគន់​ការ​ដឹក​នាំ​អាស៊ាន​របស់​លោក ហ៊ុន សែន ដែលមិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ភូមាបាន (ឆ្វេង) លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និង​ (ស្ដាំ) លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​ជា​ប្រេសិតពិសេសអាស៊ាន ចាប់ដៃ​លោក មីន អ៊ុងលាំង មេដឹកនាំរបបសឹកភូមា​ (មីយ៉ាន់ម៉ា) ក្នុងជំនួប កាល​ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ពីពលរដ្ឋ និងហ្វេសប៊ុកក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មេ​ដឹកនាំ​អាស៊ាន​ប្ដូរ​វេន​ថា ហាក់​គ្មាន​តម្លៃ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ។ ប្រតិកម្ម​នេះ ធ្វើឡើង បន្ទាប់​ពី​របប​សឹក​ភូមា បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ចំនួន ៤នាក់ កាល​ពី​ថ្ងៃ​ទី២៥ កក្កដា។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ លើក​ឡើង​ថា ប្រសិន​បើ​កម្ពុជា​ក្នុង​នាម​ប្រធាន​ប្ដូរ​វេន​អាស៊ាន​មាន​វិធានការ​តឹងរ៉ឹង​ជាមួយ​របប​សឹក​ភូមា​តាំង​ពី​ដំបូង​មក​នោះ ម្ល៉េះ​សម​របប​សឹក​ភូមា​មិន​ហ៊ាន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ជាប់​ឃុំ​នយោបាយ​តាម​អំពើ​ចិត្ត​បែប​នេះ​ឡើយ។

របប​សឹក​ភូមា​បាន​ប្រកាស​ពី​ការ​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ ៤នាក់ កាលពីថ្ងៃទី២៥ កក្កដា។ ភ្លាមៗ ក្រោយ​ពី​ការ​ប្រកាស​កាត់​ទោស​ប្រហារ​ជីវិត​នេះ សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​នានា នៅ​ជុំវិញ​ពិភពលោក និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន (ASEAN) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ភូមា​ជុំ​ទិស។ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន (ASEAN) កាល​ពី​ថ្ងៃ​ទី២៥ ខែកក្កដា ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បរិហារ​ទង្វើ​នេះ ដោយ​ប្រើ​ភាសា​ធ្ងន់ៗ ថា ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​តែ​មួយ​សប្ដាហ៍​មុន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ គឺ​ជា​ទង្វើ៖ «មិន​អាច​អត់​ឱន​បាន​ធ្ងន់ធ្ងរ​ណាស់»។ អាស៊ាន​អំពាវនាវ​យ៉ាង​ខ្លាំងក្លា និង​ជា​បន្ទាន់​ដល់​ភាគី​ទាំង​អស់​ឱ្យ​ជៀសវាង​នូវ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ធ្វើ​ឱ្យ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប រារាំង​ដល់​ការ​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ទាំង​នៅ​មីយ៉ាន់ម៉ា និង​ក្នុង​តំបន់​ទាំង​មូល»

Kyaw_Min_Yu_aka_Ko_Jimmy_and_Phyo_Zeya_Thaw_NLD_MP_capital_punishment_by_Junta_072522_RFA.jpeg
លោក កូ ជីមម៉ី (Ko Jimmy) ឈ្មោះពិត Kyaw Min Yu និងលោក ផ្ចូ សេយ៉ាថរ (Phyo Zeya Thaw) អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ដែលត្រូវបានរបបសឹកភូមាប្រហារជីវិត កាល​ពី​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២២។ RFA

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើក​ឡើង​ថា ការ​កាត់​ទោស​ប្រហារ​ជីវិត​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៤នាក់ ពី​របប​សឹក​មីយ៉ាន់ម៉ា (Myanmar) នេះ បង្ហាញ​ថា កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ដើរ​តួនាទី​ជា​ប្រធាន​អាស៊ាន (ASEAN) ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​នយោបាយ និង​បាតុករ​កន្លង​មក។ លោក​យល់​ថា កម្ពុជា​គួរ​ប្រកាន់​ជំហរ​ជាក់លាក់​ក្នុង​ការ​ថ្កោល​ទោស​របប​សឹក​មីយ៉ាន់ម៉ា ហើយ​មិន​ត្រូវ​បន្ត​បង្ហាញ​ភាព​ទន់ភ្លន់​ជាមួយ​របប​សឹក​ស្រប​តាម​បណ្ដា​ប្រទេស​កុំមុយនិស​ចិន និង​រុស្សី​ឡើយ«កម្ពុជា​យើង​ដែល​ជា​ប្រធាន​អាស៊ាន​ចាំ​ផ្ទះ​ហ្នឹង ត្រូវ​ប្រកាន់​ជំហរ​មួយ​ជាក់លាក់ ច្បាស់លាស់ ជៀសវាង​ធ្វើ​ការ​ឱនលំទោន សម្រប​សម្រួល​ពេក ខុស​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​បង្ហាញ​ការ​ទៅ​គាំទ្រ​ថា របប​ផ្ដាច់ការ អា​ហ្នឹង​យើង​មិន​ត្រូវ​ឱ្យ​កើត​មាន​ទេ ហើយ​អើ ត្រូវ​ទទួល​យក​នូវ​គេ​ថា មតិ​យោបល់ ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​លើក​ឡើង​ផ្ដល់​យោបល់​ជូន​នោះ​បាទ»

ដោយឡែក អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថា ដើម្បី​ឱ្យ​របប​សឹក​ភូមា​មាន​ភាព​ទន់ភ្លន់ និងគោរពតាមកិច្ចព្រមព្រៀងទាំង៥ចំណុច ដែល​អាស៊ាន (ASEAN)បាន​ដាក់​ចេញ​កន្លង​មក អាស៊ាន (ASEAN) គួរ​ធ្វើ​ឱ្យ​កម្លាំង​នយោបាយ​របប​សឹក​មីយ៉ាន់ម៉ា និង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មីយ៉ាន់ម៉ា មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ជា​មុន​សិន តាម​រយៈ​ការ​កាត់​បន្ថយ​ទំនាក់ទំនង​ការ​ទូត​ជាមួយ​របប​សឹក​មីយ៉ាន់ម៉ា នឹង​បន្ថយ​ឥទ្ធិពល​ចិន និង​រុស្សី ដែល​តែង​ផ្ដល់​ការ​គាំទ្រ​ដល់​របប​សឹក​កន្លងមក ហើយ​បង្កើន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មីយ៉ាន់ម៉ា។ លោក​បន្ថែម​ថា ទោះ​តិច ឬ​ច្រើន ការ​ប្រហារ​ជីវិត​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៤នាក់​នេះ បាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​ស្ថាប័ន​អាស៊ាន ខណៈ​ប្រទេស​កម្ពុជា គឺ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន៖ «យើង​និយាយ​រួម ជា​បញ្ហា​របស់​អាស៊ាន​ទាំង​មូល តែ​កម្ពុជា​ជា​នយោបាយ ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​ផ្ដួចផ្ដើម​មួយ​សំខាន់​ណាស់ ប៉ុន្តែ​នៅ​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន បាន​ន័យ​ថា តម្លៃ​នៃ​ការ​ដើរ​តួនាទី​នយោបាយ​ការ​បរទេស​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ ឬ​ក៏​ទំនាស់​នៅ​ក្នុង​តំបន់​ហ្នឹង តម្លៃ​របស់​កម្ពុជា​យើង​ក៏​ធ្លាក់ ធ្លាក់​ចុះ​ដែរ​បាទ»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​បន្ថែម​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៦ កក្កដា។

លោក ហ៊ុន សែន គឺ​ជា​មេ​ដឹកនាំ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែមករា ២០២២កន្លងទៅ ក្រោយ​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ២០២១។ ក្រៅ​ពី​នេះ ប្រេសិត​ពិសេស​អាស៊ាន​ស្ដីពី​បញ្ហា​មីយ៉ាម៉ា និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ពីរ​លើក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក្រោម​ការ​អនុញ្ញាត​របស់​របប​សឹក។ ក៏​ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​ទាំង​លោក ប្រាក់ សុខុន សុទ្ធតែ​បាន​បរាជ័យ​មិន​អាច​ជួប​ជាមួយ​មេ​ដឹកនាំ​ស្រប​ច្បាប់​ភូមា ដែល​ត្រូវ​បាន​របប​សឹក​ចាប់​ដាក់​គុក ក្នុង​នោះ​មាន​ដូច​ជា​អ្នកស្រី អ៊ុង សានស៊ូជី ជា​ដើម។

កាល​ពី​ខែមិថុនា​កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ដល់​មេ​ដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុនលាំង (Min Aung Hlaing) ឱ្យ​ពិចារណា​ឡើង​វិញ នូវ​ផែនការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​នេះ និង​ជៀសវាង​ការ​អនុវត្ត​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដល់​អ្នក ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​របប​សឹក​ភូមា។

មិន​ខុស​ពី​អំណះអំណាង ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​និយម​យក​មក​ប្រើ ដើម្បី​បង្ក្រាប​លើ​សំឡេង​ប្រឆាំង របប​សឹក​ភូមា​បាន​ថ្លែង​ការពារ​ចំពោះ​ការ​ប្រហារ​ជីវិត​នេះ​ថា ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ក្នុង​ប្រទេស​ភូមា និង​ថា ដើម្បី​ហេតុផល​ស្ថិរភាព​ក្នុង​ស្រុក នីតិរដ្ឋ សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជា​ដើម។

កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ឆ្នាំ២០២២ កំពុង​រង​ការ​រិះគន់​ថា ព្យាយាម​ឱ្យ​តម្លៃ និង​ទទួល​ស្គាល់​របប​សឹក​ភូមា​ខុស​ច្បាប់​ពេញ​មុខ​ពេញ​មាត់ និង​ធ្វើ​ឱ្យ​របប​នេះ អាច​បន្ត​អំណាច​ខុស​ច្បាប់​បាន​យូរ​អង្វែង​តទៅ​ទៀត ដូច​តាម​ការ​ចង់​បាន​របស់​ប្រទេស​កុម្មុយនិស្ត​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​របប​សឹក​យោធា​ភូមា។

ក្រុម​ឃ្លាំមើល​សកម្មជន​ភូមា ដែល​មាន​ឈ្មោះ​ថា សមាគម​ជួយ​អ្នក​ទោស​នយោបាយ (AAPP) ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​អំពើ​រដ្ឋប្រហារ​ដោយ​ក្រុម​យោធា​ភូមា កាល​ពី​ដើម​ឆ្នាំ២០២១ មក មនុស្ស​ចំនួន ១១៧នាក់ ត្រូវ​បាន​តុលាការ​នៃ​របប​សឹក​ភូមា​កាត់​ទោស​ប្រហារ​ជីវិត។ បើ​តាម​អង្គការ​ដដែល​នេះ ពលរដ្ឋ​ភូមា​ជាង ២ពាន់ ១រយនាក់ ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​នៃ​របប​សឹក​ខុស​ច្បាប់​ភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។