សកម្មជន​បក្ស​ប្រឆាំង និង​ពលករ​នៅ​ថៃ​នាំគ្នា​លើក​បដា​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2022.09.24
Share on WhatsApp
Share on WhatsApp
សកម្មជន​បក្ស​ប្រឆាំង និង​ពលករ​នៅ​ថៃ​នាំគ្នា​លើក​បដា​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​លោក ហ៊ុន សែន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសបុក​លោក ហ៊ុន សែន

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​ភៀសខ្លួន​ដោយសារ​នយោបាយ និង​ពលករ​នៅ​ថៃ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា បាន​មក​ជួបជុំគ្នា​នៅ​ទីក្រុង​បាងកក​តវ៉ា​ដោយ​លើក​បដា​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​កាល​ពី ឆ្នាំ​១៩៩៣។

ក្រុម​អ្នកប្រឆាំង​ប្រមាណ​២០​នាក់ ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មក​ប្រើ​រដ្ឋធម្មនុញ្ញ ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។ ក្រុម​បាតុករ ចង់​បាន​ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការ​ឈប់​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល និង​ការបំផ្លាញ​ធនធាន​ធម្មជាតិ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្តកំពង់ស្ពឺ ដែល​ភៀសខ្លួន​មក​ថៃ លោក ហុង ថេ​ង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ថា ការ​ជួបជុំ​របស់​ក្រុម​បាតុករ ព្រោះ​ពួកគេ​មិន​ពេញចិត្ត​នឹង​របប​លោក ហ៊ុន សែន ដែល​មិន​ព្រម​អនុវត្ត​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ជា​កត្តា​ធ្វើ​ឲ្យ​ការគោរព​សិទ្ធិមនុស្ស​ធ្លាក់ចុះ​។ លោក​បន្ត​ថា បើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មានការ​ប្រែប្រួល នោះ​នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ហើយ​សេដ្ឋកិច្ចជាតិ​នឹង​ធ្លាក់ចុះ​ធ្វើ​ឲ្យ ពលរដ្ឋ​កាន់តែ​ក្រីក្រ​៖ «យើង​ឃើញ​ហើយ​ថា ពេល​ដែល​ច្បាប់រដ្ឋធម្មនុញ្ញ​នៅក្នុង​ប្រទេស​របស់​យើង ក្រឡាប់​ចក្រ​ធ្វើ​ឲ្យ​យើង​ជួប​ផលវិបាក​ជាច្រើន ដូចជា​លោក ហ៊ុន សែន ហ៊ាន​អនុញ្ញាត​ឲ្យ​អាណានិគម​យួន​មក​ទទួល​បាន​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ឲ្យ​ជនជាតិ​យួន​ដាក់​ភាសា​យួន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​គាត់​នឹង​កាត់​ដី​មួយចំនួន​ឲ្យ​យួន​រស់នៅ​ស្របច្បាប់»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត លោក ម៉េង សុធារ៉ា ប្រាប់​ថា រដ្ឋាភិបាល​បាន​បំពាន​លើ​រដ្ឋធម្មនុញ្ញ។ លោក​ចង់​ឃើញ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​តម្រង់​ទិស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​គោរព​តាមច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ពលរដ្ឋ​ត្រូវតែ​ជួយ​ជំរុញ​រដ្ឋាភិបាល កុំ​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម៖ «គឺ​យើង​ចង់​មក​ទាមទារ​ឲ្យ​លោក ហ៊ុន សែន គាត់​គោរព​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើងវិញ កុំ​ឲ្យ​គាត់​បំពាន​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនលើក​ច្រើនសា​មក​ហើយ​។ សា​នេះ​គាត់​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​តែម្ដង ដោយ​ការ​រំលាយ​ចោល​នូវ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ»។

ចំណែក សកម្មជន​តស៊ូ​មតិ​ជាមួយ​កញ្ញា សេង ធារី ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ គឺ​លោកស្រី សាត ផា ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ ជាពិសេស​កញ្ញា សេង ធារី ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោកស្រី​បន្ត​ថា ការ​រស់នៅ​របស់​លោក​ស្រី​ក្នុង​ប្រទេស​ថៃ​នេះ គឺ​មិនទាន់​មាន​សុវត្ថិភាព​ទេ ព្រោះ​ពេល​លោកស្រី​ដើរចេញ​ក្រៅ​ម្ដងៗ​តែង​មាន​ជនអនាមិក​តាម​ឃ្លាំមើល​លោកស្រី​ជានិច្ច៖ «ដោយសារ​គាត់​បាន​ភៀសខ្លួន​មកដល់​ប្រទេស​ថៃ ហើយ​គាត់​គេចខ្លួន​ដោយសារ​មេដឹកនាំ​ហ្នឹង​ផ្ដាច់ការ គឺ​កំពុងតែ​តាម​ប្រមាញ់​ពួកគាត់​ទាំងអស់គ្នា​នៅ​ប្រទេស​នេះ ក៏​យើង​រស់នៅ​ដោយ​ពិបាក​ដែរ​។ យើង​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ទាំងអស់គ្នា ខ្ញុំ​បាន​លើកទឹកចិត្ត​ដែល​គាត់​រង​ទុក្ខ​លំបាក​ខ្លាំង​ណាស់ ដូចជា​គាត់​រស់នៅ​យូរៗ​ហើយ ទី​១ ហូបចុក​កន្លែង​រស់នៅ ក៏​ពិបាក​ដែរ​នៅ​ប្រទេស​នេះ»។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា សំណើ​របស់​សកម្មជន​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​គោរព​សិទ្ធិមនុស្ស​នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើតាម​ឬ​មិន​ធ្វើតាម ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​មានការ​ខ្វែងគំនិត​គ្នា​ទេ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់រដ្ឋធម្មនុញ្ញ​ទេ​៖ «ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​ឃើញថា មាន​ការ​បកស្រាយ មាន​ការ​បញ្ច្រាសទិស​ហើយ ដោយ​រដ្ឋាភិបាល​ថា​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ប៉ារីស​ហ្នឹង អស់​សុពលភាព​ហើយ​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​ខាង​គណបក្ស​នយោបាយ​ផ្សេង ក៏ដូចជា​អតីត​គណបក្សប្រឆាំង​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​មិនទាន់​អស់​សុពលភាព​ទេ អស់​សុពលភាព​តែ​ជំពូក​មួយចំនួន​តែប៉ុណ្ណោះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន បានទេ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​សកម្ម​ជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។