បក្ស​ប្រឆាំង​នឹង​ស្នើ​ឲ្យ​អន្តរជាតិ​ដាក់​គំនាប​រដ្ឋាភិបាល​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​មុន​អាណត្តិ

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គណបក្ស​នេះ​បាន​កំណត់​ទិសដៅ​ស្វែង​រក​ការ​គាំទ្រ​ពី​បណ្ដា​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​យុត្តិធម៌​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ឬ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី។ ចំណែក​មន្ត្រី​រាជ​រដ្ឋាភិបាល បាន​បន្ត​ថ្លែង​ថា ការ​បោះ​ឆ្នោត​មុន​អាណត្តិ គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​មិន​មាន​កំណត់​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទេ។
ដោយ ដែន អយុធ្យា
2014.01.31
Share on WhatsApp
Share on WhatsApp
កឹម សុខា ៦១០ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជួប​អ្នក​គាំទ្រ​នា​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៤។
RFA/Hum Chamroeun

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​មករា ថា ទិសដៅ​នា​ថ្ងៃ​អនាគត​របស់​គណបក្ស​ប្រឆាំង គឺ​បន្ត​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​មហា​អំណាច ឲ្យ​ដាក់​សម្ពាធ​​ទៅ​លើ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​មុន​អាណត្តិ។

លោក​បន្ត​ថា គណបក្ស​នេះ​នឹង​ធ្វើ​សកម្មភាព​ស្វែង​រក​យុត្តិធម៌​ទៅ​តុលាការ​ជាតិ និង​អន្តរជាតិ ជូន​កម្មករ​រងគ្រោះ​ដែល​ត្រូវ​សមត្ថកិច្ច​រដ្ឋាភិបាល​បាញ់​សម្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ប្រាក់​​​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា។

លោក កឹម សុខា បន្ថែម​ថា ក្រោយ​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​ថ្មីៗ​នេះ ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ថា ផ្អាក​ការ​ធ្វើ​បាតុកម្ម​​មួយ​រយៈពេល​សិន ប៉ុន្តែ​បាន​បន្ថែម​បេសកកម្ម​ចុះ​មូលដ្ឋាន​ជួប​ជាមួយ​ម្ចាស់​ឆ្នោត ចាប់​ពី​ខែ​កុម្ភៈ ត​ទៅ៖ «យុទ្ធសាស្ត្រ​យើង​នៅ​ដដែល ប៉ុន្តែ​យុទ្ធ​វិធី​របស់​យើង គឺ​យើង​ធ្វើ​ការងារ​ទូត​ច្រើន ពង្រីក​ការ​ការទូត​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អន្តរជាតិ។ ហើយ​ក៏​យើង​ក៏​កំពុង​ឲ្យ​អន្តរជាតិ ធ្វើ​ការ​គាប​សង្កត់​ទៅ​លើ​ការ​ដឹក​នាំ​ខុស​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហ្នឹង។ អា​ហ្នឹង​ជា​យុទ្ធសាស្ត្រ​ធំ​ទី​១​របស់​យើង។ ទី​២ គឺ​យើង​នៅ​តែ​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ គ្រាន់​តែ​ក្នុង​មួយ​រយៈពេល​នេះ គឺ​យើង​មិន​ទាន់​ធ្វើ​មហា​បាតុកម្ម​ទៀត​ទេ គឺ​យើង​ចុះ​ជួប​ប្រជាពលរដ្ឋ ឬ​សកម្មជន​ផ្ទាល់​នៅ​តាម​មូលដ្ឋាន ឬ​តាម​បណ្ដា​ខេត្ត​នានា»

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​​​កំណត់​ពេល​វេលា​ជួប​ចរចា​ជា​ថ្មី ជុំវិញ​វិវាទ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​​ទី​៥​នៅ​ឡើយ​ទេ។

យ៉ាង​នេះ​ក្តី លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​​ថ្លែង​ថា បើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ គឺ​ទាមទារ​​ឲ្យ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា​ជា​មុន ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​ឈាន​ដល់​កែប្រែ​ច្បាប់​បោះ​ឆ្នោត។ ប្រមុខ​​ការទូត​កម្ពុជា ថ្លែង​ដូច្នេះ​នៅ​ក្នុង​ជំនួប​​ជាមួយ លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ចក្រភព​អង់គ្លេស ព្រឹក​ថ្ងៃ​សុក្រ ទី​៣១ ខែ​មករា។

​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​​ថា គ្មាន​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ។ លើស​ពី​នេះ លោក​ថា បើ​តាម​រដ្ឋធម្មនុញ្ញ រូប​លោក ឬ​ព្រះមហាក្សត្រ​ក្តី រួម​នឹង​រដ្ឋសភា​ខ្លួន​ឯង ក៏​គ្មាន​សិទ្ធិ​រំលាយ​រដ្ឋសភា​ចោល​ដែរ។ លោក​បន្ត​ថា ចំពោះ​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ទៅ​បាន​ជា​រៀង​រាល់ ៥​ឆ្នាំ​ម្តង ដូច​បាន​កំណត់​នៅ​​ក្នុង​ច្បាប់​​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​មិន​អាច​បោះ​ឆ្នោត​មុន​អាណត្តិ​បាន​ទេ៖ «នៅ​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​មួយ​ដែល​បាន​កំណត់ ហើយ​ដែល​ខុស​ពី​ប្រទេស​ដទៃ។ ប្រទេស​ដទៃ គឺ​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​ប្រកាស​រំលាយ​សភា ប៉ុន្តែ​នៅ​កម្ពុជា មាត្រា​ទី​៧៨ នៃ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា សភា​មាន​នីតិកាល ៥​ឆ្នាំ។ សភា មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ លើក​លែង​តែ​រាជ​រដ្ឋាភិបាល​រំលាយ​២​ដង​ក្នុង​រយៈពេល​១២​ខែ។ ដូច្នេះ នៅ​ទី​នេះ នាយករដ្ឋមន្ត្រី​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា ព្រះមហាក្សត្រ​ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា និង​សភា​ខ្លួន​ឯង ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា។ ដូច្នេះ តើ​នរណា​មួយ​ដែល​មាន​សិទ្ធិ​រំលាយ​សភា ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ដូច្នេះ​សូម​អ្នក​ទាមទារ​ទាំង​ឡាយ មើល​ច្បាប់​ឲ្យ​បាន​ច្បាស់»

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (Nicfec) មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទាំង​ពីរ ត្រូវ​រួម​គ្នា​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «រដ្ឋធម្មនុញ្ញ គឺ​ជា​ច្បាប់​គោល និង​ជា​ច្បាប់​កំពូល​របស់​ជាតិ។ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​លោក​អនុវត្ត​បាន​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ គឺ​ជា​រឿង​ល្អ​ប្រសើរ។ ប៉ុន្តែ អ្វី​ដែល​យើង​ធ្វើ​ការ​កត់​សម្គាល់​នោះ គឺ​ការ​បកស្រាយ​ហ្នឹង មាន​ភាព​កេង​ចំណេញ ដើម្បី​ជា​ផល​ប្រយោជន៍​ទៅ​ខាង​គណបក្ស​តែ​រៀងៗ​ខ្លួន។ ត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​រវាង​គណបក្ស​ទាំង​ពីរ»

ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អាសនៈ​សភា​ចំនួន​៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់​ព្រម​​ទទួល​​​​យក​លទ្ធផល​នេះ​ទេ ដោយ​ចោទ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត និង​បន្ត​តវ៉ា​ទាមទារ​យុត្តិធម៌​លើ​លទ្ធផល​​បោះ​ឆ្នោត​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។