គណបក្ស​ភ្លើង​ទៀន​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ ក្រោយ​ពី គ.ជ.ប បដិសេធ​មិន​ឱ្យ​ចុះ​បញ្ជី​ចូល​រួម​ការ​បោះឆ្នោត

ដោយ សុជីវី
2023.05.15
គណបក្ស​ភ្លើង​ទៀន​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ ក្រោយ​ពី គ.ជ.ប បដិសេធ​មិន​ឱ្យ​ចុះ​បញ្ជី​ចូល​រួម​ការ​បោះឆ្នោត លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​សោកស្ដាយ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដែល​ទទួល​បាន​លទ្ធផល​បរាជ័យ​ក្នុង​ការ​ស្នើសុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ដោយសារ​ត្រូវ​បដិសេធ​ពី​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប។ មន្ត្រី​គណបក្ស​នេះ​ថា គណបក្ស​របស់​ខ្លួន​នឹង​តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ដើម្បី​សុំ​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត ដោយ​គណបក្ស​នឹង​ដាក់​ឯកសារ​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក គីមសួរ ភីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ ឧសភា​ថា ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​សល់​ពេល​៥​ថ្ងៃ​ទៀត ដើម្បី​រៀបចំ​ដាក់​ឯកសារ​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​ការ​បដិសេធ​របស់ គ..ប ដែល​មិន​ទទួល​ស្គាល់​ឯកសារ​សុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ហាក់​មិន​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​ឡើយ ព្រោះ​ឯកសារ​ដែល​បាន​ដាក់​ទៅ គ..ប ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ២០២៣​នេះ ជា​ឯកសារ​តែ​មួយ​ដែល​គណបក្ស​ធ្លាប់​បាន​ដាក់​ទៅ គ..ប ហើយ គ..ប បាន​ទទួល​ស្គាល់​និង​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់ ដូច​ជា​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​អរិយក្សត្រ​ឆ្នាំ២០២៣ នេះ។

លោក គីមសួរ ភីរិទ្ធ លើក​ឡើង​ថា លោក​មាន​សង្ឃឹម​ច្រើន ប្រសិន​បើ​រឿង​នេះ អាច​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ប៉ុន្តែ​ផ្លូវ​នេះ​ក៏​ហាក់​ទៅ​មិន​រួច​ទៅ​ទៀត បន្ទាប់​ពី​លោក ហ៊ុន សែន មិន​យល់ព្រម​ជួប​ក្រុម​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ក្នុង​ខែ​កក្កដា​នេះ​ឡើយ។

លោក គីមសួរ ភីរិទ្ធ៖ «នៅ​ស្រុក​យើង វា​មាន​ការ​លំបាក​តិច ដោយសារ​ហេតុផល​ខ្លះ ដែល​ជា​ហេតុផល​នយោបាយ​។ ព្រោះ​តាម​ផ្លូវ​ច្បាប់ យើង​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ​អី​ហ្នឹង វា​ល្មម​គ្រប់គ្រាន់ ថា​យើង​អាច​ចូលរួម​ប្រកួត​ប្រជែង​(​ការ​បោះឆ្នោត​)​ហើយ ព្រោះ​យើង​ធ្លាប់​ប្រកួតប្រជែង​ថ្នាក់​ឃុំ ថ្នាក់​ស្រុក ថ្នាក់​ក្រុង​ថ្មី​ៗ​នេះ​ទៅ​ទៀត​។ ហើយ​នៅ​ពេល​(​ប្រកួត​ប្រជែង​)​ថ្នាក់​ជាតិ គេ​បដិសេធ អា​ហ្នឹង​ធ្វើ​ឱ្យ​យើង​ពិបាក ពីព្រោះ​គេ​ទាមទារ​យក​ក្រដាស មិន​មែន​ទាមទារ​យក​ផ្លូវ​ច្បាប់ ថា​យើង​បាន​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ត្រឹមត្រូវ តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ដូច​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​បញ្ជាក់​ឱ្យ​យើង​ឯណា​។ អា​ហ្នឹង ​(​សុំ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​) ខាង​គណបក្ស​បាន​ដាក់​ពាក្យ​សុំ​ជួប​ទៅ​ខាង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដែរ ប៉ុន្តែ​លោក​ថា ជួប​នៅ​ក្រោយ​ការ​បោះឆ្នោត អា​ហ្នឹង​វា​ពិបាក យើង​មិន​ដឹង​ថា​ម៉េច»

ការ​លើកឡើង​ពី​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ចេញ​ផ្សាយ​សេចក្ដី​សម្រេច​នៅ​រសៀល​ថ្ងៃ​ទី១៥ ឧសភា បដិសេធ​មិន​ទទួល​ស្គាល់​ឯកសារ​សុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​។

សេចក្ដី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ប្រាជ្ញ ច័ន្ទ ប្រធាន គ..ប បាន​បញ្ជាក់​ថា អង្គ​ប្រជុំ​របស់ គ..ប កាល​ពី​ថ្ងៃ​ទី១៥ ឧសភា បាន​បដិសេធ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើង​ទៀន ដោយសារ​មូល​ហេតុ​គណបក្ស​នេះ មិន​បាន​ភ្ជាប់​ប្រកាស​ស្ដីពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​កថាខណ្ឌ​ទី២ និង​ចំណុច​ទី១ ក្នុង​មាត្រា២៧ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

ប៉ុន្តែ​ជាក់​ស្ដែង ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៥ មាត្រា២៧ ត្រង់​កថាខណ្ឌ​ទី២ និង​ចំណុច​ទី១ ដែល គ..ប លើក​យក​មក​អះអាង​នេះ ពុំ​បាន​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​យក​សេចក្ដី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ ទៅ​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ឡើយ។

អ្នក​ច្បាប់ និង​អ្នក​ជំនាញ​ការ​បោះឆ្នោត យល់​ឃើញ​ថា ការ​បង្ក​បញ្ហា​ស្មុគស្មាញ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​នេះ ហាក់​ជា​រឿង​នយោបាយ​ច្រើន​ជាង ពីព្រោះ​គណបក្ស​នេះ បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។