គណបក្ស​ភ្លើង​ទៀន​ស្នើ​​រដ្ឋាភិបាល ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក ទាវ វណ្ណុល

ដោយ ហ៊ុំ ចំរើន
2024.07.26
គណបក្ស​ភ្លើង​ទៀន​ស្នើ​​រដ្ឋាភិបាល ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក ទាវ វណ្ណុល (រូបថតឯកសារ) ខាង​ឆ្វេង៖ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន និង​លោក សុន ឆ័យ អតីត​អនុ​ប្រធាន​គណបក្ស ក្នុង​ពិធី​អបអរសាទរ​​ខួប​ ១៧ឆ្នាំ នៃ​គណបក្ស​ភ្លើង​ទៀន កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។​។
រូបពីពលរដ្ឋ

គណបក្ស​ភ្លើង​ទៀន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល។ សំណើ​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឱ្យ​លោក ទាវ វណ្ណុល សង​ជំងឺចិត្ត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ដើម​បណ្ដឹង ក្នុង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំនួន ៦ពាន់លាន​រៀល ឬ​ប្រហាក់​ប្រហែល ១លាន ៥សែន ដុល្លារ​អាមេរិក។

សេចក្ដីថ្លែងការណ៍​របស់ គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃ​ទី២៥ ខែកក្កដា បាន​បង្ហាញ​ការ​សោកស្ដាយ ចំពោះ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្ដន្ទាទោស និង​ទាមទារ​សំណង​ពី​ប្រធាន​គណបក្សភ្លើង​ទៀន លោក ទាវ វណ្ណុល ចំនួន ៦ពាន់លានរៀល ឬ​ប្រហែល​នឹង ១លាន ៥សែនដុល្លារ តាម​ពាក្យបណ្ដឹង​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។

គណបក្ស ភ្លើងទៀន បាន​លើកឡើង​ពី​ក្ដី​បារម្ភ ដោយសារ​សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញមតិ​នៅ​កម្ពុជា ហាក់​ត្រូវ​បាន​រឹតត្បិត ចំណែក​បរិយាកាស​នយោបាយ ហាក់​រួម​តូច សម្រាប់​អ្នកនយោបាយ មាន​និន្នាការ​ក្រៅ​រដ្ឋាភិបាល។ គណបក្ស ភ្លើងទៀន ស្នើ​ឱ្យ​រដ្ឋាភិបាល ពិចារណា​ឡើងវិញ ដោយ​ទម្លាក់​រាល់​ការ​ចោទប្រកាន់​ផ្ដន្ទាទោស​លោក ទាវ វណ្ណុល។

លោក ហ៊ុន ម៉ាណែត ប្ដឹង​លោក ទាវ វណ្ណុល បន្ទាប់ពី​មេ​បក្ស​ប្រឆាំង​រូប​នេះ ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន នីកេ អេសៀ (Nikkei Asia) របស់​ជប៉ុន និង​វិទ្យុ​បារាំង​អន្តរជាតិ (RFI) អំពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​បក្ស​កាន់អំណាច​លើ​បក្ស​ប្រឆាំង និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ ក្រោម​អំណាច​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក្រោយពី​លោក​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ខែ​កុម្ភៈ។

នៅ​ដំណាល​គ្នា​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​គណបក្ស​ក្នុង​សមាជិក «សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត» ជាមួយ​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដែល​មាន​អត្ថន័យ ដូចគ្នា​នឹង​គណបក្ស​ភ្លើង​ទៀន​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។

ការ​សម្រេច​របស់​តុលាការ​ឱ្យ​លោក ទាវ វណ្ណុល ចាញ់​ក្ដី​ ក្នុង​បទ​បរិហារកេរ្តិ៍​ដោយសារ​បណ្ដឹង​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ករណី​របស់​អតីត​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ២រូប គឺ​អតីត​អនុ​ប្រធាន​គណបក្ស​ លោក សុន ឆ័យ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប្ដឹង​ទាមទារ​ជំងឺចិត្ត ១លានដុល្លារ ក្នុង​រឿង​បរិហារកេរ្តិ៍​ទាក់ទង​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ២០២២។ ចំណែក​អតីត​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន គឺ​លោក គង់ គាំ ក៏​ត្រូវ​គណបក្ស​កាន់​អំណាច​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ដូចគ្នា​នេះ​ដែរ កាលពី​ខែ​មករា ឆ្នាំ២០២៣ ដោយ​ទាមទារ​សំណង​ជំងឺចិត្ត ចំនួន ៥០លានដុល្លារ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ លោក គង់ គាំ ត្រូវ​រដ្ឋាភិបាល​រឹបអូស​ដី និង​ផ្ទះ ដែល​មាន​តម្លៃ​មិន​តិច​ជាង ១០លាន​ដុល្លារ​ទៀត​ផង។

ដោយ​ឡែក កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៤ នេះ លោក ហ៊ុន សែន បាន​ប្ដឹង​អតីត​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ម្នាក់ទៀត អំពី​បទ “បង្ក​ចលាចល ញុះញង់​បង្កើត​ឱ្យ​មាន​ការ​ស្អប់ រើសអើង​ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា” និង​ទារ​សំណង​ជំងឺចិត្ត​ចំនួន ២ពាន់លានរៀល ឬ​ប្រមាណ ៥០ម៉ឺនដុល្លារ បន្ទាប់ពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ​(The Cambodia Daily) ចុះផ្សាយ​ពី​សម្រង់​សម្ដី​របស់លោក ស៊ឹង សែនករុណា នៅ​ក្នុង​រឿង “លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុងក្រោយ​របស់​លោក​ ជាង ១លានដុល្លារ ដើម្បី​សង​ជំងឺចិត្ត​បក្ស​កាន់អំណាច”។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា ការ​ប្ដឹង​ទាមទារ​សំណង ពី​សំណាក់​រដ្ឋាភិបាល ទៅ​លើ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ហាក់​មាន​ចំនួន​លើសលប់ ពី​ព្យសនកម្ម ឬ​ការ​ខូចខាត ដែល​ករណី​នេះ ធ្វើ​ឱ្យ​ភាគី​ចាញ់​ក្ដី រង​សម្ពាធ​ហិរញ្ញវត្ថុ និង​មាន​ការ​លំបាក សង​សំណង​ទៅ​ឱ្យ​ភាគី​ឈ្នះក្ដី។ លោក នី សុខា លើក​ឡើង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិ​រិះគន់ គឺ​ជា​រឿង​ធម្មតា ហើយ​អ្នក​នយោបាយ មិន​គួរ​ចាប់​ទោស​អូស​ដំណើរ​គ្នា​ឡើយ។

លោក នី សុខា៖ «ខ្ញុំ​គិត​ថា រឿង​ក្ដីក្ដាំ ដែល​វា​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ ពេលខ្លះ​គេ​មិន​ត្រូវការ​យក​បញ្ហា​សំណង​ហ្នឹង​ជា​ចម្បង​ទេ វា​គ្រាន់តែ​ជា​ការ​សម្រេច​មួយ ក្នុង​ន័យ​ថា ដើម្បី​ឱ្យ​ដឹង​ថា អ្នកណា​ចាញ់ អ្នកណា​ឈ្នះ ដើម្បី​ជា​ការ​ដាក់​ពិន័យ ទៅលើ​អ្វី​ដែល​មហាជន ជា​អ្នក​មើល​ឃើញ។ ប្រសិនបើ ជូន​កាល​គេ​អាច​ទាមទារ​សំណង ទៅ​ក្នុង​កម្រិត​មួយ​តូច ជា​ថវិកា អ្នក​ខ្លះ​គេ​ទារ​តែ​មួយ​ដុល្លារ​ផង​ក៏​មាន​ដែរ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​ពី​ការ​រក្សា​គោលជំហរ​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន ដោយ​បំពេញ​តួនាទី​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ធំ​ជាង​គេ ដើម្បី​ចូលរួម​ពង្រីក​ប្រជាធិបតេយ្យ និង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម សាមគ្គីភាព និង​ឯករាជ្យ​ភាព និង​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស២៣ តុលា ឆ្នាំ១៩៩១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
បទសម្ភាសន៍៖ អតីត​មនុស្ស​ជំនិត​សម្ដេច​ក្រុមព្រះ​ថា លោក ហ៊ុន សែន ជ្រៀតជ្រែក​ព្រះមហាក្សត្រ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។