សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចាប់ផ្ដើម​ជួបជុំគ្នា​ឡើងវិញ​ពង្រឹង​សាមគ្គីភាព

ដោយ ទីន ហ្សាការីយ៉ា
2018.12.16
សម រង្ស៊ី កឹម សុខា ៦២២ លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
Photo: RFA

សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ជួបជុំគ្នា​ជាថ្មី​ដើម្បី​ពង្រឹង​សាមគ្គីភាព​ក្នុង​ជួរ​គណបក្ស​ជា​ធ្លុង​មួយ បន្ទាប់ពី​ស្ងាត់​អស់​មួយ​រយៈ ដោយសារ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​នោះ។ ការ​ជួប​ជុំ​គ្នា​នេះ​ក៏​មាន​ថ្លែង​សារ​នយោបាយ​គាំទ្រ​ការដឹកនាំ​គណបក្ស​របស់​ខ្លួន​ឲ្យ​រស់​ឡើងវិញ ក្រោម​ពាក្យស្លោក​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​តែមួយ។ ប៉ុន្តែ​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការ​ជួប​ជុំ​គ្នា​នេះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្រុង​បាត់ដំបង ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល លោក យួម ដូង ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ថា ការ​ជួប​ជុំ​គ្នា​នេះ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សាមគ្គីភាព​ផង នឹង​ជា​ការ​គាំទ្រ​លោក សម រង្ស៊ី ធ្វើជា​ប្រធាន​ស្ដីទី​គណបក្ស ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ផង។

លោក យួម ដូង អះអាង​ទៀត​ថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​គត់ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន ដូច្នេះ​បានជា​ពួកគាត់​នៅ​ថ្នាក់​មូលដ្ឋាន​រួមគ្នា​ជា​ធ្លុង​មួយ​ប្រឆាំង​នឹង​អ្នកចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច ដោយ​អវត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹកនាំ​គណបក្សប្រឆាំង​នោះ​៖ «សម្រាប់​ខ្ញុំ​និង​មន្ត្រី​បក្ស​ដទៃ​ទៀត​ថា លុយកាក់​និង​តួនាទី​មិន​សំខាន់​ទេ សំខាន់​ឲ្យ​ជាតិ​រស់ ឲ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ពិតប្រាកដ​មិនមែន​ប្រជាធិបតេយ្យ​លេងសើច​ដូច​សព្វថ្ងៃ​នេះ​ទេ ហើយ​នេះ​ក៏​ជា​សិទ្ធ​របស់​ពលរដ្ឋ​តាម​រដ្ឋធម្មនុញ្ញ»

មួយ​រយៈ​ចុងក្រោយ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​បាន​ផុលផុស ក្នុង​ការ​ជួបជុំគ្នា​ជា​ក្រុម​នៅ​តាម​ស្រុក​នីមួយៗ ហើយ​បាន​ថត​ឃ្លិប​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) ជា​បន្តបន្ទាប់។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​រុក្ខគិរី ប្រមាណ​២០​នាក់​បាន​ថ្លែង​សារ​នយោបាយ​ព្រម​ៗ​គ្នា​ថា គណបក្ស​សង្គ្រោះជាតិ​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ពួកគាត់​គាំទ្រ​ឲ្យ​គណបក្ស​នេះ​ដើម្បី​ដឹកនាំ​ប្រទេស​នៅ​ពេល​ខាងមុខ៖ «ជយោ​!​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា គឺជា​មនុស្ស​តែមួយ»

អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​ជួប​គ្នា​នេះ​ទេ ព្រោះ​លោក​ថា ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ។ ទោះជា​យ៉ាងណា​សំនួរ​សួរ​ថា ហេតុអ្វី​បាន​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​គណបក្ស​ប្រឆាំង​នៅមុន​បោះឆ្នោត៖ «កុំ​ឲ្យ​គេ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រទេសជាតិ​នឹង​ជា​រឿង​ផ្ទៃក្នុង​របស់​គេ។ បាទ​កាលណា​គាត់​រៀបចំ​គម្រោង​ដែល​រំខាន​ដល់​ការបោះឆ្នោត អា​នឹង​ត្រូវ​មាន​ការគ្រប់គ្រង​ដោយ​ដែន​សមត្ថកិច្ច តែ​ឥឡូវ​ការបោះឆ្នោត​បាន​កន្លែង​ផុត​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា មន្ត្រី​បក្ស​ប្រឆាំង​ជួបជុំគ្នា​បាន​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​បន្ធូរបន្ថយ​ឲ្យ​បក្ស​ប្រឆាំង ដែល​ខុស​ពីមុន​ការបោះឆ្នោត​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង។ លោក​ថា នេះ​ប្រហែល​ដោយសារ​មាន​សេចក្ដីប្រកាស​ពី​ក្រសួងមហាផ្ទៃ កាលពី​ថ្មី​នេះ ដែល​បាន​បើក​សិទ្ធិ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​នានា​អាច​ជួបជុំគ្នា​ធ្វើ​សកម្មភាព​បាន​ដោយ​មិន​ចាប់​សុំច្បាប់៖ «សារ​របស់​គាត់​គ្រាន់តែ​ថា គាត់​គាំទ្រ​នូវ​ការដឹកនាំ​របស់​លោក សម រង្ស៊ី ហើយ​គាត់​មិន​ចូលរួម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋាភិបាល​ឡើងវិញ​ទេ នេះ​ជា​សិទ្ធិ​របស់​គាត់ ជា​សេរីភាព​របស់​គាត់​ដូចជា​អត់​មាន​ប៉ះពាល់​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​ដូច​អត់​មានអី​ទេ»

លោក យិន ម៉េងលី កត់សំគាល់​ទៀត​ថា ទោះបីជា​គណបក្សប្រឆាំង​រំលាយ​អស់​ជាង​មួយ​ឆ្នាំ​ហើយ​ក្ដី ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​នៅ​ក្នុង​ខេត្ត​នេះ ភាគច្រើន​នៅតែ​សាមគ្គី​គ្នា​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​បាន​ល្អ​នៅ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។