មន្ត្រី​បក្ស​ប្រឆាំង​នឹង​ចូល​រួម​ប្រជុំ​គណៈកម្មការ​ទី​២​នៃ​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​២៨ កក្កដា

ដោយ ទីន ហ្សាការីយ៉ា
2016.07.27
យ៉ែម បុញ្ញឫទ្ធិ ៨៥៥ ២០១៦ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋសភា ក្រោយ​ជំនួប​បក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​នឹង​ទៅ​ចូលរួម​ប្រជុំ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដើម្បី​ធ្វើ​សវនាការ​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​របស់​សហភាព​អឺរ៉ុប និង​ធ្វើការ​វាយ​តម្លៃ​លក្ខណៈ​វិនិច្ឆ័យ​ដែល​ទទួល​យក​ប្រាក់​ជំនួយ​សម្រាប់​ថវិកា​ឆ្នាំ​២០១៦។

លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា សមាជិក​គណបក្ស​ប្រឆាំង​ដែល​ជា​សមាជិក​គណៈកម្មការ​ទី​២ ចូល​រួម​កិច្ចប្រជុំ​នេះ ដើម្បី​តស៊ូ​មតិ​លើ​ការ​ពិភាក្សា​គ្នា​អំពី​ជំនួយ​របស់​សហគមន៍​អឺរ៉ុប និង​ជំនួយ​ផ្សេងៗ​ទៀត ដើម្បី​គ្រប់គ្រង​ថវិកា​ជាតិ​ឲ្យ​មាន​តម្លាភាព៖ «ចូលរួម​ប្រជុំ​គណៈកម្មការ​ទី​២ នៅ​រដ្ឋសភា​ម៉ោង ៨​កន្លះ​ស្អែក ដើម្បី​ចូលរួម​តស៊ូ​មតិ​លើ​ប្រាក់​ជំនួយ​ទាំង​អស់ មាន​ជំនួយ​ឥត​សំណង និង​ជំនួយ​ឥណទាន​ផ្សេងៗ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ»

គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា គឺ​មាន​លោក ជាម យៀប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន និង​លោក សុន ឆ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​បាន​ចូលរួម​ប្រជុំ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋ​សភា។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​ចូលរួម​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ស្ដីពី​ការ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រួប​មិន​បាន​សម្រេច។

ការ​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ នៅ​បន្ទាប់ពី​គណបក្ស​នេះ បាន​ប្រកាស​ផ្អាក​មិន​ចូលរួម​ប្រជុំ​រដ្ឋ​សភា ក្រោយ​ពី​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា បាន​បើកផ្លូវ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ស៊ើប​អង្កេត​លើ​ករណី លោក កឹម សុខា ទាក់ទង​នឹង​រឿង​សញ្ចារកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។