បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​បើ​ការ​ចរចា​មិន​ត្រូវ​គ្នា

ដោយ វណ្ណ វិចារ
2014.03.30
សង្គ្រោះ​ជាតិ ៦១០ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​ឡើង​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ឆ្ពោះ​ទៅ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ ធ្វើ​សមាជ​ប្រជាជន នៅ​ថ្ងៃ​៣០ មីនា ឆ្នាំ​២០១៤។
RFA/Van Vichar

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នឹង​បន្ត​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​នៅ​ទូទាំង​ប្រទេស បើ​សិន​ណា​ការ​ចរចា​ផ្នែក​នយោបាយ​មិន​ត្រូវ​ទេ​នោះ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​សមាជ​អ្នក​គាំទ្រ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ។

បាតុកម្ម​ជា​ជម្រើស​មិន​អាច​ខ្វះ​បាន បើ​សិន​ណា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​តាម​សំណើ​របស់​បក្ស​ប្រឆាំង​ទេ​នោះ។

ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ដោយសារ​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧ ត្រូវ​បាន​បញ្ចប់។ មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ដឹកនាំ​អ្នក​គាំទ្រ​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ត្រឡប់​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស ដើម្បី​រៀបចំ​សមាជ​ប្រជាជន។ សមាជ​ប្រជាជន​នេះ គឺ​គ្រោង​ធ្វើ​នៅ​ជិត​ វត្ត​បទុមវតី​ឯ​ណោះ​ទេ តែ​អាជ្ញាធរ​មិន​អនុញ្ញាត ហេតុ​នេះ គណបក្ស​ប្រឆាំង​ក៏​ប្ដូរ​ទីតាំង​ធ្វើ​សមាជ​តែម្ដង​ទៅ។

កំណាត់​ផ្លូវ​ដែល​ក្បួន​ហែ​ឆ្លង​កាត់​បាន​កក​ស្ទះ​ចរាចរណ៍​ដោយ​អន្លើ អ្នក​ដំណើរ​ខ្លះ​ខំ​ជិះ​ប្រជ្រៀត​ក្បួន និង​អ្នក​ខ្លះ​ទៀត​ឈប់​រង់ចាំ​ឲ្យ​ក្បួន​ហែ​ហួស។ តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ហែង មេ​បក្ស​ប្រឆាំង​បាន​ដឹកនាំ​ក្បួន​ដង្ហែ​ដើរ​បណ្ដើរ​ស្រែក​បណ្ដើរ​ពី​ការ​ទាមទារ​ចង់​កែទម្រង់​ស្ថាប័ន គ.ជ.ប និង​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​ជាដើម។ សម្រែក​ដែល​ស្រែក​ឲ្យ​ដូរ​នាយករដ្ឋមន្ត្រី​ក៏​បាន​ឮ​ជា​ថ្មី ហាក់​ដូច​ជា​បាតុកម្ម​ដែល​ត្រូវ​អាជ្ញាធរ​វាយ​បំបែក​កាល​ពី​ខែ​មករា នោះ កក្រើក​ឡើង​វិញ​ដូច្នេះ​ដែរ។

លុះ​ធ្វើ​ដំណើរ​ដល់​មុខ​ទីស្នាក់ការ​គណបក្ស ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ ផ្អាក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច ក៏​ព្រោះ​តែ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ គឺ​ប្តូរ គ.ជ.ប ឲ្យ​បាន​ជា​មុន​សិន មុន​នឹង​កែ​ទម្រង់​លើ​ផ្នែក​ផ្សេងៗ​ទៀត។

លោក​បញ្ជាក់​ថា បើ​ទាមទារ​មិន​បាន​តាម​ឆន្ទៈ​រាស្ត្រ​ទេ​នោះ បក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស៖ «រឿង​ដំបូង​បំផុត យើង​ត្រូវ​សម្រុក​ដោះស្រាយ​ប្តូរ គ.ជ.ប តែ​គណបក្ស​ប្រជាជន​គេ​ថា អត់​ញ៉ាំ​ត្រី​អាំង​ទេ គេ​ញ៉ាំ​ផ្លែ​អាយ។ យើង​មិន​អាច​ញ៉ាំ​ផ្លែអាយ​មុន​ត្រី​អាំង​ទេ មិន​អាច​ញ៉ាំ​បង្អែម​មុន​ចង្អាប​ទេ»

មេដឹកនាំ​គណបក្ស​ថ្លែង​សារ​រួច​រាល់ គឺ​ដល់​វេន​អ្នក​គាំទ្រ​ម្ដង។ តំណាង​អ្នក​គាំទ្រ​ប្រមាណ​ជិត ១០​នាក់ បាន​ស្នើ​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូចជា​ទាមទារ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ប្ដូរ​សមាសភាព គ.ជ.ប និង​ពិសេស​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា។

លុះ​ដល់​ពេល​ប្រកាស​លទ្ធផល​របស់​អង្គ​សមាជ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស លោក ហូរ វ៉ាន់ យក​ឯកសារ​លទ្ធផល​សម្រេច​ចិត្ត​ដែល​ទំនង​ជា​រៀបចំ​ទុក​ជា​មុន​ផង​នោះ ដោយ​ចែង​ថា បក្ស​ប្រឆាំង​ស្នើ ៥​ធំៗ។ ចំណុច​ទី​១ បន្ត​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ទី​២ បើ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ត្រូវ​ទាម​ទារ​ឲ្យ​មាន​ភាព​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ គ.ជ.ប ត្រូវ​តែ​ឯករាជ្យ ទី​៣ បើ​គ្មាន​ការ​ដោះស្រាយ​បញ្ចប់​ពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ទេ​នោះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ចូល​សភា​ឡើយ ចំណុច​ទី​៤ ពេល​មិន​ប្រជុំ​សភា បក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស បន្ត​ធ្វើ​នយោបាយ​ការទូត​ប្រាប់​បរទេស​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ស្រប​ច្បាប់ ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ជាដើម ទី​៥ រាល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​លើក​ចំណុច​មួយ​ចំនួន​ទៀត ដូចជា​ដោះលែង​អ្នក​ទោស​មនសិការ លុប​ចោល​បម្រាម​មិន​ស្រប​ច្បាប់ គាំទ្រ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ជូន​កម្មករ អនុវត្ត​តួនាទី​កម្លាំង​ប្រដាប់​អាវុធ តុលាការ ជាដើម។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ឡើង​ថា ចំណុច​អាទិភាព​ដំបូង​បំផុត គឺ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​បើ​ទាមទារ​ចំណុច​២​នេះ​មិន​បាន គឺ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធ្វើ​បាតុកម្ម​ជា​ដាច់​ខាត។

ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ហាន​ឃាត់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​បើ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម អ្នក​គាំទ្រ​បក្ស​ប្រជាជន​ក៏​ធ្វើ​បាតុកម្ម​ដំណាល​គ្នា​ដែរ ហើយ​ពេល​ខ្លះ ទីលាន​ប្រជាធិបតេយ្យ​អាច​ត្រូវ​ពុះ​ជា​ពីរ​សម្រាប់​បាតុកម្ម​ប្រឆាំង និង​បាតុកម្ម​គាំទ្រ​ទៀត​ផង៖ «សុំ​ផ្តាំ​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ហើយ បើ​ក្រុម​ប្រឆាំង​មាន​សិទ្ធិ​ក្រុម​អ្នក​គាំទ្រ​ក៏​មាន​សិទ្ធិ​ដែរ។ឧបមា​ថា ភ្នំពេញ​មាន​មួយ​កន្លែង វា​មិន​ដឹង​បញ្ចៀស​ទៅ​ណា អា​ហ្នឹង​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​ពុះ​ជា​ពីរ​ហើយ បើ​មិន​ដាក់​របង​ដែក ក៏​ដាក់​របង​ថ្ម​ដែរ បើ​ប្រើ​ប៉ូលិស​ទៅ​គឺ​ពិបាក។ ម្ខាង​ធ្វើ​បាតុកម្ម​គាំទ្រ ម្ខាង​ធ្វើ​បាតុកម្ម​ប្រឆាំង ហើយ​ក៏​អោយ​អ្នក​ដទៃ​ភ្លឺ​ភ្នែក​ដែរ កុំ​អី​ឆន្ទៈ​រាស្ត្រ អី​ឆន្ទៈ​រាស្ត្រ​នោះ»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​លើក​ចុង​ក្រោយ​រយៈពេល ៣​សប្ដាហ៍។ បាតុកម្ម​នេះ​ត្រូវ​បាន​វាយ​បំបែក​ដោយ​កងកម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ព្រម​ទាំង​រឹបអូស​សម្ភារៈ​ជា​ច្រើន​ទៀត។ មិន​តែប៉ុណ្ណោះ អាជ្ញាធរ​ចេញ​បម្រាម​មួយ​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទៀត​ផង។ បម្រាម​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​បម្រាម​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។