មន្ត្រី​បក្ស​ប្រឆាំង​រិះគន់ លោក ហ៊ុន សែន ដែល​យក​កីឡាករ​បាល់​ទាត់​ពិភព​លោក​មក​ពាក់ព័ន្ធ​រឿង​នយោបាយ

ដោយ ហេង រស្មី
2021.05.03
មន្ត្រី​បក្ស​ប្រឆាំង​រិះគន់ លោក ហ៊ុន សែន ដែល​យក​កីឡាករ​បាល់​ទាត់​ពិភព​លោក​មក​ពាក់ព័ន្ធ​រឿង​នយោបាយ (ពីឆ្វេងទៅស្ដាំ) លោក អ៊ុំ សំអាន សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក, លោក គឹម សុខ អ្នកវិភាគ​នយោបាយ, លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស ន័រវេសន៍ (Norway) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម៉ែន ណាត នៅ​ប្រទេស ន័រវេស (Norway) យល់​ថា លោក ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោកទាំង ៤រូប

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដែល​យក​កីឡាករ​បាល់ទាត់​ពិភពលោក ដើម្បី​វាយប្រហារ​បក​ទៅលើ​អ្នក​រិះគន់​លោក ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​របស់​ចិន។ ប្រតិកម្ម​បែប​នេះ​ក្រោយពេល​លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​ដោយ​លើក​ពី​ឈ្មោះ​កំពូល​កីឡាករ​បាល់ទាត់​មីសស៊ី (Messi) និង​នីម៉ា (Neymar) ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ចិន​ចុះផ្សាយ​ថា​អ្នក​ទាំងពីរ​គ្រោង​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ចិន ទោះ​ពួក​គេ​មាន​ជម្រើស​ចាក់​វ៉ាក់សាំង​ផ្សេង​ក៏​ដោយ។

មន្ត្រី​បក្ស​ប្រឆាំង​ចំអក​ទៅ​លោក ហ៊ុន សែន ថា ដើម្បី​អាច​ជួយ​ផ្សព្វផ្សាយ​វ៉ាក់សាំង​ចិន​ដែល​ជា​របស់​ចៅហ្វាយ​ខ្លួន ទើប​លោក​បាន​យក​កីឡាករ​បាល​ទាត់​ពិភពលោក​មក​ប្រឡូកប្រឡាក់​នឹង​រឿង​នយោបាយ​ខ្លួន​ឯង។ ទោះ​យ៉ាងណា​ពួកគេ​ថា លោក ហ៊ុន សែន មិន​ទទួល​បានផល​ចំណេញ​អ្វី​ពី​ការ​យកឈ្មោះ​អ្នក​ល្បី ដើម្បី​កេង​ចំណេញ​រឿង​នយោបាយ​នោះ​ឡើយ។

សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក លោក អ៊ុំ សំអាន យល់​ថា លោក ហ៊ុន សែន ត្រូវការ​ចិន​ដើម្បី​ការពារ​អំណាច ដូច្នេះ​លោក ហ៊ុន សែន ធ្វើ​គ្រប់​យ៉ាង ដើម្បី​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​វ៉ាក់សាំង​ចិន ខណៈ​វាក់​សាំង​ចិន​មាន​គុណ​ភាព​ទាប។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ប្រាប់​ទៅ​លោក ហ៊ុន សែន គួរ​កុំ​យក​ឈ្មោះ​កីឡាករ​លំដាប់​ពិភពលោក​មក​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​និង​រឿង​វ៉ាក់សាំង​ចិន ព្រោះ​ជា​រឿង​អាម៉ាស់​ដល់​ប្រទេស​ជាតិ៖ «គេ​ជួយ​បញ្ហា​ហ្នឹង​គេ​មិន​បាន​គិត​រឿង​បញ្ហា​នយោបាយ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន យក​បញ្ហា​ហ្នឹង​ធ្វើ​ជា​បញ្ហា​នយោបាយ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​វ៉ាក់សាំង​របស់​ចិន»

ប្រតិកម្ម​បែប​នេះ​ក្រោយ​លោក ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​របស់​កាលពី​យប់​ទី២ ឧសភា ចោទ​ជា​សំនួរ​ថា តើ​កំពូល​កីឡាករ​បាល់​ទាត់ មីសស៊ី (Messi) និង នីម៉ា (Neymar) អាច​ស្លាប់​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​ចិន?។ មេដឹកនាំ​ដែល​មាន​ប្រវត្តិ​ភ្នាល់​បាល​រូប​នេះ​បន្ត​ទៀត​ថា តើ​ហេតុអ្វី​កីឡាករ​ទាំងពីរ​រូប​ជ្រើសរើស​យក​វ៉ាក់សាំង​ចិន​ជំនួស​ឱ្យ​ការ​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​ទៀត?។ ក្រោយ​លើកឡើង​រឿង​កីឡាករ​បាល់​ទាល់​គ្រោង​ចាក់​វ៉ាក់សាំង​ចិន​នេះ លោក​អួតអាង​ភ្លាមៗ ថា កម្ពុជា​មាន​វ៉ាក់សាំង​ចិន​ចាក់​ឱ្យ​ពលរដ្ឋ​ពេល​នេះ គឺ​ដោយ​លោក​សា​រលោក​រឹងក្បាល​ស្វះស្វែង​រក​វ៉ាក់សាំង​ចិន​ទើប​មិត្ត​ដែក​ថែប​របស់​លោក​បាន​ឧបត្ថម្ភ និង​ផ្គត់ផ្គង់​អាច​ឱ្យ​រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ។ លោក ហ៊ុន សែន ថែម​ទាំង​ហៅ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រឿង​វ៉ាក់សាំង​ចិន​នេះ​ថា ជា​អ្នក​នយោបាយ​ស្ទើរ​ភ្លើង គួរ​តែ​ខិតខំ​រៀន​សូត្រ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ។

ក្រោយ​លោក ហ៊ុន សែន បង្ហោះ​សារ​បែប​នេះ មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​មួយ​ចំនួន ចូល​ទៅ​បញ្ចេញ​មតិ ឬ​ខំ​មិន (Comment) ថា ការ​រិះគន់​រឿង​វ៉ាក់សាំង​ចិន​នេះ ដោយសារ​តែ​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ធ្លាប់​ប្រកាស​សន្យា​ថា នឹង​មិន​ទិញ​វ៉ាក់សាំង​ណា​ដែល​មិន​ទាន់​ទទួល​ស្គាល់​ពី​សុខភាព​ពិភពលោក ចាក់​ជូន​ពលរដ្ឋ​នោះ​ទេ។ ភ្លាមៗ លោក ហ៊ុន សែន បាន​ឆ្លើយតប​ថា អ្នក​បញ្ចេញ​មតិ​បែប​នេះ គឺ​ក្នុង​គោល​បំណង​ឌឺដង​ផ្ចាញ់ផ្ចាល និង​ជា​មនុស្ស​ទំនើង ព្រមទាំង​ព្រមាន​ប្រើ​នគរបាល​ឲ្យ​ឃាត់ខ្លួន​ទៀត​ផង។

ទោះ​យ៉ាង​ណា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត នៅ​ប្រទេស ន័រវេសន៍ (Norway) យល់​ថា លោក ហ៊ុន សែន កុំ​ទាល់​អាល​មាន​មោទនភាព​លើ​វ៉ាក់សាំង​ចិន​ពេក ព្រោះ​មក​ដល់​ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក​នៅ​មិន​ទាន់​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន​នៅ​ឡើយ​ទេ។ ការ​យក​ឈ្មោះ​កីឡាករ​បាល់ទាត់​មក​ពាក់ព័ន្ធ​រឿង​នយោបាយ​ពេល​នេះ​ប្រហែល​លោក ហ៊ុន សែន ចង់​យក​ឈ្មោះ​កីឡាករ​ទាំង​នោះ​ទៅ​ដៀមដាម​ឱ្យ​លោក សម រង្ស៊ី ដែល​កាល​ពី​មុន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​រិះគន់​ការ​ចាក់​វ៉ាក់សាំង​ចិន៖ «ចិន​ហ្នឹង​ប្រកាស​ផ្ដល់​វ៉ាក់សាំង​មួយ​ចំនួន​ទៅ​ឱ្យ​លោក ហ៊ុន សែន ជា​វ៉ាក់សាំង​ប្រភេទ​ខ្សោយ​ទៀត​វ៉ាក់សាំង​កាន់​តែ​ខ្សោយ​មេរោគ​ស្គាល់​វ៉ាក់សាំង​ហើយ​វា​អត់​ខ្លាច​ទេ វា​អាច​បំប្លែង​ទៅ​ជា​អ្វី​ផ្សេង​ទៀត​ដូច​លោក ទៀ បាញ់ គាត់​ប្រកាស​មាន​អ្នកខ្លះ​ចាក់​វ៉ាក់សាំង​ហើយ​ឆ្លង​ទៀត។

ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ព្រម​ទាំង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​ជា​ដើម​នោះ មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា ការ​ផ្ដល់​ស្បៀង​អាហារ​របស់​រដ្ឋាភិបាល​មិន​បាន​គ្រប់គ្រាន់​និង​មិន​ទាន់​ពេល។ ទន្ទឹមគ្នា​នោះ​ដែរ​គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើ​វិធានការ​ក្ដៅ​ដេញ​វាយ​ពលរដ្ឋ ឬ​ចាប់​ចង​ពល​រដ្ឋ​ដាក់​គុក ជា​ជាង​វិធាន​ជួយ​សង្គ្រោះ​ពលរដ្ឋ។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ការ​វ៉ាក់សាំង​ចិន​តែ​មួយ​មុខ​មិន​មែន​ជា​ដំណោះស្រាយ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​នោះ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា ទោះ​ពលរដ្ឋ​កំពុង​ចាក់​វ៉ាក់សាំង​ក្ដី ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ថែម​ទាំង​មាន​ពលរដ្ឋ​ស្លាប់​រាល់​ថ្ងៃ។ អ្នក​វិភាគ​រូប​នេះ ជំរុញ​ទៅ​លោក ហ៊ុន សែន ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​របស់​ពលរដ្ឋ ដូច​ជា ការ​ខ្វះ​ស្បៀង​អាហារ​ការ​បាត់បង់​ការងារ​ការ​បាត់បង់​ចំណូល និង​បញ្ហា​ខ្វះ​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺ​ជា​ដើម៖ «ដើម្បី​ធ្វើ​រឿង​ទាំង​នេះ​បាន​ទាល់តែ​រដ្ឋាភិបាល​ជួយ​ប្រ​ពលរដ្ឋ​ជួយ​ទាំង​ជីវភាព ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ថ្លៃផ្ទះ ហើយ​នឹង​សម្រួល​ការ​បង់​បំណុល​ធនាគារ​មីក្រូ​ហិរញ្ញវត្ថុ​ទើប​ប្រជាពលរដ្ឋ​មិន​ជ្រួល​ច្របល់ ហើយ​អាច​នៅ​គម្លាត​ពី​គ្នា​ដោយ​សុខ​ចិត្ត​បាន»

ទោះ​លោក ហ៊ុន សែន សរសេរ​ពី​គុណ​សម្បត្តិ​វ៉ាក់សាំង​ចិន​ក្ដី ប៉ុន្តែ​លោក​ផ្ទាល់ និង​ភរិយា ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​លោក​មួយ​ចំនួន​មិន​បាន​ចាក់​វ៉ាក់សាំង​ចិន​ទេ ទោះ​ដំបូង​ឡើយ​លោក​ប្រកាស​ថា នឹង​ចាក់​វ៉ាក់សាំង​ចិន​ក្ដី។ តែ​ទីបំផុត​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក រួម​ទាំង​មន្ត្រី​កំពូលៗ មួយ​ចំនួន​ផង បាន​នាំគ្នា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ អាស្ត្រាហ្ស៊េណេកា (AstraZeneca) របស់​ប្រទេស​អង់គ្លេស​ដែល​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ទៅ​វិញ។ គិត​មក​ដល់​ពេល​នេះ​ទាំង​ពលរដ្ឋ និង​យោធា​បាន​ជាង​មួយ​លាន​បី​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​ដែល​វ៉ាក់សាំង​ភាគ​ច្រើន​ជា​វ៉ាក់សាំង​ចិន

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

វិសាល
May 04, 2021 08:24 AM

អធ្យាស្រ័យ បង rfa លោកអ្នកវិភាគនិងវិភាគតាមចិត្តនឹងឃើញទេ គ្មានបានការទេបង ស្ដាប់ខាងយូរហើយ សូមបងរកអ្នកវិភាគផ្សែងទៅ