មេយោធា​លោក ហ៊ុន សែន ផ្គើន​អាមេរិក​ឱ្យ​ដាក់​ទណ្ឌកម្ម​បង្កកទ្រព្យសម្បត្តិ​លើខ្លួន​កាន់តែឆាប់

ដោយ មាន ឫទ្ធិ
2022.10.05
Share on WhatsApp
Share on WhatsApp
មេយោធា​លោក ហ៊ុន សែន ផ្គើន​អាមេរិក​ឱ្យ​ដាក់​ទណ្ឌកម្ម​បង្កកទ្រព្យសម្បត្តិ​លើខ្លួន​កាន់តែឆាប់
RFA

មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពីរ​រូប​បង្ហាញ​ការយល់​ឃើញ​ផ្សេងគ្នា​ចំពោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ដាក់​មន្ត្រី​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​មិន​ជាន់​ដី​សហរដ្ឋអាមេរិក។ ចំពោះ​អ្នក​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​រួចហើយ ត្អូញត្អែរ​ថា វិធានការ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​អយុត្តិធម៌​ណាស់​ចំពោះ​ខ្លួន ប៉ុន្តែ​មេ​យោធា ដែល​មិនទាន់​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ បាន​និយាយ​ផ្គើន​ទៅ​សហរដ្ឋអាមេរិក​ឱ្យ​ទណ្ឌកម្ម​លើ​ខ្លួន​កាន់តែ​លឿន​កាន់តែ​ល្អ។

ជាង​៤​ឆ្នាំ​ហើយ​ដែល​មន្ត្រី​យោធា​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​សហរដ្ឋអាមេរិក​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ ពួកគេ​មិន​ខ្លាច​ទេ ហើយ​ហាក់​ផ្គើន​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ទៅ​វិញ។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា និយាយ​ថា លោក​ចង់​ឃើញ​សហរដ្ឋអាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​ឱ្យ​កាន់តែ​លឿន​កាន់តែ​ល្អ ព្រោះ​លោក​គ្មាន​លុយ​នៅ​សហរដ្ឋអាមេរិក ហើយ​លោក​គ្មាន​បំណង​ទៅ​សហរដ្ឋអាមេរិក​នោះ​ដែរ។ លោក​សៅ សុខា ដែល​HRW​ចាត់ទុកជា​មនុស្ស​បាត​ដៃ​កខ្វក់​សម្លាប់​មនុស្ស​ក្រៅច្បាប់​ផង​នោះ​ថា លោក​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ ឬ​កិត្តិយស ដែល​អាមេរិក ឬ​អង្គការ​អន្តរជាតិ​នានា​រក​ឃើញ​ថា លោក​មាន​បាតដៃ​ប្រឡាក់​ឈាម​ទេ​។ លោក​ថា ក្ដី​ប្រាថ្នា​របស់​លោក​ពេល​ចូល​បម្រើកងទ័ព គឺ​លោក​មានបំណង​តែ​ពីរ​ប៉ុណ្ណោះ​គឺ​មាន​បាយ​ហូប​ស្រាប និង​អាច​បាញ់​កាំភ្លើង៖ «ពេល​ខ្លះមក​សម្លុត​ខ្ញុំ​អី​ណា​ដាក់​ខ្ញុំ​បញ្ជីខ្មៅ​បញ្ជី​ប្រផេះ​អី​ណា​ណី​គេ​មិន​ឱ្យ​ចូល​អាមេរិក ឬមួយ​គេ​បង្កក​ទ្រព្យ ខ្ញុំ​ប្រាប់​ឱ្យ​អាមេរិក​បង្កក​ឱ្យ​រហ័ស​ទៅ ហើយ​កុំ​ច្រឡំ​ថា ខ្ញុំ​ស្រលាញ់​អាមេរិក​ហ្នឹង ខ្ញុំ​ចង់​ទៅ​អាមេរិក​ហ្នឹង​។ អាមេរិក​មិន​មែន​ស្រុក​កំណើត​ម៉ែឪ​សៅ សុខា ទេ។ បង​ចង់​ជម្រាប​ប្អូន​ឯង​ថា ពាក្យ​ប៉ះពាល់​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​ហ្នឹង ងាប់​ហើយនឹង​កេរ្តិ៍​ឈ្មោះ​ប្អូន​ឯង​យក​អាណា​ពីរ​ហ្នឹង បង​ធ្វើ​ទាហាន​វាយ​របប​ខ្មែរក្រហម​ដួល​រលំ​ប​ងអត់​ខ្លាច​ងាប់​ខ្លួន​ផង ហើយ​បើ​បង​ធ្វើ​ពិតមែន​បង​បាន​ធ្វើបាប​មែន ឱ្យ​ទោស​ដែល​បង​បាន​ធ្វើ​ហ្នឹង​ទង្វើ​ដែល​បង​ធ្វើ​អាក្រក់​ហ្នឹង​គេច​មិន​រួច​ពី​រន្ទះបាញ់​ទេ គេច​មិន​រួច​ពី​ជាប់គុក​ទេ»។

លោក សៅ សុខា ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​ក្នុង​ចំណោម​ឧត្ដមសេនីយ៍​១២ រូប​ដែល​គេ​ចាត់ទុកថា មាន​បាតដៃ​កខ្វក់​សម្លាប់​មនុស្ស​ក្រៅច្បាប់​។ របាយការណ៍​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតិ៍ វ៉ច្ឆ (Human Rights Watch) បង្ហាញ​ថា រយៈពេល​នៃ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជិត​៤០​ឆ្នាំ​មក​នេះ លោក សៅ សុខា បាន​សម្លាប់​កងទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច អំឡុង​រដ្ឋប្រហារ​ថ្ងៃ​៥ និង​៦​កក្កដា ឆ្នាំ​១៩៩៧ របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ដណ្ដើម​អំណាច​ពី​នាយករដ្ឋមន្ត្រី​ទី​១ សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ។ មន្ត្រី​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​ថា លោក សៅ សុខា បាន​ប្រើប្រាស់​ស្នាក់​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​កន្លែង​សម្រាប់​ធ្វើ​ទារុណកម្ម ក្រោម​ការគ្រប់គ្រង​របស់​លោក​ជា​កន្លែង​ធ្វើ​ទារុណកម្ម​ទាហាន​គណបក្សហ៊្វុនស៊ិនប៉ិច ដែល​ស្មោះត្រង់​នឹង​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។

មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ម្នាក់ទៀត គឺ​មេ​បញ្ជាការ​នៃ​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង លើកឡើង​ដែរ​ថា លោក​សោកស្ដាយ​ដែល​អាមេរិក​ដាក់​លោក​ក្នុង​បញ្ជីខ្មៅ​។ ដូច​ពេល​មុនៗ​ដែរ លោក​អះអាង​ទៀត​ថា អ្វី​ដែល​បាន​ធ្វើ​គឺ​អនុវត្ត​បទបញ្ជា​ថ្នាក់​លើ​ប៉ុណ្ណោះ​៖ «ចេះតែ​ចោទប្រកាន់​អ៊ីចឹង​ងាប់​ហើយ​ប្អូន​ហ្អា ពូ​អត់​មាន​ទេ! ប្អូន អត់​សោះ​ហ្មង អយុត្តិធម៌​ណាស់​មើល​ទៅ មក​ទាក់ទង​អី​ជាមួយ​ពូ​វិញ ទាក់ទង​បញ្ជី​ខ្មី​បញ្ជី​ស ពូ​មាន​រកស៊ី​អី អត់​សោះ អត់​សោះ ប្អូន​ពូ​ធ្វើ​តែ​បុណ្យ​អនុវត្តន៍​តាម​បទបញ្ជា​របស់​អគ្គបញ្ជាការ​ក្រសួង​ការពារជាតិ ធ្វើ​ល្អ​​ការពារ​ជាតិ​តែ​ប៉ុណ្ណឹង អាណឹ​ង​ពូ​ចេះ ប៉ុន្តែ​លើស​ពី​ហ្នឹង​ពូ​អត់​ចេះ​ទេ​អូន​ណា»

សហរដ្ឋអាមេរិក ដាក់​មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀ​ង ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ក្រោម​ច្បាប់ ហ្គ្លូបល ម៉ែកនីតស្គី (GLOBAL MAGNITSKY ACT) កាល​ពី​ឆ្នាំ​២០១៨។ សហរដ្ឋអាមេរិក​រក​ឃើញ​ថា មេ​យោធា​រូប​នេះ​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្តភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប នៅ​មុខ​រដ្ឋសភា នៅ​ឆ្នាំ​២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​បក្ស​ប្រឆាំង ដូចជា​ការ​បោកគ្រាប់បែក​លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់ រួម​ទាំង​របួស​ជនជាតិ​អាមេរិក​មួយ​រូប​ផង។

ជុំវិញ​រឿង​មន្ត្រី​សិទ្ធិមនុស្ស​សង្កេតឃើញ​ថា ជាង​៤​ឆ្នាំ​មក​នេះ មន្ត្រី​យោធា ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​សហរដ្ឋអាមេរិក មិន​បាន​កែប្រែ​ខ្លួន​នោះ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ព្រួយបារម្ភ​ថា ការ​មិន​អើពើ និង​មិន​កែលំអ​របស់​ក្រុម​ឧត្ដមសេនីយ៍​ទាំងនោះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជាតិ​។ លោក​យល់​ថា នៅពេល​ខាង​សហគមន៍​អន្តរជាតិ ឬ​សហរដ្ឋអាមេរិក​អាច​នឹង​ពិនិត្យ​សើរើ​មើល​ឡើងវិញ ហើយ​បើ​ពួកគេ​មើលឃើញ​គ្មាន​វិវឌ្ឍន៍​មក​ល្អ​នោះ​ទេ អាច​​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​នឹង​ដាក់​ទណ្ឌ​លើ​មន្ត្រី​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត៖ «មាន​ទឡ្ហីករណ៍​មាន​ភស្តុតាង​អី​ខ្លះ​ដែល​គេ​ហៅថា ដើម្បី​ដោះ​បន្ទុក​ខ្លួនឯង ឬ​គេ​ហៅថា ឆ្លើយ​ដោះ​ការ​ចោទ ដោយ​ការ​មាន​ភស្តុតាង​ដែល​មាន​ដុំកំភួន​ណា បើ​គ្រាន់តែ​និយាយៗ អ៊ីចឹង​ទេ គឺ​គ្រាន់តែ​ជា​ការ​លួង​ចិត្ត​ខ្លួនឯង​ទេ​ដឹង​? ខ្ញុំ​ខ្លាច​គ្រាន់តែ​ការ​លួង​ចិត្ត​ខ្លួនឯង​ព្រោះ​ច្បាប់​អន្តរជាតិ ដូច​បារាំង​ដូច​បារាំង​ដូច​អី​គេ​នេះ​ណាស់​។ ខ្ញុំ​ព្រួយបារម្ភ​ជំនួស​ពួកគាត់​ដដែល​ទេ ប៉ុន្តែ​បើ​គាត់​មិន​ព្រួយបារម្ភ​ជា​រឿង​ស្ថានភាព​របស់​គាត់»។

ស្រដៀង​គ្នា​នេះ​ដែរ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​មិនទាន់​ដោះស្រាយ​ផង ស្រាប់តែ​ពេល​នេះ​កើតមាន​បញ្ហា​ជួញដូរ​ថែមទៀត​នៅ​កម្ពុជា​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចង់​ឃើញ​ក្រុម​មន្ត្រី​ដែល​ជាប់​ទណ្ឌកម្ម គួរ​មានការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ជាជាង​ការ​ឆ្លើយ​ដោះសា៖ «យើង​ដើម្បី​កុំឱ្យ​មាន​ការ​ហួសពេល​ក្នុង​ការ​ស្ដារ​ហ្នឹង​គួរតែ​ប្រញាប់ប្រញាល់​សិក្សា​ពិនិត្យមើល​ឫសគល់​ហ្នឹង​ឱ្យ​មែនទែន ជៀសវាង​យើង​គ្រាន់តែ​និយាយ​ឱ្យ​តែ​រួច​ម្ដងម្កាល​ហ្នឹងហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ផល​ប្រយោជន៍​សង្គម​ជាតិ​ទៅ​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ដែល​អាច​នឹង​ប៉ះពាល់​វិធានការ​អន្តរជាតិ​នៅ​ពេល​ខាងមុខ​បន្ត​ទៀត​ហ្នឹង​បាទ»។

គិត​មក​ដល់​ពេល​នេះ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ចំនួន​០៤​នាក់ មេ​ឈ្មួញ​ជួញដូរ​ព្រៃឈើ​កម្ពុជា​ម្នាក់ បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​។ អ្នក​ទាំង​រួមមាន​៖ មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​ទឹក នាយ​ឧត្ដមនាវី ទៀ វិញ និង​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​​ក្រសួង​ការពារជាតិ នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ និង​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ល្បី​ឈ្មោះ​ឧកញ៉ា ទ្រី ភាព។

ការ​ដាក់​ទណ្ឌកម្ម​នេះ រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាននៅ​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិនឱ្យ​ពួកគេ និង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​បង្កើត​របស់​ពួកគេ​អាច​ធ្វើ​ដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​បាន​។ ទណ្ឌកម្ម​នេះ ក៏​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់ រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​បុគ្គល​កម្ពុជា​ទាំង​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា មូល​ហេតុ​ដែល​មន្ត្រី​យោធា​ទាំងនោះ​មិន​កែប្រែ​ខ្លួន​ព្រោះ​​ពួកគេ​អាង​លោក ហ៊ុន សែន ជា​ខ្នងបង្អែក ចំណែក​លោក ហ៊ុន សែន ក៏​ត្រូវការ​មន្ត្រី​បាត​ដៃ​កខ្វក់​ទាំងនោះ​ដើម្បី​ជួយ​ការពារ​អំណាច​។ លោក គឹម សុខ បន្ត​ទៀត​ថា នៅពេល​មុខ​អាច​នឹង​មាន​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ជាច្រើន​រូប​ទៀត ប្រឈម​នឹង​ជាប់​ទណ្ឌកម្ម៖ «ការ​បកស្រាយ​របស់​ឧត្តមសេនីយ៍ សៅ សុខា ក្ដី ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀ​ង ក្ដី គ្រាន់តែ​ជា​ការ​អះអាង​ដែល​គ្មាន​ផ្លូវ​ដោះស្រាយ ព្រោះ​ពួកគាត់​រអិល​ធ្លាក់​ធ្ងន់​ពេក​ទៅ​ក្នុង​ការ​ពាក់ព័ន្ធ​អំពើ​ម៉ាស្សា​លាង​លុយ​កខ្វក់​នៅ​ប្រទេស​កម្ពុជា ការរំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​អំណាច ហើយ​និង​ការ​ឃុបឃិត​ជាមួយ​កងទ័ព​បរទេស​ជាពិសេស​ចិន​ដែល​មាន​ការសង្ស័យ​កង​ទ័ព​ជើងទឹក​សមុទ្រ​រាម»។

ចាប់​តាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភសិទ្ធិ​មនុស្ស និង​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លុបបំបាត់​សារព័ត៌មាន​ឯករាជ្យ និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស សហភាព​អឺរ៉ុប​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​អ៊ីប៊ីអេ (EBA) ២០​ភាគរយ​ពី​កម្ពុជា ចំណែក​សហរដ្ឋអាមេរិក​ក៏​មិនទាន់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ជីអេសភី (GSP)​ឱ្យ​កម្ពុជា​នៅឡើយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​មិន​ភ្ញាក់​រលឹក របស់​មន្ត្រី​យោធា​កម្ពុជា​ពេល​នេះ អាច​នឹង​អាច​ឱ្យ​មន្ត្រី​ដែល​ទណ្ឌកម្ម​នោះ ប្រឈម​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ថែមទៀត ហើយ​នឹង​ធ្វើ​កម្ពុជា​ខូចប្រយោជន៍​កាន់តែ​ច្រើន​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បក្សភ្លើងទៀន​រំឭក​ខួប​២៧​ឆ្នាំ និង​កំណត់​ទិសដៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។