មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ទោស​ដោយ​គ្រាន់​តែ Share លើ​ហ្វេសប៊ុក​ថា ខ្លួន​រង​ភាព​អយុត្តិធម៌

ដោយ សុ ជីវី
2019.03.23
បាន សម្ភីរ លោក បាន សម្ភីរ ជា​ជាង​កាត់​សក់ អាយុ ៧០ ឆ្នាំ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ លោក ងួន ណារ៉ា បាន​ចេញ​ដីកា​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី២០ ឧសភា ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» ក្រោយ​ពេល​ដែល​ហ្សែរ (Share) វីដេអូខ្លី​មួយ កាល​ពី​ថ្ងៃ​ទី១៣ ឧសភា ស្ដីពី​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ​ស្រែ​គ នៅ​ខេត្ត​ស្ទឹងត្រែង រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ភរិយា និង​ព្រះ ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​គង់​ក្នុង​ឡាន។ ប៉ុន្តែ​លោក​មិន​បាន​សរសេរ​អ្វី​បន្ថែម​ទេ។
Photo: RFA

អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ជីក្រែង លោក បាន សម្ភីរ ដែល​ទើប​មាន​សេរីភាព​វិញ នៅតែ​ចាត់​ទុក​សំណុំរឿង​ចោទប្រកាន់​រូបលោក​ថា​ជា​រឿង​អយុត្តិធម៌។

លោក បាន សម្ភីរ វ័យ​៧០​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។ កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា តុលាការ​ខេត្ត​សៀមរាប​សម្រេច​ផ្ដន្ទាទោស​លោក​អោយ​ជាប់ពន្ធនាគារ ១​ឆ្នាំ ដោយ​អនុវត្ត​ទោស​១០​ខែ ហើយ​ទោស​សល់​ពី​នេះ​ត្រូវ​ព្យួរ។ អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ការចោទប្រកាន់​បែបនេះ​ថា ជា​ការ​គំរាមកំហែង ឬក៏​ព្រមាន​ទៅដល់​អ្នក​ហ៊ាន​បញ្ចេញមតិ​ដទៃ​ទៀត ដើម្បី​បំបិទ​សំឡេង​រិះគន់​រដ្ឋាភិបាល។

ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ពី​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក បាន សម្ភីរ បញ្ជាក់​ថា លោក​បាន​ទទួលទោស​គ្រប់​ចំនួន ១០​ខែ ទៅតាម​សាលដីការបស់​តុលាការ​កំពូល​។ លោក​មាន​សេរីភាព​វិញ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ ទី​២២ ខែ មីនា។ លោក​នៅតែ​មាន​ចម្ងល់​ថា តើ​ហេតុអ្វី​លោក​បានជា​លោក​មានទោស ឬ​ដោយសារតែ​លោក​ជា​អតីតមន្ត្រី​គណបក្ស​ប្រឆាំង?«វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ពីព្រោះ​អ្នក​ចែករំលែក (Share) ដូច​ខ្ញុំ​ដែរ​ជាង​៤០០​នាក់ ហើយ​គេ​អត់​មាន​ចាប់ អត់​មាន​ជាប់​ទោស ជាប់​តែ​ខ្ញុំបាទ​ម្នាក់។ ភស្តុតាង​ដោះ​បន្ទុក​ហ្នឹង​គេ​យក​ដែល​ខ្ញុំ​ចែករំលែក​ហ្នឹង​យក​ទៅ​ផ្ដិត​ឡើង​ធំ ហើយ​គេ​កាត់​ទិន្នន័យ​អ្នក (like, comment and share)​អស់។ សំអាង​ទៅលើ​ភស្តុតាង​ដាក់​បន្ទុក​ឥតមាន​នីត្យានុកូលភាព​ហ្នឹងឯង មេធាវី​ខ្ញុំ​ថា​ខ្ញុំ​អត់​មានទោស​ទេ​។ ខ្ញុំ​ក៏​យល់ថា ខ្ញុំ​ដូច​មិន​មាន​ទោស​អី​ដាក់​ពន្ធនាគារ​សោះ ប៉ុន្តែ​១០​ខែ​កន្លង​រួចហើយ»

បើទោះជា​យ៉ាងណា លោក បាន សម្ភីរ បញ្ជាក់​ជំហរ​ថា លោក​នៅតែ​មាន​ឆន្ទៈ​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដោយ​មិន​ផ្លាស់ប្ដូរ​ទេ។ ប៉ុន្តែ​លោក​បាន​ផ្ដែផ្ដាំ​ទៅ​អតីត​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកគាំទ្រ​បក្ស​នេះ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ពេល​ដែល​អាជ្ញាធរ​គណបក្ស​កាន់អំណាច​រង់ចាំ​តែ​ឱកាស និង​លេស ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​ជានិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។