សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ធំៗ​ទាំង​ពីរ​បញ្ចូល​ស្ត្រី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ

ដោយ ខែ សុណង
2014.03.01
រស់ សុភាព ៦១០ នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
Photo: RFA

បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ គាំទ្រ បាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​សមាសភាព​ជា​ស្ត្រី​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។ ការ​ស្នើ​ឡើង​នេះ ពួក​គេ​ជឿ​ថា បើ​មាន​សមាសភាព​ស្ត្រី​ចូល​រួម នឹង​អាច​ដោះស្រាយ​ស្ថានភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា បាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង រៀប​ចំ​គណៈកម្មការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មាន​សមាជិក​ជា​ស្ត្រី​ចូល​រួម ដែល​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​គ្រោង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ខាង​មុខ​នេះ។

នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា ហ្គេតស៊ី (Gad C) អ្នកស្រី រស់ សុភាព ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ជា​ច្រើន​ក្នុង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា អ្នកស្រី​ជឿ​ថា បើ​សិន​ជា​មាន​ការ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ ស្ត្រី​នឹង​មាន​សមត្ថភាព​ក្នុង​ការ​រួម​ចំណែក ក្នុង​ការ​ចរចា​អាច​មាន​ច្រក​ចេញ​បាន។ អ្នកស្រី​បាន​សម្ដែង​ការ​ខក​ចិត្ត ចំពោះ​ការ​ខកខាន​មិន​ដាក់​បេក្ខភាព​ស្ត្រី​ឲ្យ​ចូល​រួម​ចរចា បើ​ទោះ​ជា​មាន​ការ​ជំរុញ​ទៅ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​យ៉ាង​ណា​ក្ដី។

«សំឡេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​សង្គម​ស៊ីវិល​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ មីនា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ ពី​គណបក្ស​ប្រឆាំង​វិញ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​សំណើ​នេះ​ទៅ​ពិភាក្សា​គ្នា។ លោក​ថា ស្ត្រី​ដែល​អាច​ជា​សមាជិក​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដែល​គណបក្ស​ត្រូវ​ជ្រើស​រើស។ យ៉ាង​ណា លោក​មិន​ជំទាស់​ចំពោះ​សំណើ​នេះ​ទេ។

«សំឡេង»

ក្រៅ​អំពី​ការ​ស្នើ​ឲ្យ​មាន​បេក្ខភាព​ស្ត្រី​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ដែល​ចេញ​ផ្សាយ​ដោយ​បន្ទប់​ស្ថានការណ៍​ឆ្នាំ​២០១៣ ស្ដីពី​អនុសាសន៍​សម្រាប់​កិច្ច​ប្រជុំ​នៃ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១ មីនា ដោយ​មាន​អង្គការ​ចំនួន​១២ គាំទ្រ ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ថា ដំណើរ​ការ​នៃ​គណៈកម្មការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ត្រូវ​មាន​ការ​បើក​ចំហ និង​ការ​ផ្ដល់​នូវ​ព័ត៌មាន​ជូន​សាធារណជន។ ហើយ​ការ​អនុវត្ត​ផែន​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ គួរ​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ យ៉ាង​យូរ​មុន​ដំណាច់​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។