បក្ស​សង្គ្រោះ​ជាតិ​កោះ​ហៅ​អ្នកស្រី ឡាក់ សុភាព ចូល​បំភ្លឺ

ដោយ ម៉ម មុនីរតន៍
2014.12.29
Share on WhatsApp
Share on WhatsApp
សម រង្ស៊ី កឹម សុខា ៦១០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​លោក​អនុ​ប្រធាន កឹម សុខា ក្នុង​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ខ្លួន​បាន​កោះ​ហៅ​អ្នកស្រី ឡាក់ សុភាព មក​សាកសួរ​រួច​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ក្រោយ​ពី​លេច​ធ្លាយ​​រឿង​ចោទ​ប្រកាន់​ថា មាន​អំពើ​ពុករលួយ​នៅ​ក្នុង​បក្ស។

មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ កោះ​ហៅ​សមាជិក​ជាន់​ខ្ពស់​មក​សាកសួរ គឺ​បន្ទាប់​ពី​រក​ឃើញ​ថា អ្នកស្រី ឡាក់ សុភាព មាន​ជាប់​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​គណបក្ស និង​បរិហារកេរ្តិ៍​ថា គណបក្ស​កំពុង​បែកបាក់​សាមគ្គី​ផ្ទៃ​ក្នុង​បក្ស​តាម​បណ្ដាញ​សារព័ត៌មាន។

ប្រធាន​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា នឹង​ចាត់​វិធាន​ដ៏​តឹងរ៉ឹង​ពុំ​ធ្លាប់​មាន ប្រឆាំង​អ្នកស្រី ឡាក់ សុភាព នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ប្រសិនបើ​អ្នកស្រី​នៅ​តែ​ពុំ​បង្ហាញ​ព័ត៌មាន​ឲ្យ​​បាន​ជាក់លាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​ប្រឆាំង​ថ្នាក់​ដឹកនាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​អំពី​គណបក្ស​កំពុង​ខ្វែង​គំនិត​គ្នា​ដែល​អាច​ឈាន​ទៅ​រក​ផ្លូវ​បំបែក​នៅ​ពេល​ខាង​មុខ។

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធាន​គណៈកម្មការ​វិន័យ ឲ្យ​ដឹង​ថា ស្ថាប័ន​ជំនាញ​របស់​ខ្លួន​បាន​កោះ​ហៅ​អ្នកស្រី ឡាក់ សុភាព ឲ្យ​ឆ្លើយ​បំភ្លឺ​រួច​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ នៅ​ការិយាល័យ​បក្ស។លោក​ព្រមាន​ថា អ្នកស្រី ឡាក់ សុភាព អាច​នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​ទោស​ធ្ងន់ធ្ងរ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នេះ និង​ចាំបាច់​ត្រូវ​​ទទួល​ខុស​ត្រូវ​ជុំវិញ​រឿងរ៉ាវ​ដែល​បាន​ផ្សព្វផ្សាយ។ បើ​ទោះ​ជា​បែប​ណា លោក​ពុំ​ទាន់​បញ្ជាក់​ឲ្យ​បាន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​អ្នកស្រី ឡាក់ សុភាព អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្នុង​បក្ស ឬ​ក៏​អាច​ប្រឈម​មុខ​នឹង​តុលាការ​នោះ​ទេ។

លោក អ៊ូ ច័ន្ទឫទ្ធិ គ្រាន់​តែ​អះអាង​ថា សំណុំរឿង​នេះ​នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​បទបញ្ជា​ផ្ទៃក្នុង​នៃ​គណៈកម្មការ​វិន័យ​របស់​គណបក្ស៖ «វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ។ដូច្នេះ​យើង​នឹង​ចាត់​វិធានការ​ទៅ​តាម​​ទម្ងន់​នៃ​ការ​ប៉ះពាល់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ»

រហូត​មក​ដល់​ពេល​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកស្រី ឡាក់ សុភាព ដើម្បី​បំភ្លឺ​បាន​ទេ ដោយសារ​លេខ​អ្នកស្រី​គ្រប់​ប្រព័ន្ធ​ត្រូវ​បាន​​បិទ។

ពាក់ព័ន្ធ​រឿង​នេះ លោក អ៊ូ ច័ន្ទឫទ្ធិ ថ្លែង​ដោយ​ស្រង់​សម្ដី​របស់​អ្នកស្រី ឡាក់ សុភាព ដែល​ឆ្លើយ​នៅ​ចំពោះ​មុខ​គណៈកម្មការ​វិន័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ថា អ្នកស្រី​ពុំ​បាន​និយាយ​​អ្វី​មិន​ល្អ​ពី​ថ្នាក់​ដឹកនាំ ឬ​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​បក្ស​ឡើយ។ លើស​ពី​នេះ រឿង​បាក់​បែក​ផ្ទៃ​ក្នុង​បក្ស​ក៏​ពុំ​បាន​និយាយ​ថែម​ទៀត​ផង តាម​បណ្ដាញ​សារព័ត៌មាន។

បើ​ទោះ​ជា​អ្នកស្រី ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពុំ​បាន​លើកឡើង​ពី​ភាព​ប្រេះឆា​ផ្ទៃ​ក្នុង​បក្ស និង​អំពើ​ពុករលួយ​ក្ដី ក៏​សំឡេង​ខ្សែអាត់​របស់​អ្នកស្រី​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​លើក​ឡើង​ថា ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សមាជិក​គណបក្ស​ក៏​មិន​សូវ​ស៊ី​សង្វាក់​គ្នា​ដែរ ជា​ពិសេស ការ​បែងចែក​អំណាច ការ​រើសអើង​រវាង​អ្នក​ជាប់​ឆ្នោត និង​អ្នក​មិន​ជាប់​ឆ្នោត។

អ្នកស្រី​យល់​ថា បញ្ហា​នេះ​គឺ​ជា​ការ​ផុយ​ស្រួយ និង​បែកបាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ជាង​នេះ​ទៀត អ្នកស្រី​ថ្លែង​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​នាយក​កាល​​ពី​កន្លង​ទៅ​នេះ លោក កឹម សុខា បាន​ទម្លាយ​រឿង​បាត់​លុយ​ប្រមាណ ២០​លាន​ដុល្លារ ក្នុង​ចំណោម​ថវិកា​សរុប ៤០​លាន​ដុល្លារ​ដែល​លោក សម រង្ស៊ី បាន​ទទួល។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​លោក កឹម សុខា បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ធ្នូ។

លោក សន ជ័យ អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ចាត់​ទុក​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ប្រឈម​ដ៏​គ្រោះ​ថ្នាក់​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ ពុំ​បាន​រៀបចំ​គម្រោង​ថវិកា​ឲ្យ​មាន​តម្លាភាព​ទេ។ ក្រៅ​ពី​នេះ គណបក្ស​ដែល​ធ្លាប់​តែ​រិះគន់​ដៃគូ​ប្រកួតប្រជែង គឺ​គណបក្ស​កាន់អំណាច ថា​មាន​ភាព​មិន​ស្អាតស្អំ​នោះ ផ្ទុយ​ទៅ​វិញ​បែរ​ជា​រឿង​នេះ​ជា​បន្ទុក​របស់​ខ្លួន គឺ​អាច​នឹង​ប៉ះពាល់​ដល់​ប្រជាប្រិយភាព៖ «បើ​សិន​ជា​គណបក្ស​មាន​រឿង​ពុករលួយ ពេល​នោះ​នឹង​មិន​អាច​ប្រជែង ឬ​ក៏​ឈាន​ទៅ​កាន់កាប់​រដ្ឋាភិបាល​បាន​ទេ នៅ​ពេល​ដែល​អំពើ​ពុករលួយ​វា​ជា​ឧបសគ្គ​មួយ​​ដ៏​ធ្ងន់»

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ស្ថាប័ន​ជំនាញ​របស់​លោក​ទុក​ពេល​ឲ្យ​អ្នកស្រី ឡាក់ សុភាព មួយ​ល្ងាច​ទៀត នៅ​ថ្ងៃ​ទី​២៩ ធ្នូ ដើម្បី​បំភ្លឺ​តាម​បណ្ដាញ​ព័ត៌មាន ទោះ​តាម​មធ្យោបាយ​ណា​មួយ​ក៏ដោយ។ លោក​បន្ត​ថា បើ​ពុំ​មាន​ការ​បកស្រាយ​ទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ គណៈកម្មការ​វិន័យ​នឹង​ចាត់​វិធានការ​តាម​គោលការណ៍​នៃ​បទបញ្ជា​ផ្ទៃក្នុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។