ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​​ខេត្ត​ព្រះសីហនុ​ ទាមទារ​ឲ្យ​របប​​ក្រុង​ភ្នំពេញ​​ដោះលែង​ប្ដី​ជា​បន្ទាន់ ដោយ​​ថា ប្ដី​​មិន​បាន​​ធ្វើ​ខុស​​ដូច​ការ​ចោទ​ប្រកាន់​ទេ

ដោយ វ៉ែន សុមេធ
2019.07.31
ម៉ៃ ហុងស្រៀង ៦២២ ​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។
screenshot

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ ទាមទារ​ឲ្យ​របប​​ក្រុង​ភ្នំពេញ​ ដោះលែង​ប្ដី​ជា​បន្ទាន់ ដោយសារ​ប្ដី​ គ្មាន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ សមត្ថកិច្ច​នៃ​របប​ក្រុង​​ភ្នំពេញ បាន​​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​​ខេត្ត​ព្រះសីហនុ​ លោក ម៉ៃ ហុងស្រៀង ថា​បាន​បង្ហោះ​​រូបភាព​កាត់​ត ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​បង្ហោះ​សារ​ញុះញង់​បង្ក​ចលាចល​ក្នុង​សង្គម។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង ​លោក ម៉ៃ ហុងស្រៀង គឺ​អ្នកស្រី គា ស៊ី​សុគន្ធី អះអាង​ថា ការ​ចាប់​ខ្លួន​ប្ដី​អ្នកស្រី ដើម្បី​បំបាក់​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត កុំ​ឲ្យ​ហ៊ាន​តវ៉ា ឬ​រិះគន់​រដ្ឋាភិបាល។ អ្នក​ស្រី ទាមទារ​​ឲ្យ​ដោះលែង​ប្ដី​អ្នកស្រី ជា​បន្ទាន់៖ «ខ្ញុំ​គិត​ថា គាត់​ហ៊ាន​ពេក អ៊ីចឹង​ណា ហើយ​គេ​ទ្រាំ​មិន​បាន​ ធ្វើ​ឲ្យ​គេ​ក្ដៅ​ក្រហាយ អត់​​ព្រម​បន្ថយ​ដៃ​ គាត់​នៅ​តែ​ផ្គើន​ដាក់​គេ​រហូត។ យើង​ដឹង​ហើយ​ថា សង្គម​ហ្នឹង​អ៊ីចឹង​ តែ​គាត់​នៅ​តែ​អត់​ព្រម​បន្ថយ អ៊ីចឹង​មាន​​តែ​ប៉ិន​ហ្នឹង ​រឿង​នយោបាយ​តែ​ប៉ិន​ហ្នឹង​ ត្រៀម​ចិត្ត​ត្រៀម​កាយ​ទៅ​អ៊ីចឹង។ មាន​តែ​ខាង​គាត់​រិះគន់​គេ​ខ្លាំង​ៗ គាត់​អត់​មាន​កំហុស​អ្វី​ផង គ្រាន់​តែ​គេ​បិទ​សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ»

ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង នៅ​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​ទី៣០ កក្កដា នៅ​​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​​ពេល​ លោក ម៉ៃ ហុង​ស្រៀង កំពុង​រត់​គេច​ខ្លួន ពី​ការ​ឡោម​ព័ទ្ធ​ របស់​ប៉ូលិស​ខេត្ត​ព្រះសីហនុ។

អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់​ថា ប្ដី​របស់​អ្នកស្រី បាន​រត់​គេច​ខ្លួន ​ចេញ​ពី​ផ្ទះ​ចោល​ប្រពន្ធ​ និង​កូន ច្រើន​ខែ​ហើយ គឺ​តាំង​ពី​រូប​គាត់​ទទួល​បាន​ដំណឹង​ពី​មិត្ត​ភក្ដិ​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ​ ក្នុង​កំឡុង​ខែ​ឧសភា ប្រាប់​ឲ្យ​គេច​ខ្លួន ព្រោះ​ខាង​ប៉ូលិស​ មាន​បញ្ជា​សម្ងាត់​ឲ្យ​តាម​ចាប់​ខ្លួន។ អ្នកស្រី ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី២៩ កក្កដា ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ដឹង​តម្រុយ ថា ប្ដី​អ្នកស្រី កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​សាច់​ញាតិ​ម្នាក់​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឡោម​ព័ទ្ធ​ផ្ទះ​​​ដែល​ប្ដី​អ្នកស្រី ស្នាក់​នៅ​ទាំង​កណ្ដាល​យប់។ នៅ​ម៉ោង​ជាង ២ទៀប​ភ្លឺ លោក ម៉ៃ ហុងស្រៀង បាន​​ផ្លោះ​របង រត់​គេច​ចេញពី​ផ្ទះ​​សាច់​ញាតិ​ទាំង​កណ្ដាល​អាធ្រាត្រ​ដែរ​ ហើយ​ធ្វើ​ដំណើរ​ឡើង​មក​ភ្នំពេញ ក្នុង​បំណង​ភៀស​ខ្លួន​ ទៅ​ប្រទេស​ថៃ​មួយ​រយៈ។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ប្ដី​ អ្នកស្រី នៅ​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ជាង​៨​យប់ ថ្ងៃ​ទី​៣០ កក្កដា គឺ​នៅ​ពេល​ប្ដី​អ្នកស្រី ចុះ​ពី​លើ​ឡាន ​ទិញ​ស៊ីមកាត​ទូរស័ព្ទ។

នៅ​មុន​ថ្ងៃ​ចាប់​ខ្លួន​មួយ​ថ្ងៃ លោក ម៉ៃ ហុងស្រៀង បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​លោក ដែល​មាន​ឈ្មោះ​ថា «ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​» ថា ម៉ោង​ធ្វើ​ស៊ី​ក្តៅៗ! ប្រភព​ព័ត៌មាន​ច្បាស់​ការ​ពី គ៨៥ (គណ​បក្ស​ប្រជាជន​កម្ពុជា) ទាំង​យប់ ដែល​ស្និទ្ធ​គណបក្ស​ប្រជាជន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី លោក​ ហ៊ុន សែន ផ្ទេរ​កិច្ច​ការងារ​សំខាន់​ឲ្យ​ទៅ លោក ស ខេង មិន​មែន​ផ្ទេរ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ តែ​ធាតុ​ពិត លោក ហ៊ុន សែន ចង់​បង្ការ​ ឬ​កម្ចាត់​កម្លាំង លោក ស ខេង ចោល ដោយ​ដឹង​ថា លោក​ ស ខេង ត្រៀម​កម្លាំង​វ៉ៃ​ស្កាត់​មក​លើ​កម្លាំង លោក​ហ៊ុន សែន តែ លោក​ ហ៊ុន សែន ដឹង​មុន​ក៏​កម្ចាត់ លោក​ ស ខេង។ នៅ​មុន​ការ​បង្ហោះ​សារ​នេះ លោក ម៉ៃ ហុងស្រៀង ក៏​តែង​បាន​បង្ហោះ​សារ​រិះគន់​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ច្រើន​នាក់​ផ្សេង​ទៀត​ដែរ ដូចជា ករណី​លោក ផៃ ស៊ីផាន និង​លោក ឈុំ សុជាតិ នាំ​អ្នក​កាសែត​ទៅ​មើល​ទីតាំង​កំពង់ផែ​រាម​ នៅ​ទឹកដី​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ជា​ដើម។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី នៅ​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា​ថា លោក ម៉ៃ ហុងស្រៀង កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកសួរ​របស់​សមត្ថកិច្ច មិន​ទាន់​បញ្ជូន​ទៅ​តុលាការ​ទេ។ លោក​ថា តុលាការ​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ លោក ម៉ៃ ហុងស្រៀង ពី​បទ​ជេរ​ប្រមាថ ញុះញង់​តាម​ហ្វេសប៊ុក តាំង​ពី​មុន​ពេល​រត់​គេច​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​ទើប​ចាប់​ខ្លួន​បាន​កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣០ កក្កដា។ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ លោក ជា ពៅ ប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ ធ្លាប់​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ ហើយ​បង្កើត​គណនី​ហ្វេសប៊ុក ​​កាត់​ត​រូប​ភាព​ផ្សេងៗ ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។ លោក​ ជា​ ពៅ​ ថា ​ លោក ម៉ៃ ហុងស្រៀង ​ត្រលប់​ចូល​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​​ជាមួយ​បក្ខ​ពួក រៀបចំ​ផែនការ​បង្ក​ចលាចល​ដល់​សង្គម។

ប្រពន្ធ​របស់​ លោក ម៉ៃ ហុងស្រៀង​ អ្នកស្រី គា ស៊ី​សុ​គន្ធី បដិសេធ​​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច។ អ្នកស្រី ថា​ ប្ដី​អ្នកស្រី គ្មាន​ផែនការ​​បង្ក​ចលាចល​អ្វី​ទេ។ អ្នកស្រី ឲ្យ​ដឹង​ថា សមត្ថកិច្ច​មាន​បំណង​ចាប់​ខ្លួន​ប្ដី​អ្នកស្រី យូរ​ហើយ គឺ​តាំង​ពី​គេច​ចេញ​ពី​ផ្ទះ​បាន​ប៉ុន្មាន​ថ្ងៃ ប៉ូលិស​តែង​​ជិះ​​ម៉ូតូ​ក្រឡឹង និង​ឃ្លាំមើល​នៅ​ផ្ទះ​អ្នកស្រី ខុស​ពី​ធម្មតា។ ម្ដងម្កាល​ អ្នកស្រី ថា​ ​មាន​ជន​ប្លែក​មុខ​​ជា​ក្រុមៗ បាន​ឃ្លាំ​មើល​ផ្ទះ​អ្នកស្រី​នៅ​ផ្ទះ។ អ្នកស្រី គា ស៊ី​សុគន្ធី​ មិន​​ហ៊ាន​​រាយការណ៍​ជូន​អាជ្ញាធរ​ទេ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ប្ដី។​

ភរិយា​របស់ លោក ម៉ៃ ហុងស្រៀង អ្នកស្រី គា ស៊ី​សុគន្ធី ប្រាប់​ថា សមត្ថកិច្ច​គ្រោង​បញ្ជូន​ប្ដី​អ្នកស្រី ​មក​តុលាការ​ក្រុង​ភ្នំពេញ នៅ​ម៉ោង​២​រសៀល​ ថ្ងៃ​ទី៣១ កក្កដា។ តែ​គិត​ត្រឹម​ម៉ោង ៥កន្លះ ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជូន​ស្វាមី​អ្នកស្រី ទៅ​សាលា​ដំបូង​នៅ​ឡើយ​ទេ។

អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់​ថា ពេល​នេះ​អ្នក​ស្រី ហាក់​អស់​សង្ឃឹម​នៅ​ក្នុង​ខ្លួន​ណាស់ ដោយ​សារ ច្រើន​ខែ​ហើយ មិន​ដែល​បាន​ជួប​មុខ​ប្ដី ហើយ​ពេល​នេះ មិន​ទាន់​ដឹង​ថា ប្ដី​នៅ​ទីណា​ឲ្យ​ពិត​ប្រាកដ។ ចំណែក​កូន​តូចៗ ៣នាក់​ទៀត ក៏​មិន​បាន​ទៅ​រៀន​សូត្រ​ដែរ ដោយ​សារ អ្នក​ស្រី​ត្រូវ​ឡើង​មក​ភ្នំពេញ តាម​មើល​ប្ដី។

អនុ​ប្រធាន​អង្គការ លីកាដូ ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក អំ សំអាត សង្កេត​ឃើញ​​ថា ការ​ចាប់​ខ្លួន​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រឆាំង​កាន់​តែ​ច្រើន​ឡើងៗ។ លោក​ថា ក្រុម​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ការ​រឹត​ត្បិត​សេរីភាព​​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាន់​តែ​ខ្លាំង។ លោក អំ សំអាត មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​ចោទ​ប្រកាន់​ លោក ម៉ៃ ហុងស្រៀង ដោយ​សំអាង​អត្ថបទ​ណា​មួយ​លើ​ហ្វេសប៊ុក​លោក ម៉ៃ ហុងស្រៀង​ទេ។ តែ​ទោះ​យ៉ាង​ណា លោក​ថា នេះ​ជា​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ តាម​បណ្ដាញ​សង្គម៖ «ចាប់​ខ្លួន​នេះ ក៏​វា​ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ ទៅ ដល់​សេរីភាព នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ដែរ ហើយ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ក៏​មិន​គាំទ្រ​​ចំពោះ​ការ​រិះគន់​ទាំង​ឡាយ​ណា​ដែល​ យើង​គិត​ថា វា​អសីលធម៌​ គ្មាន​សីលធម៌​ ការ​រិះគន់​ទៅ​ធ្វើ​ឲ្យ​កើត​មាន​បាតុភាព ​អំពើ​ហិង្សា ឬ​ក៏​បញ្ហា​ផ្សេងៗ​កើត​ឡើង។ ក៏​ប៉ុន្តែ​ប្រសិន​ជា​សេរីភាព​ ត្រឹម​តែ​ការ​បញ្ចេញ​មតិ​ មិន​មាន​បង្ក​ហានិភ័យ ឬ​ក៏​ក្នុង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​ទេ វា​ប៉ះពាល់​ វា​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»

លោក ម៉ៃ ហុង​ស្រៀង គឺ​ជា​សមាជិក​គណបក្ស​​សង្គ្រោះ​ជាតិ​ទី​១៤​ហើយ​ ដែល​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​​ចាប់​ខ្លួន​។ គណបក្ស​សង្គ្រោះ​ជាតិ​ ថ្កោល​ទោស​ការ​ចាប់​ខ្លួន​​នេះ និង​ហៅ​ការ​ចាប់​ខ្លួន​ លោក ម៉ៃ ហុងស្រៀង​ ក្រោម​ហេតុផល​នយោបាយ និង​ជា​ទង្វើ​គឃ្លើន​របស់​របប​ក្រុង​ភ្នំពេញ​ ក្នុង​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​​បុគ្គល និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ជា​ដដែលៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។