បក្ស​ប្រឆាំង​កំពុង​ពន្លឿន​ការ​ដក​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ពី​ស្លាក​សញ្ញា​បក្ស

ដោយ ប្រាជ្ញ ចេវ
2017.07.29
កឹម សុខា សម រង្ស៊ី ៨៥៥ លោក សម រង្ស៊ី (ស្ដាំ) និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​នៅ​​ក្នុង​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ កាល​ពី​​ថ្ងៃ​ទី​១៨ មករា ២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

ខណៈ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​បាន​ចូល​ជា​ធរមាន​ភ្លាមៗ ក្រោយ​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា​នោះ នៅ​ពេល​នេះ​គណបក្ស​ប្រឆាំង​ដែល​រងគ្រោះ​ព្រោះ​ច្បាប់​ថ្មី​នេះ កំពុង​ប្រឹងប្រែង​ពន្លឿន​ដក​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស​នៅ​ទូទាំង​ប្រទេស​ឲ្យ​អស់​ត្រឹម​ចុង​ខែ​សីហា ខាង​មុខ។

​​បើ​ទោះ​ជា​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន​នៅ​ពេល​នេះ​ហើយ​ក្ដី ប៉ុន្តែ​ច្បាប់​នេះ​មិន​ទាន់​ដាក់​ទោស​លើ​គណបក្ស​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​ភ្លាមៗ​នោះ​ទេ។ ច្បាប់​នេះ​ទុក​រយៈពេល​ឲ្យ​គណបក្ស​នយោបាយ ៩០​ថ្ងៃ ក្រោយ​ចូល​ជា​ធរមាន ដើម្បី​កាត់​ផ្ដាច់​ទំនាក់ទំនង​ចេញ​ពី​ទណ្ឌិត។

​ទាក់ទង​ករណី​នេះ តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា គណបក្ស​ត្រូវ​ការ​រយៈពេល​ប្រមាណ​មួយ​ខែ​ទៀត​ដើម្បី​ដក​រូប​លោក សម រង្ស៊ី និង​រូប លោក កឹម ផង​នោះ ចេញ​ពី​ស្លាក​គណបក្ស។ រី​ឯ​ការ​ចំណាយ​ថវិកា លោក​គ្រាន់​តែ​បញ្ជាក់​ថា ផ្ទាំង​ស្លាក​សញ្ញា​ថ្មី​ដែល​ត្រូវ​ធ្វើ គឺ​ចំណាយ​ប្រាក់​ពីរ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ«ចុង​ខែ​សីហា យើង​កំណត់​ថា​ឲ្យ​ផុត​ខែ​ប្រាំបី ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​ឲ្យ​ហើយ ព្រោះ​យើង​មាន​រយៈពេល ៩០​ថ្ងៃ​ណា​ក្រោយ​ច្បាប់​ចូល​ជា​ធរមាន»

​ស្រប​ពេល​ព្រះមហាក្សត្រ​មិន​គង់​ក្នុង​ប្រទេស អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា សម្រេច​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ក្នុង​នាម​លោក​ជា​ប្រមុខ​រដ្ឋ​ស្ដីទី។ ការ​សម្រេច​នេះ ត្រឹម​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​កែ​ច្បាប់​ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ គណបក្ស​ប្រឆាំង​សម្រេច​ដក​រូប​លោក សម រង្ស៊ី និង​រូប​លោក កឹម សុខា ចាប់​ដៃ​គ្នា​ពី​រូប​គណបក្ស​ដោយ​ទុក​ត្រឹម​រូប​សញ្ញា​ព្រះអាទិត្យ។

​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា ច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចិត្ត​អ្នក​រិះគន់​ទេ។  លោក​បន្ត​ទៀត​ថា ការ​កែ​ច្បាប់​នេះ​មិន​មែន​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ទេ ប៉ុន្តែ​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ និង​ប្រជាជន«អត់​មាន​តម្រូវ​ចិត្ត​អី​ទេ សុំ​ជម្រាប​ជូន​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់ និង​វិសោធនកម្ម​ច្បាប់»

​ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ យល់​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ គឺ​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ​កសិផល​របស់​កសិករ និង​បញ្ហា​គ្រោះ​ទឹកជំនន់​ដែល​កំពុង​ធ្វើ​ឲ្យ​លិចលង់​លំនៅឋាន និង​អាយុ​ជីវិត​របស់​ពលរដ្ឋ។ រី​ឯ​អ្នក​ពាក្យ​ពាក្យ​គណបក្ស​កាន់​អំណាច​ឆ្លើយ​តប​វិញ​ថា រដ្ឋាភិបាល​បាន​ធ្វើ​រឿង​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​បក្ស​ប្រឆាំង​​ចុះ​ជួយ​ពលរដ្ឋ​នៅ​ឡើយ​ទេ។

​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា  និយាយ​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ចុះ​ខ្សោយ​តា​រយៈ​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស«ចំណុច​ទាំងអស់​ហើយ​ដែល​ជា​ការ​កាត់​បន្ថយ​នូវ​លំហ​សេរីភាព​បក្ស​ប្រឆាំង​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​កម្ពុជា»

​ទាក់ទង​រឿង​ទំនាក់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ទណ្ឌិត​ដែល​ជា​ទំនាក់ទំនង​បុគ្គល​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ សង្កេត​ឃើញ​ថា ច្បាប់​នេះ​មិន​បាន​ចែង​ឲ្យ​ច្បាស់លាស់​សោះ​ពី​ទំនាក់ទំនង​បុគ្គល​ដែល​ជា​សមាជិក​គណបក្ស​នយោបាយ​ជាមួយ​ទណ្ឌិត។ លោក​ថា ក្រៅ​ពី​ផែនការ​ដក​រូបថត គណបក្ស​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី ដើម្បី​សិក្សា​ថា តើ​គណបក្ស​គួរ​មាន​ទំនាក់​ទំនង​ត្រឹម​ណា​ជាមួយ​ទណ្ឌិត ខណៈ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​កំពុង​ជាប់​ឃុំ និង​មាន​ឈ្មោះ​ជា​ទណ្ឌិត ហើយ​អ្នក​ដឹក​នាំ​គណបក្ស គឺ​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​មន្ទីរឃុំឃាំង«យើង​កំពុង​ពិនិត្យ​មើល​បញ្ហា​មួយ​ចំនួន​នៃ​ការ​ធ្វើ​ទំនាក់ទំនង​ច្បាប់​នេះ ជះ​ឥទ្ធិពល​យើង​ក្នុង​ការ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ជាប់​ឃុំ​ព្រោះ​ការ​ចោទ»

​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។

​ចំពោះ​គណបក្ស​​ណា​ដែល​ហ៊ាន​បំពាន ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។ ច្បាប់​នេះ ក្រៅ​ពី​គណបក្ស​ប្រឆាំង​រិះគន់ ក៏​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​ច្បាប់​កំពូល​មួយ​នេះ ថា​ពលរដ្ឋ​ទាំង​អស់​មាន​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ភាព​ក្លាហាន​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់ ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នក​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ លោក​ថា គ្មាន​ប្រទេស​ប្រជាធិបតេយ្យ​ណា​គេ​ហាមឃាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចូល​រួម​ក្នុង​ជីវិត​នយោបាយ​នោះ​ឡើយ។

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ទោស​មាន​ឈ្មោះ​ជា​ទណ្ឌិត ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​​ជា​ច្រើន​ករណី។ លោក សម រង្ស៊ី បាន​បង្ហោះ​រូប​លោក​ជាមួយ​លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ ដោយ​អត្ថាធិប្បាយ​បែប​ឌឺ​ដង​ថា "ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ ដោយសារ​តែ​ច្បាប់​ចេញ​ថ្មី នរណា​ហ៊ាន​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​លោក កឹម សុខា នឹង​មាន​ទោស។ តែ​បើ​បង្ហាញ​រូប​ខ្ញុំ​ជាមួយ​ជន ៣​នាក់ (សូម​ទោស​សម្ដេច ៣​អង្គ នៅ​ខាង​ឆ្វេង​រូបថត​នេះ) តើ​នឹង​មាន​ទោស​ដែរ ឬ​ទេ?"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។