បក្ស​សង្គ្រោះ​ជាតិ​ថា​នៅ​តែ​បន្ត​ធ្វើ​សមាជ​មហាជន​ទោះ​បី​សាលា​ក្រុង​មិន​អនុញ្ញាត

ដោយ ទេព សុរ៉ាវី
2014.03.27
បណ្ដេញ​បាតុករ​បក្ស​សង្គ្រោះ​ជាតិ ៦១០ កម្លាំង​ចម្រុះ​ដែល​មាន​ចង​កន្សែង​ក្រហម​នៅ​នឹង​ដៃ បណ្ដេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

អភិបាល​សាលា​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​ធ្វើ​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ពន្យល់​ថា មូលហេតុ​ដែល​សាលា​ក្រុង​មិន​អនុញ្ញាត​នេះ ព្រោះ​តែ​ទីលាន​ប្រជាធិបតេយ្យ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឯ​ទៀត ទាក់ទិន​ករណី​មាន​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា កន្លង​មក។ លោក​បន្ត​ថា មាន​ដាន​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ដែល​នៅ​ទីលាន​ប្រជាធិបតេយ្យ​មក​ធ្វើ​បាតុកម្ម​ពី​មុន បង្ក​ភាព​អានាធិបតេយ្យ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​ការ​បង្ខាំង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដោយ​ខុស​ច្បាប់​នា​ពេល​កន្លង​មក៖ «យើង​ក៏​មិន​បិទ​គាត់​ដែរ ក៏​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ការ​ជួប​ជុំ​គ្នា​សម្ដែង​មតិ​របស់​គាត់​ហ្នឹង គឺ​ថា​ធ្វើ​នៅ​ក្នុង​ទីស្នាក់ការ​របស់​គាត់ ឬ​ក៏​ក្នុង​ទីតាំង​ឯកជន​ណា​មួយ ដែល​ម្ចាស់​ទីតាំង​នោះ​អនុញ្ញាត​ជូន»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ កាល​ពី​ថ្ងៃ​ទី​២៦ មីនា ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​សមាជ​មហាជន ដឹក​នាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​មាន​មហាជន​ប្រមាណ ៥​ពាន់​នាក់​ចូល​រួម។ សមាជ​មហាជន​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ប្រាប់​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ក្រោយ​ពី​ផ្អាក​ការ​ចរចា​របស់​គណៈកម្មការ​ចម្រុះ រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​ធ្វើ​ឡើង​ពី​ម៉ោង ១​រសៀល ដល់​ម៉ោង ៧​យប់ ថ្ងៃ​ទី​៣០ ខែ​មីនា ដោយ​មាន​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល ដែល​ចូល​រួម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ប្រាប់​ថា បើ​ទោះ​បី​ជា​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត ក៏​គណបក្ស​នេះ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។