សកម្មជន​បក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​មាន​ជីវភាព​កាន់​តែ​លំបាក​​ ខណៈ​អ្នក​ខ្លះ​ឆ្លង​ជំងឺ​កូវីដ​១៩

ដោយ ជី វិតា
2021-07-06
Share
សកម្មជន​បក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​មាន​ជីវភាព​កាន់​តែ​លំបាក​​ ខណៈ​អ្នក​ខ្លះ​ឆ្លង​ជំងឺ​កូវីដ​១៩ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជុំ​គ្នា​ក្នុង​ពេលភៀសខ្លួន​នៅ​ទីក្រុងបាងកក​ប្រទេស​ថៃ កាលពីថ្ងៃទី​២៧ ខែ​កុម្ភៈ ​ឆ្នាំ​២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

សកម្មជន​​គណបក្ស​ប្រឆាំង​​ដែល​កំពុង​​ភៀស​ខ្លួន​​នៅ​ប្រទេស​ថៃ​នោះ​ ពួកគេ​ភាគ​ច្រើន​ខ្វះ​ស្បៀង​អាហារ​ហូប​ចុក​ ដោយសារ​អត់​ការងារ​ធ្វើ​បណ្ដាល​មក​ពី​អាជ្ញាធរ​ថៃ​បិទ​ខ្ទប់​ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក​និង​ខេត្ត​ចំនួន​ ៥ ​ទៀត​នៅ​ជុំ​វិញ​។

សមាជិក​ក្រុម​ប្រឹក្សា​​ជាប់​ឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងឃុំ​ដូន​តី ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ លោក​ស្រី មាន ឡា ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា​ថា ​គ្រួសារ​​លោក​ស្រី​ចំនួន ​​៣ ​នាក់ ​​ក្នុង​នោះ​មាន​កូន​អាយុ​ ១២​ ខែ​ម្នាក់​ផង​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ​​ប្រហែល​ ១០ ​ថ្ងៃ​មក​ហើយ​។ ​បច្ចុប្បន្ន​ពួក​លោក​ស្រី​ទាំង ​៣ នាក់​ ស្នាក់​នៅ​ក្នុង​តង់​​កៅស៊ូ​​ជា​មួយ​ពលករ​ខ្មែរ​​ដៃទៃទៀតយ៉ាងលំបាកលំបិន ​ ដោយ​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ ​និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ឡើយ។

ស្ត្រី​វ័យ​ ៣១ ​ឆ្នាំ​​​​រូប​នេះ​ បញ្ជាក់​ទៀត​ថា ​ពួកគាត់​រស់​នៅ​​បាន​សព្វ​ថ្ងៃ​នេះ ​ដោយសារ​​ពលករ​ខ្មែរ​ផ្ដល់​ស្បៀងអាហារ​បន្តិចបន្តួច​​ចែកគ្នារស់ប៉ុណ្ណោះ៖ «ពេល​ដែល​ពិនិត្យ​ឃើញ​ជំងឺ​កូវីដ​ខ្ញុំ​ ត្រូវ​គេ​មក​យក​មក​ដាក់​ដាច់​ដោយឡែក​អត់​អាច​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបាន​ទេ​ ដោយសារ​ខ្ញុំ​នឹង​អត់​មាន​សិទ្ធិ​ជ្រកកោន អត​មាន​ច្បាប់​។អីចឹង​​​ទេ​ខ្ញុំ​នៅ​ព្យាបាល​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ដែល​គេ​ដាក់​ដាច់​ដោយ​​នឹង​នៅ​ក្នុង​តង់​ជំរុំ​គេ​បោះតង់​នៅ​ក្នុង​ឃ្លាំង​ហ្នឹង​ ផឹក​តែ​ទឹក​ក្ដៅ​ ទឹក​ក្រូច​ឆ្មារ ហើយ​ពួក​ខ្ញុំ​​អត់​អាច​ចេញ​ទៅ​ទិញ​អី​ហូប​បាន​ទេ​ អត់​មាន​ម្ហូបអាហារ​អី​ហូប​ទេ​»។

​​​​ស្រដៀង​គ្នា​នេះ​ដែរ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​នៅ​ប្រទេស​ថៃ​លោក​ ឃ្លាំង ប៊ុនឡាយ​ ​ថ្លែង​ថា ​ពួកគាត់​មាន​​ជីវភាព​លំបាក​ខ្លាំង​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ​បាន​បិទ​ខ្ទប់​ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក​ និង​​ខេត្ត​ចំនួន ​៥ ​ទៀត​​នៅ​ជុំ​វិញ​នោះ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។ ​លោក​បន្ត​ថា ​កាល​ពី​មិន​ទាន់​បិទ​ខ្ទប់​សកម្មជន​​ខ្លះ​​​ធ្វើជា​​កម្មករ​សំណង់​ជា​មួយ​ពលករ​ខ្មែរ​នៅ​ទីក្រុង​បាងកក ដើម្បី​រក​ចំណូល​​​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ​ប៉ុន្តែ​​សព្វ​ថ្ងៃ​បាន​បាត់បង់​​ប្រាក់​ចំណូល​ទាំង​ស្រុង​តែ​ម្ដង​។​ លោក​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​បណ្ដាល​ឱ្យ​​គ្រួសារ​សកម្មជន​​​​ដែល​មាន​កូន​តូច​ ​និង​មាន​សមាជិក​ច្រើន​មាន​ជីវភាព​លំបាកជាង​គេ​៖ «ខ្វះខាត​មែន​ទែន​ពាក់ព័ន្ធ​នឹង​ការ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដូច​ជា​អាហារ​ ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​អីចឹង​។ ខ្វះខាត​ដោយសារ​យើង​ជា​ជន​ភៀស​ខ្លួន​នឹង​នៅ​ក្នុង​ប្រទេស​ថៃ​ គឺ​យើង​អត់​មាន​សិទ្ធិ​ធ្វើ​ការងារ​​ទេ​។​ បញ្ហា​ទី​២ កន្លែង​ការងារ​ទាំង​អស់​នៅ​នៅ​ប្រទេស​ថៃ​ហ្នឹង​ក៏​គេ​ត្រូវ​បិទ​ដែរ អីចឹង​យើង​មិន​អាច​ចេញ​ទៅ​ណា​បាន​ទៅ​រក​ថវិកា​អី​បាន​ទេ​»។  

លោក​បន្ត​ថា សកម្មជន​បក្ស​ប្រឆាំង​ មានគ្នាប្រមាណ​១០០​នាក់ ​​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ក្នុង​នោះ​ សកម្មជន​ចំនួន​ ៧ ​នាក់​ហើយ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

ជន​ភៀស​នយោបាយ​ទាំង​នេះ​អះអាង​ថា បើ​ទោះ​បី​ជា​ពួកគាត់​ស្ថិត​ក្នុង​​ស្ថានភាព​លំបាកលំបិន​បែប​នេះ​ក្ដី ​ក៏​ពួកគាត់​នៅ​តែ​បន្ត​​​ជីវភាព​នយោបាយ​ទៅ​មុខ​ទៀត​ ដោយ​មិន​ងាករេ​ឡើយ​។ ​សកម្មជន​ទាំង​នោះ​ថា ពួកគេមិន​ពេញ​ចិត្ត​នឹង​​​របប​ក្រុង​ភ្នំពេញ ​ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​​ចាប់​ចង​ប្រជាពលរដ្ឋ​​ស្លូត​ត្រង់​តាម​អំពើ​ចិត្ត។​​​​​

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​​កាន់​អំណាច​ លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា ​​​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នោះ​​​បាន​​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​​​​ដោយ​ខ្លួន​ឯង​ ពី​ព្រោះ​លោក​ថា ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​​ធ្វើ​ទុក្ខបុកម្នេញ​ដល់​​ពួកគាត់​ឡើយ​។ ​បន្ថែម​ពី​នេះ​​លោក​ សុខ ឥសាន​​ មិន​ចាប់​អារម្មណ៍​នឹង​ការ​​តស៊ូ​របស់​សកម្មជន​​ទាំង​នោះ​ទេ៖ «ខ្ញុំ​មាន​ចាប់​អារម្មណ៍​អី​ បើ​ប្រជាជន​ ១៦ ​លាន​នាក់​នៅ​ណេះ​ គេមិន​ចាប់​អារម្មណ៍​ទៅ​ចាប់​អារម្មណ៍​អី​អ្នក​ដែល​រត់​ភៀស​ខ្លួន​ទៅ​ដោយសារ​រឿង​ឯង​ប្រព្រឹត្ត​ល្មើស​ច្បាប់​រអៀសខ្លួន​ខ្លាច​​ខ្លួន​ឯង​រត់​ទៅ​ អាហ្នឹង​​ជា​រឿង​គាត់​ទេ​។ ​អាហ្នឹង​យើង​ចាត់​ទុក​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ គាត់​ស្នេហា​​ជាតិ​តែ​គាត់​រត់​ចោល​ជាតិ​អាហ្នឹង​ជា​រឿង​គាត់​តើ​»។

​​​​ទោះ​ជា​យ៉ាងណា ​​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក​ នី សុខា​ ​យល់​ថា ​​​ជន​ទាំង​ឡាយ​ណា​ដែល​លះបង់​​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ​តស៊ូ​ដើម្បី​​ទាមទារ​​សេរីភាព​ សិទ្ធិមនុស្ស​ និង​​​ប្រជាធិបតេយ្យ​ គឺ​​ជា​រឿង​​ល្អ​​​នៅ​ក្នុង​សង្គម​ជាតិ​។ ចំណែក​មូលហេតុ​ដែល​​សកម្មជន​គណបក្ស​ប្រឆាំង​ភៀស​ខ្លួន​​ទៅ​ក្រៅ​ប្រទេស​នោះ​ លោក​មើល​ឃើញ​​ថា ​​​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ៖ «យើង​សោកស្ដាយ​ដែល​មាន​ការ​ចោទ​ប្រកាន់​ដោយ​មិន​ផ្ដល់​យុត្តិធម៌​ជូន​គាត់​ហើយ​យើង​ដឹង​ហើយ​ថា ពី​អតីតកាល​មក​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​កំពុង​តែ​កាន់​អំណាច​នឹង​ក៏​លោក​ធ្លាប់​រង​ការ​ឈឺ​ចាប់ ហើយ​ក៏​គាត់​ធ្លាប់​ភៀស​ខ្លួន​រត់​គេច​ពី​ការ​ធ្វើ​បាប​ ទៅ​រក​ពឹង​ពាក់​ប្រទេស​ដទៃ ទៅ​តស៊ូ​ដើម្បី​រំដោះ​ប្រទេស​ដូច​គ្នា​អីចឹង​ដែរ​​។​ដូច្នេះ​​ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​សម្របសម្រួល​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​​បង្រួបបង្រួម​ជាតិ​យើង​គួរតែ កុំ​ដាក់​កំហុស​ទៅ​អ្នក​ទាំង​ឡាយ​ណា​ដែល​គេ​ធ្វើ​ការងារ​ដើម្បី​សេរីភាព​ដើម្បី​សិទ្ធិមនុស្ស​ហ្នឹង​បាទ​»។

សកម្មជន​គណបក្ស​ប្រឆាំង​​បាន​ភៀស​ខ្លួន​​ទៅ​ប្រទេស​ថៃ​ជា​បន្ត​បន្ទាប់​ តាំង​ពី​​តុលាការកំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ដែលអ្នកសង្កេតការណ៍មើលឃើញថា គណបក្សប្រជាជនកម្ពុជា ខ្លាច​ចាញ់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​តំណាង​រាស្ត្រ​​នៅ​ឆ្នាំ​២០១៨​។ ​រហូត​មក​ដល់ពេល​នេះ​​សកម្មជន​​ខ្លះ​បាន​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​អស់​រយៈ​ពេល​ជាង​ ៣​ ឆ្នាំ​មក​ហើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល