បក្ស​សង្គ្រោះ​ជាតិ​​ហែ​ក្បួន​មហា​បាតុកម្ម​​​នៅ​រសៀល​ថ្ងៃ​អាទិត្យ

អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ថ្ងៃ​អាទិត្យ ទី​២២ ធ្នូ នេះ មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​មុន។ ចំនួន​នេះ​កើន​ឡើង បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​​​រៀង​រាល់​ថ្ងៃ​អាទិត្យ ក្រៅ​ពី​ធ្វើ​មហា​បាតុកម្ម​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ពី​តំណែង។
ដោយ វណ្ណ វិចារ និង វោហារ ជាតិ
2013-12-22
Share
សម រង្ស៊ី កឹម សុខា បាតុកម្ម ៦១០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹក​នាំ​ក្បួន​បាតុកម្ម​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

នៅ​ថ្ងៃ​អាទិត្យ នេះ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម សង្ស៊ី និង​អនុប្រធាន​បក្ស លោក កឹម សុខា បាន​​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មុន​នឹង​ហែ​ក្បួន​មហា​បាតុកម្ម​អហិង្សា។

បាតុកម្ម​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ទី​៨​ហើយ។ នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ នេះ​ដែរ បក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​ផែន​ទី​បង្ហាញ​ផ្លូវ​ហែ​ក្បួន​បាតុកម្ម​តាម​គេហទំព័រ (Website) របស់​ខ្លួន​តាម​ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដោយ​ចាប់​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​ព្រះមុនីវង្ស ដល់​ស្ដុប​បូកគោ បត់​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ម៉ៅសេទុង ទៅ​ម្ដុំ​វត្ត​មហាមន្ត្រី ចាក់​ទៅ​ស្តុប​អាង​ទឹក​ស្តាត​អូឡាំពិក កាត់​តាម​ផ្សា​ដេប៉ូ តម្រង់​ផ្លូវ​កម្ពុជា​ក្រោម រួច​បត់​ទៅ​កើត​សំដៅ​ផ្លូវ​ព្រះមុនីវង្ស ហើយ​បត់​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។

ស្រប​ពេល​នេះ​ដែរ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា កង​កម្លាំង​ប៉ូលិស និង​ប៉េអិម បាន​ឃាត់​រថយន្ត​ប្រភេទ​ទេសចរណ៍ ១២​កៅអី​ចំនួន ២០​គ្រឿង ដែល​ដឹក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ មក​ចូល​រួម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ។

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ក្បួន​រថយន្ត​បក្ស​សង្គ្រោះ​ជាតិ ឡើង​មក​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ធ្នូ បាន​ចោទ​ថា កម្លាំង​ប៉ូលិស​ប៉េអិម​ដែល​ដាក់​ប៉ុស្តិ៍​យាម​ចល័ត​នៅ​ចំណុច​មួយ​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ ខាង​លិច​បញ្ជរ​បង់​ពន្ធ​ផ្លូវ​ជាតិ​លេខ​៤ ចម្ងាយ​ប្រហែល ១៣​គីឡូម៉ែត្រ ខាង​លិច​ភ្នំពេញ មាន​ចេតនា​ឃាត់​អ្នក​គាំទ្រ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២២ នេះ​បាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក វណ្ណ វិចារ ដែល​តាម​ដាន​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល