មន្ត្រី​សិទ្ធិមនុស្ស​ថា សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​សកម្មជន​បក្ស​ភ្លើងទៀន ៣​នាក់ ជា​ការ​រើសអើង​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2024.05.03
មន្ត្រី​សិទ្ធិមនុស្ស​ថា សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​សកម្មជន​បក្ស​ភ្លើងទៀន ៣​នាក់ ជា​ការ​រើសអើង​នយោបាយ សកម្មជន​គណបក្ស​ភ្លើងទៀន លោក ដួង ចំរើន ដែល​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន កាលពី​ថ្ងៃទី២ ឧសភា ២០២៤​។
រូប​៖ មន្ត្រី​អាដហុក​ផ្តល់ឱ្យ

មន្ត្រី​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា នគរបាល​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​បាន​ឃាត់ខ្លួន​ក្រុម​គ្រួសារ សកម្មជន​គណបក្ស​ភ្លើងទៀន ៣​នាក់ ត្រូវជា​ឪពុកម្តាយ និង​កូនប្រុស គឺ​ជា​ការ​រើសអើង​និន្នាការ​នយោបាយ។

មន្ត្រី​សិទ្ធិមនុស្ស​កំពុង​ស៊ើបអង្កេត និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​បាន​ឃាត់ខ្លួន​ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ភ្លើងទៀន ៣​នាក់ ដោយ​ចោទ​ពី​បទ​ចោរកម្ម​លួច​ក្របី។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា សង្កេតឃើញ​ថា សំណុំ​រឿង​នេះ ហាក់​មាន​ភាព​មិន​ប្រក្រតី​ច្រើន ព្រោះ​ក្រុម​គ្រួសារ​សកម្មជន​គណ​បក្ស​ភ្លើងទៀន បាន​ចាប់​ក្របី របស់​ដើម​បណ្តឹង​រក្សាទុក ២​ក្បាល ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រោយ​ពី​ក្របី ១៨​ក្បាល បាន​ស៊ី​ដំណាំ​ពួកគាត់ កាលពី​ចុង​ឆ្នាំ​២០២២ ក៏ប៉ុន្តែ​អាជ្ញាធរ​ទើបតែ​មក​ឃាត់​ខ្លួន​ពួកគាត់​នៅ​ពេល​ថ្មីៗ​នេះ។

លោក​បញ្ជាក់​ថា ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ ជា​មន្ត្រី​នគរបាល ក្នុងស្រុក​សេសា​ន ក៏ប៉ុន្តែ​លោក​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ។

លោក ចឹក ចិត្រា៖ «​យើង​មាន​ការ​សោកស្តាយ​ចំពោះ​ចំណាត់ការ​រឿង​ក្របី​មិន​ទាន់​មាន​ដំណោះស្រាយ បែរជា​ចេញ​រឿង​ផ្សេង ប្តី​ប្រពន្ធ​ពីរ​នាក់ ដែល​ជា​សកម្មជន​គណ​បក្ស​ភ្លើងទៀន»

សាច់ញាតិ​សកម្មជន​គណបក្ស​ភ្លើងទៀន លោក រិន ថាណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ភ្លើងទៀន ៣​នាក់ កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ហើយ​សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី៣ ឧសភា។

លោក​យល់​ថា សំណុំ​រឿង​នេះ​ជា​រឿង​អយុត្តិធម៌​ព្រោះ​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ ហើយ​ក្របី ២​ក្បាល ក្នុងចំណោម ១៨​ក្បាល ដែល​ស៊ី​ដំណាំ​ពួកគាត់ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​អស់ហើយ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ស្នងការ​ខេត្ត​ស្ទឹងត្រែង លោក អូត ស៊ីវត្ថា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

នគរបាល​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បាន​ឃាត់ខ្លួន​ប្រពន្ធ​សកម្មជន​គណបក្ស​ភ្លើងទៀន លោកស្រី ទូច ស្រីល័ក្ខ ដល់​ផ្ទះ កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា។

ក្រោយ​មក​ទៀត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្តី​របស់​គាត់ ដែល​ជា​សកម្មជន​គណ​បក្ស​ភ្លើងទៀន គឺ​លោក ដួង ចំរើន និង​កូនប្រុស​ម្នាក់​ទៀត ឈ្មោះ ឈុំ ស៊ីណេត អំឡុង​ពេល​យក​បាយ​ទៅ​ឱ្យ​ប្រពន្ធ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង។ ពួកគាត់​រស់នៅ​ភូមិ​សេសាន ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។