បក្សប្រឆាំងបង្ហាញជំហរមិនតក់ស្លុតចំពោះការព្រមានចុះស៊ើបអង្កេតហិរញ្ញវត្ថុ
2017.08.30

គណបក្សប្រឆាំងបង្ហាញជំហរនឹងន និងមិនតក់ស្លុតចំពោះការព្រមានចាត់វិធានការតាមច្បាប់ស្ដីពីគណបក្សនយោបាយ ប្រឆាំងគណបក្សសង្គ្រោះជាតិ ដែលក្រសួងមហាផ្ទៃ គ្រោងនឹងចុះស៊ើបអង្កេតណាមួយនោះទេ។ ការបើកផ្លូវដែលនាំឲ្យក្រសួងមហាផ្ទៃ យល់ឃើញថាអាចមានតម្រុយដែលឈានទៅដល់ការពិនិត្យពីហិរញ្ញវត្ថុរបស់គណបក្សប្រឆាំងជាលើកដំបូងនេះ ត្រូវបានអ្នកវិភាគមើលឃើញថា នេះជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា ប្រសិនបើឈានទៅរកការបិទទ្វារបក្សប្រឆាំងមែន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ក្នុងដំណាក់កាលនេះ ផ្នែករដ្ឋបាលនៃក្រសួងមហាផ្ទៃ បានស្នើទៅអគ្គស្នងការនគរបាលជាតិរួចហើយដែរ ដើម្បីស្នើឲ្យចុះត្រួតពិនិត្យ និងបើកការស៊ើបអង្កេតពីហិរញ្ញវត្ថុរបស់គណបក្សប្រឆាំង ដែលសង្ស័យថាអាចមានលុយមិនប្រក្រតីពីបរទេស ដែលគណបក្សនេះអនុវត្តផ្ទុយពីច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងនៅថ្ងៃទី៣០ សីហា ថា ការអនុវត្តទៅតាមច្បាប់នេះពុំមែនសុខៗ ក្រសួងមហាផ្ទៃ ចេះតែនឹកឃើញទេ ហើយអ្វីដែលក្រសួងមហាផ្ទៃ ស្នើគោលការណ៍នេះឡើង គឺមានតម្រុយដែលគួរឲ្យសង្ស័យដូចការចុះផ្សាយរបស់កាសែតក្នុងស្រុកថ្មីៗនេះ។ លោកបន្តថា ប្រសិនបើរកឃើញបក្សប្រឆាំងពុំបានប្រព្រឹត្តផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយទេ នោះបក្សប្រឆាំងនេះពុំមានរឿងអ្វីដែលត្រូវកើតឡើងឡើយ។ ប៉ុន្តែនៅពេលចុះពិនិត្យទៅរកឃើញថាពិតជាលុយជំនួយពីបរទេសមែន គណបក្សប្រឆាំងនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ដោយចៀសមិនផុតឡើយ។ លោកបន្តថា «បើមិនពិតវាហីទៅ! បើវាពិត យើងនឹងស្នើសុំយោបល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការបន្ត រឿងហ្នឹងមានតែប៉ុណ្ណឹងទេ»។
ក្រសួងមហាផ្ទៃ បញ្ជាក់ជំហរថា ការអនុវត្តទៅតាមច្បាប់ប្រឆាំងគណបក្សសង្គ្រោះជាតិ នេះ ដោយផ្អែកលើរបាយការណ៍ចុះផ្សាយមួយចំនួនរបស់កាសែតក្នុងស្រុក។ កាសែតដែលគាំទ្រគណបក្សកាន់អំណាចក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បន្តសរសេរអត្ថបទរិះគន់កូនស្រីរបស់លោក កឹម សុខា ថាមានសម្ពន្ធភាពជាមួយជនបរទេស។
បើទោះជាបែបណា អ្នកនាំពាក្យគណបក្សប្រឆាំង គឺលោក យឹម សុវណ្ណ ហាក់មិនខ្វល់ខ្វាយចំពោះគ្រោះអាក្រក់ដែលនឹងកើតឡើងចំពោះគណបក្សនេះទេ។ លោកបន្តថា គណបក្សប្រឆាំងបានបំពេញការងារដោយផ្អែកទៅតាមច្បាប់យ៉ាងត្រឹមត្រូវរបស់ខ្លួនរួចទៅហើយ។ ជាងនេះទៀត របាយការណ៍ដែលគណបក្សបានផ្ញើទៅក្រសួងមហាផ្ទៃ សុទ្ធតែបានបង្ហាញពីភាពស្អាតស្អំ និងតម្លាភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនរួចទៅហើយដែរ។ លោកបន្តថា «ឥឡូវវាច្របូកច្របល់ ខ្ញុំវាមិនយល់ដែរ មិនដឹងជាព័ត៌មានពិត ព័ត៌មានណាមិនពិត។ គ្រាន់តែពីគេហទំព័រពីអ្នកណាម្នាក់ធ្វើឲ្យជ្រួលច្របល់អ៊ីចឹងទៅ។ រឿងនេះកើតឡើងតែគណបក្សសង្គ្រោះជាតិ ប៉ុន្តែចំពោះគណបក្សដទៃទៀតដែលបំប៉ោងព័ត៌មាន មិនដែលឃើញស៊ើបអង្កេតទេ»។
ច្បាប់ស្ដីពីវិសោធនច្បាប់គណបក្សនយោបាយមាត្រា២៩ថ្មី កថាខណ្ឌទី២ ចែងថា គណបក្សនយោបាយត្រូវហាមឃាត់មិនឲ្យទទួលលុយជំនួយ ទោះតាមរូបភាពណាក៏ដោយពីស្ថាប័ន ក្រុមហ៊ុន និងជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។
បើទោះជាបែបណា អ្នកវិភាគបញ្ហាសង្គម និងនយោបាយយល់ឃើញថា ប្រសិនបើក្រសួងមហាផ្ទៃ ពិតជាអនុវត្តច្បាប់បែបនេះមែន នោះគណបក្សនយោបាយនៅកម្ពុជា សឹងនឹងត្រូវបិទទ្វារទាំងអស់។ ម្យ៉ាងវិញទៀត ការពង្រឹងច្បាប់នេះវាហាក់ផ្ទុយពីច្បាប់កំពូលនៃរដ្ឋធម្មនុញ្ញ ដែលការពារ និងធានាឲ្យមានរបបប្រជាធិបតេយ្យ និងសេរីពហុបក្សថែមទៀត។ មិនតែប៉ុណ្ណោះ ការចាយវាយរបស់គណបក្សនៅថ្នាក់មូលដ្ឋាន ជាពិសេសសម្រាប់យុទ្ធនាការមុនថ្ងៃបោះឆ្នោត គ្រប់បក្សនយោបាយទាំងអស់ពុំដែលបានបង្ហាញពីប្រភពចំណូលដែលខ្លួនទទួលបាន ប៉ុន្តែខ្ទង់នៃការចំណាយវិញ ហាក់មានតួលេខដ៏ខ្ពស់ ជាពិសេសបក្សដែលចាយលុយច្រើនជាងគេក្នុងអំឡុងពេលបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ចាត់ទុកថា នេះជាការអនុវត្តហាក់មិនបានស្មើភាពគ្នាទេចំពោះគណបក្សនយោបាយ ស្របពេលកម្ពុជា នៅមិនទាន់មានច្បាប់កំណត់ពីហិរញ្ញវត្ថុគណបក្សនយោបាយឲ្យបានស្រួលបួលនៅឡើយផងនោះ។ លោកយល់ឃើញថា ប្រសិនបើច្បាប់នេះអនុវត្តចំពោះតែបក្សប្រឆាំង មើលទៅវាពុំមានហេតុផលណាមួយដែលអាចជឿជាក់បានថា នេះជាការពង្រឹងច្បាប់ ក្រៅពីចង់ឈ្នះចាញ់ផ្នែកនយោបាយ។ លោកបន្តថា «បើសិនជាក្រសួងមហាផ្ទៃ រឹតបន្តឹងរឿងហ្នឹង ខ្ញុំគិតថាប្រទេសខ្មែរនៅថ្ងៃខាងមុខ គឺរកគណបក្សនយោបាយមិនបានទេ»។
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយដែលអនុវត្តក្នុងពេលកន្លងទៅនេះ រងការរិះគន់ថា ធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន។ លើសពីនេះទៀត ជាច្បាប់ដែលអនុម័តពុំបានជជែកដេញដោលឲ្យបានស៊ីជម្រៅពីខាងបក្សប្រឆាំងថែមទៀត។ ជាងនេះទៀត ច្បាប់នេះតាក់តែងឡើងដោយភាគីតែម្ខាង គឺសមាជិកសភាពីខាងគណបក្សប្រជាជនកម្ពុជា៕