ពលរដ្ឋ​ខែត្រ​ភាគ​ឦសាន​ចាំ​​មើល​តើ​បក្ស​ប្រឆាំង​ទៅ​ជ្រក​ក្រោម​បក្ស​ណា​គេ​នឹង​គាំទ្រ

ដោយ វ៉ែន សាម៉េត
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ពលរដ្ឋ​ខែត្រ​ភាគ​ឦសាន កំពុង​ចាំ​អ៊ុត​មើល​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន រំលាយ​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​ទៅ​ជ្រក​នៅ​បក្ស​ណា​មួយ​ផ្សេង​ទៀត ឬ​វិល​ទៅ​រក​បក្ស​ភ្លើង​ទៀត​ចាស់​នោះ ពួកគេ​នឹង​គាំទ្រ​ដល់​ទី​បញ្ចប់។ ពលរដ្ឋ​មាន​ជំនឿ​ថា ចំហាយ​របស់​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា នឹង​មាន​ឥទ្ធិពល​ឈ្នះ​បក្ស​កាន់អំណាច​នៅ​ពេល​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ ប្រសិនបើ​ពលរដ្ឋ​ដឹង​ជា​ទូទៅ​ថា បក្ស​ថ្មី​នោះ​មាន​មន្ត្រី​ធំៗ​ដែល​ជា​អតីត​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ ឬ​គាំទ្រ។

​ពលរដ្ឋ​នៅ​ខែត្រ​ភាគ​ឦសាន​ប្ដេជ្ញា​ថា នឹង​ទៅ​ចូលរួម​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ បើទោះបី​ជា​គ្មាន​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ ក៏ដោយ ប៉ុន្តែ​នឹង​មិន​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​នោះ​ទេ។ ពួកគាត់​អះអាង​ថា ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់ ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ក្នុង​បំណង​ចង់​ក្រាញ​អំណាច​នោះ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ឡើយ។

​ពលរដ្ឋ​រស់នៅ​ក្រុង​សែនមនោរម្យ ខែត្រ​មណ្ឌលគិរី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ថា ពលរដ្ឋ​កំពុង​រង់ចាំ​មើល​ថា តើ​មន្ត្រី​ធំៗ​របស់​បក្ស​ប្រឆាំង ឬ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង នឹង​ជ្រក​ក្រោម​បក្ស​នយោបាយ​ណា​មួយ​ដែល​ពុំ​មែន​ជា​បក្ស​កាន់​អំណាច​នោះ ពួកគេ​នឹង​នៅ​តែ​គាំទ្រ។ លោក​ថា មូលហេតុ​ដែល​ជន​ជាតិ​ដើម​ភាគតិច​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដោយសារ​តែ​ពលរដ្ឋ​ធុញទ្រាន់​នឹង​ការ​សន្យា​ដដែលៗ​របស់​រដ្ឋាភិបាល​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​ពួកគេ​ចាត់​ទុក​ថា រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

លោក​បន្ថែម​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការអនុញ្ញាត​របស់​រដ្ឋាភិបាល​ឲ្យ​វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អភិវឌ្ឍន៍​នៅ​ខែត្រ​មណ្ឌលគិរី នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ​យ៉ាង​គំហុក៖ «បើ​ទោះ​បី​គាត់​បង្កើត​គណបក្ស​យ៉ាង​ម៉េច​ឲ្យ​តែ​គាត់​មាន​សកម្មភាព។ មើល​ពី​ឆន្ទៈ​តើ​អ្នក​នយោបាយ​ទាំង​ពីរ​នាក់​ហ្នឹង គាត់​មើល​ទៅ​មិន​មែន​ក្បត់​ជាតិ ឲ្យ​តែ​គាត់​លើក​ឧទាហរណ៍​បែរ​ជា​ចាប់​គាត់។ ចុះ​បក្ស​កាន់អំណាច​ដែល​កាប់​បំផ្លាញ​ព្រៃឈើ រ៉ែ ធនធាន​ធម្មជាតិ​គ្រប់​បែប​យ៉ាង? ធ្វើ​ឃាត​មនុស្ស​គ្រប់​បែប​យ៉ាង»

​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​ស្រែឫស្សី  យល់​ថា ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ប្រាកដ​ថា ពលរដ្ឋ​នឹង​ប្ដូរ​ឥរិយាបថ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ដែរ។ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​រឹតតែ​ខឹងសម្បា​ចំពោះ​ការ​រំលាយ​បក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ពួកគេ​ចាត់​ទុក​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​គ្រប់​ទម្រង់។ លើស​ពី​នេះ ការ​បង្កើត​ច្បាប់​មិន​ឲ្យ​មន្ត្រី​ធំៗ​បក្ស​ប្រឆាំង​ចូលរួម​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ គឺ​ជា​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ ដោយសារ​លោក ហ៊ុន សែន មិន​ហ៊ាន​ប្រកួត​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​ព្រោះ​ខ្លាច​ចាញ់​ឆ្នោត៖ «ខ្ញុំ​គាំទ្រ​មិន​មែន​ស្អប់ខ្ពើម​ទេ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​ធុញទ្រាន់​អា​ពាក្យ​ដដែលៗ មាន​ន័យ​ថា ការពារ​ជាតិ ការពារ​ព្រៃឈើ ដល់​ចុងក្រោយ​ការពារ​តែ​ឈើ​តាម​ឡាន ដល់​ឈើ​ដុះ​ក្នុង​ព្រៃ​រលាយ​អស់​ហើយ»

បុរស​ដដែល​បន្ត​ថា វត្តមាន​បក្ស​ប្រឆាំង​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​តម្រង់​ទិស​មន្ត្រី​រដ្ឋាភិបាល​ដែល​អសកម្ម ឲ្យ​ធ្វើ​កិច្ច​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​វិញ​ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ តែ​បើ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រំលាយ​ហើយ​នោះ សមាជិក​ក្រុមប្រឹក្សា​ឃុំ/​សង្កាត់​ជាង ៥​ពាន់​នាក់​ត្រូវ​បាត់បង់​តួនាទី តំណែង នាំ​ឲ្យ​ប៉ះពាល់​ទឹក​ចិត្ត​ពលរដ្ឋ​ដែល​បោះឆ្នោត​គាំទ្រ​បក្ស​ប្រឆាំង ហើយ​គោលនយោបាយ​ផែនការ​វិនិយោគ​របស់​ឃុំ/​សង្កាត់​ឋិត​ក្នុង​ភាព​មិន​ច្បាស់លាស់។

លោក​ថា ការ​យក​អាសនៈ​ឃុំ/​សង្កាត់​របស់​បក្ស​សង្គ្រោះ​ជាតិ ទៅ​បែងចែក​ឲ្យ​បក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ គឺ​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​បណ្ដេញ និង​ដណ្ដើម​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទាំង​កម្រោល៖ «គណបក្ស​តូចតាច​ដែល​ទើប​បង្កើត​គ្មាន​ប្រសិទ្ធភាព​អី​សោះ ដូច​គ្មាន​ខួរក្បាល​យ៉ាងម៉េច​បាន​ថា... ហើយ​ថ្នាក់​ហ្នឹង​ទៅ​ដឹកនាំ​គេ​យ៉ាង​ម៉េច។ នេះ​យើង​ក្រុង​ភ្នំពេញ មាន​ចោរ​ច្រើន​ មាន​ចោរ​លួច​សន្លឹក​ឆ្នោត និង​មាន​ចោរ​ប្លន់»

​ក្រោយ​ពី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច លោក  ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​លោក​បារម្ភ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ត្រូវ​រលាយ​ដូច​បក្ស​ប្រឆាំង​ដែរ​ដោយ​អំណាច​សន្លឹកឆ្នោត​ពលរដ្ឋ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ឱកាស​រំលាយ​បក្ស​ប្រឆាំង​បាន តែ​ពលរដ្ឋ​ក៏​អាច​រំលាយ​បក្ស​កាន់​អំណាច​បាន​ដែរ៖ «​បើ​យើង​មិន​ធ្វើ​កិច្ច​ការងារ​នេះ​ពី​ចម្ងាយ​ដើម្បី​កែ​លម្អ​គ្រប់​សភាព​ការ​ទាំង​អស់​ដែល​ជា​ចំណុច​ខ្វះខាត គឺ​យើង​នឹង​ទទួល​ផល​អាក្រក់ ហើយ​នៅ​ពេល​នេះ​យើង​នឹង​ចាញ់​ឌុប​តែម្ដង។ សូម្បី​តែ​បក្ស​ប្រឆាំង​មួយ​យើង​រំលាយ​គេ​ហើយ ហើយ​គេ​បង្កើត​បក្ស​ថ្មី យើង​យក​ឈ្នះ​គេ​មិន​បាន​ផង ឬ​ក៏​ឈ្នះ​តិចតួច យើង​មាន​ឱកាស​រំលាយ​គេ តែ​កុំ​ភ្លេច​ថា ប្រជាជន​ក៏​អាច​រំលាយ​យើង​បាន​ដែរ​តាម​រយៈ​ការ​បោះឆ្នោត​មួយ»

​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ពិតមែន តែ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៅ​តែ​គាំទ្រ​ដដែល សំខាន់​ពលរដ្ឋ​ត្រូវ​ពិចារណា​ថា បក្ស​ណា​ដែល​ពលរដ្ឋ​អាច​ទុក​ចិត្ត និង​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ថា ពលរដ្ឋ​សម្ដែង​ការ​មិន​ពេញចិត្ត​រឿង​អ្វី​មួយ​ផ្នែក​នយោបាយ គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ការ​សម្ដែង​ការ​មិន​ពេញចិត្ត​អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប សំខាន់​គឺ​ការ​រស់​ដោយ​គោរព​ច្បាប់ និង​ត្រឹមត្រូវ»

​ជនជាតិ​ដើម​ភាគ​តិច​ចង់​ឃើញ​រដ្ឋាភិបាល និង​គ្រប់​បក្ស​នយោបាយ​ទាំង​អស់​សាមគ្គី​គ្នា​អភិវឌ្ឍន៍​ជាតិ​ស្របតាម​ព្រះបន្ទូល​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ចង់​ឲ្យ​កូន​ខ្មែរ​សាមគ្គី​គ្នា។ ពួកគេ​ចាត់​ទុក​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ​ថា​ជា​ការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ ជាពិសេស​ជះឥទ្ធិពល​អាក្រក់​ដល់​រដ្ឋាភិបាល​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បក្សសង្គ្រោះជាតិ ហ៑ានដើរជ្រក បក្សផ្សេងនឹងត្រូូវ អាប់មុខ មួយជីវិត ហើយដូចជួយបំពេញបំណង តាចាស់ហ៑ុនសែន បំបែកបក្សសង្គ្រោះជាតិ ជាចំរៀកដូចបក្សហ្វុនសុីនប៉ិច អីចឹង . ហើយដូចជួយ តាចាស់ហ៑ុនសែន ថា រំលាយបក្សសង្គ្រោះជាតិត្រឹមត្រូវទៀត !

Nov 23, 2017 03:54 AM

គេហទំព័រ​ទាំងមូល