មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថៃ​ថា ពលករ​ជិត ២២​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​កម្ពុជា

ដោយ យន់ សាមៀន
2019.09.26
សម រង្ស៊ី ចូល​ស្រុក ៦២២ ២០១៤ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ​អះអាង​ថា ពេលនេះ​មាន​ពលករ​ជាច្រើន​ម៉ឺន​នាក់​គ្រោង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ប៉ុន្តែ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​មិន​ជឿ​ថា ពលករ​ទាំង​បោះ​បង់​ចោល​ការងារ​របស់​ខ្លួន ដើរ​តាម​លោក សម រង្ស៊ី នោះ​ទេ។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថា គណបក្ស​នេះ បាន​ស្រង់​ចំនួន​ពលករ បានជា​ច្រើន​ម៉ឺន​នាក់ ជិត​មួយ​រយ​តំបន់​ទូទាំង​ប្រទេស​ថៃ ដើម្បី​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក៖ «ដោយសារ​យើង​ចង់បាន​ទិន្នន័យ​ឱ្យ​ពិតប្រាកដ​គឺ​បាន​ចង់​បានតែ​អ្នក​ទៅដល់​អ៊ីចឹង​យើង​សង្ឃឹមថា ក្នុង​ខែ​១០​នេះ គឺ​យើង​នឹង​ទទួល​បាន​ការ​គិត​ទុក និង​គម្រោង​គិតទុក​របស់​ក្រុមការងារ​តែម្ដង»

លោក លី រតនរស្មី ឱ្យ​ដឹង​ទៀត​ថា ក្រុមការងារ​លោក​នឹង​បង្ហាញ​តួលេខ​ផ្លូវការ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាងមុខ ប៉ុន្តែ​លោក​រំពឹង​ថា នឹង​មាន​ពលករ​ច្រើន​ម៉ឺន​នាក់​ថែមទៀត នឹង​ស្ម័គ្រចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី។ ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​ថា ការ​​លើក​ឡើង​របស់​​ម​ន្ត្រី​​បក្ស​ប្រឆាំង ជា​រឿង​ប្រឌិត។

អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ជឿ​ថា ពលករ​ខ្មែរ​សុខចិត្ត​លះបង់​ចោល​ការងារ ឪពុកម្ដាយ និង​គ្រួសារ ដើរ​តាម​លោក សម រង្ស៊ី ឡើយ៖ «អនាគត​គាត់​មិន​នៅ​ជាមួយ សម រង្ស៊ី ទាំង​ម៉ែ​ទាំង​ឪ​គាត់ គាត់​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ដើម្បី​ចិញ្ចឹម​ម៉ែឪ​បងប្អូន​គាត់​មិនមែន​ទៅ​ធ្វើ​នយោបាយ​ទេ»

ទោះ​មានការ​ព្រមាន​យ៉ាង​នេះ​ក្តី ពលករ​នៅ​ប្រទេស និង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែល​មាន​គម្រោង​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​ស្រុក​វិញ​លើក​ឡើង​​ថា ពួកគេ​មិន​ខ្លាច​បាត់បង់​ការងារ​នោះ​ទេ និង​ចាត់​ទុក​ចូល​ស្រុក​នេះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ។

សមាជិក​អ្នកវិភាគ​វ័យក្មេង​លោក ហេង ច័ន្ទរស្មី មិនទាន់​ទុកចិត្ត​លោក សម រង្ស៊ី នឹង​ចូល​ស្រុក តាម​ការសន្យា​នោះ​ទេ​។ លោក​បន្ត​ថា លោក សម រង្សី មិន​ទាន់​បង្ហាញ​គោលជំហរ​ជាក់លាក់​ក្នុង​ការ​ត្រឡប់​ចូល​ស្រុក​នៅឡើយ​ទេ៖ «អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​គឺ​ភាគី​ម្ខាង​ហាក់​បី​ដូច​មិន​ព្យាយាម ឬ​បង្ហាញ​ភ្លើង​ចរចា​ណាមួយ​ដល់​គណបក្ស​សង្គ្រោះជាតិ ដោយសារ​យើង​សង្កេត​ឃើញ​គណបក្ស​កាន់តែ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​ហិង្សា​ផ្នែក​នយោបាយ»

លោក សម រង្ស៊ី បាន​អំពាវនាវ​ទៅ​អ្នកគាំទ្រ​លោក ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស ម៉ាឡេស៊ី ជាដើម​ត្រៀមខ្លួន​ទៅផ្ទះ​វិញ​ជាមួយ​លោក នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ខាងមុខ​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​តំណាងរាស្ត្រ សហគមន៍​អឺរ៉ុប និង​អាមេរិក​អម​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា គណបក្ស​នេះ នឹង​បង្ហាញ​ព័ត៌មាន​លំអិត​ជុំវិញ​ដំណើរ​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ​នៅ​ប៉ុន្តែ​ថ្ងៃមុន​ថ្ងៃ​ទី៩ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។